ខ្មែរប៉ុស្ដិ៍ Close

ការបង្វែរខាងផ្នែកយុទ្ធសាស្ត្រ : បញ្ហាប្រឈមរបស់អូស្ត្រាលីនៅតំបន់អាស៊ីអាគ្នេយ៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 55
ការបង្វែរខាងផ្នែកយុទ្ធសាស្ត្រ : បញ្ហាប្រឈមរបស់អូស្ត្រាលីនៅតំបន់អាស៊ីអាគ្នេយ៍ រូបភាព The Interpreter

ទំនាក់ទំនងរវាងប្រទេសអូស្ត្រាលីជាមួយនឹងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មិនមានបញ្ហាល្អក់កករនោះទេ ដោយក្នុងនោះនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីអាចធ្វើដំណើរដោយក្តីរីករាយទៅកាន់ប្រទេសណាក៏បាន នៅក្នុងតំបន់ ហើយក៏តែងតែទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅផងដែរ។

កាលពីឆ្នាំមុន ប្រទេសអូស្ត្រាលីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយអាស៊ាន ហើយក្រោមការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្ន ប្រទេសអូស្ត្រាលីបានបង្កើនភាពជាដៃគូជាមួយប្រទេសថៃនិងម៉ាឡេស៊ី ហើយក៏បានសន្យាផងដែរថានឹងបង្កើនការចូលរួមផ្នែកសេដ្ឋកិច្ចជាមួយវៀតណាម បូករួមនឹងការសហការលើវិស័យសេដ្ឋកិច្ចបៃតងជាមួយសិង្ហបុរីថែមទៀតផង។

ក្រោមការដឹកនាំរបស់រដ្ឋាភិបាលអូស្ត្រាលីថ្មីនៅពេលខាងមុខ មិនថាគណបក្សចម្រុះ ឬគណបក្សពលករនោះទេ ពួកគេអាចនឹងបង្កើនការយកចិត្តទុកដាក់ដើម្បីស្វែងយល់ថា «តើទំនាក់ទំនងជាមួយអាស៊ីអាគ្នេយ៍ពិតជាមានភាពរឹងមាំដូចអ្វីដែលពួកគេបានមើលឃើញមែនដែរឬអត់»។

រដ្ឋាភិបាលថ្មីគួរតែចាប់ផ្តើមធ្វើការវាយតម្លៃទៅលើការចូលរួមរបស់រដ្ឋមន្ត្រីអូស្ត្រាលីជាមួយនឹងតំបន់នេះ ដោយត្រូវធ្វើការប្រៀបធៀបរវាងការប្តេជ្ញាចិត្តជាមួយនឹងសមិទ្ធិផលជាក់ស្តែង។

នាយករដ្ឋមន្ត្រីអូស្ត្រាលីចុងក្រោយបំផុតដែលបានធ្វើ ដំណើរទស្សនកិច្ចទ្វេភាគីទៅកាន់ប្រទេសថៃ គឺលោក John Howard នៅ ក្នុងឆ្នាំ១៩៩៨ ហើយលោកក៏ជានាយករដ្ឋមន្ត្រីអូស្ត្រាលីចុងក្រោយបំផុតដែលបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីនផងដែរនៅក្នុងឆ្នាំ ២០០៣។

សឹងតែគ្រប់ទំនាក់ទំនងរវាងប្រទេសអូស្រ្តាលីជាមួយនឹងបណ្តាប្រទេសនានា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (លើកលែងតែជាមួយប្រទេសសិង្ហបុរី) សុទ្ធតែមានរឿងរ៉ាវមួយចំនួន ពាក់ព័ន្ធនឹងការចូលរួមមានកម្រិតជាពិសេស នៅពេលនិយាយដល់ទំនាក់ទំនងរវាងរដ្ឋមន្ត្រីពាណិជ្ជកម្ម។

កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីកាលពីឆ្នាំ ២០១៨ ដែលត្រូវបាន រៀបចំដោយលោក Malcolm Turnbull គឺជាចំណុចវិជ្ជមានមួយ។ ទោះបីជាយ៉ាងណាក៏ដោយ ការធ្វើដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់មកពីតំបន់អាស៊ីអាគ្នេយ៍ មានចំនួនតិចតួចប៉ុណ្ណោះនៅក្រោយកិច្ចប្រជុំនេះ ដោយក្នុងនោះមានតែការធ្វើទស្សនកិច្ចរបស់រដ្ឋមន្ត្រីម៉ាឡេស៊ីកាល ពីឆ្នាំ ២០១៩ និងរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo នៅដើមឆ្នាំ ២០២០ តែប៉ុណ្ណោះ។

