កិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ៖ ភាពក្លាហានលាក់មុខ
នៅទីបំផុត មេដឹកនាំអាស៊ាននឹងជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក Joseph Biden ដោយផ្ទាល់ជាលើកដំបូងនៅឯ សេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោន នាថ្ងៃទី ១២-១៣ ខែឧសភា ឆ្នាំ ២០២២ នេះ។ កិច្ចប្រជុំកំពូលពិសេសនេះ ទទួលបានការផ្ដោតយកចិត្តទុកដាក់យ៉ាងខ្លាំង បន្ទាប់ពីមានកិច្ចប្រជុំកម្រិតខ្ពស់ជាបន្ត បន្ទាប់រវាងសហរដ្ឋអាមេរិកនិងអាស៊ាន បូករួមទាំងដំណើរទស្សនកិច្ចទ្វេភាគីទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ដោយមន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើនរូបកាលពីឆ្នាំមុន។
មិនមានពេលវេលាណាសមស្របជាងពេលនេះទៀតទេ ដោយសារការប្រជែងគ្នារវាងចិននិងអាមេរិកកាន់តែមានសភាពស្រួចស្រាវខ្លាំង និងឥទ្ធិពលនៃបញ្ហាភូមិសាស្ត្រនយោបាយដែលកើតចេញពីការលុកលុយនាពេលថ្មីៗនេះរបស់រុស្ស៊ីចូលប្រទេសអ៊ុយក្រែន។
មានបញ្ហាធំៗជាច្រើនកំពុងកើតមាន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដូចជាការកើនឡើងនៃការប្រជែងគ្នារវាងសហរដ្ឋអាមេរិកនិងចិន ព្រមទាំងបញ្ហាប្រឈមជាច្រើននៅក្នុងតំបន់ ដូចជាសង្រ្គាមនៅអ៊ុយក្រែន, ការវិវត្តនៅសមុទ្រចិនខាងត្បូង និងការបង្កហេតុនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង។ ហើយវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាក៏ទំនងជានឹងមានអទិភាពខ្ពស់ផងដែរ នៅក្នុងរបៀបវារៈនៃកិច្ចប្រជុំនេះ។
ក្រៅពីការអំពាវនាវឱ្យអាស៊ានប្រកាន់ជំហរតឹងរ៉ឹងជាមួយរុស្ស៊ី សហរដ្ឋអាមេរិកអាចនឹងឆ្លៀតឱកាសបញ្ចុះបញ្ចូលប្រទេសឥណ្ឌូណេស៊ីដែលជាប្រធានកិច្ចប្រជុំ G20, ប្រទេសថៃដែលជាប្រធានកិច្ចប្រជុំ APEC និងប្រទេសកម្ពុជាដែលជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាឱ្យដករុស្ស៊ីចេញពីការប្រជុំនាខែវិច្ឆិកាខាងមុខ។
បញ្ហាទាំងនេះច្បាស់ជានឹងត្រូវបានឆ្លុះបញ្ចាំងនៅក្នុងសេចក្តីថ្លែងការណ៍អំពីចក្ខុវិស័យរួមមួយដែលគេរំពឹងថា នឹងចេញផ្សាយនៅបន្ទាប់ពីកិច្ចប្រជុំកំពូលនេះ។ ទោះយ៉ាងណា ដោយសារអាស៊ានធ្លាប់មានប្រវត្តិជាប់ពាក់ព័ន្ធជាមួយនឹងបញ្ហាតានតឹងទាំងនេះរួចហើយ នោះគេរំពឹងថា សេចក្តីថ្លែងការណ៍នេះនឹងប្រើប្រាស់ពាក្យពេជន៍ធម្មតាៗ ដោយរាប់ចាប់ពីសារៈសំខាន់នៃសន្ធិសញ្ញា UNCLOS ឆ្នាំ ១៩៨២ នៅសមុទ្រចិនខាងត្បូង រហូតដល់ការជំរុញមីយ៉ាន់ម៉ាឱ្យអនុវត្តគោលការណ៍កុងសង់ស៊ីសទាំង ៥ ចំណុចរបស់អាស៊ាន។
ប្រាកដណាស់កិច្ចប្រជុំកំពូលនេះនឹងបង្ហាញអំពីការបង្កើនការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះអាស៊ាន។ សហរដ្ឋអាមេរិកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់ និងការគោរពច្បាប់អន្តរជាតិដែលអ្នកឆ្លើយតបក្នុងតំបន់បានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ទង់មតិមួយរបស់រដ្ឋអាស៊ីអាគ្នេយ៍ឆ្នាំ ២០២២ ។
