ខ្មែរប៉ុស្ដិ៍ Close

តើការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនមានបង្កប់អត្ថន័យយ៉ាងដូចម្តេចសម្រាប់តំបន់ប៉ាស៊ីហ្វិក?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 350
តើការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនមានបង្កប់អត្ថន័យយ៉ាងដូចម្តេចសម្រាប់តំបន់ប៉ាស៊ីហ្វិក? តើការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនមានបង្កប់អត្ថន័យយ៉ាងដូចម្តេចសម្រាប់តំបន់ប៉ាស៊ីហ្វិក?

ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនពិតជាបាននិងកំពុងផ្លាស់ប្តូរពិភពលោក។ ការដែលប្រធានាធិបតីរុស្ស៊ី Vladimir Putin បានបញ្ជូនកងកម្លាំងយោធាដ៏ខ្លាំងបំផុតរបស់ពិភពលោក ឱ្យទៅធ្វើការលុកលុយយ៉ាងឃោរឃៅលើរដ្ឋអធិបតេយ្យតូចមួយ មានន័យស្មើនឹង «ការប្រកាសសង្គ្រាមប្រឆាំងនឹងសណ្តាប់ធ្នាប់ពិភពលោកសេរី» ខណៈដែលពេលនេះ លោក Putin កំពុងតទល់នឹងរបបប្រជាធិបតេយ្យ ហើយផលប៉ះពាល់នៃសង្គ្រាមនេះ នឹងបន្តលាតសន្ធឹងទៅក្រៅតំបន់អឺរ៉ុបខាងកើត។

នៅចំពេលកើតមានសង្គ្រាមនេះ ហេតុការណ៍ដែលមិនអាចទាយទុកជាច្រើនអាចនឹងកើតមាន ក៏ប៉ុន្តែបញ្ហាដ៏ច្បាស់លាស់មួយគឺ «លោក Putin បានបង្រួមបង្រួមតំបន់អឺរ៉ុបក្នុងរបៀបមួយ ដែលគេមិនធ្លាប់បានឃើញពីមុនមក»។ សហភាពអឺរ៉ុបនិងអង្គការ NATO បានថ្កោលទោសលោក Putin និងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងចាស់ដៃ ខណៈដែលការបន្តផ្តល់ជំនួយផ្នែកយោធានិងសេដ្ឋកិច្ចទៅឱ្យអ៊ុយក្រែនក៏បាននិងកំពុងស្ថិតនៅក្នុងកម្រិតដ៏មុតមាំខ្លាំងផងដែរ។

សហរដ្ឋអាមេរិកបានព្យាយាមបញ្ចុះបញ្ចូលតំបន់អឺរ៉ុបអស់រយៈពេលរាប់សិបឆ្នាំមកហើយដើម្បីឱ្យពួកគេបង្កើនការចំណាយផ្នែកយោធា ហើយការលុកលុយរបស់លោក Putin បានជួយសម្រេចនូវគោលដៅនេះក្នុង
មួយពព្រិចភ្នែក។ អ្វីដែលគួរអោយកត់សម្គាល់បំផុតគឺ «អាល្លឺម៉ង់បានប្រកាសចំណាយប្រាក់ ១១០ លានដុល្លារដើម្បីបង្កើនកម្លាំងយោធារបស់ប្រទេសជាបន្ទាន់»។

អធិការបតីអាល្លឺម៉ង់ Olaf Scholz បាននិយាយថា«យើងត្រូវតែបង្កើនការវិនិយោគឱ្យបានកាន់តែច្រើនថែមទៀតនៅក្នុងវិស័យសន្តិសុខរបស់ប្រទេសដើម្បីការពារសេរីភាពនិងលទ្ធិប្រជាធិបតេយ្យ និងដើម្បីធានាថា លោក Putin នឹងមិនអាចបង្វិល ពិភពលោកអោយត្រឡប់ថយក្រោយបានទេ»។

