ខ្មែរប៉ុស្ដិ៍ Close

ការចុះចេញពីអំណាចរបស់លោក ប្រាយុទ្ធ មុនចប់អាណត្តិ នឹងជារឿងល្អសម្រាប់អាស៊ាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 62
ការចុះចេញពីអំណាចរបស់លោក ប្រាយុទ្ធ មុនចប់អាណត្តិ នឹងជារឿងល្អសម្រាប់អាស៊ាន លោក ប្រាយុទ្ធ ចាន់អូចា

ការចាកចេញពីតំណែងរបស់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា មុនចប់អាណត្តិ គឺជាដំណឹងល្អ មិនត្រឹមតែសម្រាប់ប្រជាជនថៃប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អសម្រាប់អាស៊ានផងដែរ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្លុកនេះក្នុងការដាក់សម្ពាធទៅលើរបបយោធាដ៏ឃោរឃៅនៅមីយ៉ាន់ម៉ា។

ការ​ដណ្តើម​អំណាច​តាម​រយៈ​រដ្ឋ​ប្រហារ​គឺ​ជា​មធ្យោបាយមួយ​ដែលគេនិយមប្រើប្រាស់មុនគេក្នុង​ការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល។

ប្រទេសថៃគឺជាប្រទេសដ៏អស្ចារ្យមួយ ដែលមិនធ្លាប់ស្ថិតនៅក្រោមអាណានិគម ហើយកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ ក៏បានទទួលការសរសើរពីអន្តរជាតិ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

ទោះជាយ៉ាងណា មាគ៌ាឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសថៃបានប្រឈមមុខនឹងបញ្ហាជាបន្តបន្ទាប់ពីសំណាក់ពួកយោធា ដែលបានធ្វើរដ្ឋប្រហារជិត ២០ ដងរួចមកហើយ គិតមកទល់ពេលនេះ ហើយរដ្ឋប្រហារចុងក្រោយបំផុតបានកើតឡើងកាលពីខែឧសភា ឆ្នាំ ២០១៤ និងដែលបានដឹកនាំដោយលោក ប្រាយុទ្ធ នេះតែម្ដង។

សម្រាប់​ពួកឧត្តមសេនីយ៍​មីយ៉ាន់ម៉ាជាច្រើន លោក ប្រាយុទ្ធ គឺជាជនគំរូ​មួយ ក្នុង​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ។ លោក ប្រាយុទ្ធ ក៏បានប្រើកម្លាំង និងកលល្បិចនានាដើម្បីរក្សាអំណាចរបស់លោកឱ្យនៅយូរតាមដែលលោកចង់បាន ដែលប្រហែលជាបន្តរហូតដល់មានឧត្តមសេនីយ៍វ័យក្មេងៗទៅបង្ខំគាត់ឱ្យចុះចេញពីដំណែងដើម្បីឱ្យពួកគេដឹកនាំវិញម្ដង ទើបលោកព្រមចាកចេញ។

ចាប់តាំងពីលោក ប្រាយុទ្ធ បានដណ្តើមកាន់កាប់អំណាចមក ប្រជាជននៅថ្នាក់មូលដ្ឋានបានព្យាយាមធ្វើបាតុកម្ម «អំណាចរបស់ប្រជាជន» ដែលរួមមានទាំងបាតុកម្មទ្រង់ទ្រាយធំកាលពីឆ្នាំ២០២០ ជាដើម
ប៉ុន្តែមិនទទួលបានផលនោះទេ។

លោក ប្រាយុទ្ធ បានសម្តែងការគាំទ្រដោយបើកចំហចំពោះលោកឧត្តមសេនីយ៍ Min Aung Hlaing ប៉ុណ្ណោះ នៅពេលដែលឧត្តមសេនីយ៍មីយ៉ាន់ម៉ារូបនេះ បានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ កាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១។ លោក ប្រាយុទ្ធ បាន ដឹងយ៉ាងច្បាស់ថា លេសរបស់ឧត្តមសេនីយ៍មីយ៉ាន់ម៉ាក្នុងការទម្លាក់រដ្ឋាភិបាល លោកស្រី Aung San Suu Kyi គឺពុំមានមូលដ្ឋានច្បាស់លាស់នោះទេ។

ដោយលើកយកមូលហេតុនៃការផ្ទុះ ឡើងនូវជំងឺរាតត្បាតកូវីដ-១៩ មេដឹកនាំថៃរូបនេះក៏បានសម្រេចមិនទៅចូលរួមកិច្ចប្រជុំកំពូលបន្ទាន់មួយរបស់អាស៊ាននៅទីក្រុងហ្សាកាតានោះទេ កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំមុន។

