ខ្មែរប៉ុស្ដិ៍ Close

ការបង្វែរកម្លាំងមកតំបន់អាស៊ីរបស់អាមេរិកបានស្លាប់ តាំងពីពេលចាប់ផ្តើមមកម្ល៉េះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 37
ការបង្វែរកម្លាំងមកតំបន់អាស៊ីរបស់អាមេរិកបានស្លាប់ តាំងពីពេលចាប់ផ្តើមមកម្ល៉េះ ការបង្វែរកម្លាំងមកតំបន់អាស៊ីរបស់អាមេរិកបានស្លាប់ តាំងពីពេលចាប់ផ្តើមមកម្ល៉េះ

កាលពីខែវិច្ឆិកា ឆ្នាំ២០១២ រយៈពេលត្រឹមតែ ១០ថ្ងៃក្រោយបានជាប់ឆ្នោតសម្រាប់អាណត្តិទី២ ជាប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានឡើង យន្តហោះ Air Force One ឆ្ពោះទៅកាន់ទីក្រុងយ៉ាំងហ្គន ប្រទេសមីយ៉ាន់ម៉ា។ ការខិតចូលជិតនិងការរក្សាឱ្យទំនាក់ទំនងវិលមកសភាពធម្មតាវិញរវាងអាមេរិកនិងមីយ៉ាន់ម៉ាបានកើតឡើងយ៉ាងលឿនរហ័សនៅក្នុងចុងអាណត្តិទី១ របស់លោកអូបាម៉ា។

អាមេរិកបានស្វះស្វែងរកវិធីសាស្ត្រ ដើម្បីទប់ទល់នឹងឥទ្ធិពលដែលកំពុងតែកើនឡើងរបស់ប្រទេសចិនមកលើបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយចំនួន ក៏ដូចជាដើម្បីពន្លឿនចក្ខុវិស័យថ្មីសម្រាប់តំបន់ទាំងមូល។

ការចូលរួមជាមួយប្រទេសមីយ៉ាន់ម៉ា គឺជាចំណែកតូចមួយនៃអ្វីដែលលោកអូបាម៉ា និងក្រុមគោលនយោបាយការបរទេសរបស់លោកចាត់ទុកថាជា «ការបង្វែកម្លាំងបែបយុទ្ធសាស្ត្រមកកាន់តំបន់អាស៊ី»។

មូលហេតុនៅពីក្រោយការបង្វែកម្លាំងមកកាន់តំបន់អាស៊ីត្រូវបានគេចាត់ទុកថាជាការធ្វើឱ្យមានតុល្យភាពយុទ្ធសាស្ត្រឡើងវិញនៃធនធាន និងអាទិភាពរបស់សហរដ្ឋអាមេរិកមកកាន់ទ្វីបមួយដែលមានចំនួនប្រជាជនច្រើនបំផុតនៅក្នុងពិភពលោក ហើយក៏ជាចំណុចស្នូលនៃកិច្ចការងារសំខាន់ៗក្នុងពិភពលោកសម្រាប់សតវត្សរ៍ទី២១ នេះផងដែរ។

ក្រោយការរក្សាទំនាក់ទំនងយ៉ាងរឹងមាំ និងយូរលង់ជាមួយប្រទេសជប៉ុននិងកូរ៉េខាងត្បូង សហរដ្ឋអាមេរិកបានស្វះស្វែងដើម្បីបង្កើតនូវយុទ្ធសាស្ត្រឱ្យកាន់តែទូលំទូលាយសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលរួមមានទាំងការចាប់ដៃគ្នាធ្វើការបន្ថែមជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ក្នុងគោលបំណងដើម្បីទប់ស្កាត់ការ ឈ្លានពានរបស់ប្រទេសចិននៅក្នុងតំបន់។

អាមេរិកចង់បង្ហាញអោយចិនឃើញថា ខ្លួននឹងធ្វើការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ការទូត និងយោធា នៅក្នុងតំបន់ដែលខ្លួនមានឥទ្ធិពល។

ជាងនេះទៅទៀត ការបង្វែកម្លាំងនេះនឹងអាចជួយផ្តាច់សហរដ្ឋអាមេរិកចេញពីតំបន់មជ្ឈឹមបូព៌ាដែលជាទីដែលអាមេរិកបានជាប់ផុងក្នុងសង្គ្រាមអស់រយៈពេលជិត ១ទសវត្សរ៍កន្លងមក ហើយនៅក្នុងប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្កានីស្ថាន។

