ខ្មែរប៉ុស្ដិ៍ Close

អាស៊ាននៅសល់ពេលមិនច្រើនទេក្នុងការរៀបចំតួនាទីរបស់ខ្លួនឡើងវិញ ក្នុងនាមជាខែលការពារនៅក្នុងការប្រកួតប្រជែង អំណាចរវាងអាមេរិក និងចិន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានអន្តរជាតិ 67
អាស៊ាននៅសល់ពេលមិនច្រើនទេក្នុងការរៀបចំតួនាទីរបស់ខ្លួនឡើងវិញ ក្នុងនាមជាខែលការពារនៅក្នុងការប្រកួតប្រជែង អំណាចរវាងអាមេរិក និងចិន អាស៊ាននៅសល់ពេលមិនច្រើនទេក្នុងការរៀបចំតួនាទីរបស់ខ្លួនឡើងវិញ ក្នុងនាមជាខែលការពារនៅក្នុងការប្រកួតប្រជែង អំណាចរវាងអាមេរិក និងចិន

បន្ទាប់ពីកើតមានឧបទ្ទវហេតុចុងក្រោយមួយនៅសមុទ្រចិនខាងត្បូង ដែលពេលនោះកប៉ាល់ឆ្មាំសមុទ្រចិន បានរារាំងនិងប្រើកាណុងបាញ់ទឹកដាក់កប៉ាល់របស់ហ្វីលីពីន ដែលកំពុងដឹកសម្ភារៈផ្គត់ផ្គង់ទៅកាន់តំបន់ Second Thomas Shoal អាស៊ានបានបន្តរក្សាភាពស្ងៀមស្ងាត់ដែលផ្ទុយគ្នាពីការឆ្លើយតបយ៉ាងឆាប់រហ័សពីសំណាក់សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប! ក៏ប៉ុន្តែ វាមិនគួរឱ្យភ្ញាក់ផ្អើលនោះទេ។

ការសម្របសម្រួលឱ្យមានជំហររួមគ្នានៅ សមុទ្រចិនខាងត្បូងគឺជាកិច្ចការដ៏លំបាកសម្រាប់អាស៊ាន ដោយសារតែការសម្រេចចិត្តតាមទម្លាប់របស់ស្ថាប័ននេះដោយផ្អែកលើការមូលមតិគ្នា «Consensus»។ អសមត្ថភាពរបស់អាស៊ានក្នុងការបញ្ចេញសម្លេងរួមគ្នាតែមួយ បានបន្តធ្វើឱ្យសមុទ្រចិនខាងត្បូង ក្លាយជាសង្វៀនជម្លោះដ៏តានតឹងរវាង អាមេរិកនិងចិន។

នៅពេលដែលការប្រកួតប្រជែងជាយុទ្ធសាស្រ្តរវាងអាមេរិកនិងចិនមាន ការកើនឡើងកាន់តែខ្លាំង ខែលការពារភូមិសាស្ត្រ នយោបាយដែលអាស៊ានបានបង្កើតឡើងនៅក្នុងរយៈ ពេល ៣ ទស្សវត្សរ៍កន្លងមកនេះ បានរងនូវការធ្លាក់ចុះយ៉ាងឆាប់រហ័ស។

ចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់មក អាស៊ានបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្កើនទំនាក់ទំនងជាមួយតួអង្គសំខាន់ៗ ដែលជាហេតុធ្វើឱ្យអាស៊ានអាចបន្តអភិវឌ្ឍតំបន់ប្រកប ដោយស្ថិរភាព និងអាចឱ្យអាស៊ានចៀសវាងពីការប្រកាន់យកភាគីណា មួយនៅក្នុងការប្រកួតប្រជែងរវាងមហាអំណាចទាំងពីរ។ យុទ្ធសាស្ត្រនេះបានសម្រេចនូវជោគជ័យយ៉ាងគួរឱ្យកត់សម្គាល់ និងបាននាំមកនូវសន្តិភាពដល់តំបន់ និងបានធ្វើឱ្យអាស៊ានមានកេរ្តិ៍ឈ្មោះ ក្នុងនាមជាស្ពានតភ្ជាប់រវាងមហាអំណាច និងជារនាំងការពារនៅក្នុងបញ្ហាភូមិសាស្ត្រនយោបាយ។