ជាងនេះទៅទៀត សម្ព័ន្ធភាពក៏បាននិងកំពុងរីកកាន់តែធំផងដែរ។ បណ្តារដ្ឋអឺរ៉ុបដែលធ្លាប់តែរក្សាអព្យាក្រឹតភាព ដូចជាប្រទេសស្វីសនិងស៊ុយអែត បានចូលរួមនៅក្នុងសម្ព័ន្ធភាពដោយបាន បន្ថែមទណ្ឌកម្មទៅលើ រុស្ស៊ី និងបានបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន ខណៈដែលប្រទេសកូសូវ៉ូ, ហ្សកហ្ស៊ី, ហ្វាំងឡង់, ស៊ុយអែត និងអ៊ុយក្រែនបានស្នើសុំចូលរួមជាមួយអង្គការ NATO ឬកំពុងពិចារណាយ៉ាងមុតមាំអំពីការចូលរួមចាប់ តាំងពីកើតមានការលុកលុយរបស់រុស្ស៊ី។

ជាទូទៅ តំបន់អឺរ៉ុប មួយដែលពោរពេញទៅដោយការរួបរួម នឹងប្រែក្លាយខ្លួនទៅជាមហាអំណាច ពិភពលោកមួយដែលអាចនឹងនាំមកនូវគោលនយោបាយការបរទេសអន្តរជាតិកាន់តែទូលំទូលាយ។ បណ្តាប្រទេសនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងរងចាំមើលថា «តើតំបន់អឺរ៉ុបនឹងមានជំហរមុតមាំជាងមុនក្នុងការ ប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅទូទាំងតំបន់ដែរឬអត់?»

ប្រទេសចិនបាននិងកំពុងគាបសង្កត់ប្រទេសលីទុយអានី ដែលជាសមាជិករបស់សហភាពអឺរ៉ុប ហើយនៅពេលកន្លងមក ទីក្រុងព្រុចសែលបាន ប្រឈមមុខនឹងបញ្ហាលំបាកក្នុងការចាត់វិធានការឆ្លើយតបសមស្របលើបញ្ហានេះ។ ប៉ុន្តែតំបន់អឺរ៉ុបដែល នៅពេលនេះ បានបង្ហាញអំពីឆន្ទៈក្នុងការផ្តាច់សេដ្ឋកិច្ចចេញពីតួអង្គដ៏ឃោរឃៅ ដើម្បីគាំទ្រដល់ប្រទេសប្រជាធិបតេយ្យដែលងាយរងគ្រោះ អាចផ្តល់នូវសញ្ញាព្រមានដល់ប្រទេសចិន»។

កាលពីខែមុន ក្រសួងការបរទេសអាល្លឺម៉ង់បានចែក ចាយឯកសារមួយទៅ តាមបណ្តាក្រសួងការបរទេសនៃរដ្ឋាភិបាលអឺរ៉ុបផ្សេងទៀត ដោយជំរុញឱ្យពួកគេចាត់ទុកចិនជា «គូប្រជែងជាប្រព័ន្ធ»។ ប្រទេសបារាំងដែលមានដែនដីបរទេសនៅក្នុងតំបន់ប៉ាស៊ីហ្វិក និងដែលកំពុងបង្កើនទំនាក់ទំនងយោធាជាមួយឥណ្ឌា និងឥណ្ឌូណេស៊ី ក៏បានប្តេជ្ញាពង្រីកកម្លាំងរបស់ខ្លួននៅក្នុងតំបន់ផងដែរ។

តាមពិតទៅ ក្តីកង្វល់ភាគច្រើនជុំវិញសកម្មភាពរបស់ចិន នៅតំបន់ប៉ាស៊ីហ្វិក អាចត្រូវបានគេបំផ្លើស។ ក៏ប៉ុន្តែវិធីសាស្ត្រនៃការជ្រៀតជ្រែករបស់ចិន នៅឯបរទេសដែលរួមមានការបំផ្លាញស្ថាប័នប្រជាធិបតេយ្យ, ការបង្កើតការពឹងផ្អែកផ្នែកសេដ្ឋកិច្ច និងការទប់ស្កាត់ការរិះគន់លើប្រទេសចិន ពិតជា បានធ្វើឱ្យបណ្តាប្រទេសដីកោះនៅតំបន់ប៉ាស៊ីហ្វិក ប្រឈមមុខនឹងភាពងាយរងគ្រោះខ្លាំង។