ការបង្វែរកម្លាំងរបស់រដ្ឋបាលអូបាម៉ា បានបង្កឱ្យមានការខូចខាតធ្ងន់ធ្ងរភ្លាមៗ បន្ទាប់ពីយុទ្ធសាស្ត្រដ៏ធំសម្បើមថ្មីនេះត្រូវបានដាក់ឱ្យដំណើរការ។

ការលេចឡើងនៃអង្គការភេរវកម្មពិភពលោកដែលរាប់ចាប់ពីក្រុមអាល់កៃដា រហូតដល់ក្រុមអង្គការរដ្ឋអ៊ីស្លាម រួមទាំងសង្គ្រាមស៊ីវិលដែលកើតមានឡើងនៅប្រទេសស៊ីរី គឺជាការបង្ហាញថា អាមេរិកនៅតែត្រូវផ្តោតពេលវេលា និងធនធានរបស់ខ្លួនជាច្រើននៅក្នុងតំបន់មួយដែលអាមេរិកធ្លាប់បានធ្វើសង្គ្រាមដល់ទៅ ២ ដងរួចមកហើយ ។

ជាងនេះទៀត រដ្ឋបាលលោកអូបាម៉ា បានស្វះស្វែងដើម្បីឈានទៅដល់ការបង្កើតកិច្ចព្រមព្រៀងនុយក្លេអ៊ែរ មួយជាមួយប្រទេសអ៊ីរ៉ង់ ដែលសកម្មភាពនេះបានធ្វើឱ្យសហរដ្ឋអាមេរិកត្រូវចំណាយទុននយោបាយនិងពេលវេលាធ្វើកិច្ចការការទូតយ៉ាងច្រើន។ ការផ្តោតទៅលើការបង្កើតកិច្ចព្រមព្រៀងខាងលើនេះបានធ្វើឱ្យអាមេរិកទុកយុទ្ធសាស្ត្រជាអាទិភាពសំខាន់ៗផ្សេងទៀតចោល។

នៅក្នុងអំឡុងពេលដែលរដ្ឋបាលលោកអូបាម៉ា គ្រប់គ្រង សហរដ្ឋអាមេរិកបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាជាផ្លូវការជាលើកដំបូង ដែលការចូលរួមនេះបានធ្វើឱ្យទីក្រុងប៉េកាំងមានការភ្ញាក់ផ្អើល និងជាការផ្តល់សញ្ញាថា អាមេរិកបានយកចិត្តទុកដាក់កាន់តែច្រើនមកលើការសន្ទនាជាយុទ្ធសាស្ត្រជាមួយបណ្តាប្រទេសជាដៃគូនៅក្នុងតំបន់។

ក្រៅពីនេះ រដ្ឋបាលអូបាម៉ា ក៏បានបង្កើតក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក (TPP) មួយដើម្បីទប់ទល់នឹងប្រទេសចិន។ ប៉ុន្តែកិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP មិនត្រូវបានចូលជាធរមាននោះទេ នៅមុនការបោះឆ្នោតឆ្នាំ២០១៦ ហើយនៅទីបំផុតផែនការនេះក៏ទទួលបានបរាជ័យដោយសារតែនយោបាយក្នុងស្រុក និងការផ្លាស់ប្តូរចំណុចអាទិភាពរបស់រដ្ឋបាលថ្មី។

ការខកខានក្នុងការ សម្រេចឱ្យបាននូវកិច្ចព្រមព្រៀង TPP និងការផ្តោតតែមួយមុខទៅលើការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរមួយជាមួយអ៊ីរ៉ង់ ដោយបានបំភ្លេចចោលយុទ្ធសាស្ត្រជាអាទិភាពផ្សេងៗទៀត នោះ បានក្លាយជាកត្តាដែលបានកាត់បន្ថយឥទ្ធិពលរបស់ផែនការ បង្វែរកម្លាំងរបស់លោកអូបាម៉ា មកកាន់តំបន់អាស៊ី។

អ្នកកាន់តំណែងបន្តរបស់លោកអូបាម៉ា គឺលោក ត្រាំ បានឡើងមកកាន់តំណែងជាមួយនឹងការសន្យាថានឹងប្រកាន់ជំហរកាន់តែតឹងរឹងជាមួយចិន។