លោក ប្រាយុទ្ធ មិនដែលបានព្យាយាមលាក់បាំងនូវការខ្វែងគំនិតរបស់លោកជាមួយនឹង «ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ា» ពីសំណាក់អាស៊ានឡើយ។ លោក ប្រាយុទ្ធ មិនពេញចិត្តនឹងគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតី Joko Widodo, អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Muhyiddin Yassin និងនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong ក្នុងការជំរុញឱ្យឧត្តមសេនីយ៍ Hlaing យល់ព្រមលើគោលការណ៍កុងសង់ស៊ីសទាំង ៥ ចំណុច នាអំឡុងកិច្ចប្រជុំកំពូលនៅទីក្រុងហ្សាកាតានោះទេ។

ប៉ុន្តែលោកមើលឃើញថា វាពិតជាលំបាកខ្លាំងណាស់ក្នុងការការពារលោក Hlaing នៅពេលដែលអាស៊ានបានសម្រេចចិត្តធ្វើពហិការមិនអញ្ជើញមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាឱ្យចូលរួមនៅក្នុងកិច្ចប្រជុំកំពូលៗរបស់អាស៊ាន និងកិច្ចប្រជុំផ្សេងៗទៀតរបស់ពួកគេ ជាមួយដៃគូសន្ទនានានា នាអំឡុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាកាលពីខែតុលាឆ្នាំមុន។

លោក Hlaing ត្រូវបានថ្កោលទោសចំពោះការខកខានមិនបានបំពេញតាមការប្ដេជ្ញាចិត្តរបស់លោក ដែលរួមមាន ការបញ្ចប់អំពើហិង្សាយោធាលើជនស៊ីវិល, ការបន្តកិច្ចសន្ទនាដោយសន្តិវិធីជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងការផ្តល់សិទ្ធិដោយគ្មានលក្ខខណ្ឌ ដល់បេសកជនពិសេសរបស់អាស៊ាន ដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ហេតុ​អ្វី​បាន​ជា​លោក ប្រាយុទ្ធ មានការ​យល់​ចិត្ត​យល់ថ្លើមគ្នាខ្លាំង​ម៉្លេះចំពោះ​រដ្ឋ​ប្រហារ​នៅ​មីយ៉ាន់ម៉ា?

មិនខុសអ្វីពីលោក Hlaing នោះទេ លោក ប្រាយុទ្ធ បានប្រើមូលហេតុស្រដៀងគ្នាទាំងនេះ នៅពេលដែលលោកបានបណ្តេញលោកស្រីនាយករដ្ឋមន្ត្រី Yingluck Shinawatra ចេញពីដំណែងកាលពីខែឧសភា ឆ្នាំ ២០១៤ ហើយបានតែងតាំងខ្លួនឯងជានាយករដ្ឋមន្ត្រីថ្មីនៅ ៣ ខែក្រោយ។

លោកបានសន្យាម្តងហើយម្តងទៀតថា នឹងរៀបចំការបោះឆ្នោតសកលក្នុងពេលឆាប់ៗបន្ទាប់ពីនោះ ប៉ុន្តែលោកបានបំពេញការសន្យានោះនៅ ៥ ឆ្នាំក្រោយមក ពោលគឺរហូតដល់ខែមីនា ឆ្នាំ ២០១៩ បន្ទាប់ពីមាន ការតវ៉ាធំៗបានកើតឡើង។ តំណែង​របស់លោកជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​នោះ គឺជា​កត្តា​មួយ ទៀត​ដែល​បង្ខំ​​ឱ្យលោកត្រូវ​រៀបចំ​ការបោះឆ្នោត​។

លោក ប្រាយុទ្ធ ដឹកនាំក្រុមចម្រុះពី ១៦ គណបក្សដែលកាន់កាប់អសនៈចំនួន ២៤៨ ធៀបនឹង ២០៨ របស់គណបក្សប្រឆាំង ប៉ុន្តែមូលដ្ឋានគាំទ្ររបស់លោក កំពុងមានភាពបែកបាក់។ ឬសគល់នៃការបែកបាក់គ្នានៅក្នុងក្រុមចម្រុះដែលដឹកនាំដោយលោក ប្រាយុទ្ធ កើតចេញពីការគ្រប់គ្រងមិនបានល្អរបស់លោកចំពោះជំងឺរាតត្បាតកូវីដ-១៩ និងចរន្តសេដ្ឋកិច្ចដែលដំណើរការមិនបានល្អ។

