ខ្មែរប៉ុស្ដិ៍ Close

ប្រទេសចិនបានធ្វើយោធាតូបនីយកម្មពេញលេញ នៅលើកោះមួយចំនួនក្នុងសមុទ្រចិនខាងត្បូង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 61
ប្រទេសចិនបានធ្វើយោធាតូបនីយកម្មពេញលេញ នៅលើកោះមួយចំនួនក្នុងសមុទ្រចិនខាងត្បូង ប្រទេសចិនបានធ្វើយោធាតូបនីយកម្មពេញលេញ នៅលើកោះមួយចំនួនក្នុងសមុទ្រចិនខាងត្បូង

ខណៈដែលអន្តរជាតិកំពុងតែផ្តោតចំណាប់អារម្មណ៍ទៅលើសង្គ្រាមនៅអ៊ុយក្រែន ប្រទេសចិនបានធ្វើយោធាតូបនីយកម្មពេញលេញលើកោះចំនួន៣ ដែលខ្លួនបានគ្រប់គ្រងនៅក្នុងសមុទ្រចិនខាងត្បូង ។

ដោយសម្លឹងមើលពីលើយន្តហោះល្បាត P-8 Poseidon នៅក្នុងសមុទ្រចិនខាងត្បូង មេបញ្ជាការអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកលោក John Aquilino បាននិយាយនៅថ្ងៃ ទី២០ ខែមីនាថា «ប្រទេសចិនបានធ្វើយោធាតូបនីយកម្មពេញលេញលើកោះយ៉ាងតិចចំនួន៣ ដែលខ្លួនបានសាងសង់នៅក្នុងសមុទ្រចិនខាងត្បូង និងបានបំពាក់នូវប្រព័ន្ធមីស៊ីលប្រឆាំងនាវា និងយន្តហោះ, ឧបករណ៍ឡាហ្សែ និងប្រព័ន្ធបិទខ្ទប់ និងយន្តហោះចម្បាំង ដែលនេះគឺជាទង្វើកាន់តែឈ្លានពាន និងជាការបង្កការគំរាមកំហែងដល់ប្រទេសជិតខាងដែលកំពុងតែធ្វើប្រតិបត្តិការនៅទីនោះ»។

លោក Aquilino បានឱ្យដឹងទៀតថា ទីតាំងយោធារបស់ប្រទេសចិននៅលើ កោះ Mischief Reef, Subi Reef និង Fiery Cross Reef បានធ្វើរួចរាល់អស់ហើយ ខណៈគេមិនទាន់ដឹងថា តើប្រទេសចិននឹងចាប់ផ្តើមសាងសង់ទីតាំងយោធាបន្ថែម នៅក្នុងកោះណាមួយបន្ថែមទៀតនៅឡើយនោះទេ។

ឧត្តមសេនីយ៍ Aquilino បានបន្ថែមថា «កោះទាំងនោះមានតួនាទីដើម្បីពង្រីកសមត្ថភាពវាយលុករបស់ប្រទេសចិនឱ្យបានកាន់តែឆ្ងាយ ហើយក៏អាចនឹងអនុញ្ញាតឱ្យប្រទេសចិនអាចធ្វើការហោះហើរយន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក បូករួមនឹងបើកការវាយប្រហារប្រព័ន្ធមីស៊ីលចេញពីទីតាំងកោះទាំងនោះបានថែមទៀតផង»។

លោក Aquilino បានគូសបញ្ជាក់ទៀតថា យន្តហោះពាណិជ្ជកម្ម និងយន្តហោះយោធាដែលបានហោះក្បែរទីតាំងកោះទាំងនោះនឹងស្ថិតក្នុងចម្ងាយដែលអាវុធរបស់ប្រទេសចិនអាចបាញ់ដល់ ដែលនេះគឺជាការគំរាមដល់ប្រទេសទាំងអស់ដែលកំពុងតែធ្វើប្រតិបត្តិការនៅក្បែរកោះទាំងនោះ។

នៅក្នុងអំឡុងពេលនៃការល្បាតរបស់យន្តហោះ P-8 Poseidon មានសេចក្តីរាយការណ៍អំពីការរំខានម្តងហើយម្តងទៀត ពីសំណាក់ប្រព័ន្ធវិទ្យុទាក់ទងរបស់ចិន ដែលបានផ្តល់ការព្រមានយ៉ាងខ្លាំងៗថា «ប្រទេសចិនមានអធិបតេយ្យទៅលើប្រជុំកោះ Spratly Islands ក៏ដូចជាតំបន់ដែនទឹកនៅជុំវិញនោះ។ ដូចនេះសូមចាកចេញជាបន្ទាន់ដើម្បីចៀសវាងការយល់ច្រឡំ»។

បុគ្គលិករបស់យន្តហោះ P-8 Poseidon បានឆ្លើយតបទៅវិញថា «ខ្ញុំគឺនាវិករបស់យន្តហោះរបស់អាមេរិកដែលមានសិទ្ធិធ្វើប្រតិបត្តិការយោធាស្របច្បាប់ លើសពីដែនអាកាសជាតិរបស់ប្រទេសដែលស្ថិតនៅជាប់ឆ្នេរសមុទ្រទាំងឡាយ» ។