នៅថ្ងៃដំបូងៗនៃការកាន់តំណែង លោកត្រាំបានឱ្យក្រុមការងារសេដ្ឋកិច្ចរបស់លោករៀបចំផែនការបន្ថែមពន្ធនាំចូលលើទំនិញរបស់ចិន និងទាមទារឱ្យចិនបង្កើនចំនួនការទិញទំនិញពីអាមេរិក។ អភិក្រមប្រឈមមុខ ដាក់គ្នានោះ បានបង្កើននូវភាពតានតឹងរវាងប្រទេសជាមហាអំណាចទាំងពីរ ដោយប្រទេសចិនក៏បានបន្ថែមការយកពន្ធរបស់ខ្លួនមកលើទំនិញនាំចូលពីអាមេរិកផងដែរ។

លោកត្រាំ បានទាត់ទោលគោលនយោបាយពហុភាគីនិយម, សម្លាប់កិច្ចព្រមព្រៀង TPP និងបន្តប្រើអភិក្រមគោលនយោបាយការបរទេសមួយ ដូចគ្នាជាមួយប្រទេសដែលជាសត្រូវ និងប្រទេសជាសម្ព័ន្ធមិត្ត។

ពាក់ព័ន្ធនឹងការផ្តួចផ្តើមគំនិតលើគោលនយោបាយនៅក្នុងតំបន់ រដ្ឋបាលលោកត្រាំ បានបង្កើតច្បាប់ពង្រឹងកម្លាំងនៅតំបន់អាស៊ី (Asia Reassurance Initiative Act – ARIA) នៅឆ្នាំ២០១៨ ដែលបានធ្វើឱ្យអាមេរិកត្រូវចំណាយប្រាក់ចំនួន ១,៥ ពាន់លានដុល្លារដើម្បីទប់ទល់នឹងប្រទេសចិននៅអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍។

ខណៈដែលលោកត្រាំ បានសន្យាថា នឹងបញ្ចប់ «សង្គ្រាមគ្មានថ្ងៃបញ្ចប់» នៅប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្កានីស្ថាន សង្គ្រាមទាំងនោះនៅតែត្រូវបានបន្តធ្វើនៅក្នុងអំឡុងពេលនៃការកាន់តំណែងរបស់លោក។

លោកត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយក្រោយមកបានបញ្ជាឱ្យធ្វើឃាដលោក Qassem Soleimani ដែលជាឥស្សរជនយោធាដ៏មានអំណាចបំផុតនៅអ៊ីរ៉ង់។

ខណៈដែលលោកត្រាំ បានបន្តប្រជែងជាមួយប្រទេសចិននៅលើគោលនយោបាយសេដ្ឋកិច្ចនោះ សមិទ្ធិផលនៃគោលនយោបាយការបរទេសដ៏ធំមួយរបស់គាត់គឺមិនមែនជាគោលនយោបាយនៅតំបន់អាស៊ីទេ ប៉ុន្តែជាគោលនយោបាយនៅតំបន់មជ្ឈឹមបូព៌ា។

កិច្ចព្រមព្រៀង Abraham Accords ដែលបានធ្វើឱ្យអាមេរិកអាចរក្សាទំនាក់ទំនងវិលទៅរកសភាពធម្មតាវិញជាមួយបណ្តារដ្ឋសំខាន់ៗនៅអារ៉ាប់ និងអ៊ីស្រាអ៊ែលនោះ គឺជាការបោះជំហានយ៉ាងសំខាន់ឆ្ពោះទៅរកសន្តិភាពនៅក្នុងតំបន់ដ៏ផុយស្រួយមួយនេះ។

ទោះជាយ៉ាងណា ការកាន់តំណែងរបស់លោកត្រាំ បានបន្សល់ទុកនូវបញ្ហាមិនទាន់ដោះស្រាយជាច្រើននៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលមានចាប់តាំងពីកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង រហូតដល់ការកាន់តែអុកឡុករបស់ចិនមកលើកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង។

ក្រៅពីការបង្កើនជម្លោះជាមួយប្រទេសចិនតាមរយៈការប្រើសកម្មភាពនិងវោហាសាស្ត្ររបស់គាត់ លោកត្រាំ មិនអាចបង្កើតក្របខ័ណ្ឌយុទ្ធសាស្ត្រណាមួយ ដើម្បីទប់ទល់នឹងគោលដៅអនុត្តរភាពរយៈពេលវែងរបស់
ចិននៅក្នុងតំបន់នោះទេ។

