ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការបរទេសកម្ពុជាបង្ហាញលទ្ធផលនៃទស្សនកិច្ចលើកទី១ របស់ប្រេសិតពិសេសប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ានៅមីយ៉ាន់ម៉ាពីថ្ងៃទី២១-២៣ ខែមីនា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 38
ក្រសួងការបរទេសកម្ពុជាបង្ហាញលទ្ធផលនៃទស្សនកិច្ចលើកទី១ របស់ប្រេសិតពិសេសប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ានៅមីយ៉ាន់ម៉ាពីថ្ងៃទី២១-២៣ ខែមីនា ក្រសួងការបរទេសកម្ពុជាបង្ហាញលទ្ធផលនៃទស្សនកិច្ចលើកទី១ របស់ប្រេសិតពិសេសប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ានៅមីយ៉ាន់ម៉ាពីថ្ងៃទី២១-២៣ ខែមីនា

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារលើកទី១នៅប្រទេសមីយ៉ាន់ម៉ា ពីថ្ងៃទី ២១-២៣ ខែមីនា ឆ្នាំ ២០២២ ក្នុងតួនាទីជាប្រេសិតពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា។ បេសកកម្មនេះត្រូវបានអមដំណើរដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម លឹម ចុកហូយ (Lim Jock Hoi) អគ្គលេខាធិការអាស៊ាន។

គោលបំណងចម្បងនៃទស្សនកិច្ចនេះគឺដើម្បី (១) តាមដាននូវលទ្ធផលនៃដំណើរទស្សន-កិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៧-៨ ខែមករា ឆ្នាំ២០២២ (២) សម្របសម្រួលដល់ការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដែលត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ និង (៣) ផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលត្រូវការក្នុងប្រទេសមីយ៉ាន់ម៉ា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ មីន អោងឡាំង (Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC)។ កិច្ចពិភាក្សាបានគ្របដណ្តប់លើស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ា អាណត្តិ តួនាទី និងអាទិភាពរបស់ប្រេសិតពិសេស និងភាពចាំបាច់ក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដែលក្នុងនោះរួមមានការកសាងភាពជឿជាក់និងទំនុកចិត្ត កិច្ចសន្ទនាប្រកបដោយបរិយាបន្ន និងកិច្ចខិតខំប្រឹងប្រែងផ្នែកមនុស្សធម៌ជូនដល់មីយ៉ាន់ម៉ា។ ប្រេសិតពិសេសបានអំពាវនាវឱ្យមានការអនុវត្តអាទិភាពចំនួន បីគឺ ការបញ្ឈប់អំពើហិង្សា ការបន្តផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា និងកិច្ចសន្ទនារវាងភាគីទាំងអស់។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន ក៏បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្ដម វុនណា ម៉ោងល្វីន (Wunna Maung Lwin) នៅក្រសួងការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ឯកឧត្តមប្រេសិតពិសេសបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃចំណុចអាទិភាពទាំងបី ដែលបានលើកឡើងខាងលើ និងផ្ដោតសំខាន់ពីតម្រូវការក្នុងការពន្លឿនជំនួយមនុស្សធម៌ ទៅកាន់អ្នកដែលត្រូវការបំផុតនៅមីយ៉ាន់ម៉ា ដើម្បីធានាបាននូវសុខុមាលភាពសង្គម ស្ថិរភាព និងការអភិវឌ្ឍ។ ឯកឧត្ដម វុនណា ម៉ោងល្វីន បានបញ្ជាក់អំពីការគាំទ្រ និងកិច្ចសហប្រតិបត្ដិការចាំបាច់របស់មីយ៉ាន់ម៉ា ចំពោះប្រេសិតពិសេសក្នុងការបំពេញភារកិច្ចក្នុងអាណត្ដិរបស់ខ្លួន ដើម្បីជំរុញឱ្យមានវឌ្ឍនភាពបន្ថែម ឆ្ពោះទៅរកការសម្រេចបានដំណោះស្រាយយូរអង្វែងលើបញ្ហានេះ។