ប៉ុន្តែជាមួយនឹងការវិលត្រឡប់មកវិញនៃការប្រកួតប្រជែងអំណាច និងការបង្កើតក្រុមមួយចំនួន ដូចជាក្រុម Quad អាស៊ានកំពុងប្រឈមមុខនឹងការលំបាកក្នុងការរក្សាសារៈសំខាន់របស់ខ្លួននៅក្នុងផែនការថ្នាក់តំបន់។ អតីតរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក Marty Natalegawa បានកត់សម្គាល់នៅក្នុងសន្និសីទសមុទ្រចិនខាងត្បូងកាលពីពេលថ្មីៗនេះថា «ការបង្កើតឱ្យមានក្រុមតូចៗដូចជាកតិកាសញ្ញាសន្តិសុខត្រីភាគីរវាងអូស្ត្រាលី, ចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក (AUKUS) បូករួមនឹងក្រុម Quad អាចជាសញ្ញាដាស់តឿនមួយសម្រាប់អាស៊ាន»។

អាស៊ានចាំបាច់ត្រូវតែរក្សាឱ្យបាននូវសារៈសំខាន់របស់ខ្លួន តាមរយៈការបន្តធ្វើជាស្ពានតភ្ជាប់រវាងមហាអំណាច និងជាខែលការពារផ្នែកភូមិសាស្ត្រនយោបាយ។ ខែលការពារដ៏សំខាន់របស់អាស៊ាននឹងបម្រើនូវផលប្រយោជន៍ទាំងសម្រាប់សហរដ្ឋអាមេរិកនិងចិន។

របាយការណ៍របស់ស្ថាប័ន Brookings ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានកត់សម្គាល់ថា «មហាអំណាចយក្ស ទាំងពីរ នឹងទទួលបាន ផលប្រយោជន៍ពីយន្តការភាគីទី3ដែល មានស្រាប់ (Third-party Mechanisms) ដែលអាចផ្តល់ព័ត៌មានមិនលំអៀង, ប្រាប់ពីផែនទីបង្ហាញផ្លូវដើម្បីឈានទៅកាត់បន្ថយ ភាពចម្រូងចម្រាស់ និងដើម្បីបង្កើតឱ្យមាន កិច្ចសហការដែលភាគី ទាំងសងខាងអាចទុក ចិត្តគ្នាទៅវិញទៅមកបាន។ ដើម្បីធ្វើដូច្នេះបាន អាស៊ានចាំបាច់ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីអាច ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ប្រកបដោយប្រិសិទ្ធភាពជាមួយទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោន។

អាស៊ានពិតជាមានសមត្ថភាពក្នុងការទប់ស្កាត់ទីក្រុងប៉េកាំង សូម្បីតែនៅក្នុងជម្លោះសមុទ្រចិនខាងត្បូង ហើយភាពខ្លាំងរបស់អាស៊ានគឺអាស្រ័យលើចំនួនសមាជិកនិងអំណាចក្នុងការចរចា។ ប្រសិនបើមានការប្រឆាំងរួមដោយបើកចំហពីសំណាក់អាស៊ាន ទីក្រុងប៉េកាំងទំនងអាចនឹងកែប្រែអាកប្បកិរិយារបស់ខ្លួន ហើយការប្រឈមមុខ ដាក់គ្នានៅតំបន់ Scarborough Shoal នៅក្នុងឆ្នាំ ២០១២ គឺជាឧទាហរណ៍ជាក់ស្តែងមួយ។

ដើម្បីកាត់បន្ថយភាពបរាជ័យរបស់អាស៊ានក្នុងការបង្ហាញពីជំហរដ៏ស្អិតរមួតនិងដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់ចិន នៅតំបន់ Shoal រដ្ឋមន្ត្រីការបរទេសអាស៊ានបានប្រកាសអំពីគោលការណ៍ចំនួន ៦ ស្តីពីជម្លោះនៅសមុទ្រចិនខាងត្បូង ដោយក្នុងនោះរួមមានការអំពាវនាវឱ្យមានការគោរពច្បាប់អន្តរជាតិនិងការរក្សាការអត់ធ្មត់ពីសំណាក់គ្រប់ភាគីទាំងអស់។ ជំហរតស៊ូរួមគ្នានេះគឺជាសញ្ញានៃកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដែលអាចឱ្យអាស៊ានដាក់សម្ពាធលើប្រទេសចិន ហើយវាក៏ជាកត្តាគន្លឹះមួយ ដែលអាចរារាំងចិនមិនឱ្យបន្តឈ្លានពានទឹកដីបន្ថែមទៀត។

