ខ្មែរប៉ុស្ដិ៍ Close

របាយការណ៍ ៖ ប្រទេសដែលមានសេដ្ឋកិច្ចឌីជីថលកំពូលៗនៅតំបន់អាស៊ីអាគ្នេយ៍អាចនឹងឈានដល់កម្រិត ២០០ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២២

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 37
របាយការណ៍ ៖ ប្រទេសដែលមានសេដ្ឋកិច្ចឌីជីថលកំពូលៗនៅតំបន់អាស៊ីអាគ្នេយ៍អាចនឹងឈានដល់កម្រិត ២០០ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២២ របាយការណ៍ ៖ ប្រទេសដែលមានសេដ្ឋកិច្ចឌីជីថលកំពូលៗនៅតំបន់អាស៊ីអាគ្នេយ៍អាចនឹងឈានដល់កម្រិត ២០០ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២២

ប្រទេសដែលមានសេដ្ឋកិច្ចឌីជីថលកំពូលៗនៅតំបន់អាស៊ីអាគ្នេយ៍បានកើនឡើងលឿនជាងការរំពឹងទុកនៅក្នុងឆ្នាំ ២០២២ ហើយតម្លៃសរុបនៃប្រតិបត្តិការដែលបានធ្វើឡើងនៅឆ្នាំនេះ អាចនឹងឈានដល់ទំហំ ២០០ ពាន់លានដុល្លារ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់ក្រុមហ៊ុន Google, Temasek និង Bain & Company។

សមិទ្ធផលនេះបានកើតឡើងលឿនជាងការព្យាករណ៍រហូតដល់ទៅ ៣ ឆ្នាំ ហើយវាបានកើនឡើង ២០% បើប្រៀបធៀបនឹងចំនួន ១៦១ ពាន់លានដុល្លារនៅក្នុងតម្លៃទំនិញសរុប (GMV) កាលពីឆ្នាំមុន។ របាយការណ៍ក្នុងឆ្នាំ ២០១៦ បានប៉ាន់ប្រមាណថា «សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសធំៗចំនួន ៦ នៅក្នុងតំបន់នឹងឈានជិតដល់ចំនួន ២០០ ពាន់លានដុល្លារនៅក្នុងតម្លៃ GMV នៅត្រឹមឆ្នាំ ២០២៥»។

សូមអាន ៖​ ការកសាងទំនុកចិត្តនៅក្នុងបដិវត្តន៍ពាណិជ្ជកម្មឌីជីថលនៅតំបន់អាស៊ី

ប្រទេសសេដ្ឋកិច្ចធំៗចំនួន ៦ ដែលបានលើកឡើងនៅក្នុងរបាយការណ៍នោះរួមមាន ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, សិង្ហបុរី, ថៃ និងវៀតណាម ដោយមិនមានការលើកឡើងអំពីប្រទេសប្រ៊ុយណេ, កម្ពុជា, ឡាវ, មីយ៉ាន់ម៉ា ក៏ដូចជាទីម័រឡេស្ត និងប៉ាពួញូហ្គីណេ ឡើយ។ របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា «បន្ទាប់ពីមានការបង្កើនល្បឿនអស់រយៈពេលជាច្រើនឆ្នាំ កំណើននៃការប្រើប្រាស់ប្រព័ន្ធឌីជីថលក៏បានទទួលនូវការពេញនិយម»។

ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតនៅតំបន់អាស៊ីអាគ្នេយ៍បានបន្តកើនឡើងឥតឈប់ឈរ ដោយក្នុងនោះអ្នកប្រើប្រាស់ថ្មីបានកើនឡើងចំនួន ២០ លាននាក់បន្ថែមទៀតនៅឆ្នាំ ២០២២ ដែលបានបង្កើនចំនួនអ្នកប្រើប្រាស់សរុបរហូតដល់ ៤៦០ លាននាក់។ ប៉ុន្តែ កំណើននេះ បានចាប់ផ្តើមធ្លាក់ចុះដោយបានកើនត្រឹមតែ ៤% ប៉ុណ្ណោះនៅក្នុងឆ្នាំ ២០២២ បើប្រៀបធៀបនឹងឆ្នាំមុន និងបើប្រៀបធៀបទៅនឹងការកើនឡើងចំនួន ១០% ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងឆ្នាំ ២០២១ និងចំនួន ១១% នៅក្នុងឆ្នាំ ២០២០ ជាពេលដែលវីរុសកូវីដ-១៩ កំពុងរាតត្បាតយ៉ាងពេញទំហឹង។

ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) បានបន្តជំរុញកំណើននៅក្នុងតំបន់ ដោយក្នុងនោះតម្លៃទំនិញសរុប (GMV) នៅក្នុងវិស័យនេះបានកើនឡើង ១៦% ដល់ចំនួន ១៣១ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២២។ ប៉ុន្តែនៅក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ចំនួននេះអាចនឹងមានការថយចុះ។