ការមិនអើពើនៅក្នុងកម្រិតរដ្ឋមន្ត្រីបានកើតឡើងមិនថានៅក្រោមការដឹកនាំរបស់គណបក្សនយោបាយអូស្រ្តាលីណាមួយនោះទេ ដែលនេះក៏ដោយសារតែបណ្តាប្រទេសអាស៊ីអាគ្នយ៍ មិនត្រូវបានប្រទេសអូស្រ្តាលីចាត់ទុកជាប្រទេសមានសារៈសំខាន់ទេ។

ការមិនអើពើបែបនេះនឹងបន្តកើតឡើងកាន់តែខ្លាំងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ជាពិសេសនៅពេលដែលបណ្តាប្រទេសជាច្រើនក្នុងតំបន់បានសម្តែងនូវការមិនពេញចិត្តចំពោះសេចក្តីសម្រេចទ្វេភាគីរបស់អូស្ត្រាលី ដែលបានចាត់ទុក «យុទ្ធសាស្ត្រសម្ព័ន្ធមិត្ត» ដែលដឹកនាំដោយសហរដ្ឋអាមេរិកជា «មធ្យោបាយដ៏ល្អបំផុតក្នុងការថែរក្សាសណ្តាប់ធ្នាប់ក្នុងតំបន់»។

ជាងនេះទៅទៀត បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មិនបានចាត់ទុកវិធីសាស្រ្តរបស់ប្រទេសអូស្ត្រាលីក្នុងការប្រឈមមុខជាមួយប្រទេសចិនជាគំរូល្អ ដែលអាចឱ្យពួកគេអនុវត្តតាមនោះទេ បើទោះបីជាពួកគេកំពុងតែមានកិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសអូស្ត្រាលីក៏ដោយ ហើយយូរៗទៅបញ្ហាទាំងនេះនឹងជះឥទ្ធិពលយ៉ាងពិតប្រាកដទៅលើទំនាក់ទំនងរវាងអូស្ត្រាលីជាមួយនឹងបណ្តាប្រទេសក្នុងតំបន់។

ឧទាហរណ៍ ប្រទេសម៉ាឡេស៊ីបានស្វាគមន៍ចំពោះការចាប់អារម្មណ៍របស់ប្រទេសចិនក្នុងការចូលរួមនៅក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ខណៈដែលប្រទេសអូស្ត្រាលីបានបដិសេធ ចំពោះរឿងនេះ។

ជារឿយៗសុន្ទរកថារបស់មេដឹកនាំនយោបាយអូស្ត្រាលីនៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ បានព្យាយាមបង្ហាញឱ្យគេឃើញថា «បណ្តាប្រទេសអាស៊ីអាគ្នេយ៍បានគាំទ្រចក្ខុវិស័យស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ប្រទេសខ្លួន»។ វាអាចជាការពិតនៅក្នុងផ្នែកតូចមួយប៉ុណ្ណោះដែលនោះគឺ «ប្រទេសទាំងអស់ចង់បានសន្តិសុខនិងវិបុលភាព»។

ចំណុចសំខាន់នៅក្នុងផែនការគោលនយោបាយការបរទេសរបស់លោកនាយករដ្ឋមន្រ្តី Scott Morrison ដែលត្រូវបានលើកឡើងនៅក្នុងសន្ទរកថារបស់លោកនៅឯវិទ្យាស្ថាន Lowy គឺ «ការកសាងបណ្តាញសម្ព័ន្ធភាព»។

ផែនការគោលនយោបាយនេះនឹងធ្វើការពន្យល់យ៉ាងលម្អិតអំពីទំនាក់ទំនងរបស់អូស្ត្រាលីនៅតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ប៉ាស៊ីហ្វិក ហើយវាក៏មានបង្កប់អត្ថន័យពាក់ព័ន្ធនឹងការធ្វើឱ្យទំនាក់ទំនងនេះងាកមកបម្រើរបៀបវារៈភូមិសាស្ត្រនយោបាយរបស់អូស្ត្រាលីដើម្បីប្រឆាំងនឹងប្រទេសចិនផងដែរ។

រដ្ឋាភិបាលថ្មីរបស់ប្រទេសអូស្ត្រាលីចាំបាច់ត្រូវតែចៀសវាងនូវការរៀបចំគោលនយោបាយការបរទេសដែលផ្តោតសំខាន់តែទៅ លើការចងសម្ព័ន្ធមិត្តបែបយុទ្ធសាស្ត្រជាមួយប្រទេសក្នុងតំបន់។ ជំនួសមកវិញពួកគេត្រូវផ្តោតសំខាន់ទៅលើការលើកកម្ពស់សមត្ថភាព និងកម្លាំងរបស់បណ្តាប្រទេសទាំងនោះ មិនថានៅក្រោមលក្ខខណ្ឌនៃការអភិវឌ្ឍសេដ្ឋកិច្ច ឬសមត្ថភាពការពារជាតិនោះទេ ជាពិសេសគឺការគេចចេញពីឥទ្ធិពលរបស់ប្រទេសចិន។