ការបោះឆ្នោតមុនកាលកំណត់ដែលនឹងត្រូវធ្វើឡើង បន្ទាប់ពីប្រទេសថៃធ្វើជាម្ចាស់ផ្ទះនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ក្នុងខែវិច្ឆិកាខាងមុខ អាចនឹងបិទបញ្ចប់វិបត្តិនយោបាយនៅក្នុងប្រទេសនេះ។ មេដឹកនាំពិភពលោក មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិកដែលរួមមានទាំងលោក Jokowi, ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងប្រធានាធិបតីចិន Xi Jinping គ្រោងនឹងមកចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ។

លោក ប្រាយុទ្ធ អាចនឹងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងក្នុងការចុះចេញពីក្រុមចម្រុះរបស់លោក ឬសំខាន់ជាងនេះទៅទៀតនោះ គឺចុះចេញពីតំណែងជាឧត្តមសេនីយ៍យោធា។ ភាពជាប់គាំងនៅក្នុងប្រទេសថៃកំពុងផ្ញើសារព្រមានមួយទៅដល់មេទ័ពនៅមីយ៉ាន់ម៉ាថា ពួកគេនឹងបាត់បង់អ្នកគាំទ្រដ៏រឹងមាំរបស់ពួកគេក្នុងពេលឆាប់ៗនេះហើយ។

គេសង្ឃឹម​ថា រដ្ឋាភិបាល​ស៊ីវិល​មួយនឹង​វិល​មក​កាន់​អំណាចនៅ​ក្នុង​ប្រទេស​ថៃឡើង​វិញ បើ​ទោះ​បី​ជា​ពួកយោធា​នឹងនៅតែ​បន្ត​ដើរ​តួនាទី​សំខាន់​នៅក្នុង​នយោបាយ​ថៃក៏ដោយ។

នៅពេលដែលលោក ប្រាយុទ្ធ ចុះចេញពីតំណែង គេសង្ឃឹមថា យោធាថៃនឹងចៀសវាងការប៉ុនប៉ងឡើងកាន់អំណាចសារជាថ្មីទៀត។ សម្រាប់ពិភពលោកខាងក្រៅ វាពិតជាអស្ចារ្យណាស់ដែលគិតចាប់តាំងពីឆ្នាំ ១៩៣២ មក ប្រទេសថៃបានឆ្លងកាត់ការបោះឆ្នោតជាតិចំនួន ២៥ លើក, រដ្ឋប្រហារចំនួន ១៩ លើក និងវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន ២០ លើក ប៉ុន្តែប្រទេសនេះនៅតែបន្តរីកចម្រើន ជាមួយនឹងការអភិវឌ្ឍវិស័យ
កសិកម្មដ៏រឹងមាំរបស់ខ្លួន, វិស័យទេសចរណ៍ និងបរិយាកាសវិនិយោគអំណោយផល។

សព្វថ្ងៃនេះរដ្ឋប្រហារយោធាមិនសូវមានប្រជាប្រិយភាពនោះទេ លើកលែងតែនៅតំបន់អាហ្វ្រិកប៉ុណ្ណោះ។ នៅពេលដែលលោក ប្រាយុទ្ធ បានផ្តួលរំលំរដ្ឋាភិបាលក្នុងឆ្នាំ ២០១៤ រដ្ឋប្រហារយោធាបានកើតឡើងនៅក្នុងប្រទេស Lesotho និង Gambia ។ នៅពេលដែលលោក Hlaing បានឡើងកាន់អំណាចក្នុងខែកុម្ភៈ ឆ្នាំ ២០២១ គេឃើញមានរដ្ឋប្រហារយោធាចំនួន ៤ បានធ្វើឡើងដោយជោគជ័យ នៅក្នុងប្រទេស Chad, Mali, Guinea និង Sudan។

បើតាមការបញ្ជាក់ របស់លោកឧបនាយក រដ្ឋមន្ត្រី Prawit Wongsuwan ដែលជាអតីតមេទ័ព និងជាអ្នកគាំទ្រដ៏មានឥទ្ធិពលនៃគ្រួសាររាជវង្សថា លោក ប្រាយុទ្ធ ប្រហែលជាត្រូវចុះចេញពីតំណែងនៅមុនអាណត្តិរបស់លោក ដែលនឹងបញ្ចប់ក្នុងខែមីនា ឆ្នាំ ២០២៣ ខាងមុខ។

