ខ្មែរប៉ុស្ដិ៍ Close

ការទប់ស្កាត់ការកើតមានសង្គ្រាមដោយប្រើកូនអុក នៅក្នុងប្រទេសមីយ៉ាន់ម៉ា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 56
ការទប់ស្កាត់ការកើតមានសង្គ្រាមដោយប្រើកូនអុក នៅក្នុងប្រទេសមីយ៉ាន់ម៉ា ការទប់ស្កាត់ការកើតមានសង្គ្រាមដោយប្រើកូនអុក នៅក្នុងប្រទេសមីយ៉ាន់ម៉ា

នៅពេលដែលអ្វីៗមិនទាន់ហួសពេល អាស៊ានត្រូវតែខិតខំទប់ស្កាត់ការកើតមានសង្គ្រាមដោយប្រើកូនអុក (Proxy War) នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ជម្លោះដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែនបានផ្តល់នូវមេរៀនដ៏ជាក់ស្តែង និងដ៏មានតម្លៃដល់សមាជិកទាំងអស់នៃគ្រួសារអាស៊ានថា «ប្រសិនបើពួកគេមិនអាចធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា និងមិនអាចស្វែងរកដំណោះស្រាយដ៏រឹងមាំចំពោះបញ្ហាបានទេ នោះអ្នក
ផ្សេងទៀតអាចនឹងឆក់ឱកាសដើម្បីបង្កភាពច្របូកច្របល់»។

ភស្តុតាងដ៏ច្បាស់លាស់មួយគឺភាពចលាចលនៃកិច្ចពិភាក្សាផ្នែកការទូតរវាងភាគីពាក់ព័ន្ធទាំងអស់អំពីស្ថានភាពពិតនៃជម្លោះនៅអ៊ុយក្រែន។ តើភាគី​ពាក់ព័ន្ធ​នៅ​អាមេរិក និង​អឺរ៉ុបគួរ​ចូលរួម ឬ​មិន​គួរចូលរួមនៅ​ក្នុង​ជម្លោះនេះ?

កិច្ចពិភាក្សាបានបញ្ចប់ទៅ ជាមួយនឹងការប្រើប្រាស់អាវុធធុនធ្ងន់កាន់តែខ្លាំងក្លា។

ឈុតឆាកប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ុយក្រែន គឺមានលក្ខណៈដូចជាខ្សែភាពយន្តហូលីវូដ។ ជនស៊ីវិលកំពុងត្រូវបានសម្លាប់ និងត្រូវបានបណ្តេញចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយក្នុងនោះជនភៀសខ្លួនមានចំនួនរហូតដល់ទៅជាង ៣,២ លាននាក់ នៅក្នុងរយៈពេលត្រឹម ៣ សប្តាហ៍ហើយនេះគឺជាព្រឹត្តិការណ៍ដែលមិនធ្លាប់កើតមានពីមុនមកទេ។

បណ្តាប្រទេសដែលមានព្រំប្រទល់ជាប់ជាមួយមីយ៉ាន់ម៉ា រួមមានចិន, ឥណ្ឌា, បង់ក្លាដែស, ឡាវ និងថៃ ហើយប្រទេសទាំងអស់​នេះកំពុង​ប្រឈមមុខ​នឹង​ផលប៉ះពាល់ដែលបង្កឡើងដោយរដ្ឋប្រហារយោធា​កាលពី​ខែកុម្ភៈ​ឆ្នាំមុន។ សម្រាប់​ប្រទេស​ថៃ ដែលកំពុង​ជួបប្រទះនូវ​បញ្ហា​ប្រឈម​ខាងផ្នែក​នយោបាយស្រាប់ ​វិបត្តិនៅ​មីយ៉ានម៉ា​បាន​នឹងកំពុងរុញ​រដ្ឋាភិបាល​របស់លោក ប្រាយុទ្ធ ឈាន​ទៅរកមាត់​ជ្រោះ