យោងតាមរបាយការណ៍ស្តីពីស្ថានភាព ប្រជាធិបតេយ្យឆ្នាំ ២០២១ «បណ្តាប្រទេសដីកោះចំនួន៣ គឺ Fiji, Papua New Guinea និង Solomon Islands បានស្ថិតនៅក្នុងចំណាត់ថ្នាក់ជាប្រទេសដែលមាន
ប្រជាធិបតេយ្យខ្សោយ» ហើយបើ យោងតាមអង្គការតម្លាភាពអន្តរជាតិ «បណ្តាប្រទេសដីកោះជាងពាក់កណ្តាលយល់ថា អំពើពុករលួយគឺជាបញ្ហាដ៏ធំនៅក្នុងរដ្ឋាភិបាលរបស់ពួកគេ»។

ដោយបានឃើញប្រាក់នៅចំពោះមុខរបស់ពួកគេ ទាំងប្រទេស Kiribati និង Solomon Islands បានបង្វែរទំនាក់ទំនងការទូតចេញពីតៃវ៉ាន់ទៅកាន់ប្រទេសចិនវិញកាលពីឆ្នាំ ២០១៩។ ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលបង្ក ឡើងដោយវីរុសកូវីដ-១៩ បានបង្កផលប៉ះពាល់ដល់បណ្តាកោះនៅតំបន់ប៉ាស៊ីហ្វិកដែលជាហេតុធ្វើឱ្យពួកគេ ភាគច្រើនងាកទៅរកចិនដើម្បីទទួលបាននូវការគាំទ្រផ្នែកហិរញ្ញវត្ថុ។

ទាំង Fiji និង Cook Islands បានទទួលប្រាក់កម្ចីពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីរបស់ចិននៅឆ្នាំ ២០២០ ហើយប្រទេស Vanuatu ក៏បានងាកទៅរករដ្ឋាភិបាលចិនផងដែរ ដើម្បីអាចទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុនៅឆ្នាំ ២០២១។

នៅឆ្នាំ ២០១៩ ជនជាតិចិន ៦នាក់ ដោយក្នុងនោះមានអ្នកខ្លះមានកាន់លិខិតឆ្លងដែន Vanuatu ត្រូវបានចាប់បញ្ជូនចេញពីទីក្រុង Port Vila ទៅកាន់ប្រទេសចិនវិញ ហើយក្រោយមក ក៏មានការបែកធ្លាយព័ត៌មានថា «ជនជាតិចិនទាំងនោះ មិនមានជាប់ពិរុទ្ធប្រព្រឹត្តិបទល្មើសណាមួយនៅ Vanuatu នោះទេ»។

បញ្ហានេះបានបង្កឱ្យមានការរិះគន់ថា «លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសបានរងនូវការកំទេចតាម សំណើររបស់ចិន»។ ប្រទេស Vanuatu ក្រោយមកបានហាមឃាត់នាយកកាសែត «Daily Post» ដែលជាមនុស្សដំបូងគេ ដែលបានចុះផ្សាយពីបញ្ហានោះ អំពីការវិលមកកាន់ប្រទេស Vanuatu វិញ និងបានចោទប្រកាន់លោកពីការរាយការណ៍អំពីទំនាក់ទំនងអវិជ្ជមានរវាងប្រទេស Vanuatu ជាមួយនឹងប្រទេសចិន។ ប្រាក់កម្ចីចិនដែលបានផ្តល់ទៅឱ្យប្រទេស Vanuatu មានចំនួនប្រមាណ ២៩០ លានដុល្លារ ឬ ១៣% នៃGDP ប្រចាំឆ្នាំរបស់ប្រទេស។

អូស្ត្រាលីពិតជានឹងស្វាគមន៍ការគាំទ្ររបស់អឺរ៉ុបចំពោះការតទល់រវាងប្រទេសអូស្ត្រាលីជាមួយនឹងប្រទេសចិនដែលបាន ចាប់ផ្តើមកាលពីប៉ុន្មានឆ្នាំមុន ដោយក្នុងនោះ ប្រទេសអូស្ត្រាលីបាន បន្តលើកឡើងនូវក្តីកង្វល់របស់ខ្លួនអំពីការជ្រៀតជ្រែករបស់ចិនចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ កាលពីខែមុន ប្រមុខចារកម្មអូស្ត្រាលីបាននិយាយថា «ពួកគេបានទប់ស្កាត់ផែនការរបស់រដ្ឋាភិបាលបរទេសមួយដែលចង់ដាក់បញ្ចូលបេក្ខជនអាយ៉ងមកក្នុងរដ្ឋាភិបាលអូស្ត្រាលី»។