នៅក្នុងការសន្ទនាកាលពីពេលថ្មីៗនេះជាមួយលោក Charles Edel ដែលជាប្រធានមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិអូស្ត្រាលី រដ្ឋមន្ត្រីការបរទេសបម្រុង លោកស្រី Penny Wong បានសង្កត់ធ្ងន់ថា «គណបក្សពលករនឹងផ្តល់អាទិភាពកាន់តែខ្លាំងលើតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសគឺប្រទេសឥណ្ឌូណេស៊ី ហើយគណបក្សពលករនឹងធ្វើការតែងតាំងប្រេសិតពិសេសអាស៊ាន បូករួមនឹងការផ្តល់ជំនួយអភិវឌ្ឍបន្ថែមទៀតដល់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។

មេដឹកនាំគណបក្សប្រឆាំង លោក Anthony Albanese ក៏បានប្តេជ្ញាចិត្តចូលរួមនៅ ក្នុងភាពជាដៃគូផ្នែកអាកាសធាតុ និងហេដ្ឋារចនាសម្ព័ន្ធជាមួយប្រទេសឥណ្ឌូណេស៊ីផងដែរ។ ទាំងនេះគឺជារឿងល្អ ក៏ប៉ុន្តែការប្រកាសតែមួយមុខនឹងមិនអាចនាំមកនូវការអនុវត្តសកម្មភាពជាក់ស្តែងនោះទេ ជាពិសេសនៅពេលដែលគណបក្សពលករបានឯកភាពគ្នាជាមួយគណបក្សចម្រុះលើផ្នែកជាច្រើននៃគោលនយោបាយដែលផ្តោតលើទស្សនវិស័យរបស់ប្រទេសអូស្ត្រាលីមកលើតំបន់នេះ។

ការផ្លាស់ប្តូរទំនាក់ទំនងជាមួយតំបន់នឹងតម្រូវឱ្យប្រទេសអូស្ត្រាលីផ្តោតជាចម្បងលើទស្សនវិស័យរបស់តំបន់អាស៊ីអាគ្នេយ៍ ជាពិសេសគឺប្រទេសឥណ្ឌូណេស៊ី។ ឧទាហរណ៍ នៅពេលដែលប្រទេសអូស្ត្រាលីកំពុងពិចារណាទៅលើបញ្ហាមួយចំនួនដូចជា «គោលនយោបាយរបស់អូស្ត្រាលីនៅតំបន់មជ្ឈិមបូព៌ា ឬការផ្អាកប្រទេសរុស្ស៊ីពីកិច្ចប្រជុំ G20 ឬការបង្កើតក្រុមទ្វេភាគីថ្មីៗ» ពួកគេចាំបាច់ត្រូវធ្វើការថ្លឹងថ្លែងឱ្យបានហ្មត់ចត់អំពីទស្សនៈវិស័យរបស់តំបន់។

ពេលខ្លះ ប្រទេសអូស្ត្រាលីនឹងត្រូវធ្វើការសម្របសម្រួលមួយចំនួនលើបញ្ហាទាំងនេះ។ ជាងនេះទៅទៀត អូស្ត្រាលីត្រូវតែផ្តល់អាទិភាពដល់ការចូលរួមក្នុងកម្រិតនយោបាយ ហើយមិនត្រូវដាក់បុគ្គលជំនួសឱ្យមកធ្វើការចូលរួមនោះទេ។

ប្រទេសជប៉ុនអាចជាភស្តុតាងមួយ ដែលបញ្ជាក់ថា «ទំនាក់ទំនងក្នុងកម្រិតខ្ពស់ជាមួយតំបន់អាចនឹងនាំមកនូវការផ្លាស់ប្តូរ»។ «ក្រោយដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Fumio Kishida មកកាន់កម្ពុជាកាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាប់ផ្ដើមចាត់ទុកសកម្មភាព របស់រុស្ស៊ីនៅអ៊ុយក្រែនជា «ការឈ្លានពាន»។

«ជាការកត់សម្គាល់ នាយករដ្ឋមន្ត្រីអូស្ត្រាលីចុងក្រោយដែលបានមកបំពេញទស្សនកិច្ចទ្វេភាគីនៅកម្ពុជាគឺលោក Paul Keating នៅក្នុងឆ្នាំ ១៩៩២» ហើយលោក Kishida នៅពេលឥឡូវនេះក៏គ្រោងនឹងធ្វើដំណើរមកកាន់តំបន់នេះផងដែរដើម្បីសម្របសម្រួលលើបញ្ហាស្មុគស្មាញមួយចំនួនជុំវិញការចូលរួមរបស់រុស្ស៊ីនៅកិច្ចប្រជុំ G20៕ The Interpreter

អត្ថបទទាក់ទង