ក្នុង​ចំណោម​ប្រទេស​ទាំង​អស់​ដែល​មាន​ព្រំដែន​ជាប់ជាមួយ​មីយ៉ាន់ម៉ា ប្រទេសថៃ​មានព្រំដែនរួម​​វែង​ជាង​គេរហូតដល់ប្រមាណ ២៤០ គីឡូម៉ែត្រ។ ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍កន្លងមក ព្រំដែននេះបានក្លាយជាប្រភពដ៏សំខាន់នៃការរត់ពន្ធមនុស្ស និងគ្រឿងញៀន ហើយការ​វាយលុក​ជាបន្តបន្ទាប់របស់​របបយោធា​មីយ៉ាន់ម៉ា ក៏បានធ្វើឱ្យការ​រត់ពន្ធ​អាវុធ​នៅ​តាម​ព្រំដែន​ មានការ​កើនឡើងកាន់តែខ្លាំង​ផង​ដែរ​។

នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ប៉ូលីសល្បាតព្រំដែនថៃបានរឹបអូសយកអាវុធសម្រាប់ធ្វើសង្គ្រាមជាច្រើនប្រភេទផ្សេងៗគ្នា ដែលរួមមានកាំភ្លើងវែងM-16 និង AK47 ចំនួន ៣៣ដើម, កាំភ្លើងធំ M-79 និងកាំភ្លើងយន្តប្រភេទ PK បូករួមទាំងគ្រាប់រំសេវមួយចំនួនផងដេរ។

ក្រុមសន្តិសុខថៃមានការព្រួយបារម្ភ អំពីសកម្មភាពទាំងបើកចំហនិងសម្ងាត់ ដែលអាចមានពាក់ព័ន្ធនឹងបរទេស នៅតាមតំបន់ព្រំដែន ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមប្រដាប់អាវុធជនជាតិ ភាគតិចផ្សេងៗ។

ពួកគេ​មួយចំនួន​បាន​ផ្តោត​លើ​ការ​បណ្តុះបណ្តាល​យុវជន​ដែល​កំពុងរត់គេចពី​ការ​កាត់ទោស​របស់កងកម្លាំង Tatmadaw ហើយភាគច្រើននៃពួកគេគឺជាសមាជិកនៃកងកម្លាំងការពារប្រជាជន (PDF)។ ប្រសិនបើនិន្នាការនេះនៅតែបន្ត នោះសង្រ្គាមតស៊ូអាចនឹងរីករាលដាលកាន់តែធំ ហើយអាចនឹងឈានទៅដល់ការលូកដៃពីសំណាក់កងកម្លាំងសន្តិសុខបរទេសសម្ងាត់។

សម្រាប់ប្រទេសថៃ «យុទ្ធភូមិភាគទី៣»​ បាន​ទទួលបញ្ជា​ឱ្យ​ធ្វើការរឹត​បន្តឹង​សន្តិសុខ​នៅតាម​បណ្តោយ​ព្រំដែន ជាពិសេស​នៅ​ខេត្ត Kanchanaburi និង Rayong។ ជាមួយនឹងការប្រយុទ្ធគ្នាកាន់តែខ្លាំងនៅភាគខាងជើង និងភាគពាយ័ព្យ អាជ្ញាធរថៃមានការព្រួយបារម្ភថា «ជនភៀសខ្លួនកាន់តែច្រើននៅផ្ទៃក្នុងប្រទេសអាចនឹងផ្លាស់ទីឆ្ពោះទៅកាន់តំបន់ភាគអាគ្នេយ៍ដែលស្ថិតនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា»។

ផ្អែកលើគន្លងនយោបាយពិភពលោកបច្ចុប្បន្ន ប្រទេសតូចៗ និងអង្គការក្នុងតំបន់ដូចជាអាស៊ាន ត្រូវតែត្រៀមខ្លួនសម្រាប់ផលវិបាក ដែលអាចកើតចេញពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។ ផ្អែកលើស្ថានភាពបច្ចុប្បន្ន វាបានបង្ហាញយ៉ាងច្បាស់ថា «ប្រទេសមហាអំណាចមិនចង់ចូលរួមនៅក្នុងជម្លោះដោយផ្ទាល់ទេ ក៏ប៉ុន្តែពួកគេអាចប្រើឧបករណ៍មិនមែនយោធាផ្សេងៗ (Non-military Tool) ដើម្បីធ្វើសង្គ្រាម ដែលរួមមានដូចជាការប្រើបច្ចេកវិទ្យាឌីជីថល និងយន្តហោះគ្មានមនុស្សបើក (Drone) ដែលនឹងអនុញ្ញាតឱ្យពួកគេអាចធ្វើសង្គ្រាមបានគ្រប់ទម្រង់ ដោយមិនចាំបាច់ប្រើប្រាស់កម្លាំងទ័ព»។