នៅក្នុងកិច្ចប្រជុំជាមួយក្រុមការងារចំពោះកិច្ចស្ដីពីជំនួយមនុស្សធម៌អាស៊ាន ដឹកនាំដោយ ឯកឧត្ដម កូ កូ ឡាំង (H.E. Ko Ko Hlaing) ឯកឧត្តមប្រេសិតពិសេសបានលើកឡើងថា កម្ពុជាកំពុងធ្វើការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានស្តីពីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្ដរាយ (AHA Centre) ក៏ដូចជាដៃគូដទៃទៀត ដើម្បីពន្លឿនជំនួយមនុស្សធម៌ រួមទាំងវ៉ាក់សាំងបង្ការជំងឺរាតត្បាតកូវីដ-១៩ ទៅមីយ៉ាន់ម៉ា ប្រកប ដោយយុត្តិធម៌ តម្លាភាព និងគ្មានភាពរើសអើង។ ជាការឆ្លើយតប ឯកឧត្ដម យូ កូ កូ ឡាំង បានបង្ហាញពីការបើកទូលាយរបស់ក្រុមការងារចំពោះកិច្ច ក្នុងការបំពេញការងារដើម្បីដោះស្រាយតម្រូវការមនុស្សធម៌ជាបន្ទាន់នៅមីយ៉ាន់ម៉ា។ ភាគីទាំងពីរទន្ទឹងរង់ចាំពិភាក្សាបន្ថែមទៀតលើសំណើរៀបចំ «កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ា» នៅចុងខែមេសានេះ ដែលជាឱកាសអាចឱ្យភាគីពាក់ព័ន្ធទាំងអស់ធ្វើការផ្លាស់ប្តូរទស្សនៈស្តីពីការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយប្រសិទ្ធភាពទៅដល់ អ្នកដែលត្រូវការបំផុតដោយគ្មានការរើសអើង។

ចំពោះកម្មវិធីចុងក្រោយនៃដំណើរទស្សនកិច្ចថ្ងៃទីមួយ ឯកឧត្តម ប្រាក់ សុខុន បានជួបជាមួយឯកឧត្តមឧត្តមសេនីយ៍ឯក យ៉ា ព្យេ (Yar Pyae) ប្រធានគណៈកម្មាធិការសាមគ្គីភាព និងកសាងសន្តិភាពជាតិ (NSPC) ដែលក្នុងជំនួបនោះ ឯកឧត្តមប្រេសិតពិសេសក៏បានបង្ហាញពីការត្រៀមខ្លួនជាស្រេចក្នុងការជួយសម្របសម្រួលឱ្យមានកិច្ចសន្ទនា និងសង្កត់ធ្ងន់ពីសារៈសំខាន់សម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការទទួលយកបទឈប់បាញ់ បញ្ចប់រាល់អំពើហិង្សា និងប្រកាន់ជំហរអត់ធ្មត់បំផុត ក្នុងការប្រើប្រាស់កម្លាំងយោធា បន្ធូរបន្ថយបរិយាកាសអរិភាព និងបង្កើតបរិយាកាសអំណោយផលមួយ សម្រាប់កិច្ចសន្ទនានយោបាយប្រកបដោយន័យស្ថាបនាក្នុងចំណោមភាគីទាំងអស់ ដើម្បីដោះស្រាយបញ្ហា។

ឯកឧត្តមប្រេសិតពិសេសក៏បានចែករំលែកនូវបទពិសោធន៍ និងមេរៀនរបស់កម្ពុជា ក្នុងការស្វែងរកការផ្សះផ្សាជាតិ និងសន្តិភាពយូរអង្វែង ខណៈពេលដែលឯកឧត្តមសង្ឃឹមថា មីយ៉ាន់ម៉ាអាចបង្កើតឱ្យមានដំណោះស្រាយនយោបាយប្រកបដោយបរិយាបន្នមួយ ដែលជាកម្មសិទ្ធិរបស់មីយ៉ាន់ម៉ា និងដឹកនាំដោយមីយ៉ាន់ម៉ាផ្ទាល់ ក្នុងការវិលទៅរកប្រក្រតីភាពឡើងវិញ។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ត្រូវបានកោតសរសើរចំពោះតួនាទីរបស់ឯកឧត្តមក្នុងនាមជាប្រេសិតពិសេស និងឆន្ទៈពិតប្រាកដក្នុងការកសាងទំនុកចិត្ត និងភាពជឿជាក់ផ្នែកនយោបាយក្នុងចំណោមភាគីពាក់ព័ន្ធក្នុងអំឡុងពេលដ៏សំខាន់នេះ ដែលនេះជាគន្លឹះក្នុងការជំរុញឱ្យមានកិច្ចសន្ទនាប្រកបដោយបរិយាបន្ន ទៅលើវិធីសាស្រ្ត និងមធ្យោបាយប្រកប ដោយសន្តិភាព ប្រសិទ្ធភាព និងសមស្រប ដើម្បីដោះស្រាយបញ្ហានេះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏ត្រូវបានលើកទឹកចិត្តឱ្យធ្វើការជាមួយអាជ្ញាធរមីយ៉ាន់ម៉ា ដើម្បីចូលរួមជាមួយភាគីពាក់ព័ន្ធទាំងអស់សម្រាប់ដំណើរការសន្តិភាពនៅមីយ៉ាន់ម៉ា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានលើកឡើងពីបញ្ហានៃការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនពីរដ្ឋរ៉ាក់ខាញ ដោយបានស្នើអាជ្ញាធរមីយ៉ាន់ម៉ា ដើម្បីពន្លឿនដំណើរការលើការវិលត្រលប់របស់ជនភៀសខ្លួន។

