ខ្មែរប៉ុស្ដិ៍ Close

ជំនួបរវាងលោក Xi និងលោក Putin ត្រូវតែមានការរំពឹងទុកច្បាស់លាស់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 67
ជំនួបរវាងលោក Xi និងលោក Putin ត្រូវតែមានការរំពឹងទុកច្បាស់លាស់ ជំនួបរវាងលោក Xi និងលោក Putin ត្រូវតែមានការរំពឹងទុកច្បាស់លាស់

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Xi Jinping ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួបជាមួយលោក Vladimir Putin គ្រោងនឹងធ្វើឡើងនៅក្នុងនិទាឃរដូវខាងមុខ ហើយជំនួបនេះត្រូវបានធ្វើឡើងនៅក្នុងពេលដ៏សំខាន់មួយ។

ខួប ១ ឆ្នាំនៃការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន កំពុងតែខិតជិតមកដល់ហើយ។ សង្គ្រាមខាងលើបានចាប់ផ្តើមឡើងភ្លាមៗ ក្រោយមេដឹកនាំទាំងពីរ បានជួបគ្នានៅទីក្រុងប៉េកាំង ហើយវាបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងរាប់លាននាក់ទៀតត្រូវភៀសខ្លួន ខណៈសង្គ្រាមនេះក៏ជាប្រភពនៃអស្ថិរភាពនិងវិបត្តិសេដ្ឋកិច្ចនៅលើពិភពលោកផងដែរ។

ចិនបានធ្វើការបដិសេធយ៉ាងម៉ឺងម៉ាត់ថា ពួកគេក៏បានព្រមានជាមុនអំពីផលប៉ះពាល់នៃការលុកលុយនេះផងដែរ ហើយសង្គ្រាមនេះពិតជាបានធ្វើឱ្យប្រទេសចិនត្រូវស្ថិតនៅក្នុងស្ថានភាពដ៏លំបាក ដោយពួកគេត្រូវប្រឈមនឹងសម្ពាធពីសំណាក់លោកខាងលិចដើម្បីឱ្យស្ថិតនៅឱ្យឆ្ងាយពីទីក្រុងម៉ូស្គូ ។

ដំណើរទស្សនកិច្ចនេះ គឺជាដំណើរលើកដំបូងរបស់លោក Xi ទៅកាន់ប្រទេសរុស្ស៊ីចាប់តាំងពីឆ្នាំ ២០១៩ មក។ ទំនាក់ទំនងដ៏ជិតស្និទ្ធរបស់ចិនជាមួយទីក្រុងម៉ូស្គូបានបង្កើននូវក្តីសង្ឃឹមថា កិច្ចប្រជុំនេះនឹងផ្តល់នូវការត្រួសត្រាយផ្លូវដើម្បីដោះស្រាយបញ្ចប់ជម្លោះ។ ប៉ុន្តែវាហាក់ដូចជាមិនអាចទៅរួចនោះទេក្នុងការរំពឹងថា វានឹងអាចមានដំណោះស្រាយនៅពេលដែលទំនាក់ទំនងឈានដល់ចំណុចផុយស្រួយបែបនេះ។

ចិនបានប្រកាន់យកវិធីសាស្ត្រសមតុល្យនៅក្នុងសង្គ្រាមនេះដោយពួកគេមិនបានធ្វើការថ្កោលទោសចំពោះសកម្មភាពរបស់រុស្ស៊ីនោះទេ ហើយពួកគេក៏បានបង្ហាញនូវការព្រួយបារម្ភចំពោះបញ្ហាសន្តិសុខរបស់ទីក្រុង មូស្គូដែលរួមមានទាំងការពង្រីកខ្លួនទៅភាគខាងកើតរបស់អង្គការណាតូផងដែរ។ ចិនបានប្រឆាំងនឹងទណ្ឌកម្មដែលលោកខាងលិចបានដាក់ទៅលើរុស្ស៊ី ប៉ុន្តែទីក្រុងប៉េកាំងមិនបានធ្វើការផ្គត់ផ្គង់អាវុធដល់ទីក្រុងមូស្គូនោះទេ ហើយថែមទាំងបានអំពាវនាវម្តងហើយម្តងទៀតឱ្យមានការចរចាដោយសន្តិវិធីចំពោះវិបត្តិនេះ។

