ខ្មែរប៉ុស្ដិ៍ Close

មន្ត្រីជាន់ខ្ពស់របស់ប្រទេសទីម័រខាងកើត ថ្លែងអំណរគុណសម្តេចតេជោ ដែលជួយជ្រោមជ្រែងឱ្យទីម័រខាងកើតក្លាយជាសមាជិកអាស៊ាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 188
មន្ត្រីជាន់ខ្ពស់របស់ប្រទេសទីម័រខាងកើត ថ្លែងអំណរគុណសម្តេចតេជោ ដែលជួយជ្រោមជ្រែងឱ្យទីម័រខាងកើតក្លាយជាសមាជិកអាស៊ាន មន្ត្រីជាន់ខ្ពស់របស់ប្រទេសទីម័រខាងកើត ថ្លែងអំណរគុណសម្តេចតេជោ ដែលជួយជ្រោមជ្រែងឱ្យទីម័រខាងកើតក្លាយជាសមាជិកអាស៊ាន

នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យលោក ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋ មន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថាន នៃប្រទេសទីម័រខាងកើត ជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សម្តេចតេជោមានប្រសាសន៍ស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោក ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ មកកាន់ប្រទេសកម្ពុជា ហើយដំណើរទស្សនកិច្ចនេះ នឹងជួយជំរុញទំនាក់​ទំនង​ថែមទៀត នៃប្រទេសទាំងពីរ។

សម្តេចតេជោបន្តថា សម្តេចធ្លាប់បានទៅបំពេញទស្សនកិច្ចនៅប្រទេសទីម៉រខាងកើត ដែលជា​មេដឹកនាំអាស៊ានម្នាក់គត់បានទៅដល់ប្រទេសទីម៉រខាងកើត ដើម្បីជំរុញការចូលជាសមាជិក​របស់​ទីម៉រខាងកើត ទៅក្នុងសហគមន៍អាស៊ាន និងលើកកម្ពស់ទំនាក់ទំនង នៃប្រទេសទាំង​ពីរ​កម្ពុជា និងទីម៉រខាងកើត។

លោក ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ មានប្រសាសន៍ថ្លែងអំណរគុណ ជូនចំពោះ​សម្តេចប្រធាន​គណបក្សប្រជាជនកម្ពុជា ដែលបានអនុញ្ញាតឱ្យរូបលោកចូលជួបសម្តែងការគួរសម ក្នុងដំណើរ​ទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជានាពេលនេះ។ លោកបន្តថា នាយករដ្ឋមន្ត្រីទីម៉រ​ខាងកើត បានបញ្ជូនរូបលោកមកកាន់ប្រទេសកម្ពុជា ដើម្បីអបអរសាទរដោយ​ផ្ទាល់​ចំពោះ​ជោគជ័យ នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាពេលកន្លងមក ដែលបង្ហាញពីការ​ប្រព្រឹត្តិទៅយ៉ាងល្អប្រសើរ នៃដំណើរការប្រជាធិបតេយ្យ។ ជាពិសេសការបន្តផ្តល់នូវសុខ​សន្តិ​ភាព និរន្តរភាពរបស់ប្រទេសផង តំបន់ផង និងពិភពលោកទាំងមូលផងដែរ។

លោក ក៏បាអបអរសាទរជូនចំពោះសម្តេចប្រធានគណបក្ស និងប្រជាជនកម្ពុជា ចំពោះជោគ​ជ័យ​ដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា។

លោកបន្តថា ដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជានាពេលនេះ ក៏ដើម្បីអបអរសាទរចំពោះ​ការបង្កើតរាជរដ្ឋាភិបាលថ្មី ដែលកម្ពុជា និងទីម៉រខាងកើត គឺជាមិត្តដ៏យូរលង់ណាស់​មក​ហើយ។ មន្ត្រីជាន់ខ្ពស់របស់ទីម័ររូបនេះ បន្តថា នៅពេលដែលកម្ពុជា​ ធ្វើជាប្រធានអាស៊ាន​ កាល​ពីឆ្នាំ២០២២កន្លងទៅ សម្តេចតេជោ បានផ្តល់ការគាំទ្រជាប្រវត្តិសាស្រ្ត ចំពោះប្រទេស​ទីម៉រ​ខាងកើត ក្នុងការចូលជាសមាជិករបស់អាស៊ាន។

សម្តេចតេជោមានប្រសាសន៍ថា នាយករដ្ឋមន្រ្តីទីម៉រខាងកើត ហ្គូស្មៅ ធ្លាប់បានអញ្ជើញ​មកធ្វើ​ជា​អ្នកសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា ក្នុងឆ្នាំ២០២២ និងជាបន្តបន្ទាប់ ពិសេសការបោះ​ឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីឆ្នាំ២០២២កន្លងមក។

សម្តេចតេជោបន្តថា សម្តេច និងលោក ហ្គូស្មៅ មានការយល់ចិត្ត និងមានការខិតខំធ្វើយ៉ាង​ណា ជួយទីម៉រខាងកើត ចូលជាសមាជិកអាស៊ាន។ សម្តេចបន្តថា ដំណើរទស្សនកិច្ច របស់​សម្តេច​ទៅកាន់ទីម៉រខាងកើត កាលពីពេលកន្លងទៅ គឺមិនមែនជាការចែដន្យទេ តែជាការ​បង្ហាញ​ពីសាមគ្គីភាព ក៏ដូចជាការរំលឹកឱ្យបណ្តាប្រទេសអាស៊ាន គិតគូរពីការស្នើសុំចូលជា​សមាជិក​អាស៊ាន ពីសំណាក់ប្រទេសទីម៉រខាងកើត។

សម្តេចតេជោបន្តថា ទីម៉រខាងកើតបានត្រៀមលក្ខណៈ​ចូលជាសមាជិកអាស៊ាន​តាំងពីឆ្នាំ​២០​១១ ទើបរហូតមកដល់ឆ្នាំ២០២២កន្លងមកនេះ ទីម៉រខាងកើត ទើបបានទទួលស្គាល់​ជាសមា​ជិក​អ្នកសង្កេតការណ៍របស់អាស៊ាន ហើយអាចចូលរួមប្រជុំនៅគ្រប់វេទិការបស់អាស៊ាន។

សម្តេចតេជោក៏បានរំលឹកពីដំណើរការ នៃការផ្ទេរអំណាចដោយរលូននៅកម្ពុជា ដែលការប្រព្រឹត្ត​ទៅ​នេះ គឺដើម្បីធានានូវស្ថេរភាព និរន្តរភាព នៃការបន្តវេន តាមលក្ខណៈប្រជាធិបតេយ្យ និងជា​ការលះបង់ដ៏ធំធេងរបស់សម្តេច ដើម្បីបន្តនូវអ្វីដែលមានកន្លងមក និងបន្តអភិវឌ្ឍប្រទេសត​ទៅមុខ​ទៀត។

លោក ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ មានប្រសាសន៍ថ្លែងអំណរគុណចំពោះ​សាមគ្គីភាពរបស់​សម្តេច ចំពោះប្រទេសទីម៉រខាងកើត ហើយលោកក៏ដូចជាប្រធានាធិបតី នាយករដ្ឋមន្ត្រីទីម៉រ​ខាងកើត និងរងចាំស្វាគមន៍ជានិច្ច ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់​ប្រទេស​ទីម៉រ​ខាងកើត ក្នុងពេលវេលាដ៏សមស្របរបស់សម្តេច៕

Fresh News

អត្ថបទទាក់ទង