ខ្មែរប៉ុស្ដិ៍ Close

ប្រទេសថៃនិងវៀតណាម បានក្លាយជាចំណុចក្តៅនៃការជួញដូររូបិយបណ្ណ Crypto នៅក្នុងអាស៊ាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 66
ប្រទេសថៃនិងវៀតណាម បានក្លាយជាចំណុចក្តៅនៃការជួញដូររូបិយបណ្ណ Crypto នៅក្នុងអាស៊ាន ប្រទេសថៃនិងវៀតណាម បានក្លាយជាចំណុចក្តៅនៃការជួញដូររូបិយបណ្ណ Crypto នៅក្នុងអាស៊ាន

ប្រទេសថៃនិងវៀតណាមបានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មកំពូលសម្រាប់រូបិយបណ្ណ Crypto ក្នុងចំណោមសមាជិកអាស៊ានទាំង ១០ ដោយបាននាំមុខមជ្ឈមណ្ឌលហិរញ្ញវត្ថុគឺ «ប្រទេសសិង្ហបុរី» ដែលកំពុងមមាញឹកជាមួយនឹងច្បាប់ថ្មី ដែលត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងវិស័យដែលកំពុងតែពេញនិយមមួយនេះ។

សមាជិកអាស៊ានទាំងពីរនេះ ត្រូវបានគេកត់ត្រាលើសពី ១០០ ពាន់លានដុល្លារនៅក្នុងការទិញនិងលក់រូបិយបណ្ណ Crypto បើគិតចាប់ពីខែកក្កដាឆ្នាំ ២០២១ ដល់ខែមិថុនា ឆ្នាំ ២០២២ (យោងតាមចំនួនតួលេខដែលត្រូវបានចេញផ្សាយកាលពីថ្ងៃពុធដោយក្រុមហ៊ុនទិន្នន័យ Chainalysis)។

ក្រុមហ៊ុនទិន្នន័យ Chainalysis បានឱ្យដឹងថា «អ្នកប្រើប្រាស់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងមធ្យមកម្រិតខ្ពស់ តែងតែពឹងផ្អែកលើរូបិយបណ្ណ Crypto ដើម្បីផ្ទេរប្រាក់ និងដើម្បីរក្សាប្រាក់សន្សំរបស់ពួកគេនៅក្នុងគ្រានៃការប្រែប្រួលតម្លៃរូបិយបណ្ណ។ ប្រទេសទាំងនេះក៏មានទំនោរពឹងផ្អែកខ្លាំងលើរូបិយបណ្ណ Bitcoin និងកាក់បន្ទាប់បន្សំផ្សេងទៀត (Coin) ផងដែរ»។

ប្រទេសថៃត្រូវបានគេកត់ត្រាតម្លៃ Crypto ចំនួន ១៣៥,៩ ពាន់លានដុល្លារដែលត្រូវបានធ្វើប្រតិបត្តិការនៅក្នុងឆ្នាំនេះ ខណៈដែលនៅវៀតណាម តួលេខមានចំនួន ១១២,៦ ពាន់លានដុល្លារ។ ប្រទេសសិង្ហបុរីមានចំនួនត្រឹមតែ ១០០,៣ ពាន់លានដុល្លារប៉ុណ្ណោះ ខណៈដែលនិយតករហិរញ្ញវត្ថុរបស់រដ្ឋកំពុងស្ថិតក្នុងដំណើរការនៃការបង្កើតច្បាប់ ដើម្បីរឹតបន្តឹងការត្រួតពិនិត្យលើការលក់រាយនៃរូបិយបណ្ណទាំងនោះ។

អ្នកប្រើប្រាស់ Crypto ជាច្រើន ដែលបានបង្កើតហាងនៅក្នុងប្រទេសសិង្ហបុរី បានដាក់លក់ Crypto ជាសកលកាលពីដើមឆ្នាំនេះ។ នៅក្នុងខែឧសភា តម្លៃរបស់ TerraUSD ឬ UST ដែលមានចំនួនជិត 19 ពាន់លានដុល្លារ នៅកម្រិតខ្ពស់បំផុត បូករួមនឹងកាក់ Luna បានចាប់ផ្តើមធ្លាក់ចុះតម្លៃយ៉ាងខ្លាំង ជាហេតុធ្វើឱ្យរូបិយបណ្ណ Crypto ផ្សេងៗទៀតចាប់ផ្តើមធ្លាក់ចុះតម្លៃ និងបានបង្កជាវិបត្តិដល់ក្រុមហ៊ុនទ្រព្យសកម្មឌីជីថលមួយចំនួន។