ទីក្រុងប៉េកាំងមិនអាចធ្វើការផ្តាច់ខ្លួនចេញពីរុស្ស៊ីបានទេ ដោយសារប្រទេសនេះបានផ្តល់នូវសារៈសំខាន់ជាយុទ្ធសាស្រ្តចំពោះចិន។ ប៉ុន្តែចិនក៏មិនអាចធ្វើឱ្យគេមើលឃើញថា ខ្លួនជាអ្នកសមគំនិតជាមួយទីក្រុងមូស្គូក្នុងការបន្តសង្គ្រាមនៅអ៊ុយក្រែននោះដែរ។

ចិនបានប្រកាន់យកជំហរអព្យាក្រឹត ហើយនៅពេលដែលមេដឹកនាំទាំងពីរបានជួបគ្នាលើកចុងក្រោយកាលពីខែកញ្ញា លោក Putin បានទទួលស្គាល់ចំពោះ «បញ្ហានិងកង្វល់» របស់ចិនពាក់ព័ន្ធនឹងសង្គ្រាមនេះ។

ដំណើរទស្សនកិច្ចនេះត្រូវបានគេរំពឹងថា នឹងមានការដោះស្រាយបញ្ហាកាន់តែទូលំទូលាយ។ ប្រទេសទាំងពីរ បានចែករំលែកនូវ «ផលប្រយោជន៍ស្នូល» ជាពិសេសគឺការតស៊ូប្រឆាំងនឹងសកម្មភាពរបស់អាមេរិកក្នុងការបង្កើតសម្ព័ន្ធភាពដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ពួកគេ នៅក្នុងកិច្ចការពិភពលោក។

ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់រុស្ស៊ីអស់រយៈពេលជាង ១ ទសវត្សរ៍កន្លងមកហើយ។ ពាណិជ្ជកម្មទ្វេភាគីរបស់ពួកគេបានកើនឡើងនៅក្នុងអំឡុងពេលមានសង្រ្គាមនៅអ៊ុយក្រែន ជាពិសេសគឺនៅក្នុងវិស័យថាមពល ហើយកិច្ចប្រជុំនេះនឹងផ្តល់ជាមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀត។

ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken នឹងមិនមានដំណើរការដូចការរំពឹងទុកនោះទេ។ គេសង្ឃឹមថា ដំណើរទស្សនកិច្ចនេះនឹងត្រូវបានធ្វើឡើងនៅពេលខាង មុខនេះ ព្រោះឱកាសសម្រាប់ការសន្ទនានេះគឺពិតជាសំខាន់។

ពិភពលោកត្រូវការទំនាក់ទំនងកាន់តែប្រសើរឡើងរវាងចិននិងអាមេរិក និងដំណោះស្រាយចំពោះសង្គ្រាមនៅអ៊ុយក្រែន។ គោលបំណងទាំងនេះនឹងអាចសម្រេចបាន លុះត្រាតែគ្រប់ភាគីមានឆន្ទៈបង្រួបបង្រួមគ្នា និងស្វែងរកនូវមូលដ្ឋានរួម។

កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយជម្លោះនៅអ៊ុយក្រែន និងការស្វែងរកដំណោះស្រាយគឺពិតជាមានភាពចាំបាច់ណាស់ ប៉ុន្តែគេមិនអាចរំពឹងថា ចិននឹងអាចសម្រេចបាននូវដំណោះស្រាយចំពោះបញ្ហានេះដោយខ្លួនឯងនោះទេ។ ភាគីទាំងអស់ដែលរួមមានទាំងសមាជិកអង្គការណាតូ ក៏ត្រូវតែខិតខំចូលរួមដើម្បីនាំមកនូវការចរចាដើម្បីសន្តិភាពផងដែរ។

ដំណើរទស្សនកិច្ចរបស់លោក Xi ទៅកាន់រុស្ស៊ីនឹងផ្តល់នូវឱកាសសម្រាប់វឌ្ឍនភាព។ វានឹងមានភាពប្រាកដប្រជាសម្រាប់ក្តីសង្ឃឹម តែការរំពឹងទុកនឹងមិនមានខ្ពស់ពេកនោះទេ៕

South China Morning Post