ទោះយ៉ាងណាក៏ដោយ ក្នុងករណីចាំបាច់ ពួកគេអាចនឹងប្រើប្រាស់កម្លាំងទ័ពរបស់អ្នកដទៃ ដែលមិនមែនជាកម្លាំងទ័ពរបស់ពួកគេទេ។ នៅដំណាក់កាលនេះ វាអាចទៅរួចដែលថា «សង្រ្គាមរុស្ស៊ី-អ៊ុយក្រែនដែលបានកើតឡើងអស់រយៈពេល ៤ សប្តាហ៍ហើយ អាច នឹងបញ្ចប់នៅប៉ុន្មានថ្ងៃខាងមុខទៀត ប្រសិនបើតម្រូវការសន្តិសុខរបស់ភាគីទាំង២ អាចទទួលបាននូវការធានា»។

តំបន់ត្រូវតែរៀនពីជម្លោះនេះ ហើយអាស៊ានក៏ត្រូវតែត្រៀមខ្លួនផងដែរ ដើម្បីឆ្លើយតបទៅនឹងបរិយាកាសយុទ្ធសាស្ត្រដែលពោរពេញទៅដោយការផ្លាស់ប្តូរនិងការរំខាន។ ជាក់ស្តែង ជម្លោះនេះបាននិងកំពុងបង្កផល ប៉ះពាល់ដល់មនុស្សគ្រប់គ្នានៅទីនេះរួចស្រេចទៅហើយ។

បណ្តាប្រទេសអាស៊ីអាគ្នេយ៍មានសំណាង ដោយសារពួកគេអាចឆ្លងកាត់ដំណាក់កាលផ្សេងៗគ្នានៃជម្លោះទាំងធំ និងតូចនៅក្នុងរយៈ ពេល ៥ទសវត្សរ៍កន្លងមកនេះ។ នៅពេលឥឡូវនេះ ពួកគេទាំងអស់កំពុងរស់នៅក្រោមដំបូលតែមួយ ប្រកបដោយភាពរីករាយនិងភាពសុខសាន្ត។

គួររំលឹកផងដែរថា «តំបន់​នេះ​គឺ​ជា​តំបន់​ចម្រុះ​បំផុត​របស់​ពិភពលោក ​ក្នុង​ន័យ​សេដ្ឋកិច្ច, នយោបាយប្រវត្តិសាស្ត្រ និង​សាសនា ហើយវាក៏ជាកន្លែងដែលមានអ្នកកាន់សាសនាឥស្លាម, សាសនាព្រះពុទ្ធ និងសាសនាគ្រឹស្តច្រើនជាងគេក្នុងពិភពលោកផងដែរ»។ «ភាពចម្រុះនេះគឺជាទ្រព្យសម្បត្តិដ៏អស្ចារ្យមួយ ដោយសារវាបានអនុញ្ញាតឱ្យប្រទេសទាំងអស់រៀនពីគ្នាទៅវិញទៅមកនិងអាចរួមរស់ជាមួយគ្នាបាន»។

មធ្យោបាយដ៏ល្អបំផុតក្នុងការទប់ស្កាត់សង្គ្រាមដោយប្រើកូនអុក នៅក្នុងប្រទេសមីយ៉ាន់ម៉ាគឺ «ការធានាឱ្យបានថា ចំណុចកុងសង់ស៊ីសទាំង ៥ (5PC) ចំណុចរបស់អាស៊ាន នឹងត្រូវបានអនុវត្តដើម្បីអនុញ្ញាតឱ្យរបបយោធាអាចវិលមកកាន់គ្រួសារអាស៊ានវិញ»។