នៅថ្ងៃទីពីរនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តមប្រេសិតពិសេសបានជួបជាមួយទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិ ដើម្បីផ្លាស់ប្តូរទស្សនៈ និងធ្វើការវាយតម្លៃលើការផ្តល់ជំនួយមនុស្សធម៌ ក៏ដូចជាជួបពិភាក្សាអាហារពេលល្ងាចជាមួយឯកអគ្គរាជ/រដ្ឋទូត និងតំណាងស្ថានទូតអាស៊ាន ដែលក្នុងឱកាសនោះ អ្នកចូលរួមបានផ្លាស់ប្តូរយោបល់គ្នាយ៉ាងទូលំទូលាយទៅលើស្ថានភាពជាក់ស្តែងនៅមីយ៉ាន់ម៉ា ហើយក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងនានា ដើម្បីជួយគាំទ្រដល់ការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដើម្បីសម្រេចបាននូវអាទិភាពបន្ទាន់គឺ ការបញ្ចប់អំពើហិង្សា និងការធានាការផ្តល់ជំនួយមនុស្សធម៌ដល់អ្នកដែលត្រូវការជំនួយ ដែលក្នុងនោះរួមមានវ៉ាក់សាំងបង្ការជំងឺរាតត្បាតកូវីដ-១៩ ផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានឆ្លៀតឱកាសជួបពិភាក្សាជាមួយដៃគូមួយចំនួនរបស់អាស៊ាន ដើម្បីស្វែងយល់ពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ា និងផ្លាស់ប្តូរយោបល់លើបញ្ហាទាក់ទងនឹងការបញ្ចប់អំពើហិង្សា កិច្ចសន្ទនានយោបាយ និងជំនួយមនុស្សធម៌។ ឯកឧត្តមប្រេសិតពិសេសក៏បានជូនដំណឹងដល់ពួកគេអំពីគោលបំណងនៃទស្សនកិច្ចនេះ និងបានចែករំលែកនូវអាទិភាពមួយចំនួនដែលអាស៊ាននឹងអនុវត្ត ដើម្បីការពារអាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាជនមីយ៉ាន់ម៉ា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏រង់ចាំនូវការគាំទ្រយ៉ាងមុតមាំរបស់ប្រទេសដៃគូទាំងនោះ សម្រាប់ការអនុវត្តនូវការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច។

ក្នុងអំឡុងពេលនៃទស្សនកិច្ចទៅកាន់ឃ្លាំងរបស់សមាគមន៍កាកបាទក្រហមមីយ៉ាន់ម៉ា ក្នុងទីក្រុងយ៉ាងហ្គូន ប្រេសិតពិសេសបានលើកទឹកចិត្តដល់សមាគមន៍នេះឱ្យបន្តកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ខ្លួនជាមួយ AHA Centre ក្នុងការចែកចាយសម្ភារៈផ្គត់ផ្គង់ និងឧបករណ៍វេជ្ជសាស្ត្រដល់សហគមន៍នានានៅទូទាំងប្រទេសមីយ៉ាន់ម៉ា។

ដំណើរទស្សនកិច្ចនេះត្រូវបានធ្វើឡើងប្រកបដោយភាពស្និទ្ធស្នាល និងប្រកបដោយផលិតភាព ដោយទទួលបានលទ្ធផលដ៏មានអត្ថន័យ ដែលឆ្លុះបញ្ចាំងពីការគាំទ្ររបស់មីយ៉ាន់ម៉ាចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញទៅមុខ នៃការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច និងដើរតួនាទីក្នុងការពង្រឹងស្ថិរភាពតំបន់ ក៏ដូចជាភាពជឿជាក់ ឯកភាព និងមជ្ឈភាពអាស៊ាន និងដំណើរការកសាងសហគមន៍អាស៊ាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងការកោតសរសើរចំពោះការគាំទ្ររបស់មីយ៉ាន់ម៉ាសម្រាប់បេសកកម្មនានារបស់ប្រេសិតពិសេស រួមទាំងដំណើរទស្សនកិច្ចលើកដំបូងនេះ និងដំណើរទស្សនកិច្ចជាបន្តបន្ទាប់ទៀត។ ភាគីពាក់ព័ន្ធទាំងអស់បានទន្ទឹងរង់ចាំនូវវឌ្ឍនភាពជាវិជ្ជមាន ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងដោះស្រាយវិបត្តិបច្ចុប្បន្ននៅមីយ៉ាន់ម៉ា រួមទាំងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចផងដែរ៕ Khmer First

អត្ថបទទាក់ទង