គ្មានទេអព្យាក្រឹតភាពរបស់អាស៊ាន
នៅទីក្រុង Davos កាលពីសប្តាហ៍មុន មេដឹកនាំអាស៊ីអាគ្នេយ៍ហាក់មានចេតនាចង់និយាយអំពីអ្វីដែលពួកគេនឹងមិនធ្វើ ជុំវិញបញ្ហានៅមីយ៉ាន់ម៉ា ដែលកាលពីថ្ងៃពុធ វាគឺជាខួបលើកទី២ នៃរដ្ឋប្រហារយោធាដែលបានទម្លាក់រដ្ឋាភិបាលដែលបានជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ។ ដូចអ្វីដែលលោក Anutin Charnvirakul ដែលជាឧបនាយករដ្ឋមន្ត្រីថៃ បាននិយាយហើយថា «យើងមិនអាចជ្រៀតជ្រែក និងចូលរួមនៅក្នុងកិច្ចការនយោបាយនៃរដ្ឋជាសមាជិកផ្សេងទៀតបានទេ»។
គោលនយោបាយមិនជ្រៀតជ្រែករបស់អាស៊ានត្រូវបានគេលើកមកនិយាយជារៀងរាល់ថ្ងៃ។ បញ្ហាជាក់ស្តែងទី ១ នោះគឺថា «គោលនយោបាយនេះមិនត្រឹមត្រូវនោះទេ ហើយអាស៊ានក៏កំពុងធ្វើអន្តរាគមន៍នៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ»។ ក្នុងរយៈពេល ៣ ខែបន្ទាប់ពីរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ ២០២១ ប្លុកនេះបានយល់ព្រមបង្កើតផែនការសន្តិភាពចំនួន ៥ ចំណុចជាមួយរបបយោធា។
យោងតាមសេចក្តីថ្លែងការណ៍របស់ប្រធាននៃកិច្ចប្រជុំថ្នាក់មេដឹកនាំអាស៊ាន (ASEAN Leaders’ Meeting) កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១ «យើងបានទទួលស្គាល់តួនាទីវិជ្ជមាននិងប្រកបដោយលក្ខណៈស្ថាបនារបស់អាស៊ានក្នុងការសម្របសម្រួលឱ្យមានដំណោះស្រាយដោយសន្តិវិធដើម្បីជាប្រយោជន៍ដល់ប្រជាជនមីយ៉ាន់ម៉ា និងជីវភាពរស់នៅរបស់ពួកគេ។ ហេតុដូច្នេះហើយទើបយើងបានយល់ព្រមលើគោលការណ៍កុងសង់ស៊ីសទាំង ៥ ចំណុចនេះ»។
បើតាមសេចក្ដីថ្លែងការណ៍នោះ ចំណុចទី១ នៃគោលការណ៍នេះបានអះអាងថា «មេដឹកនាំនានាបានឈានដល់ការឯកភាពគ្នាវាថា គេត្រូវតែមានការបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយភាគីទាំងអស់គួរអនុវត្តការអត់ធ្មត់ជាទីបំផុត» (ដោយប្រើពាក្យ «គួរ-shall») ហើយចំណុចទី៣ គឺ «បេសកជនពិសេសរបស់ប្រធានអាស៊ាននឹងសម្របសម្រួលដល់ដំណើរការនៃការសន្ទនា»។
ឥឡូវនេះ គោលការណ៍កុងសង់ស៊ីសទាំង ៥ ចំណុចបានក្លាយជារឿងសឹងតែគ្មានប្រយោជន៍ទាល់តែសោះ ហើយវាបានតំណាងឱ្យទម្រង់នៃការជ្រៀតជ្រែកក្នុងគោលបំណងមិនល្អពីសំណាក់អាស៊ាន។ ប៉ុន្តែចំណុចសំខាន់គឺថា «យ៉ាងហោចណាស់អាស៊ានបានព្យាយាមដើរតួជាអ្នកធ្វើអន្តរាគមន៍នៅក្នុងវិបត្តិនេះ»។
ប្រសិនបើមានការហាមឃាត់ដ៏តឹងរ៉ឹងមិនឱ្យធ្វើអន្តរាគមន៍មែន នោះបណ្ដាមេដឹកនាំក្នុងតំបន់នឹងមិនចាំបាច់ទៅជួបប្រជុំគ្នាកាលពីខែមេសា ឆ្នាំ ២០២១ ដើម្បីផ្តល់សិទ្ធិអំណាចខ្លះដល់ខ្លួនដើម្បីជះឥទ្ធិពលទៅលើអ្វីដែលកំពុងកើតឡើងនៅក្នុងរដ្ឋជាសមាជិកមួយផ្សេងទៀតឡើយ។ ជាងនេះទៅទៀត យើងក៏បានឃើញរដ្ឋាភិបាលម៉ាឡេស៊ីបញ្ចេញមតិ និងនិយាយជាសាធារណៈថា «ខ្លួននឹងមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ដែលរបបយោធាគ្រោងនឹងធ្វើឡើងនៅចុងឆ្នាំនេះទេ»។
យើងបានឃើញរួចមកហើយនូវការថ្កោលទោសជាសាធារណៈដែលមន្ត្រីអាស៊ានបានធ្វើឡើងជុំវិញអំពើឃោរឃៅដែលបានកើតឡើងនៅមីយ៉ាន់ម៉ា។ ប៉ុន្តែនៅសប្តាហ៍នេះ យើងគ្រប់គ្នាបានដឹងថា «ក្រសួងការពារជាតិរបស់របបយោធាត្រូវបានអញ្ជើញឱ្យទៅចូលរួមនៅក្នុងកិច្ចប្រជុំថ្នាក់តំបន់រដ្ឋមន្ត្រីការពារជាតិអាស៊ានរយៈពេល ៥ ថ្ងៃ (ADMM) ដែលនឹងធ្វើជាម្ចាស់ផ្ទះរួមគ្នាដោយប្រទេសថៃនិងសហរដ្ឋអាមេរិកនៅខែក្រោយ»។