របាយការណ៍បានឱ្យដឹងថា «ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានបន្តបង្កើនល្បឿន ខណៈដែលការដឹកជញ្ជូនអាហារ និងប្រព័ន្ធផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត ក៏បានវិលត្រឡប់ទៅរកកម្រិតកំណើនដូចកាលពីមុនពេលកើតមានវីរុសរាតត្បាត។ ប៉ុន្តែការស្ទុះឡើងវិញនៃការធ្វើដំណើរ និងការដឹកជញ្ជូនអាចនៅត្រូវការពេលវេលាមួយរយៈទៀត»។

របាយការណ៍បានឱ្យដឹងទៀតថា «កត្តាជំរុញកំណើនមួយទៀត គឺសេវាហិរញ្ញវត្ថុឌីជីថល ដែលរួមមានការទូទាត់, ការផ្ទេរប្រាក់, ការផ្តល់ប្រាក់កម្ចី, ការវិនិយោគ និងការធានារ៉ាប់រងដែលទទួលបានកំណើន ដ៏ល្អពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២២ ដោយសារការផ្លាស់ប្តូរឥរិយាបថងាកទៅប្រើប្រាស់ប្រព័ន្ធអនឡាញក្រោយការរាតត្បាតនៃវីរុស»។ ក្នុងចំណោមសេវាទាំងនេះ ការធានារ៉ាប់រងមានកម្រិតខ្ពស់បំផុត ដោយបានកើនឡើង ៣១% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈពេលដែលការផ្តល់កម្ចីបានកើនឡើង ២៥% ពីមួយឆ្នាំទៅមួយឆ្នាំ។

លោកស្រី Stephanie Davis ដែលជាអនុប្រធានក្រុមហ៊ុន Google ប្រចាំតំបន់អាស៊ីអាគ្នេយ៍បាននិយាយនៅក្នុងកម្មវិធី «Street Signs Asia» ថា «នៅក្នុងប្រទេសជាច្រើន ការធ្វើដំណើរទៅកាន់ទីតាំងលក់រាយពិតជាបានកើនលើសកម្រិតដែលធ្លាប់ទទួលបាននៅមុនពេលកើតមានវីរុសកូវីដ-១៩។ ទោះជាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចឌីជីថលនៅតែបន្តកើនឡើង ២០% ពីមួយឆ្នាំទៅមួយឆ្នាំ»។

របាយការណ៍ដដែលបានសរសេរថា «បន្ទាប់ពីការពន្លឿនអស់រយៈពេលជាច្រើនឆ្នាំ កំណើននៃការប្រើប្រាស់ប្រព័ន្ធឌីជីថលក៏ទទួលបានការពេញនិយម។ វាបានកើតឡើងនៅពេលដែលបណ្តាប្រទេសអាស៊ីអាគ្នេយ៍ បានបើកព្រំដែនរបស់ពួកគេឡើងវិញនៅឆ្នាំ ២០២២ បន្ទាប់ពីការបិទខ្ទប់អស់មួយរយៈពេល»។

ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចបច្ចុប្បន្ន ដូចជាការកើនឡើងនៃអត្រាអតិផរណាបាន និងកំពុងជះឥទ្ធិពលមកលើអ្នកប្រើប្រាស់នៅតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាមកលើសេដ្ឋកិច្ចឌីជីថល។ របាយការណ៍បានលើកឡើងអំពីការកើនឡើងនៃតម្លៃ, ប្រាក់ចំណូលទាបជាងមុនដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ច ក៏ដូចជាលទ្ធភាពក្នុងការទទួលបានផលិតផលតិចជាងមុន ដោយសារការរំខាននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមួយផ្នែកបណ្តាលមកពីគោលនយោបាយ Zero-Covid របស់ប្រទេសចិន។

សូមអាន CNA ៖ គោលនយោបាយរក្សាមិនឱ្យមានករណីឆ្លងកូវីដ លែងជាគោលដៅពិតប្រាកដរបស់ប្រទេសចិនទៀតហើយ

របាយការណ៍បានឱ្យដឹងទៀតថា «សេដ្ឋកិច្ចអនឡាញរបស់តំបន់អាស៊ីអាគ្នេយ៍នៅតែបន្តស្ថិតនៅលើផ្លូវឆ្ពោះទៅរកចំនួន ១ ទ្រីលានដុល្លារនៅត្រឹមឆ្នាំ ២០៣០ ខណៈពេលដែលការទិញទំនិញតាមអនឡាញបានក្លាយទៅជាទម្លាប់របស់មនុស្សជាច្រើន»។ សរុបមក សេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេសទាំង ៦ ត្រូវបានគេព្យាករថា នឹងឈានដល់ចំនួន ៣៣០ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០២៥ ប្រសិនបើក្រុមហ៊ុននានាផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើប្រាក់ចំណេញសម្រាប់រយៈពេល ៣ ឆ្នាំខាងមុខ។

