ខ្មែរប៉ុស្ដិ៍ Close

សេដ្ឋកិច្ចអវកាស ៖ តើវាជាឱកាសសម្រាប់កិច្ចសហការរវាងសហភាពអឺរ៉ុប-អាស៊ានឬ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 133
សេដ្ឋកិច្ចអវកាស ៖ តើវាជាឱកាសសម្រាប់កិច្ចសហការរវាងសហភាពអឺរ៉ុប-អាស៊ានឬ? នេះជាវីដេអូបន្តផ្ទាល់របស់ក្រុមហ៊ុន NASA ដែលបង្ហាញអំពីយាន SpaceX Falcon 9 ទី ៤ បន្ទាប់ពីចូលដល់ស្រទាប់បរិយាកាសនៃផែនដី។ ថ្មីៗនេះ ហ្វីលីពីនបានក្លាយជាប្រទេសអាស៊ានដំបូងគេដែលបានប្រកាសថា ពួកគេនឹងបើកទ្វារស្វាគមន៍ក្រុមហ៊ុនអ៊ីនធឺណិត Starlink ។ រូបថត៖ NASA/AFP

អវកាសអាចជាអាណាចក្រដ៏ត្រជាក់ និងស្ថិតនៅសែនឆ្ងាយ ក៏ប៉ុន្តែវិធីសាស្រ្តចម្រុះសម្រាប់ការរុករកនៅក្រៅភពអាចបង្កើតជាឱកាសថ្មីៗសម្រាប់ការសហការ និងភាពជាដៃគូនៅលើផែនដី។ ស្មារតីនៃសហប្រតិបត្តិការបែបនេះគឺជាចំណុចដ៏សំខាន់នៃកិច្ចប្រជុំកំពូល ដើម្បីរំលឹកខួបអនុស្សាវរីយ៍រវាងសហភាពអឺរ៉ុបនិងអាស៊ានកាលពីខែធ្នូ ឆ្នាំ ២០២២ នៅទីក្រុងប្រ៊ុចសែល។

ការស្រាវជ្រាវទាក់ទងនឹងលំហអាកាសមិនទាន់មាននៅក្នុងរបៀបវារៈនោះទេ ក៏ប៉ុន្តែវាអាចនឹងត្រូវបានបញ្ចូលនៅពេលអនាគត។ វិធីសាស្រ្តសម្រាប់ការរុករករួមគ្នានៅព្រំដែនចុងក្រោយនេះ នឹងបង្កើតឱ្យមានឱកាសដ៏សំខាន់សម្រាប់ភាពជាដៃគូនៅទូទាំងតំបន់, ការគាំទ្រដល់ការតភ្ជាប់របស់មនុស្ស, ការផ្ទេរចំណេះដឹង, កិច្ចសហប្រតិបត្តិការអាជីវកម្ម និងការបង្កើននូវការយោគយល់គ្នាទៅ វិញទៅមករវាងសហភាពអឺរ៉ុប និងអាស៊ាន។

នៅពេលបច្ចុប្បន្ន ការសហការគ្នាលើការស្រាវជ្រាវអវកាសកំពុងកើតឡើងនៅក្នុងករណីខុសៗគ្នា។ ការបង្កើតវិធីសាស្រ្តមួយចំនួនដូចជាតាមរយៈទីភ្នាក់ងារអវកាសរួមគ្នានឹងជួយជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហភាពអឺរ៉ុប ដែលអាចអនុញ្ញាតឱ្យមានភាពជាដៃគូចម្រុះរវាងស្ថាប័នសាធារណៈ និងឯកជន។

ការបង្កើតក្រុមសហប្រតិបត្តិការអន្តរជាតិរវាងសហភាពអឺរ៉ុបនិងអាស៊ាន នឹងក្លាយជាចំណុចចាប់ផ្តើមដ៏ល្អមួយក្នុងការបង្កើនទំនាក់ទំនងរវាងតំបន់ទាំង២ តាមរយៈកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រនិងការផ្លាស់ប្តូរទិន្នន័យ។ ឧទាហរណ៍នៃក្រុមសហការបែបនេះគឺ «អង្គការសហប្រតិបត្តិការអវកាសអាស៊ីប៉ាស៊ីហ្វិក» (APSCO) ដែលដឹកនាំដោយប្រទេសចិន និងការិយាល័យរបស់អង្គការសហប្រជាជាតិសម្រាប់កិច្ចការអវកាស។

