ខ្មែរប៉ុស្ដិ៍ Close

ការទូតវ៉ាក់សាំងរបស់ចិនជាមួយអាស៊ាន នឹងទទួលបានផលជាទីគាប់ចិត្ត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែកក្កដា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 70
ការទូតវ៉ាក់សាំងរបស់ចិនជាមួយអាស៊ាន នឹងទទួលបានផលជាទីគាប់ចិត្ត ការទូតវ៉ាក់សាំងរបស់ចិនជាមួយអាស៊ាន នឹងទទួលបានផលជាទីគាប់ចិត្ត

ភូមិសាស្ត្រនយោបាយកំពុងក្លាយជាចំណុចស្នូលនៃគោលនយោបាយការបរទេស ហើយវាក៏បានក្លាយជាផ្នែកមួយនៃការទូតវ៉ាក់សាំងនាពេលបច្ចុប្បន្ននេះផងដែរ។

តាមរយៈការ ចែកចាយវ៉ាក់សាំងនៅក្នុងអំឡុងពេលកើតមានការរាតត្បាតនៃវីរុសកូវីដ-១៩ ប្រទេសចិនក៏ដូចជាបណ្តាប្រទេសផ្សេងកំពុងខិតខំព្យាយាមទាញយកផលប្រយោជន៍ផ្នែកភូមិសាស្ត្រនយោបាយ។

ហើយតាមរយៈការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការផ្តល់វ៉ាក់សាំងកូវីដ-១៩ ទៅឱ្យបណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងតំបន់ដទៃទៀត ប្រទេសចិនបានបង្ហាញឱ្យឃើញថា «ខ្លួនគឺជាមហា អំណាចពិភពលោក ដែលមានការទទួលខុសត្រូវ» ដែលបញ្ហានេះនឹងផ្តល់ឱកាសដល់ប្រទេសចិនក្នុងការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយបណ្តាប្រទេសដែលទទួល បានវ៉ាក់សាំងចិន។

កាលពីថ្ងៃទី ២ ខែមិថុនា ក្រសួងការបរទេសចិនបាននិយាយថា «ប្រទេសចិនបានផ្តល់វ៉ាក់សាំងជាង ៣៥០ លានដូសទៅសហគមន៍អន្តរជាតិ ជាមួយនឹងការនាំចេញទៅកាន់ប្រទេសជាង ៤០» ។

ទន្ទឹមនឹងនោះដែរ បណ្តាប្រទេសអ្នកមានបំផុត និងបណ្តាប្រទេសដែល មានបច្ចេកវិទ្យាទំនើបបំផុតនៅលោកខាងលិចបាននាំគ្នាធ្វើការបញ្ជាទិញទុកជាមុននូវវ៉ាក់សាំងយ៉ាងច្រើនសម្រាប់ពលរដ្ឋរបស់ពួកគេ ខណៈពេលដែលសហរដ្ឋអាមេរិកបានរក្សាទុកវ៉ាក់សាំងជាច្រើនលានដូស លើសពីតម្រូវការ ហើយទើបតែពេលនេះប៉ុណ្ណោះ ដែលបានបង្ហាញអំពីគម្រោងចង់ចែករំលែកវ៉ាក់សាំងជាមួយបណ្តាប្រទេសផ្សេងៗ

ជាទូទៅ ការចូលរួមជាអន្តរជាតិរបស់ចិន ដល់ការចែកចាយវ៉ាក់សាំងមានលក្ខណៈផ្ទុយគ្នាពីគោលនយោបាយវ៉ាក់សាំងជាតិនិយមរបស់លោកខាងលិច។ ជាក់ស្តែង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ យុទ្ធសាស្ត្រការទូតរបស់ចិនគឺមានលក្ខណៈខុសគ្នាឆ្ងាយ ពីភាពព្រងើយកន្តើយផ្នែកការទូតរបស់សហរដ្ឋអាមេរិក។

អតីតប្រធានាធិបតី ដូណាល់ ត្រាំ មិនបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានអស់ពេល ៣ ឆ្នាំជាប់ៗគ្នា ហើយប្រធានាធិបតីថ្មី ចូ បៃឌិន ក៏មិនទាន់បានធ្វើដំណើរទស្សនកិច្ចមកកាន់តំបន់នេះដែរ។

នៅចុងខែឧសភា ដោយសារតែភាពរអាក់រអួលផ្នែកបច្ចេកទេសដ៏គួរឱ្យអាម៉ាស រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken មិនអាចជួបជាមួយសមភាគីអាស៊ានរបស់លោកតាមប្រព័ន្ធអនឡាញនោះទេ និងបានធ្វើឱ្យពួកគេត្រូវរង់ចាំអស់រយៈពេល ៤៥ នាទី ដោយគ្មានន័យ។ សកម្មភាពការទូតដ៏អាម៉ាសនេះបានធ្វើឱ្យមេដឹកនាំអាស៊ានមានការខឹងសម្បារជាខ្លាំង។

ប៉ុន្មានថ្ងៃក្រោយមក រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានធ្វើជាម្ចាស់ផ្ទះទទួលសមភាគីអាស៊ាននៅក្នុងកិច្ចប្រជុំមួយនៅទីក្រុង Chongqing ដើម្បីប្រារព្ធខួបទំនាក់ទំនង ៣០ ឆ្នាំរបស់ពួកគេ ហើយពួកគេក៏បានព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការផ្នែកវ៉ាក់សាំង និងបានប្តេជ្ញារក្សាការអត់ធ្មត់ចំពោះសកម្មភាព នៅដែនសមុទ្រដែលអាចបង្កឱ្យមានជម្លោះកាន់តែខ្លាំង។

