ខ្មែរប៉ុស្ដិ៍ Close

តើការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន អាចបង្កនូវផលប៉ះពាល់ដល់សេដ្ឋកិច្ចអាស៊ានដូចម្តេចខ្លះ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 64
តើការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន អាចបង្កនូវផលប៉ះពាល់ដល់សេដ្ឋកិច្ចអាស៊ានដូចម្តេចខ្លះ? តើការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន អាចបង្កនូវផលប៉ះពាល់ដល់សេដ្ឋកិច្ចអាស៊ានដូចម្តេចខ្លះ?

ខណៈពេលដែលទណ្ឌកម្មសេដ្ឋកិច្ចបាននិងកំពុងត្រូវបានបង្កើនលើប្រទេសរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានលើប្រទេសអ៊ុយក្រែន យើងអាចរំពឹងទុកមុនបានថា «ការធ្លាក់ចុះនៃសេដ្ឋកិច្ចនឹងបង្កនូវផលប៉ះពាល់ដល់សេដ្ឋកិច្ចអាស៊ាននៅក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត»។

ភាពមិនប្រាកដប្រជាជាច្រើនបានកើតមាន នៅពេលនិយាយដល់បញ្ហានេះ។ ក៏ប៉ុន្តែយើងអាចដឹងអំពីតម្រុយខ្លះៗពាក់ព័ន្ធនឹងផលប៉ះពាល់ដែលអាចនឹងកើតមាន។

ប្រទេសនៅក្នុងតំបន់មានទំនាក់ទំនងជាមួយសេដ្ឋកិច្ចរុស្ស៊ី នៅក្នុងកម្រិតនិងប្រភេទខុសៗគ្នា។ ក៏ប៉ុន្តែ បើនិយាយឱ្យទូលាយទៅ យើងអាចរំពឹងទុកបានថា «តម្លៃចំណីអាហារ និងថាមពលនឹងបន្តកើនឡើងកាន់តែ
ខ្ពស់ បូករួមនឹងការរាំងស្ទះមួយចំនួននៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ដែលនឹងបង្កផលប៉ះពាល់ដល់ប្រទេសនៅក្នុងតំបន់ទាំងមូលក្នុងរបៀបផ្សេងៗគ្នា»។

សំណួរដ៏លំបាកឆ្លើយមួយទៀតគឺ «តើគេគួរចាត់វិធានការយ៉ាងដូចម្តេចចំពោះការបណ្តាក់ទុនរួមគ្នាជាច្រើនរវាងក្រុមហ៊ុនថាមពលធំៗរបស់រុស្ស៊ី ជាមួយនឹងក្រុមហ៊ុនរដ្ឋធំៗនៅក្នុងប្រទេសមួយចំនួនដូចជាឥណ្ឌូណេស៊ី, ម៉ាឡេស៊ី និងវៀតណាម»។

រុស្ស៊ីគឺជាប្រទេសនាំចេញថាមពលដ៏ធំបំផុតមួយ ក៏ប៉ុន្តែផលប៉ះពាល់ផ្ទាល់នៅក្នុងវិស័យនេះកំពុងស្ថិតនៅក្នុងកម្រិតតិចតួចនៅឡើយ។ ផ្អែកលើទិន្នន័យពាណិជ្ជកម្មពី Atlas Economic Complexity «ប្រទេសសិង្ហបុរីបាន នាំចូលប្រេងសាំងចំរាញ់រួចចំនួន ៣៩,៨ ពាន់លានដុល្លារនៅឆ្នាំ២០១៩ ក៏ប៉ុន្តែប្រភពដែលមកពីរុស្ស៊ីគឺមានចំនួនត្រឹមតែ ៥,៧% ប៉ុណ្ណោះ»។

ប្រទេសថៃក៏ស្ថិតនៅក្នុងស្ថានភាពស្រដៀងគ្នានេះដែរ ដោយក្នុងនោះ ការនាំចូលប្រេងឆៅ មានចំនួន ១៦,៦ ពាន់លានដុល្លារនៅឆ្នាំ ២០១៩ ក៏ប៉ុន្តែប្រភពដែលមកពីរុស្ស៊ីគឺមានចំនួនត្រឹមតែ ៣,៣%ប៉ុណ្ណោះ។ វៀតណាមដែលមានការនាំចូលធ្យូងថ្មចំនួន ១៥% ពីរុស្ស៊ី អាចរងនូវផលប៉ះពាល់ច្រើនជាងគេ បើទោះបីជាប្រទេសអូស្ត្រាលី និងឥណ្ឌូណេស៊ីអាចជួយបង្កើនការនាំចេញដើម្បីបំពេញកង្វះខាតនេះក៏ដោយ។

ទោះជាយ៉ាងណាក៏ដោយ តម្លៃថាមពលបានស្ថិតនៅក្រោមសម្ពាធអស់រយៈពេលជាច្រើនខែមកហើយ។ ការឈ្លានពានរបស់រុស្ស៊ីបាននិងកំពុងធ្វើឱ្យតម្លៃទាំងនោះកើនឡើងកាន់តែខ្ពស់ថែមទៀត។