ទាក់ទងនឹងមតិសាធារណៈវិញកិច្ចប្រជុំកំពូលនេះមានសារៈសំខាន់ណាស់ បន្ទាប់ពីកិច្ចប្រជុំរបស់មេដឹកនាំអាស៊ានជាមួយប្រធានាធិបតី Vladimir Putin កាលពីខែតុលា ឆ្នាំ ២០២១ និងជាមួយលោក Xi Jinping នៅខែវិច្ឆិកាបន្ទាប់ពីនោះ។
ការពន្យារពេលនៃកិច្ចប្រជុំកំពូលពិសេសនេះកាលពីខែមីនា បានធ្វើអោយកាលវិភាគរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានចំនួន ៤ រូប ត្រូវនៅទំនេរ ហើយដែលបានធ្វើឱ្យលោករដ្ឋមន្ត្រីការបរទេស Wang Yi អញ្ជើញពួកគេឱ្យទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ដែលវាជាការគូសបញ្ជាក់អំពីភាពតានតឹងនៃការប្រកួតប្រជែងរវាងមហាអំណាចទាំងពីរក្នុងការចែចូវអាស៊ាន។
ការពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត និងដៃគូក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺជាស្នូលនៃយុទ្ធសាស្ត្រថ្មីមួយស្ដីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិក ដែលត្រូវបានចេញផ្សាយកាលពីខែកុម្ភៈឆ្នាំនេះ។ យុទ្ធសាស្ត្រនេះបានឆ្លុះបញ្ចាំងឱ្យឃើញអំពីការវិវឌ្ឍទៅនៃតំបន់ដែល «សេរី» និង «បើកចំហ» ដែលជំរុញដោយសម្ព័ន្ធភាពដ៏រឹងមាំ, ភាពជាដៃគូ និងការកំណត់យកវិបុលភាពជាគោលបំណងសំខាន់។
ខណៈពេលដែលគោលដៅទាំងនេះមានសារៈសំខាន់ខ្លាំង វាគឺជាការបើកបង្ហាញយ៉ាងច្បាស់ៗថា យុទ្ធសាស្រ្តនេះគឺជាការប៉ុនប៉ងដើម្បីគ្រប់គ្រងការលេចត្រដែតឡើងនៃប្រទេសចិន។
ដោយឈរលើបញ្ហានេះ អាស៊ានមិនមើលឃើញដូចសហរដ្ឋអាមេរិកនោះទេ ជាពិសេសនៅពេលដែលអាស៊ានចង់ស្វះស្វែងរកការចូលរួមផ្នែកសេដ្ឋកិច្ចដ៏រឹងមាំបន្ថែមទៀតជាមួយទីក្រុងប៉េកាំង និងការសម្រេចនូវគោលបំណងរបស់ខ្លួនក្នុងការធ្វើកិច្ចសហប្រតិបត្តិការប្រកបដោយបរិយាប័ន្ន។ នេះគឺជាមូលហេតុដែលការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកក្នុងការធ្វើឱ្យយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ខ្លួនមានការទាក់ទាញខ្លាំង ទំនងជានឹងត្រូវបរាជ័យ។
របៀបវារៈសំខាន់មួយដែលមាននៅលើតុស្រាប់ គឺជាសំណើរបស់សហរដ្ឋអាមេរិកសម្រាប់ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយអាស៊ាន» (ជាឋានៈមួយដែលអាស៊ានបានចុះកិច្ចព្រមព្រៀងជាមួយប្រទេសចិន និងអូស្ត្រាលីកាលពីខែតុលាឆ្នាំមុន)។
សហរដ្ឋអាមេរិកនឹងខ្នះខ្នែងបញ្ចុះបញ្ចូលអាស៊ានថា ខ្លួនអាចបង្កើនការប្តេជ្ញាចិត្តចំពោះកម្រិតនៃភាពជាដៃគូថ្មីនេះប្រកបដោយអត្ថន័យ, ខ្លឹមសារ និងផលប្រយោជន៍ទៅវិញទៅមក។ លក្ខខណ្ឌទាំងនេះត្រូវបានកំណត់ដោយអាស៊ាន បើទោះបីជាលក្ខខណ្ឌនានានៅតែមិនទាន់បានទម្លាយឱ្យដឹងនៅឡើយក្ដី។