បើទោះបីនេះមិនមែនមានន័យថា «អាស៊ានអាចនឹងពិចារណាអំពីការសម្របសម្រួលណាមួយពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យទឹកដីរបស់ពួកគេ» ក៏ដោយ ក៏ទំនាក់ទំនងរវាងពួកគេជាមួយនឹងចិន អាចនឹងផ្តល់នូវប្រយោជន៍ណាមួយនាពេលអនាគត ខណៈដែលសហរដ្ឋអាមេរិកនៅតែបន្តមិនអើពើចំពោះតំបន់នេះ។

ការប៉ាន់ប្រមាណមួយបានបង្ហាញថា «វ៉ាក់សាំងចិនភាគច្រើនបានផ្តល់ទៅឱ្យបណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិក ដោយក្នុងនោះ ប្រទេសខ្លះបានទទួលវ៉ាក់សាំងក្នុងនាមជាអំណោយ ខណៈដែលប្រទេសផ្សេង ទៀតបានបញ្ជាទិញវ៉ាក់សាំងតាមរយៈការប្រើប្រាស់ប្រាក់កម្ចីរបស់ចិន»។ ដូចគ្នានេះដែរ ប្រទេសភាគច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏បានទទួលវ៉ាក់សាំងចិនតាមរយៈការបញ្ជាទិញ ឬក្នុងទម្រង់ជាអំណោយផងដែរ។

ការទូតវ៉ាក់សាំងរបស់ចិនពិតជាបានជួយពង្រឹងទំនាក់ទំនងរបស់ចិនជាមួយបណ្តាប្រទេសជាដៃគូនៅ ក្នុងផែនការខ្សែក្រវ៉ាត់ និងផ្លូវទាំងនៅក្នុងតំបន់ និងក្រៅតំបន់។ សមាជិកអាស៊ាន នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ពួកគេ បានសម្តែងនូវការដឹងគុណចំពោះប្រទេសចិនដែលបានផ្គត់ផ្គង់វ៉ាក់សាំង និងផ្តល់ជំនួយបច្ចេកទេស ដែលនឹងបម្រើឱ្យការផលិតវ៉ាក់សាំងនៅក្នុងស្រុក។

«សម្រាប់ប្រទេសទាំងនេះ ផែនការរបស់អាមេរិកក្នុងការងាកឆ្ពោះមកផ្តោតលើតំបន់អាស៊ី ឬក៏យុទ្ធសាស្ត្រ ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិកនឹងមិនទទួលបានជោគជ័យនោះទេ ប្រសិនបើពួកគេនៅតែមិនទទួលបានការឧបត្ថម្ភគាំទ្រពីទីក្រុងវ៉ាស៊ីនតោន»។

ប៉ុន្តែ អាមេរិកនឹងមិនបរាជ័យទាំងស្រុងនោះទេ។ ក្រុម Quad ដែលរួមមាន អាមេរិក ឥណ្ឌា ជប៉ុន និងអូស្ត្រាលី បានពិគ្រោះយោបល់គ្នាអំពីការផលិតវ៉ាក់សាំងយ៉ាង តិចចំនួន ១ ពាន់លានដូសដើម្បីចែកចាយដល់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

តាមសេចក្តីរាយការណ៍ «ឥណ្ឌា ដែលទទួលខុសត្រូវលើការផលិតវ៉ាក់សាំង បាននិងកំពុងធ្វើការជាមួយដៃគូនៅក្នុងក្រុម Quad ដើម្បីកំណត់ពេលវេលាចែកចាយវ៉ាក់សាំងទាំងនេះ»។

ប៉ុន្តែ ក្នុងនោះមានរឿង ២ ដែលគួរឱ្យកត់សម្គាល់។

ទី១ ៖ «ការចែកចាយវ៉ាក់សាំងរបស់ចិននៅតំបន់អាស៊ីប៉ាស៊ីហ្វិក បានក្លាយជាធាតុផ្សំដ៏សំខាន់មួយនៃផែនការខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលនឹងជួយបង្កើនការវិនិយោគលើផែនការនេះ ហើយវាក៏នឹងជួយបង្កើនភាពជឿទុកចិត្តរបស់តំបន់មកលើប្រទេសចិនផងដែរ»។

ទី២ ៖ «ភាពល្អូក ល្អើនរវាងចិននិងអាស៊ាន ហើយនិងអវត្តមាននៃការ ចូលរួមរបស់អាមេរិកនៅក្នុងតំបន់ នឹងធ្វើឱ្យបណ្តាប្រទេសនៅក្នុងតំបន់បន្ទន់នូវវោហារសាស្ត្ររបស់ពួកគេលើបញ្ហាសមុទ្រចិនខាងត្បូង ហើយវា ក៏អាចជំរុញឱ្យមានការសម្រុះសម្រួលគ្នាទៅវិញទៅមកដើម្បីបុព្វហេតុសន្តិភាពនិង ស្ថិរភាពនៅក្នុងតំបន់ផងដែរ»៕ South China Morning Post