ប្រធានាធិបតី ចូ បៃឌិន បានឡើងមកកាន់តំណែងជាមួយនឹងការសន្យាថានឹងធ្វើការលើកកម្ពស់សម្ព័ន្ធភាពចាស់ៗ ជាពិសេសគឺអង្គការណាតូ ហើយក៏នឹងមានការបង្កើនទំនាក់ទំនងអន្តរអាតាឡង់ទិកឡើងវិញ ដែលនេះគឺជាមធ្យោបាយប្រមូលផ្តុំកម្លាំងគ្នាទប់ទល់នឹងការគំរាមកំហែងមក លើសណ្តាប់ធ្នាប់ពិភពលោក។

ដោយផ្អែកទៅលើ របៀបដែលលោក បៃឌិន បានបង្កើតក្រុមគោល នយោបាយការបរទេសរបស់គាត់ គេមានសង្ឃឹមខ្លះថា តំបន់អាស៊ីនឹងក្លាយជាតំបន់ជួរមុខនៅក្នុងយុទ្ធសាស្ត្រជាអាទិភាព ហើយលោកនឹងប្រកាន់ជំហរកាន់តែខ្លាំងជាងមុនចំពោះប្រទេសចិន ជាងអ្វីដែលរដ្ឋបាលលោកអូបាម៉ាបានធ្វើ។

នៅពេលដែលលោក បៃឌិន ចូលកាន់តំណែងនៅថ្ងៃដំបូង លោកក៏បានចាត់តាំងលោក Kurt Campbell ដែលជាអ្នកចូលរួមបង្កើតកិច្ចព្រមព្រៀង TPP ដើម្បីបង្កើតផែនការ «Asia Czar» ថ្មីផងដែរ។

ទោះជាយ៉ាងណាក៏ដោយ រយៈពេល ១ ឆ្នាំនៃការកាន់តំណែងរបស់លោក បៃឌិន អាមេរិកមិនត្រឹមតែត្រូវវិលត្រឡប់ទៅរកតំបន់មជ្ឈឹមបូព៌ា ដើម្បីព្យាយាមធ្វើឱ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់រស់ឡើងវិញ និងដោះស្រាយបញ្ហាដែលបង្កឡើងដោយការដកទ័ពយ៉ាងតក់ក្រហល់ចេញពីអាហ្វហ្កានីស្ថាន ប៉ុណ្ណោះទេ ប៉ុន្តែអាមេរិកក៏ត្រូវបន្តគ្រប់គ្រងទៅលើសង្គ្រាមដ៏ធំរវាងរុស្ស៊ី និងអ៊ុយក្រែនដែលជាព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយ
ដ៏ធំបំផុតមួយចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី២ មកថែមទៀតផង។

ផលប៉ះពាល់នៃការឈ្លានពានរបស់រុស្ស៊ីមកទៅលើសណ្តាប់ធ្នាប់អន្តរជាតិ ទំនងជានឹងអាចជះឥទ្ធិពលជាបន្តបន្ទាប់ ហើយត្រូវទាមទារការយកចិត្តទុកដាក់ និងការគាំទ្រពីសំណាក់សហរដ្ឋអាមេរិកសម្រាប់រយៈពេលជាច្រើនឆ្នាំទៅមុខទៀត។

ដូច្នេះ សហរដ្ឋអាមេរិកត្រូវតែធ្វើការទន្ទឹមគ្នា និងផ្តល់អាទិភាពទៅលើ យុទ្ធសាស្ត្រដើម្បីជួយលើកកម្ពស់សម្ព័ន្ធមិត្តអឺរ៉ុប និងណាតូ ដែលកំពុងតែប្រឈមមុខជាមួយនឹងរុស្ស៊ី ហើយក៏ត្រូវបន្តផ្តល់អាទិភាពសំខាន់ៗ សម្រាប់តំបន់អាស៊ីផងដែរ។

ការពន្យារពេលក្នុងការចេញរបាយការណ៍យុទ្ធសាស្ត្រការពារជាតិឆ្នាំ២០២២ នោះគឺជាការបង្ហាញថា នឹងមានការបង្ហាញនូវតថភាពថ្មីៗបន្ថែមទៀតនៅក្នុងរបាយការណ៍នោះ។

សណ្តាប់ធ្នាប់អន្តរជាតិកំពុងតែត្រូវបានគេកំណត់ឡើងវិញនៅចំពោះមុខ និងក្រសែភ្នែករបស់យើងគ្រប់គ្នាៗតែម្តង ហើយការផ្តោតការយកចិត្តទុកដាក់របស់ពិភពលោកនៅពេលនេះគឺមិនមែននៅតំបន់អាស៊ីនោះទេ ប៉ុន្តែគេកំពុងតែផ្តោតទៅលើសង្គ្រាមដ៏ក្តៅគគុកនៅអឺរ៉ុប។