ការធ្លាក់ចុះនៃតម្លៃកាក់ទាំងនេះ អាចជាសញ្ញាហានិភ័យសម្រាប់រូបិយបណ្ណ Crypto នៅអាស៊ាន។ កាលពីសប្តាហ៍មុន កាក់ Ethereum ដែលជារូបិយបណ្ណ Crypto ធំជាងគេលំដាប់ទី២ របស់ពិភពលោកបន្ទាប់ពី Bitcoin បានរងនូវការរង្គោះរង្គើតម្លៃតិចតួចប៉ុណ្ណោះ ដែលតាមទ្រឹស្តី វានឹងធ្វើឱ្យការវិនិយោគកាក់ Ethereum កាន់តែមានភាពទាក់ទាញសម្រាប់អ្នកដែលកំពុងមានការព្រួយបារម្ភអំពីផលប៉ះពាល់នៅក្នុងវិស័យ Crypto។

លោក Vijay Ayyar ដែលជាអនុប្រធានផ្នែកអភិវឌ្ឍសាជីវកម្ម និងការពង្រីកជាសកលនៅក្រុមហ៊ុនរូបិយបណ្ណឌីជីថល Luno ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បាននិយាយថា «ទីផ្សារទាំងអស់កំពុងរងនូវផលប៉ះពាល់ពីកត្តាម៉ាក្រូដ៏ធំៗ ដូចជាបញ្ហាអតិផរណា និងការកើនឡើងនៃអត្រាការប្រាក់ដែលអាចនាំមកនូវការធ្លាក់ចុះយ៉ាងខ្លាំងនៅពេលខាងមុខ»។

ជាមួយនឹងការកើនឡើងនៃតម្លៃនៅទូទាំងពិភពលោកបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន នៅដើមឆ្នាំនេះ ហើយធនាគារកណ្តាលសហរដ្ឋអាមេរិកក៏កំពុងព្យាយាមទប់ទល់នឹងការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ តាមរយៈការដំឡើងអត្រាការប្រាក់ អ្នកវិនិយោគកាន់តែច្រើនកំពុងងាកចេញពីឧបករណ៍ដែលមានហានិភ័យដូចជារូបិយបណ្ណ Crypto នេះជាដើម។

ក្រុមហ៊ុន KPMG បានឱ្យដឹងថា «ក្រុមហ៊ុនសាជីវកម្មនានាហាក់ដូចជាបាត់បង់ចំណង់ក្នុងការវិនិយោគលើអ្នកប្រើប្រាស់រូបិយបណ្ណ Crypto»។ តួលេខរបស់ក្រុមហ៊ុន KPMG បានបង្ហាញថា «មូលនិធិរូបិយបណ្ណ Crypto នៅក្នុងប្រទេសសិង្ហបុរីបានធ្លាក់ចុះជាងពាក់កណ្តាលនៃតម្លៃរបស់វា នៅក្នុងរបាយការណ៍ដែលត្រូវបានចេញផ្សាយកាលពីដើមខែនេះ»។

លំហូរនៃការវិនិយោគលើរូបិយបណ្ណ Crypto បានធ្លាក់ចុះមកនៅត្រឹម ៥៣៩,១ លានដុល្លារនៅក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២២ ពីចំនួន ១,៣ ពាន់លានដុល្លារ នៅក្នុងឆមាសទី២ នៃឆ្នាំមុន។ ក្រុមហ៊ុន KPMG បានកត់សម្គាល់ថា «កិច្ចព្រមព្រៀង Crypto ក៏មានទំហំតូចជាងមុនផងដែរ»៕

Nikkei Asia