ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-មីយ៉ាន់ម៉ា ប្តេជ្ញាពង្រីកទំនាក់ទំនងទ្វេភាគី និងជំរុញទំហំពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យវប្បធម៌ និងទេសចរណ៍

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 39
កម្ពុជា-មីយ៉ាន់ម៉ា ប្តេជ្ញាពង្រីកទំនាក់ទំនងទ្វេភាគី និងជំរុញទំហំពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យវប្បធម៌ និងទេសចរណ៍ កម្ពុជា-មីយ៉ាន់ម៉ា ប្តេជ្ញាពង្រីកទំនាក់ទំនងទ្វេភាគី និងជំរុញទំហំពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យវប្បធម៌ និងទេសចរណ៍

នៅរសៀលថ្ងៃអង្គារទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក U Henry Van Thio អនុប្រធានាធិបតីនៃសាធារណៈរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវិមានសន្តិភាព។ លោកបានស្វាគមន៍ និងថ្លែងអំណរគុណចំពោះ លោក U Henry Van Thio ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ (2nd Asia Pacific Summit) ដែលជាព្រឹត្តិការប្រវត្តិសាស្ត្របង្ហាញពីសាមគ្គីភាពក្នុងចំណោមប្រជាជាតិអាស៊ីប៉ាស៊ីហ្វិកប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏បានបង្ហាញអំពីសាមគ្គីភាពរវាង មីយ៉ាន់ម៉ា និងកម្ពុជាក្នុងទំនាក់ទំនងទ្វេភាគីផងដែរ។

លោក U Henry Van Thio បានមានប្រសាសន៍ថា ពិតជារីករាយណាស់ដែល បានមកចូលរួមក្នុងវេទិកាអាស៊ីប៉ាស៊ីហ្វិកនេះនិងបានសម្តែងនូវការកោតសរសើរ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសូមអបអរសាទរចំពោះជោគជ័យក្នុងការប្រព្រឹត្តទៅនៃកិច្ចប្រជុំកំពូលនេះ។ ទន្ទឹមនឹងនេះ លោក U Henry Van Thio បានរំលឹកពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-មីយ៉ាន់ម៉ា គឺថាឆ្នាំក្រោយជាខួប ៥៥ឆ្នាំនៃទំនាក់ទំនងការទូត នៃប្រទេសយើងទាំង លើសពីនេះទៀងដែរក្រៅពីទំនាក់ទំនងទេ្វភាគី គឺប្រទេសយើងទាំងពីរក៏មានកិច្ចទំនាក់ទំនងក្នុងតំបន់និងកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន រួមទាំងកិច្ចប្រជុំកំពូលផ្សេងទៀតជាច្រើនផងដែរ។

នៅក្នុងកិច្ចពិភាក្សាគ្នានេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានរិះរកវិធីធ្វើយ៉ាងណាជំរុញទំហំពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យវប្បធម៌ និងទេសចរណ៍។ កម្ពុជា-មីយ៉ាន់ម៉ា មានកិច្ចព្រមព្រៀងមួយចំនួនហើយ និងបានខិតខំអនុវត្តធ្វើយ៉ាងណាជំរុញឲ្យលើការហោះហើរត្រង់ព្រោះកន្លងមកការហោះហើយត្រង់មិនមានភ្ញៀវគ្រប់គ្រាន់ ហើយក៏បានផ្អាកទៅវិញ។ ក្នុងវិស័យអប់រំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យជំរុញការផ្លាស់ប្តូរនិស្សិត តាមរយៈការផ្ដល់អាហារូបករណ៍ គ្នាទៅវិញទៅមក។ កន្លងមក ក្នុងការបំពេញទស្សនកិច្ច របស់លោកស្រី អុងសាន ស៊ូជី រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់អាហារូបករណ៍ ដល់មីយ៉ាន់ម៉ាចំនួន១០ ហើយសូមឲ្យភាគីមីយ៉ាន់ម៉ា ពិនិត្យឆ្លើយតបដើម្បីឲ្យមានកិច្ចព្រមព្រៀងជាមួយគ្នា លើបញ្ហានេះ។

ដោយសារនៅឆ្នាំក្រោយ មីយ៉ាន់ម៉ា នឹងធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក លើកទី៣ លោក U Henry Van Thio បានអញ្ជើញលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនោះ។ ទន្ទឹមនឹងនេះ លោក បានមានប្រសាសន៍ថា នឹងអញ្ជើញទៅចូលរួម ដើម្បីបង្ហាញពី សាមគ្គីភាពប្រជាជាតិ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាចូលរួមក្នុងការកសាងសន្តិភាព សម្រាប់តំបន់ផងដែរ។ ជាមួយគ្នានេះផងដែរ លោក U Henry Van Thio បានថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្ត្រីដែលបានសន្យាថានឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនោះ។

ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តាំផ្ញើសួរសុខទុក្ខចំពោះលោកប្រធានាធិបតី ក៏ដូចជាលោកស្រី អុងសាន ស៊ូជី ផងដែរ។ ជាមួយគ្នានេះផងដែរ លោក ក៏បានជូនពរលោក U Henry Van Thio និងគណៈប្រតិភូទាំងអស់ទទួលបានជោគជ័យលើកកិច្ចការជាបន្តបន្ទាប់ទៀត៕

អត្ថបទទាក់ទង