អ្នកដែលទទួលផលពីភាពអសមត្ថភាពរបស់អាមេរិកក្នុងការ «បង្វែកម្លាំង» មកតំបន់អាស៊ីនោះគឺប្រទេសចិន។ រាល់នាទីដែលអាមេរិកបានចំណាយទុននយោបាយ សេដ្ឋកិច្ច ឬយោធាក្រៅពីតំបន់អាស៊ី ប្រទេសចិនកំពុងបង្កើនអំណាចអនុត្តរភាពរបស់ខ្លួន នៅក្នុងតំបន់។

ជម្លោះយោធាអូសបន្លាយរវាងរុស្ស៊ីនិងអ៊ុយក្រែន នឹងធ្វើឱ្យសហរដ្ឋអាមេរិកត្រូវចំណាយមូលធនសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយយ៉ាងច្រើន ហើយអាមេរិកក៏ត្រូវតែទុកករណីប្រទេសចិន និងចំណុចអាទិភាព នៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៅមួយឡែកសិនផងដែរ។

នៅក្នុងសញ្ញានៃតថភាពភូមិសាស្ត្រនយោបាយថ្មីនេះ លោកបឌិន កម្រនឹងលើកឡើងអំពីប្រទេសចិននិងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅក្នុងសុន្ទរកថារបស់លោកខ្លាំងណាស់។ ហើយកាលពីពេលថ្មីៗនេះ អាមេរិកក៏បានលុបចោលកិច្ចប្រជុំកំពូលដែលគ្រោងនឹងធ្វើជាមួយអាស៊ីអាគ្នេយ៍ ដែលគ្រោងផ្តោតទៅលើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងសន្តិសុខផងដែរ។

ការសម្រេចចិត្តទាំងពីរខាងលើនេះ បានបង្ហាញអំពីការប្រែប្រួលនៃចំណុចអាទិភាពភូមិសាស្ត្រនយោបាយដែលគ្មានអ្នកណានឹកស្មានដល់នៅក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍តែប៉ុណ្ណោះ។

ការប្រឈមមុខនឹងការគំរាមកំហែង ដែលបង្កឡើងដោយយុទ្ធសាស្ត្ររបស់ចិនមកលើអាមេរិក គឺជាការងារដ៏លំបាករួចទៅហើយ បើទោះបីជាអាមេរិកអាចផ្តោតការយកចិត្តទុកដាក់ និងធនធានយុទ្ធសាស្ត្របានគ្រប់គ្រាន់ក៏ដោយ។

ទោះបីជាអាមេរិកមានសម្ព័ន្ធភាពយុទ្ធសាស្ត្រនៅទូទាំងពិភពលោកក៏ដោយ ក៏វាប្រហែលជាមិនអាចទៅរួចទេសម្រាប់អាមេរិកដែលអាចធ្វើការផ្តោតទៅលើតំបន់តែមួយនៅក្នុងពិភពលោកនោះ។ ក្នុងន័យនេះ «ការបង្វែកម្លាំង» ដ៏ពិតប្រាកដមួយទៅកាន់តំបន់អាស៊ីពិតជានឹងមិនអាចកើតមាននោះទេ។

អាមេរិកនៅតែត្រូវបានគេចាត់ទុកថាជាប៉ូលិសអន្តរជាតិ ហើយមានតួនាទីដោះស្រាយការងារពិភពលោក នៅក្នុងរបៀបដែលប្រទេសចិនមិនអាចធ្វើបានដូចនោះទេ។

ប្រសិនបើការប្រណាំងប្រជែងរវាងអាមេរិកនិងចិន នៅតែបន្តលេចធ្លោនៅក្នុងសតវត្សរ៍ទី២១នេះ វាគឺជារឿងសំខាន់ខ្លាំងដែលអាមេរិកត្រូវតែងាកមកផ្តោតខ្លាំងទៅលើគូប្រជែងរបស់ខ្លួននៅទិសខាងកើត បើទោះបីជាសណ្តាប់ធ្នាប់ពិភពលោកកំពុងតែទទួលរងសម្ពាធ ហើយភាពរន្ធត់នៃសង្គ្រាមសម័យទំនើបកំពុងតែកើតឡើងនៅភាគខាងលិចក្តី៕ The Diplomat

អត្ថបទទាក់ទង