វិធានការបែបនេះអាចឈានទៅបង្កើតបានជា «ប្លុកអវកាស» ដែលដំបូងអាចនឹងកើតមាននៅក្នុងរង្វង់អាស៊ាន ហើយបន្ទាប់មកអាចនឹងមានភាពជាដៃគូជាមួយសហភាពអឺរ៉ុប។ ប្លុកអវកាស គឺជាការបណ្តាក់ទុនរួមគ្នាចម្រុះជាតិសាសន៍ ដែលរួមបញ្ចូលនូវក្រុមប្រទេសមួយចំនួនដែលចាប់អារម្មណ៍ក្នុងការបង្កើនជំនាញ និងវត្តមានរបស់ពួកគេនៅក្នុងលំហ។ ឧទាហរណ៍នៃអង្គការបែបនេះត្រូវបានគេបង្កើតរួចហើយដែលរួមមានទីភ្នាក់ងារអវកាសអាហ្រ្វិក, ទីភ្នាក់ងារអវកាសអាមេរិកឡាទីន និងការ៉ាបៀន និងក្រុមសម្របសម្រួលអវកាសអារ៉ាប់។

នេះជារូបមួយទៀតដែលយកចេញពីការបន្តផ្ទាល់របស់ក្រុមហ៊ុន NASA ដែលបង្ហាញពីការផ្ដាច់ចេញនៃយាន SpaceX Crew Dragon Freedom ចេញពីស្ថានីយ៍អវកាសអន្តរជាតិកាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២។ រូបថត៖ NASA TV/AFP

ការប្រកួតប្រជែងនៅក្នុងលំហអវកាសនៅសម័យសង្គ្រាមត្រជាក់បានកំណត់ការរុករកថាជា «ការប្រកួតប្រជែងរវាងមហាអំណាចសហរដ្ឋអាមេរិក និងសហភាពសូវៀត»។ ប៉ុន្តែនៅរយៈពេលជាច្រើនទសវត្សរ៍ក្រោយមក គំរូខាងលើបានផ្លាស់ប្តូរឆ្ពោះទៅរកគំរូនៃកិច្ចសហការគ្នាដោយផ្អែកលើការរកឃើញផ្នែកវិទ្យាសាស្រ្ត។

សព្វថ្ងៃនេះ ស្ថានីយ៍អវកាសអន្តរជាតិដែលត្រូវបានបើកដំណើរការនៅក្នុងឆ្នាំ ១៩៩៨ តាមរយៈភាពជាដៃគូរវាងអាមេរិក, រុស្ស៊ី, ជប៉ុន, កាណាដា និងអឺរ៉ុប គឺជាឧទាហរណ៍នៃគម្រោងអវកាសដែលបានដើរតួនាទីជាគំរូមិត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការ។ ប្រព័ន្ធអេកូឡូស៊ីថ្មីនេះនឹងផ្តល់នូវលំហថ្មីមួយសម្រាប់ការបង្កើតថ្មីតាមរយៈអ្វីដែលទីភ្នាក់ងារអវកាសអ៊ីតាលីបានហៅថា «ការផ្តល់ការគាំទ្រថ្មីសម្រាប់បច្ចេកវិទ្យាលើដីជាមួយនឹងបច្ចេកវិទ្យាអវកាស»។

ការចូលមកដល់នៃតួអង្គចម្រុះកាន់តែច្រើន ជាពិសេសគឺតួអង្គនៅក្នុងវិស័យឯកជនបានបង្កើតឱ្យមាន «សេដ្ឋកិច្ចអវកាស» ដែលកំពុងតែមានភាពរីកចម្រើន ហើយអាចនឹងត្រូវបែងចែកចេញជា ២ ប្រភេទគឺអវកាសសម្រាប់អវកាស (Space-for-space) និងអវកាសសម្រាប់ផែនដី (Space-for-Earth)។

បណ្តារដ្ឋាភិបាលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានការចាប់អារម្មណ៍កាន់តែខ្លាំងចំពោះការប្រើប្រាស់បច្ចេកវិទ្យាអវកាសសម្រាប់ភពផែនដី ដូចជាការត្រួតពិនិត្យផែនដីសម្រាប់ការកាប់បំផ្លាញព្រៃឈើ, សម្រាប់បញ្ហាសន្តិសុខ និងការព្យាករអាកាសធាតុ ដោយសារតែបច្ចេកទេសទាំងនេះមានសមត្ថភាពខ្ពស់ ក្នុងការប្រមូលទិន្នន័យ, ការត្រួតពិនិត្យ និងការទំនាក់ទំនង។