បើទោះបីជានឹងមានការបង្រួបបង្រួមជាយុទ្ធសាស្រ្តរវាងអាស៊ាននិងសហរដ្ឋអាមេរិកនៅក្នុងតំបន់ក្ដី ក៏វានឹងមានភាពខុសប្លែកគ្នាផងដែរ ទាក់ទងនឹងវិធីសាស្រ្តរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ជាពិសេសគោលដៅរបស់សហរដ្ឋអាមេរិកដើម្បីប្រឆាំងនឹងការលេចត្រដែតឡើងនៃប្រទេសចិន និងដើម្បីកសាងសណ្តាប់ធ្នាប់សន្តិសុខមួយដែលដឹកនាំដោយសហរដ្ឋអាមេរិក ហើយដែលអាចនឹងបំផ្លាញអាស៊ានបាន។
គេរំពឹងថា លោកប្រធានាធិបតី Biden នឹងពន្យល់លម្អិតអំពីគំនិតផ្តួចផ្តើមថ្មីដែលមានទំហំទឹកប្រាក់ចំនួន ១០២ លានដុល្លារអាមេរិកនោះ និងដែលបានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកកាលពីខែតុលាឆ្នាំមុន រួមទាំងការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ការអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែងក្រោមចក្ខុវិស័យអាស៊ានស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ។
កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងអាស៊ាននិងក្រុម Quad (ដែលរួមមានសហរដ្ឋអាមេរិក, អូស្ត្រាលី, ឥណ្ឌា និងជប៉ុន) ទំនងជានឹងត្រូវ លើកយកមកពិភាក្សា ជុំវិញវិស័យដូចជា ការស្ដារសេដ្ឋកិច្ចឡើងវិញពីជំងឺ រាតត្បាតកូវីដ-១៩, ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ និងសន្តិសុខដែនសមុទ្រ, និងការដោះស្រាយការប្រែប្រួលអាកាសធាតុ។
ក្រៅពីកិច្ចប្រជុំកំពូលនេះ ជំនួបពិសេសៗស្តីពីវិស័យជាក់លាក់មួយចំនួនដូចជា បរិវត្តកម្មថាមពលស្អាត ព្រមទាំងនិរន្តរភាពនៃហេដ្ឋារចនាសម្ព័ន្ធ នឹងត្រូវធ្វើឡើងរវាងមេដឹកនាំអាស៊ាន ជាមួយនឹងរដ្ឋមន្ត្រីជាច្រើនរបស់គណៈរដ្ឋមន្ត្រីអាមេរិក ដែលរួមមានដូចជា លោកស្រី Janet Yellen (ក្រសួងរតនាគារ), លោក Peter Buttigieg (ក្រសួងដឹកជញ្ជូន), លោកស្រី Jennifer Granholm (ក្រសួងថាមពល) និងជាមួយលោក John Kerry ដែលជាបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកសម្រាប់កិច្ចការអាកាសធាតុ។
អ្វីដែលជាចំណាប់អារម្មណ៍របស់អាស៊ាន គឺការដែលសហរដ្ឋអាមេរិកមានគម្រោងពង្រឹងភាពជាអ្នកដឹកនាំខាងផ្នែកសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងតំបន់ តាមរយៈក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិកមួយដ៏សម្បូរបែប។
សហរដ្ឋអាមេរិកបានសន្យាថានឹងពិនិត្យមើលវិធីសាស្រ្តថ្មីៗក្នុងការធ្វើពាណិជ្ជកម្ម ដូចជាការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចឌីជីថល (ដែលរួមមានទាំងលទ្ធភាពនៃការបង្កើតក្របខណ្ឌសេដ្ឋកិច្ចឌីជីថលថ្មីមួយ), ការជំរុញខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដែលមានភាពធន់និងមានសុវត្ថិភាព ព្រមទាំងការប្ដេជ្ញាចិត្តក្នុងការឆ្ពោះទៅរកការកាត់បន្ថយឧស្ម័នកាបូន និងថាមពលស្អាត។