លោកវរសេនីយ៍ទោ Martin Meiners ដែលជាអ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកបានប្រាប់សារព័ត៌មាន Myanmar Now ថា «វត្តមាននៅឯវេទិការអាស៊ាន គឺជាការកំណត់របស់រដ្ឋជាសមាជិកអាស៊ាន»។ និយាយម៉្យាងទៀត វាអាចទៅរួចដែលថា «ប្រទេសថៃដែលជាសហម្ចាស់ផ្ទះ គឺជាអ្នកដែលបានបំផុសបំផុលរឿងនេះ»។
សូមចងចាំថា «បើទោះបីជាលោក Min Aung Hlaing ត្រូវបានរារាំងពីការចូលរួមក្នុងកិច្ចប្រជុំដ៏សំខាន់បំផុតរបស់អាស៊ានក៏ដោយ ក៏មន្ត្រីនៃរបបយោធានៅតែត្រូវបានស្វាគមន៍ឱ្យចូលរួមនៅក្នុងកិច្ចប្រជុំថ្នាក់ទាប ចាប់តាំងពីរដ្ឋប្រហារមកម្ល៉េះ»។ ប្រសិនបើអាស៊ានបានអញ្ជើញទាំងរបបយោធានិងមន្ត្រីមិនមែនយោធា ដែលអាចជានរណាម្នាក់ដែលមកពីរដ្ឋាភិបាលបង្រួបបង្រួមជាតិ (NUG) នោះវាអាចនឹងបង្កើតឱ្យមានអព្យាក្រឹតភាពខ្លះ។
ប៉ុន្តែវាមានចំណុច ១ ដ៏សំខាន់។ «តើវាអាចទៅរួចទេក្នុងការបន្តរក្សាអព្យាក្រិត្យនិងមិនធ្វើអន្តរាគមន៍?» សូមស្រមៃមើលថា «អ្នកកំពុងដើរនៅតាមផ្លូវ ហើយបានឃើញមនុស្សម្នាក់កំពុងវាយទាត់ធាក់មនុស្សម្នាក់ដែលមានរបួសយ៉ាងធ្ងន់ធ្ងរ។ អ្នកមិនបានដឹងទេថា តើអ្នកណាជាអ្នកចាប់ផ្តើមមុន ហើយអ្នកក៏មិនបានដឹងដែរថា តើរឿងហេតុកើតឡើងអំពីអ្វី»។
ប៉ុន្តែតើអ្នកមានបានគិតទេថា «អ្នកនឹងចូលទៅធ្វើអន្តរាគមន៍ដែលយ៉ាងហោចណាស់ក៏អាចជួយបញ្ឈប់អំពើហិង្សាបានដែរ?» សូមស្រមៃមើលអំពីស្ថានភាពដូចគ្នានេះ ក៏ប៉ុន្តែឥឡូវនេះមានអ្នកផ្សេងទៀតបានផ្តល់ភេសជ្ជៈប៉ូវកម្លាំងដល់ជនល្មើស ដូច្នេះជនល្មើសនឹងមានថាមពលកាន់តែខ្លាំងជាងមុន ដើម្បីវាយទាត់ធាក់បុរសដែលដេកដួលនៅលើដី ហើយអ្នកដែលរងចាំទទួលផល បានប្រាប់អ្នកវាយនោះថា «គេនឹងផ្តល់ប្រាក់មួយថង់ធំដល់អ្នកណាដែលឈ្នះនៅក្នុងការវាយគ្នាដែលមិនស្មើភាពនេះ»។
នេះគឺជាបញ្ហាដ៏ពិតប្រាកដពាក់ព័ន្ធនឹងអ្វីដែលគេហៅថា «អព្យាក្រឹតភាព»។ ប្រទេសថៃ, សិង្ហបុរី និងម៉ាឡេស៊ី គឺស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្មដ៏សំខាន់របស់មីយ៉ាន់ម៉ា។ សិង្ហបុរីគឺជាវិនិយោគិនបរទេសដ៏ធំបំផុតមួយនៅក្នុងប្រទេសនេះ បើគិតចាប់តាំងពីរដ្ឋប្រហារមក។
«យើងបានឃើញអំពីស្ថានភាពដ៏ច្របូកច្របល់កាលពីឆ្នាំមុន ដោយក្នុងនោះ នៅថ្ងៃតែមួយ រដ្ឋាភិបាលកម្ពុជាដែលពេលនោះជាប្រធានអាស៊ានបានប្រៀនប្រដៅរបបយោធាមីយ៉ាន់ម៉ា ឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍កុងសង់ស៊ីសទាំង ៥ ចំណុច ខណៈដែលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ បែរជាបានពន្លឿនការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសមភាគីយោធា Aung Naing Oo ទៅវិញ»។
«តើការធ្វើពាណិជ្ជកម្មមិនមែនជាការជ្រៀតជ្រែកទេឬ?» ហើយ «តើវាមិនមែនជាការជ្រៀតជ្រែកទេឬ នៅពេលដែលរបបយោធាដែលជាតួអង្គដ៏សំខាន់ដែលទទួលបានប្រាក់ចំណេញពីប្រទេសមីយ៉ាន់ម៉ានៅតែជា ភាគីនៃកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីរបស់អាស៊ាន?»
David Hutt / The Diplomat