អ្នកឧតុនិយមមកពីរដ្ឋបាលសេវាកម្មភូមិសាស្ត្រ និងតារាសាស្ត្របរិយាកាសហ្វីលីពីន (PAGASA) កំពុងតាមដាន និងកំណត់ទិសដៅនៃព្យុះទីហ្វុង Melor ដ៏មានឥទ្ធិពលខ្លាំងនៅទីស្នាក់ការកណ្តាលរបស់ពួកគេនៅជាយក្រុងម៉ានីល។ រូបថត៖ Jay Directo/AFP

ប្រទេសអាស៊ានមួយចំនួនកំពុងធ្វើដំណើរឆ្ពោះទៅកាន់លំហរួចហើយ ទាំងដោយខ្លួនឯង ឬដោយមានការសហការជាមួយដៃគូនៅក្រៅប្លុក។ នៅក្នុងឆ្នាំ ២០២០ រដ្ឋាភិបាលថៃបានប្រកាសអំពីគោលបំណងរបស់ខ្លួនក្នុងការចាប់ផ្តើមបេសកកម្មទៅកាន់ភពព្រះច័ន្ទ និងទីអវកាស ជាមួយនឹងការចាត់ទុកការអភិវឌ្ឍសេដ្ឋកិច្ច និងវិទ្យាសាស្ត្រជាគោលដៅសំខាន់។

បើទោះបីជាដំណឹងនេះទទួលបានទាំងការចាប់អារម្មណ៍ និងការមិនសូវជឿជាក់ពីសំណាក់សាធារណជនក៏ដោយ ក៏រដ្ឋាភិបាលថៃបានប្រកាសថា «សមាគមអវកាសថៃដែលទើបត្រូវបានបង្កើតឡើងនឹងផ្តោតជាពិសេសទៅលើការពិសោធវិទ្យាសាស្ត្រដើម្បីបង្កើនចំណេះដឹងរបស់ប្រជាជនក្នុងស្រុកនៅក្នុងកម្មវិធីមួយចំនួនដូចជារូបវិទ្យាអាកាសធាតុអវកាស»។

អ្វីដែលកាន់តែទូលំទូលាយទៀតនោះគឺ «បណ្តារដ្ឋអាស៊ានបានពង្រឹងភាពជាដៃគូទ្វេភាគី ដើម្បីបង្កើនលទ្ធភាពឈានទៅដល់ទីអវកាស ហើយរដ្ឋមួយចំនួនទៀតក៏បានជួយសម្រួលដល់ការបង្កើតផ្កាយរណបគោចរថ្មីផងដែរ»។ វៀតណាមនិងឥណ្ឌាបច្ចុប្បន្នបានចូលរួមនៅក្នុងកិច្ចព្រមព្រៀងមួយសម្រាប់ការរុករកនៅទីអវកាសសម្រាប់គោលបំណងសន្តិភាព។

ចាប់តាំងពីឆ្នាំ ២០០៦ មក វៀតណាមបានបង្កើតផ្កាយរណប PicoDragon ក៏ដូចជាផ្កាយរណប LOTUSat-1 និង LOTUSat-2 ដែលផ្កាយរណបទាំងពីរនេះ ត្រូវបានសាងសង់ឡើងដោយមានការសហការជាមួយប្រទេសជប៉ុន។ ទន្ទឹមនឹងនេះដែរ ឥណ្ឌូណេស៊ីក៏បានផលិតផ្កាយរណប LAPAN-Tubsat ឬ LAPAN-A1 ផងដែរដែលត្រូវបានសាងសង់ឡើងនៅក្នុងប្រទេសអាល្លឺម៉ង់។