អាស៊ានគួរតែបន្តប្រឈមជាមួយនឹងឥរិយាបថដ៏គឃ្លើនរបស់ចិនដោយផ្អែក លើការរួបរួមគ្នាហើយអាស៊ានក៏គួរតែផ្ញើសារឱ្យបានច្បាស់ផងដែរទៅកាន់ទីក្រុងប៉េកាំងដែលនោះគឺ «ប្រសិនបើចិននៅតែបន្តដើរហួសដែនកំណត់ វានឹងបន្តរុញច្រានបណ្តាប្រទេសអាស៊ីអាគ្នេយ៍ឱ្យងាកទៅរកទីក្រុងវ៉ាស៊ីនតោនកាន់តែខ្លាំង»។

ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួន អាចនឹងមានការសង្ស័យ ហើយអាចនឹងចោទសួរថា «តើអាស៊ានអាចកសាងតួនាទីរបស់ខ្លួនក្នុងនាមជាខែលការពារភូមិសាស្ត្រនយោបាយឡើងវិញបានដែរឬទេ ខណៈពេលដែលប្រទេសឡាវ និងកម្ពុជាមានភាពលំអៀងកាន់តែខ្លាំងទៅរកប្រទេសចិន»។

«មានការអំពាវនាវឱ្យបណ្តេញកម្ពុជានិងឡាវចេញពីអាស៊ាន ហើយប្រសិនបើរឿងនេះពិតជាកើតឡើងមែននោះ វានឹងបង្កការខាតបង់ទាំងសម្រាប់ប្រទេសចិន, កម្ពុជា និងឡាវ»។ ទីក្រុងប៉េកាំងនឹងបាត់បង់អំណាចវេតូ ដោយប្រយោលពាក់ព័ន្ធនឹងដំណើរការដោះស្រាយបញ្ហានៅសមុទ្រចិនខាងត្បូងខណៈដែលកម្ពុជានិងឡាវអាចនឹងត្រូវបាត់បង់ធាតុផ្សំដ៏មានសារៈសំខាន់សម្រាប់ទីក្រុងប៉េកាំង ដែលជាហេតុធ្វើឱ្យពួកគេអាចប្រឈមមុខ នឹងការបាត់បង់អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចដែលទទួល បានពីប្រទេសចិន។

ដូច្នេះ អាស៊ានត្រូវតែបញ្ជាក់ឱ្យបានច្បាស់ថា «ចិនមិនអាច បន្តសកម្មភាពដ៏គឃ្លើនរបស់ខ្លួនបានទេ» ហើយសម្រាប់ទីក្រុងវ៉ាស៊ីនតោន អាស៊ានក៏គួរតែបញ្ជាក់ឱ្យបានច្បាស់ផងដែរថា «ការគាបសង្កត់ ឬការចាត់ទុក ប្រទេសអាស៊ីអាគ្នេយ៍ជាឧបករណ៍នៅក្នុងការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន គឺជា រឿងដែលមិនអាចទទួលយកបាននោះទេ ហើយអាស៊ាននឹងប្រឆាំងនឹងការធ្វើបែបនេះ»។

អាស៊ានក៏គួរតែជំរុញឱ្យមានការបង្កើតជាក្រុមតូចៗនៅក្នុងតំបន់ដោយអាចផ្តោតលើបញ្ហាផ្សេងៗទៀត ក្រៅតែពីបញ្ហាទាក់ទងនឹងសន្តិសុខហើយអាស៊ានគួរតែពង្រឹងតួនាទីរបស់ខ្លួនឱ្យបានកាន់តែខ្លាំងក្លាជាងមុននៅក្នុងការផ្គត់ផ្គង់ទំនិញសាធារណៈសំខាន់ៗ បូករួមនឹងការបង្កើនការទាក់ ទាញការវិនិយោគពីសំណាក់ប្រទេសដទៃទៀត ក្រៅតែពី ប្រទេសចិន។ ការធ្វើបែបនេះនឹងជួយពង្រឹងភាពធន់របស់អាស៊ាន។