ទោះយ៉ាងណា អាស៊ាននៅមានមន្ទិលសង្ស័យអំពីអត្ថប្រយោជន៍ និងការលើកទឹកចិត្តពិតប្រាកដដែលបានមកពីក្របខណ្ឌមួយនេះ ដោយសារតែកង្វះការចូលទៅកាន់ទីផ្សាររបស់អាមេរិក និងការដាក់បញ្ចូលឃ្លោងឃ្លាស្តីពីការងារ និងបរិស្ថាន។
លើសពីនេះ អាស៊ាននឹងមិនសុខចិត្តនោះទេ ប្រសិនបើក្របខណ្ឌសេដ្ឋកិច្ចមួយនេះក្លាយជា «កលល្បិចបោកបញ្ឆោតដើម្បីជាមុខសញ្ញាអូសទាញសត្រូវ» «Trojan Horse» ដើម្បីទប់ទល់នឹងប្រទេសចិន ជាពិសេសប្រសិនបើក្របខណ្ឌនេះរាប់បញ្ចូលតៃវ៉ាន់ជាសមាជិក។
ពិភពលោកក៏នឹងតាមដានយ៉ាងដិតដល់នូវសក្ដានុពលដែលកើតចេញពីកិច្ចប្រជុំកំពូលអាស៊ានលើកទី១ ក្នុងឆ្នាំនេះផងដែរ ដែលកម្ពុជាដែលជាប្រទេសមានកំណត់ត្រាមិនល្អជាមួយនិងទីក្រុងវ៉ាស៊ីនតោន ធ្វើជាសហប្រធាន។
មេដឹកនាំអាស៊ានក៏នឹងមិនគ្រប់សំឡេងផងដែរនៅក្នុងកិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោននេះ ដោយសារមេដឹកនាំយោធារបស់មីយ៉ាន់ម៉ានឹងអវត្តមាន ព្រោះតែការសម្រេចចិត្តរបស់អាស៊ានក្នុងការអញ្ជើញតែតំណាងមិនមែននយោបាយឱ្យមកចូលរួម។ ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ក៏ទំនងជានឹងខកខានមិនបានចូលរួមក្នុងកិច្ចប្រជុំកំពូលនេះផងដែរ ដោយសារតែប្រទេសលោកត្រូវរៀបចំការបោះឆ្នោត។
កិច្ចប្រជុំកំពូលនេះ នឹងគូសបញ្ជាក់អំពីតួនាទីជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ព្រមទាំងវត្តមានដែលកំពុងកើនឡើងរបស់មហាអំណាចមួយនេះ (បូករួមទាំងសម្ព័ន្ធមិត្ត និងដៃគូដែលមានគំនិតដូចគ្នា) នៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិក។
ខណៈពេលដែល នឹងមានការបង្រួបបង្រួមជាយុទ្ធសាស្រ្តរវាងអាស៊ាននិងសហរដ្ឋអាមេរិក នៅក្នុងតំបន់ វាក៏នឹងមានភាពខុសប្លែកគ្នាផងដែរទាក់ទងនឹងវិធីសាស្រ្តរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ជាពិសេសគឺគោលដៅរបស់មហាអំណាចមួយនេះដើម្បីប្រឆាំងនឹងការលេចត្រដែតឡើងនៃប្រទេសចិន និងដើម្បីកសាងសណ្តាប់ធ្នាប់សន្តិសុខមួយដែលដឹកនាំដោយសហរដ្ឋអាមេរិក និងដែលអាចបំផ្លាញអាស៊ាន។
ប្រទេសចិនបានព្រមានថា ការបង្កើតជាក្រុមតូចៗដែលដឹកនាំដោយសហរដ្ឋអាមេរិកបែបនេះ គឺស្រដៀងគ្នាទៅនឹង «អង្គការ NATO ថ្មីមួយនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» ។
ប្រទេសចិនបានដាក់សំណើឱ្យមានគំនិតផ្តួចផ្តើមសន្តិសុខសកល (Global Security Initiative) របស់ខ្លួន ដើម្បីប្រឆាំងតបវិញ នៅឯវេទិកា Boao សម្រាប់អាស៊ីកាលពីពេលថ្មីៗនេះ ដោយផ្តោតលើគោលការណ៍មួយចំនួន ដូចជាវិស័យសន្តិសុខដែលមិនអាចបំបែកបានជាដើម។
វាគឺជាអត្ថប្រយោជន៍របស់អាស៊ាន ដែលត្រូវបានប្រទេសមហាអំណាចធំៗចែចូវ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ភាពលំបាកក្នុងការជ្រើសរើស (និងមិនជ្រើសរើស) គឺកំពុងតែមានសម្ពាធកាន់តែខ្លាំងឡើងៗ៕ Fulcrum