បន្ថែមពីលើនេះ ឥណ្ឌូណេស៊ីបានចូលរួមសហការជាមួយសហរដ្ឋអាមេរិកនិងបារាំង សម្រាប់គម្រោងនានាទាក់ទងនឹងការអភិវឌ្ឍកសិកម្ម, ការត្រួតពិនិត្យព្រៃឈើ និងការត្រួតពិនិត្យទឹកជំនន់។ ប្រទេសម៉ាឡេស៊ីក៏បានផលិតផ្កាយរណបមួយផងដែរ ដោយមានការសហការជាមួយចក្រភពអង់គ្លេស ហើយពួកគេបានរួមគ្នាដំណើរការគម្រោងចាប់សញ្ញាពីចម្ងាយ ដោយមានការគាំទ្រពីប្រទេសកូរ៉េខាងត្បូង។

ក្រៅពីក្តីប្រាថ្នាឡើងទៅឋានព្រះច័ន្ទរបស់ខ្លួន ប្រទេសថៃក៏ធ្លាប់បានសហការធ្វើការទាក់ទងនឹងគម្រោងអវកាសផងដែរ។ ព្រះរាជាណាចក្រនេះគឺជាសមាជិកស្ថាបនិកមួយនៃអង្គការ APSCO និងបានចុះហត្ថលេខាលើ MOU នៅឆ្នាំ ១៩៩៨ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងគម្រោងផ្កាយរណបពហុបេសកកម្មតូច (SMMS) ជាមួយប្រទេសចិន, អ៊ីរ៉ង់, សាធារណរដ្ឋកូរ៉េ, ម៉ុងហ្គោលី និងប៉ាគីស្ថាន។ ភាពជាដៃគូទាំងនេះបានដំណើរការស្របគ្នាជាមួយនឹងយុទ្ធសាស្រ្តយូរអង្វែងនៃកិច្ចសហប្រតិបត្តិការជាមួយមហាអំណាចអវកាសដូចជាអាមេរិក, ជប៉ុន និងកូរ៉េខាងត្បូង។

ផ្កាយរណប Thaicom-4 (iPStar) ដែលត្រូវបានសាងសង់ឡើងដោយភាពជាដៃគូជាមួយសហរដ្ឋអាមេរិក បច្ចុប្បន្នបានតំណាងឱ្យអត្ថប្រយោជន៍សេដ្ឋកិច្ចដែលភាពជាដៃគូខាងលើបានផ្តល់ឱ្យ។ ក្រោយត្រូវបានដាក់ឱ្យដំណើរការដើម្បីផ្តល់នូវសេវាអ៊ីនធឺណិតសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ក្រុមហ៊ុន Thaicom-4 អាចបង្កើតបានប្រាក់ចំណេញសុទ្ធជាង ៦១ ២៧៤ ៥២០ ដុល្លារសម្រាប់ក្រុមហ៊ុន Thaicom Public Company Limited ដែលជាម្ចាស់ក្រុមហ៊ុនធំ បើគិតត្រឹមឆ្នាំ ២០១៥។

ផ្កាយរណប Terra បានចាប់យករូបភាពនៃព្យុះទីហ្វុង Haiyan ដែលកំពុងខិតទៅជិតប្រទេសវៀតណាម។ រូបថត៖ NASA/AFP

បច្ចេកវិទ្យាអវកាសប្រកបដោយសក្តានុពលសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដូចជាផ្កាយរណប Starlink កំពុងតែដើរតួនាទីជាឧបករណ៍ដ៏សំខាន់សម្រាប់ការពង្រឹងការតភ្ជាប់នៅក្នុងតំបន់ជនបទ ឬនៅក្នុងទីតាំងផ្សេងទៀតដែលហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរសព្ទមិនទាន់មានលទ្ធភាពអាចសាងសង់បាន។

ក្រៅពីការជួយដោះស្រាយ «គម្លាតឌីជីថល» រវាងតំបន់ជនបទនិងតំបន់ទីក្រុង ការបង្កើនការតភ្ជាប់ផ្នែកឌីជីថលក៏អាចជួយធ្វើឱ្យសម្រេចបាននូវគំនិតស្តីពីទីក្រុងឆ្លាតវៃផងដែរ។ ការបញ្ចូលវិធីសាស្រ្តបច្ចេកវិទ្យាទាំងនេះទៅក្នុងការរៀបចំផែនការទីក្រុង បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ដែលមានប្រជាជនច្រើន។

នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហ្វីលីពីនបានប្រកាសអំពីផែនការដាក់ឱ្យដំណើរការប្រព័ន្ធផ្កាយរណប Starlink ដែលការប្រកាសនេះបានធ្វើឱ្យហ្វីលីពីនក្លាយជាប្រទេសដំបូងគេនៅក្នុងអាស៊ានដែលបានធ្វើដូច្នេះ «ខណៈដែលរដ្ឋាភិបាលកម្ពុជាក៏កំពុងសិក្សាស្រាវជ្រាវដោយខ្លួនឯងផងដែេអំពីរបៀបចូលទៅកាន់ផ្កាយរណបដើម្បីទាញយកផលប្រយោជន៍»។

រូបភាពនិងការត្រួតពិនិត្យតាមផ្កាយរណបអាចនាំមកនូវការផ្លាស់ប្តូរសម្រាប់ការធ្វើផែនការទាំងមូល ដោយរាប់ចាប់តាំងពីចំណុចតូចៗ ដូចជាការកែសម្រួលការគ្រប់គ្រងសំណល់នៅក្នុងទីក្រុងរហូតដល់ចំណុចធំៗ ដូចជាការទប់ស្កាត់ការបញ្ចេញកាបូន និងការកាប់បំផ្លាញព្រៃឈើ។ ការត្រួតពិនិត្យតាមផ្កាយរណបក៏ អាចជាឧបករណ៍ដ៏សំខាន់មួយផងដែរក្នុងការតាមដានអាកាសធាតុ ដើម្បីអាចជូនដំណឹងដល់សាធារណជនបាន យ៉ាងឆាប់រហ័សអំពីគ្រោះមហន្តរាយធម្មជាតិដែលអាចនឹងកើតមាន ហើយកម្មវិធីបែបនេះពិតជាអាចជួយសង្គ្រោះជីវិតមនុស្សនៅក្នុងតំបន់ ដែលងាយរងគ្រោះបំផុតពីអាកាសធាតុ និងបាតុភូតធម្មជាតិ។

ប្រទេសហ្វីលីពីនបានបង្ហាញឱ្យយើងឃើញរួចហើយនូវអត្ថប្រយោជន៍នៃការទទួលបានទិន្នន័យប្រភេទនេះនៅក្នុងព្រឹត្តិការណ៍នៃគ្រោះមហន្តរាយធម្មជាតិមួយចំនួន។ នៅក្នុងឆ្នាំ ២០១៣ ព្យុះទីហ្វុង Haiyan ឬព្យុះ Super Typhoon Yolanda បានបោកបក់មកលើប្រទេសនេះ ហើយផ្កាយរណបត្រូវបានគេប្រើប្រាស់ដើម្បីបង្កើនការយល់ដឹង និងការត្រៀមខ្លួនតាមរយៈការប្រមូលទិន្នន័យ និងការវិភាគដើម្បីស្វែងយល់ និងព្យាករអំពីគ្រោះមហន្តរាយធម្មជាតិ ដែលអាចនឹងកើតមាន។

ផ្កាយរណប Diwata ដែលត្រូវបានសាងសង់ឡើងដោយមានការសហការជាមួយសាកលវិទ្យាល័យជប៉ុនត្រូវបានដាក់ពង្រាយសម្រាប់ការប្រមូលទិន្នន័យ និងសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុននិងហ្វីលីពីន។ កិច្ចសហប្រតិបត្តិការសំខាន់ៗមិនមែនជារឿងថ្មីនោះទេសម្រាប់បណ្តាប្រទេសអាស៊ានក៏ដូចជាសម្រាប់ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) និងទីភ្នាក់ងារជាតិផ្សេងៗទៀតរបស់សហភាពអឺរ៉ុប។

ប៉ុន្តែក្រុមសហការអន្តរជាតិ ដែលមានរួមបញ្ចូលនូវស្ថាប័នកាន់តែច្រើនរវាងប្លុកក្នុងតំបន់ដែលអាចឈានទៅបង្កើត «ប្លុកអវកាសដ៏ធំមួយ»តាមគំរូរបស់ទីភ្នាក់ងារ ESA អាចតំណាងឱ្យចំណុចប្រសព្វដ៏មានឥទ្ធិពលសម្រាប់ការពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ ជាមួយនឹងការផ្តោតសំខាន់លើវិទ្យាសាស្ត្រ, ចំណេះដឹងនិងការ ចែករំលែកទិន្នន័យ៕

Southeast Asia Globe

អត្ថបទទាក់ទង