បន្ទាប់ពីកិច្ចប្រជុំជាមួយមេដឹកនាំនៃសមាជិកទាំង ១៧ នៃសម្ព័ន្ធគណបក្សកាន់អំណាចដើម្បីពិភាក្សាអំពីការរំលាយសភា លោក Prawit បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍មុនថា ការបោះឆ្នោតជាតិអាចនឹងត្រូវធ្វើឡើង នៅក្នុងខែវិច្ឆិកាខាងមុខ។

លោក Prayut មិន​បាន​ឆ្លើយ​តបទៅ​នឹង​ផែនការ​បោះ​ឆ្នោត​មុន​កាល​កំណត់​នេះទេ ដែលប្រហែលជាលោកនៅតែចង់គ្រប់គ្រងប្រទេសក្នុងរយៈពេល ៤ ឆ្នាំបន្តទៅទៀត ព្រោះរដ្ឋធម្មនុញ្ញឆ្នាំ ២០១៧ របស់ថៃ បានអនុញ្ញាតឱ្យនាយករដ្ឋមន្ត្រីម្នាក់អាចជាប់ឆ្នោតបានមួយអាណត្តិទៀត។

គណបក្សប្រឆាំងនិងក្រុមបាតុករតាមដងផ្លូវ បានធ្វើការតវ៉ាថា លោក ប្រាយុទ្ធ នឹងមិនអាចជាប់ឆ្នោតឡើងវិញបានទេ ដោយសារតែលោកបានធ្វើជានាយករដ្ឋមន្ត្រីតាំងពីខែសីហា ឆ្នាំ ២០១៤ មកម៉្លេះ។

រាជវង្ស​របស់ថៃ​ត្រូវ​តែសម្របខ្លួន​ឲ្យ​ស្រប​តាម​ឆន្ទៈ​របស់​ប្រជាជន ជាពិសេស​គឺយុវជន​ជំនាន់​ក្រោយ។ ក្រោមការដឹកនាំរបស់ព្រះបាទ Bhumibol Adulyadej ដែលបានគ្រប់គ្រងប្រទេសអស់រយៈពេលជាច្រើនឆ្នាំ រហូតដល់ទ្រង់សោយទិវង្គតកាលពីថ្ងៃទី ១៣ តុលា ឆ្នាំ ២០១៦ ព្រះមហាក្សត្រថៃត្រូវបានប្រជាជនគោរពស្រឡាញ់យ៉ាងខ្ពង់ខ្ពស់បំផុត។ រីឯព្រះមហាក្សត្រស្នងរាជ្យបន្តពីព្រះអង្គ គឺព្រះបាទ Maha Vajiralongkorn មិនអាចប្រជែងនឹងប្រជាប្រិយភាព និងគុណធម៌នៃព្រះបិតាទ្រង់បានទេ។

ព្រះបាទ Maha Vajiralongkorn ហាក់បានសម្របព្រះកាយព្រះអង្គទៅនឹងស្ថានភាពថ្មីនេះ ប៉ុន្តែ​ឥស្សរជន​យោធា និងអ្នក​នយោបាយគ្រាក់ៗរបស់ថៃ ហាក់​មិន​ទាន់​បានត្រៀម​ខ្លួន​នៅឡើយទេ សម្រាប់​ការ​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​បែប​នេះ​។

ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​ខាងក្រៅ​ប៉ុណ្ណោះ ប៉ុន្តែ​វា​ច្បាស់​ណាស់​ថា ក្មេង​ជំនាន់​ក្រោយ​របស់​ប្រទេស​ថៃ​ សុទ្ធតែប្រាថ្នា​ចង់​បាន​លទ្ធិប្រជាធិបតេយ្យ។ ពួកគេមិនចង់បានរដ្ឋប្រហារនោះទេ បើទោះបីជាប្រព័ន្ធបោះឆ្នោតរបស់ពួក
គេ មិនល្អឥតខ្ចោះយ៉ាងណាក៏ដោយ។

លោក Prayut គួរតែយល់ដឹងអំពីរឿង នេះ ហើយត្រូវចុះចេញពីដំណែងមុនពេលដែលវាយឺតពេល។ សម្រាប់​ឧត្តមសេនីយ៍មីយ៉ាន់ម៉ាវិញ ពួកគេក៏​ត្រូវយល់ដឹងដែរ​ថា ​ប្រជាជន​មីយ៉ាន់ម៉ាលែងមាន​ការ​អត់ធ្មត់តទៅទៀតហើយ៕ The Jakarta Post

អត្ថបទទាក់ទង