ចិននឹងបញ្ចេញលុយ៤០ពាន់លានអឺរ៉ូសម្រាប់ជួយក្រុមហ៊ុនដែលប្រយុទ្ធប្រឆាំងនឹងកូរ៉ូណាវីរុស
នៅ មួយសប្តាហ៍ក្រោយ ប្រកាសបញ្ចេញសាច់ប្រាក់ ១៥៦ពាន់លានអឺរ៉ូ សម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ចជាតិចិន ដែលដើរអូសជើង ដោយសារជំងឺរាតត្បាតកូរ៉ូណាវីរុសថ្មី ធនាគារកណ្តាលចិន កាលពីថ្ងៃអាទិត្យទី៩កុម្ភៈ បានប្រកាសបញ្ចេញថវិកា ៤០ពាន់លានអឺរ៉ូ សម្រាប់សំដៅជួយក្រុមហ៊ុនដែលចូលរួមដោយផ្ទាល់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូរ៉ូណាវីរុសថ្មី ដែលបានសម្លាប់មនុស្ស៨១១នាក់ គឺច្រើនជាង ជំងឺសារស៍ កាលពីឆ្នាំ ២០០៣ ទៅទៀត។
ចាប់ពីថ្ងៃចន្ទ ទី១០កុម្ភៈនេះទៅ ធនាគារកណ្តាលចិន និងបញ្ចេញមូលនិធិពិសេស មួយភាគដំបូង ទៅឲ្យស្ថាប័នហិរញ្ញវត្ថុដែលជាអ្នកផ្តល់ប្រាក់កម្ចី បន្តទៅឲ្យ ដល់ក្រុមហ៊ុន សំខាន់ៗ ដែលចូលរួម ក្នុងការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតកូរ៉ូណាវីរុស។
នៅក្នុងវិបសៃតិ៍របស់ធនាគារកណ្តាលចិន ទេសាភិបាលរងរបស់ធនាគារ Liu Guoquiang បានបញ្ជាក់ថា ធនាគារជាតិចំនួន ៩ ហើយនិងធនាគារថ្នាក់មូលដ្ឋាន ក្នុងខេត្តក្រុងចំនួន១០ ដែលនៅក្នុងនោះ មានផងដែរ ខេត្តហ៊ូពេ និងទីក្រុងប៉េកាំង ជាដើម ត្រូវបំពេញលក្ខខណ្ឌ ដើម្បីអាចទទួលបានមូលនិធិពិសេសរបស់ធនាគារកណ្តាល។ តាមទេសាភិបាលរងរបស់ធនាគារកណ្តាលចិន ស្ថាប័នហិរញ្ញវត្ថុ ត្រូវរួសរាន់ការងារ ដើម្បីអាចផ្តល់ប្រាក់ឥណទាន ក្នុងរយៈពេល ២ថ្ងៃខាងមុខ។ មន្រ្តីធនាគារកណ្តាលចិន ព្រមានផងដែរ ពីការពិន័យ ដាក់ទោសអ្នកដែលបន្លំ ប្រើប្រាស់មូលនិធិមិនចំគោលដៅ។
នៅក្នុងរយៈពេល តែមួយសប្តាហ៍ ធនាគារកណ្តាលចិន បានចេញមុខ ប្រកាសដល់ទៅ២ លើក ដើម្បី បញ្ចេញសាច់ប្រាក់ ជួយ ទ្រទ្រង់កំណើនសេដ្ឋកិច្ចចិន ដែលត្រូវអ្នកជំនាញវាយតម្លៃថា នឹងអាចបាត់បង់ ២ពិន្ទុ នៅត្រីមាសទី១ ដើមឆ្នាំនេះ ដោយសារតែជំងឺរាតត្បាតកូរ៉ូណាវីរុសប្រភេទថ្មី។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២កុម្ភៈ ដើមសប្តាហ៍មុន ធនាគារកណ្តាលចិន ទើបប្រកាសបញ្ចេញថវិកា ១៧៣ពាន់លានដុល្លារ ទៅក្នុងទីផ្សារហិរញ្ញវត្ថុ ដើម្បីចូលរួមក្នុងប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណាថ្មី។
មេរោគកូរ៉ូណាថ្មី ដែលបានសម្លាប់មនុស្ស ៨១៣នាក់ និងចម្លងទៅមនុស្សជាង ៣៤ ៤០០នាក់ នៅក្នុងពិភពលោកបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចចិន និងសេដ្ឋកិច្ចពិភពលោក។ វិធានការបិទទីក្រុង ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលរបស់មេរោគកូរ៉ូណា បានប៉ះពាល់ដល់ជីវិតរស់នៅ និងសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសចិន។ រោងចក្រ ផ្សារជំនួញ ភោជនីយដ្ឋាន និងរមណីយដ្ឋានទេសចរណ៍ជាច្រើនកន្លែងត្រូវបានបិទទ្វារ ២សប្តាហ៍មកហើយ ដើម្បី ជៀសវាង ការឆ្លងរាតត្បាតរបស់មេរោគកូរ៉ូណា។
RFI