តម្លៃម្ហូបអាហារ ដែលកំពុងកើនឡើងនៅទូទាំងពិភពលោក ដោយសារតែសម្ពាធអតិផរណា ក៏អាចនឹងកើនឡើងកាន់តែខ្ពស់ជាងមុនផងដែរ ដោយសារការឈ្លានពាននៅពេលនេះ ហើយបណ្តាប្រទេសអាស៊ាននឹងត្រូវទទួលរងនូវផលប៉ះពាល់ដោយផ្ទាល់មួយចំនួន។

នៅឆ្នាំ ២០១៩ ប្រទេសឥណ្ឌូណេស៊ី បាននាំចូលស្រូវសាឡី ប្រមាណ ២,០៥ ពាន់លានដុល្លារ ដោយក្នុងនោះ មានជាង ១/៤ មកពីរុស្ស៊ី និងអ៊ុយក្រែន។ ហ្វីលីពីនបាននាំចូលស្រូវសាឡីចំនួន ១,៤៥ ពាន់លានដុល្លារ ដោយក្នុងនោះមានជិត ១៦% នាំចូលមកពី រុស្ស៊ី និងអ៊ុយក្រែន ហើយប្រទេសជាច្រើនទៀតនៅក្នុងតំបន់ ក៏កំពុងស្ថិតក្នុងស្ថានភាពស្រដៀងគ្នាផងដែរ។

បើទោះបីជាស្ថាប័នរដ្ឋខ្លះបានបង្កើនការស្តុកស្បៀងអាហារទុក ដូចជាស្រូវសាឡីនេះជាដើម ដើម្បីត្រៀមទប់ទល់នឹងការរាំងស្ទះការផ្គត់ផ្គង់ដូចនៅពេលនេះក៏ដោយ ក៏គេនឹងមិនអាចបន្តបន្ធូរបន្ថយសម្ពាធតម្លៃបានសម្រាប់រយៈពេលវែងនោះទេ ហើយវាក៏អាចនឹងបង្កការខាតបង់ដល់វិស័យហិរញ្ញវត្ថុសាធារណៈផងដែរ។

បញ្ហាមួយទៀតគឺ «រុស្ស៊ីនិងបេឡារុសគឺជាអ្នកផ្គត់ផ្គង់ដ៏ធំនូវជីប៉ូតាសរបស់ប្រទេសឥណ្ឌូណេស៊ី» ហើយនៅពេលការនាំចូលនូវទំនិញទាំងនេះរងនូវការរាំងស្ទះ វាអាចនឹងធ្វើឱ្យតម្លៃម្ហូបអាហារហក់ឡើងខ្ពស់។

ឧស្សាហកម្មរោងចក្រក៏ទំនងជានឹងទទួលរងផលប៉ះពាល់ផងដែរ។ ប្រទេសរុស្ស៊ីនិងអ៊ុយក្រែន គឺជាអ្នកផ្គង់ផ្គង់ដ៏ធំនៃរ៉ែដែកពាក់កណ្តាលសម្រេច ដែលជាវត្ថុធាតុដើមដ៏សំខាន់នៅក្នុងឧស្សាហកម្មរថយន្ត, គ្រឿងម៉ាស៊ីន និងអេឡិចត្រូនិក។ នៅឆ្នាំ ២០១៩ ប្រទេសថៃបានទិញដែកថែបពាក់កណ្តាលសម្រេចចំនួន ២១,៤% ពីរុស្ស៊ីនិងអ៊ុយក្រែន ខណៈដែលឥណ្ឌូណេស៊ីបានបញ្ជាទិញចំនួន ២៥% ហើយប្រទេសហ្វីលីពីនក៏បានបញ្ជាទិញក្នុងចំនួនដ៏ច្រើនផងដែរ។

ផលិតកម្មក្នុងស្រុកអាចត្រូវបានបង្កើនដើម្បីបំពេញចន្លោះខ្វះខាតទាំងនេះ ហើយប្រទេសដែលជាអ្នកផលិត ដូចជាជប៉ុន ក៏អាចបង្កើនទិន្នផលរបស់ខ្លួនផងដែរ។ ប៉ុន្តែ ខ្សែចង្វាក់ផ្គត់ផ្គង់ដ៏លំបាកបែបនេះ អាចនឹងនៅតែជះឥទ្ធិពលអវិជ្ជមានខ្លះលើវិស័យរោងចក្រ។

ខ្សែច្រវ៉ាក់ផ្គត់ផ្គង់គួរតែមានភាពធន់ជាងនេះ។ ដោយការនាំចេញរបស់រុស្ស៊ីត្រូវបានផ្តាច់ចេញពីទីផ្សារ ប្រទេសនាំចេញផ្សេងទៀតត្រូវតែបង្កើនទិន្នផល បើទោះបីជាតម្លៃទំនិញអាចនឹងកើនឡើងខ្ពស់នៅក្នុងរយៈពេលខ្លីនេះក៏ដោយ។ នៅក្នុងប្រទេសអាស៊ានជាច្រើន សម្ពាធលើតម្លៃស្បៀងអាហារប្រចាំថ្ងៃ ត្រូវបានទប់ឱ្យស្ថិតនៅក្នុងកម្រិតសមស្របមួយ ដោយសារការធ្វើអន្តរាគមន៍ពីរដ្ឋ, ការឧបត្ថម្ភធន បូករួមនឹងយន្តការផ្សេងៗទៀត។