ខណៈប្រទេសចិននៅតែរក្សាការអះអាងរបស់ខ្លួនថា ការពង្រីកយោធានៅក្នុងដែនទឹក ដែលកំពុងមានជម្លោះទាំងនេះគឺគ្រាន់តែជាការបង្កើនការការពារចំពោះអធិបតេយ្យរបស់ខ្លួននោះ ការធ្វើយោធាតូបនីយកម្ម នៅពេលថ្មីៗនេះគឺជាការដើរផ្ទុយគ្នាស្រឡះ ទៅនឹងការធានាអះអាងកាលពីមុនរបស់ប្រធានាធិបតីចិន លោក Xi Jinping ដែលធ្លាប់និយាយថា «ប្រទេសចិននឹងមិនធ្វើកែប្រែកោះដែលខ្លួនកំពុងគ្រប់គ្រងឱ្យទៅជាមូលដ្ឋានយោធានោះទេ»។

កម្មវត្ថុរបស់ប្រទេសចិននៅក្នុងសមុទ្រចិនខាងត្បូងត្រូវគេសន្និដ្ឋានថា មានមូលហេតុសំខាន់ៗចំនួន ៣។

  • ទី១ ៖ ចិនចង់កែប្រែសមុទ្រចិនខាងត្បូងឱ្យទៅជាទីតាំងសម្រាប់ដាក់នាវាមុជទឹកបំពាក់ដោយមីស៊ីលនុយក្លេអែររបស់ខ្លួនសម្រាប់ធ្វើប្រតិបត្តិការនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចដើម្បីធានាដល់ការទប់ស្កាត់អាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងសហរដ្ឋអាមេរិក។
  • ទី២ ៖ ប្រទេសចិនមានបំណងកែប្រែសមុទ្រចិនខាងត្បូងឱ្យទៅជាតំបន់ទ្រនាប់ (buffer zone) រវាងខ្លួន និងអាមេរិកនៅក្នុងហេតុការណ៍ជម្លោះនៅច្រកសមុទ្រតៃវ៉ាន់។
  • ទី៣ ៖ ប្រទេសចិនចង់គ្រប់គ្រងទៅលើធនធានក្រោមទឹកនៅក្នុងសមុទ្រចិនខាងត្បូងដែលមានដូចជា ប្រេង ឧស្ម័ន និងជលផល ក៏ដូចជាដើម្បីធានាការពារដល់ច្រកពាណិជ្ជកម្មផ្លូវសមុទ្ររបស់ខ្លួនផងដែរ។

ប្រទេសចិនបានចាត់ទុកកោះតៃវ៉ាន់ថា ជាការគំរាមដ៏ធំបំផុតចំពោះផលប្រយោជន៍ស្នូលរបស់ខ្លួន ដោយសារតែកោះតៃវ៉ាន់មិនស្ថិតនៅក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្ត។ ចិនបានចាត់ទុកកោះតៃវ៉ាន់ថា ជាខេត្តផ្តាច់ខ្លួនមួយដែលគួរតែត្រូវបានបង្រួបបង្រួមជាមួយនឹងចិនដីគោកវិញ។

ស្តង់ដាររស់នៅដ៏ខ្ពស់របស់កោះតៃវ៉ាន់ក៏បានក្លាយជាបញ្ហាប្រឈមផងដែរសម្រាប់គោលនយោបាយសេដ្ឋកិច្ច និងអភិបាលកិច្ចរបស់ថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តចិន ព្រោះបើទោះបីជាប្រទេសចិនកំពុងតែមានកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងក្លានៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះក៏ដោយ ក៏នៅមានពលរដ្ឋចិនជាង ៦០០ លាននាក់ នៅតែត្រូវបានគេចាត់ទុកថា កំពុងរស់នៅក្នុងភាពក្រីក្រនៅឡើយ។

ប្រទេសចិនបានចាប់ផ្តើមធ្វើយោធាតូបនីយកម្មលើកោះរបស់ខ្លួននៅក្នុងតំបន់សមុទ្រចិនខាងត្បូងតាំងពី ២ ទសវត្សរ៍មុនមកម្លេះ ដែលសកម្មភាពនេះពិតជាបានធ្វើឱ្យសហរដ្ឋអាមេរិក, ប្រទេសសម្ព័ន្ធមិត្តខ្លួននៅតំបន់ប៉ាស៊ីហ្វិក រួមទាំងបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានជាប់ពាក់ព័ន្ធនឹងជម្លោះដែនសមុទ្រនេះមានការខកចិត្តជាខ្លាំង។

ខណៈដែលសហរដ្ឋអាមេរិកនិងបណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងធ្វើប្រតិបត្តិការនាវាចរណ៍ ដោយសេរីភាព (FONOPS) ជាប្រចាំនៅក្នុងសមុទ្រចិនខាងត្បូងនោះ ការឆ្លើយតប របស់បណ្តារដ្ឋនៅតំបន់អាស៊ីអាគ្នេយ៍នៅតែបន្តមានភាពខុសៗគ្នានៅឡើយ៕ Asia Times