ការសន្ទនាប្រកបដោយបរិយាប័ន្នជាមួយគ្រប់ភាគីទាំងអស់ នឹងត្រូវការចំណាយពេលយូរ ដោយសារតែជំហរដ៏រឹងទទឹងរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) និងក្រុមតស៊ូ។ ដោយផ្អែកលើវិបត្តិសុខភាព និងសេដ្ឋកិច្ចបច្ចុប្បន្ន គេសង្ឃឹមថា «សកម្មភាពអរិភាពមួយចំនួន អាចនឹងត្រូវបានកាត់បន្ថយនៅក្នុងអំឡុងពិធីបុណ្យ Thingyan (ឆ្នាំថ្មីប្រពៃណីរបស់មីយ៉ាន់ម៉ា) ដើម្បីអនុញ្ញាតឱ្យមានការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ដែល
រងផលប៉ះពាល់»។

«មីយ៉ានម៉ាមិនគួរទុកឱ្យនៅឯកោទៀតទេ បើទោះជារបបនេះមានភាពឃោរឃៅក៏ដោយ»។ ចាប់តាំងពីខែកុម្ភៈឆ្នាំមុន ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) បានប្រព្រឹត្តបទឧក្រិដ្ឋយ៉ាងសាហាវលើប្រជាជនមីយ៉ាន់ម៉ា ហើយទាំងសហគមន៍អន្តរជាតិនិងអាស៊ានបានថ្កោលទោសរបបនេះ ហើយលោកខាងលិចថែមទាំងបានដាក់ទណ្ឌកម្មគោលដៅលើមេដឹកនាំសំខាន់ៗរបស់មីយ៉ាន់ម៉ា ក៏ដូចជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈការបន្តទុករបបយោធាស្ថិតនៅឯកោ វាមានហានិភ័យខ្ពស់ណាស់ ដែលមហាអំណាចខាងក្រៅមួយចំនួនអាចនឹងទាញយកប្រយោជន៍ពីស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា ហើយសម្រាប់រយៈពេលវែង កងកម្លាំងប្រឆាំងអាចនឹងត្រូវបានគេអូសទាញ ហើយស្ថានភាព​នៅមីយ៉ាន់ម៉ាអាចនឹងវិវឌ្ឍទៅរកស្ថានភាពដូចនៅ​អ៊ុយក្រែន, អាហ្វហ្គានីស្ថាន, ស៊ីរី និង​លីប៊ី។

អាស៊ានត្រូវតែប្រើប្រាស់គ្រប់មធ្យោបាយដែលមាន ដើម្បីបញ្ចុះបញ្ចូលឱ្យមីយ៉ាន់ម៉ាអនុវត្តចំណុចកុងសង់ស៊ីសទាំង ៥ ចំណុច ហើយដំណើរ​ទស្សនកិច្ច​របស់​លោក ប្រាក់ សុខុន គឺ​ជា​ការ​ចាប់​ផ្តើម​ដ៏​ល្អ។ ផ្អែកលើស្ថានការណ៍សេដ្ឋកិច្ចដ៏អាក្រក់ដែលពិភពលោកកំពុងជួបប្រទះដោយសារសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ានឹងរងផលប៉ះពាល់យ៉ាងខ្លាំងបំផុត។

ប្រសិនបើរបប​នេះ​ អនុវត្តតាម​ផែនការ​សន្តិភាព​របស់អាស៊ានឱ្យបាន​កាន់​តែ​ឆាប់រហ័ស នោះរបបយោធាក៏នឹងមានឱកាសកាន់តែច្រើន ​ក្នុង​ការ​វិល​ត្រឡប់​មក​កាន់​គ្រួសារអាស៊ានវិញ ក៏ដូចជា​ការ​វិល​ត្រឡប់ទៅរកភាព​ប្រក្រតី​វិញ។ Kavi Chongkittavorn/Bangkok Post

អត្ថបទទាក់ទង