សំណួរដែលកាន់តែស្មុគស្មាញផ្នែកនយោបាយគឺ «តើក្រុមហ៊ុនរដ្ឋដែលបានវិនិយោគប្រាក់រាប់សិបពាន់លានដុល្លាររួមគ្នាជាមួយក្រុមហ៊ុនថាមពលរុស្ស៊ីនឹងចាត់វិធានការបែបណា»? សម្ពាធកាន់តែខ្លាំងកំពុងកើតមានដែលអាចឈានទៅដល់ការបោះបង់ចោលភាពជាដៃគូធុរកិច្ចជាមួយក្រុមហ៊ុនរុស្ស៊ីទៀតផង។

ក្រុមហ៊ុន Shell បានប្រកាសកាលពីសប្តាហ៍មុនថា «ខ្លួននឹងដកខ្លួនចេញពីគម្រោងមួយជាមួយក្រុមហ៊ុន Gazprom របស់រុស្ស៊ី បើទោះបីជាត្រូវប្រឈមមុខនឹងការខាតបង់រហូតដល់ ៣ ពាន់លានដុល្លារក៏ដោយ»។ ក៏ប៉ុន្តែ បណ្តាក្រុមហ៊ុននៅអាស៊ានមួយចំនួន មិនទាន់បានបង្ហញនូវ ភាពអន្ទះសារក្នុងការដកខ្លួនចេញបែបនេះទេ។

ក្រុមហ៊ុនប្រេង និងឧស្ម័នម៉ាឡេស៊ី «Petronas» រួមនឹងក្រុមហ៊ុនដៃគូ «Gazprom» ក៏ដូចជាក្រុមហ៊ុនដៃគូមកពីកូរ៉េ និងទួកគី មានចំណែកទុន ១៥% នៅក្នុងអណ្តូងប្រេង Badra របស់អ៊ីរ៉ាក់។ ក្រុមហ៊ុន Petronas បាននិយាយរួចហើយថា «ពួកគេនឹងមិនដកខ្លួនចេញពីការបណ្តាក់ទុនរួមគ្នានៅពេលនេះទេ»។

ក្រុមហ៊ុន Vietsovpetro ដែលជាការបណ្តាក់ទុនរួម រវាងក្រុមហ៊ុន «Zarubezhneft» របស់រុស្ស៊ី និងក្រុមហ៊ុនរដ្ឋវៀតណាម «Vietpetro» គឺជាក្រុមហ៊ុនថាមពលដ៏ធំបំផុតមួយនៅវៀតណាម ដែលជាប្រទេសមានទំនាក់ទំនងសេដ្ឋកិច្ចដ៏យូរលង់ជាមួយរុស្ស៊ី។

នៅឥណ្ឌូណេស៊ី ក្រុមហ៊ុនរដ្ឋ «Pertamina» កំពុងអភិវឌ្ឍរោងចក្រចំរាញ់ប្រេងក្នុងស្រុកមួយដែលក្រុមហ៊ុន «Rosneft» របស់រុស្ស៊ីមានភាគហ៊ុន ៤៥%។ គម្រោងនោះមានតម្លៃសរុបប្រមាណ ១៤,៨ ពាន់លានដុល្លារ ហើយវាត្រូវបានគេរំពឹងថានឹងជួយបង្កើនសមត្ថភាពចំរាញ់ប្រេងក្នុងស្រុកដ៏សំខាន់នៅពេលសាងសង់រួច។

ជារួម ប្រទេសភាគច្រើននៅក្នុងតំបន់មិនសូវមានទំនាក់ទំនងដោយផ្ទាល់ច្រើនជាមួយថាមពលរបស់រុស្ស៊ីទេ។ ក៏ប៉ុន្តែប្រទេសជាច្រើនអាចជួបប្រទះនឹងភាពរអាក់រអួលនៅក្នុងការផ្គត់ផ្គង់វត្ថុធាតុដើមនៅក្នុងវិស័យរោងចក្រសំខាន់ៗ ក៏ដូចជាផលិតផលកសិកម្ម។

ប្រទេសផ្សេងទៀតមានជាប់ពាក់ព័ន្ធនឹងការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនរុស្ស៊ីដែលអាចជួបប្រទះនឹងការពិបាកក្នុងការដកខ្លួនចេញ ហើយទាំងនេះអាចជាមូលហេតុ​ដែលរារាំង​អាស៊ានពីការប្រកាន់​ជំហរម៉ឺងម៉ាត់ លើ​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ ​យើង​សង្ឃឹម​ថា​ «បញ្ហាទាំងនេះ​នឹង​ចប់​នៅក្នុងពេលឆាប់ៗ​ខាងមុខ»៕ The Diplomat

អត្ថបទទាក់ទង