ទន្ទឹមនឹងនេះដែរ អាស៊ានគួរស្វែងរកមធ្យោបាយបឋមមួយចំនួនដើម្បីកាត់បន្ថយភាពតានតឹង នៅសមុទ្រចិនខាងត្បូង ដែលអាចរួមមានការ លើកទឹកចិត្តចិនឱ្យប្តេជ្ញាមិនប្រកាសតំបន់ការពារដែន អាកាសនៅសមុទ្រ ចិនខាងត្បូង, ការមិន ទាមទារទឹកដីបន្ថែម ទៀត ឬការមិនដាក់ បញ្ចូលទ្រព្យសម្បត្តិយោធាបន្ថែមទៀត ទៅក្នុងដែនដីដែលកំពុងត្រូវបានគ្រប់គ្រងដោយចិននៅប្រជុំ Spratly។ ជាងនេះទៅទៀត អាស៊ានគួរតែជំរុញទីក្រុងប៉េកាំងឱ្យពិចារណាអំពីការប្តេជ្ញាគោរពសេរីភាព នៃការធ្វើនាវាចរណ៍ សម្រាប់នាវាយោធាបរទេស។

សម្រាប់ភាគីអាមេរិក អាស៊ានអាច លើកទឹកចិត្តទីក្រុងវ៉ាស៊ីនតោនឱ្យពិចារណាកាត់បន្ថយបន្តិចម្តងៗនូវសេរីភាព នៃការធ្វើនាវាចរណ៍ ក្នុងករណីចិនគោរពតាមការសន្យារបស់ខ្លួន។ ដូចគ្នានេះដែរ អាស៊ានគួរជំរុញឱ្យមានការប្តេជ្ញាចិត្តពីសំណាក់សហរដ្ឋ អាមេរិកក្នុងការមិនដាក់ពង្រាយកាំជ្រួច មីស៊ីលរយៈចម្ងាយមធ្យមនៅប្រព័ន្ធខ្សែកោះទីមួយ (The First Island Chain) ដើម្បីជៀសវាងពីការឈានទៅរកជម្លោះប្រដាប់អាវុធនៅក្នុងតំបន់។ ជាថ្នូរនឹងការប្តេជ្ញារបស់សហរដ្ឋអាមេរិក អាស៊ានអាចលើកទឹកចិត្តទីក្រុងប៉េកាំងឱ្យកាត់បន្ថយ សកម្មភាពយោធារបស់ខ្លួននៅតំបន់យុទ្ធសាស្ត្រ «First Island Chain»។

ជំនួបកំពូលតាមប្រព័ន្ធអនឡាញកាល ពីពេលថ្មីៗនេះរវាងប្រធានាធិបតី ចូ បៃឌិន និងលោក ស៊ី ជីនពីង និងការចែករំលែកចំណាប់អារម្មណ៍របស់ភាគីទាំងពីរ ក្នុងការជៀស វាងជម្លោះ អាចបង្កើតឱកាសសម្រាប់អាស៊ានក្នុងការជំរុញវិធានការទាំងនេះ។

អាស៊ាននៅសល់ពេលមិនច្រើនទេ ក្នុងការធ្វើឱ្យខ្លួនក្លាយជាខែលការពារភូមិសាស្ត្រដ៏មានប្រសិទ្ធភាព។ វិធីសាស្រ្តប្រពៃណីរបស់អាស៊ានក្នុងការកសាងទំនុកចិត្តក្នុងចំណោមតួអង្គក្នុងតំបន់ មិនអាចប្រើការ បានទៀតទេនៅក្នុងស្ថានភាពវិវឌ្ឍយ៉ាងឆាប់រហ័សដូចសព្វថ្ងៃនេះ ហើយអាស៊ានត្រូវតែមានភាពស្មោះត្រង់ និងទទួលស្គាល់នូវបញ្ហានេះ។

វិធានការកាត់បន្ថយភាពតានតឹង ដូចដែលបានរៀបរាប់ខាងលើ មិនតម្រូវឱ្យមានការប្តេជ្ញាចិត្តដ៏មុះមុតដាច់ខាតនោះទេ ហើយវាអាចនឹងដំណើរការទៅមុខបាន បើទោះបីជាការជឿទុកចិត្តគ្នាមានការធ្លាក់ចុះក៏ដោយ។ សម្រាប់រយៈពេលវែង វិធានការទាំងនេះអាចប្រើប្រាស់បាន នៅក្នុងដំណើរការចរចារលើបញ្ហាយុទ្ធសាស្ត្រមួយចំនួន ដូចជាការកំណត់ទីតាំងដែលគ្មានយោធា និងគ្មានការគ្រប់គ្រងដោយអាវុធ។

Brookings