ក្រៅតែពីការបង្ក នូវការបំផ្លាញដល់លទ្ធិប្រជាធិបតេយ្យ ប្រទេសចិនក៏បានបង្កើនភាពឈ្លានពានរបស់ខ្លួនផងដែរ។ ដោយរាប់ចាប់ពីការបង្ក្រាបបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុង រហូតដល់ការគំរាមកំហែងតៃវ៉ាន់ ប្រទេសចិនបានបង្ហាញឆន្ទៈក្នុងការប្រើប្រាស់កម្លាំង ដើម្បីសម្រេចឱ្យបាន នូវអ្វីដែលខ្លួនចង់បាន។

តំបន់អឺរ៉ុបដែល កំពុងក្លាយខ្លួនទៅជាមហាអំណាចប្រជាធិបតេយ្យពិភពលោកត្រូវចាំថា «បណ្តាប្រទេសកោះប៉ាស៊ីហ្វិក គឺជាក្រុមប្រទេសដំបូងគេមួយ ដែលបានចេញមកថ្កោលទោសលោក Putin ចំពោះការ
លុកលុយលើប្រទេសអ៊ុយក្រែន»។

អគ្គលេខាធិការ Henry Puna បាននិយាយថា «ក្នុងនាមជាលេខាធិការរបស់វេទិកា Pacific Islands Forum ខ្ញុំសូមធ្វើការថ្កោលទោសចំពោះអំពើឈ្លានពានរបស់យោធារុស្ស៊ីដែលបានធ្វើលើពលរដ្ឋ ដែលគ្មានកំហុស និងលើរដ្ឋឯករាជ្យអ៊ុយក្រែន។ យើងសង្កេតឃើញមានការរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ក៏ដូចជាការមិនគោរពច្បាប់អន្តរជាតិពីសំណាក់ ប្រទេសរុស្ស៊ី»។

បណ្តាប្រទេសនៅកោះប៉ាស៊ីហ្វិកនឹងរងនូវការខាតបង់ច្រើន ប្រសិនបើពហុភាគីនិយមរងនូវការបែកបាក់ ឬស្ថាប័នពិភពលោក ដូចជាអង្គការសហប្រជាជាតិរងនូបការធ្លាក់ចុះឥទ្ធិពល ឬកើតមានការមិនយកចិត្តទុកដាក់ចំពោះនីតិរដ្ឋ។

តំបន់អឺរ៉ុបចាំបាច់ត្រូវទទួលស្គាល់ថា «ពិភពលោកបានពឹងផ្អែកលើតំបន់អាស៊ីកាន់តែខ្លាំង»។ អាស៊ីមានពលរដ្ឋ ៥០% នៃពលរដ្ឋសរុបក្នុងពិភពលោក ហើយក៏មានយោធា និងកម្លាំងពលកម្មធំជាងគេផងដែរ។ អាស៊ីមានចំណែក GDP ចំនួន ៣៩% នៃ GDP ពិភពលោក ហើយក៏កំពុងស្ថិតនៅក្នុងដំណើរឆ្ពោះទៅរកចំណែក ៥០% នៅត្រឹមឆ្នាំ ២០៤០ ផងដែរ ខណៈតំបន់អាស៊ីមានសេដ្ឋកិច្ចកំពុងរីកលូត លាស់លឿនជាងគេ។

អឺរ៉ុបត្រូវតែមានភាពឆ្លាតវៃក្នុងការធានាឱ្យបានថា «ខ្លួននឹងការពារប្រទេសប្រជាធិបតេយ្យនៅអាស៊ីពីការឈ្លានពានរបស់ចិន»។ នៅពេលដែលអឺរ៉ុប កំពុងព្យាយាមពង្រឹងសណ្តាប់ធ្នាប់ពិភព លោកសេរីឡើងវិញ អឺរ៉ុបគួរតែធ្វើការឱ្យកាន់តែជិតស្និទ្ធជាមួយបណ្តាដៃគូរបស់ខ្លួននៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិកដើម្បីធានា សន្តិសុខនៅក្នុងតំបន់ និងដើម្បីកសាងសម្ព័ន្ធភាពឱ្យបានកាន់តែទូលាយជាមួយបណ្តាប្រទេសដែលមានឆន្ទៈក្នុងការការពារនូវលទ្ធិប្រជាធិបតេយ្យ៕ The Diplomat

អត្ថបទទាក់ទង