ក្រុមហ៊ុនយក្សមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា Grab និង Sea Limited មិនទាន់បានរាយការណ៍អំពីប្រាក់ចំណេញនៅឡើយនោះទេ បន្ទាប់ពីបានរងនូវការខាតបង់អស់រាប់ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២១។ លោក Fock Wai Hoong ដែលជាអនុប្រធានផ្នែកបច្ចេកវិទ្យា និងអ្នកប្រើប្រាស់របស់ក្រុមហ៊ុន Temasek បាននិយាយនៅក្នុងកម្មវិធី «Street Signs Asia» របស់ស្ថានីយទូរទស្សន៍ CNBC ថា «បរិយាកាសនៃការកើនឡើងនៃអត្រាការប្រាក់ បានធ្វើឱ្យយើងសន្មត់ថា យុទ្ធសាស្ត្រផ្តោតសំខាន់លើកំណើនលែងជាយុទ្ធសាស្ត្រដែលអាចអនុវត្តបានទៀតហើយ»។

លោកបានបន្តថា «វិនិយោគិនកំពុងផ្តោតសំខាន់លើប្រាក់ចំណេញ និងលំហូរសាច់ប្រាក់ទំនេរ (Free Cash Flow)។ ការកែសម្រួល និងការរក្សាសមតុល្យឱ្យបានត្រឹមត្រូវរវាងការបង្កើនប្រសិទ្ធភាពថ្លៃដើម និងកំណើនប្រាក់ចំណូលគឺជារឿងដ៏សំខាន់ដែលក្រុមហ៊ុនទាំងអស់ត្រូវតែអនុវត្ត»។

ប្រទេសទាំង ៦ អាចនឹងរាយការណ៍កំណើន ២ ខ្ទង់នៅ ក្នុងតម្លៃ GMV ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៥។ របាយការណ៍បានបង្ហាញថា «ប្រទេសវៀតណាមកំពុងនាំមុខគេ ហើយគ្រោងនឹងរាយការណ៍អំពីកំណើនចំនួន ៣១% នៅក្នុងតម្លៃ GMV ពី ២៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ កើនដល់ ៤៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥»។

ប្រទេសហ្វីលីពីនកំពុងស្ថិតនៅពីក្រោយ ជាមួយនិងការរំពឹងទុកនៃកំណើនចំនួន ២០% នៅក្នុងតម្លៃ GMV ពីចំនួន ២០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ កើនដល់ ៣៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥។ ការវិនិយោគនៅក្នុងឆមាសទី ១ នៃឆ្នាំ ២០២២ បានបន្តមានសន្ទុះយ៉ាងខ្លាំង។ ក៏ប៉ុន្តែវិនិយោគិននានានៅតែមានការប្រុងប្រយ័ត្នខ្ពស់។

របាយការណ៍បានលើកឡើងថា «វិនិយោគិននឹងបន្តមានការប្រុងប្រយ័ត្នសម្រាប់រយៈពេលខ្លីពីព្រោះភាគច្រើននៃពួកគេមិនរំពឹងថាអាចវិលត្រឡប់ទៅរកសកម្មភាព និងការវាយតម្លៃខ្ពស់ដូចកាលពីឆ្នាំ ២០២១ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនោះទេ។ ប៉ុន្តែវិនិយោគិនភាគច្រើននៅតែមានសុទិដ្ឋិនិយមខ្លាំង ចំពោះបណ្តាប្រទេសអាស៊ីអាគ្នេយ៍សម្រាប់រយៈពេលមធ្យមទៅរយៈពេលវែង»។

របាយការណ៍នេះបានបន្តថា «យើងបានកត់សម្គាល់អំពីការចាប់អារម្មណ៍កាន់តែខ្លាំងមកលើបណ្តាប្រទេសដែលមានទីផ្សារកំពុងរីកចម្រើន ដូចជាហ្វីលីពីន និងវៀតណាម និងនៅក្នុងវិស័យមួយចំនួន ដូចជា SaaS និង Web3។ ការវិនិយោគលើក្រុមហ៊ុនទើបបង្កើតថ្មីកំពុងមានការកើនឡើង ខណៈពេលដែលការវិនិយោគលើក្រុមហ៊ុនចាស់ៗ បាននិងកំពុងរងនូវផលប៉ះពាល់ដោយសារភាពមិនច្បាស់លាស់នៃការបែងចែកភាគហ៊ុន»។

ក្រុមហ៊ុន Grab ដែលជាក្រុមហ៊ុនដឹកជញ្ជូនមនុស្ស និងម្ហូបអាហារដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានទទួលការលក់ចេញនៃភាគហ៊ុនក្នុងចំនួនដ៏តិចតួច នៅចុងឆ្នាំ ២០២១ បើទោះបីជាក្រុមហ៊ុននេះធ្លាប់ជាក្រុមហ៊ុនអាស៊ីអាគ្នេយ៍ដែលបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (Initial Public Offering-IPO) ដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់អាមេរិកក៏ដោយ។

បន្ថែមពីលើនេះ ក្រុមហ៊ុន FinAccel ដែលជាក្រុមហ៊ុនមេរបស់កម្មវិធី Kredivo របស់ប្រទេសឥណ្ឌូណេស៊ី បានលុបចោលផែនការ IPO របស់ខ្លួននៅក្នុងខែតុលា ដោយសារតែលក្ខខណ្ឌទីផ្សារមិនអំណោយផល៕

CNBC

អត្ថបទទាក់ទង