ខ្មែរប៉ុស្ដិ៍ Close

The Asean Post ៖ មានតែចិនទេដែលអាចបញ្ឈប់រុស្ស៊ីបាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 83
The Asean Post ៖ មានតែចិនទេដែលអាចបញ្ឈប់រុស្ស៊ីបាន The Asean Post ៖ មានតែចិនទេដែលអាចបញ្ឈប់រុស្ស៊ីបាន

ជាមួយនឹងសង្រ្គាមដែលកំពុងឆាបឆេះនៅក្នុងប្រទេសអ៊ុយក្រែន កិច្ចប្រជុំ «Two Sessions» ប្រចាំឆ្នាំរបស់ប្រទេសចិនបានបង្ហាញអំពីរូបភាពនៃប្រទេសមួយដែលបដិសេធមិនព្រមទទួលស្គាល់ការពិត។ នៅពេលដែលគណបក្សកុម្មុយនិស្ត និងស្ថាប័នប្រឹក្សារបស់ខ្លួនប្រមូលផ្តុំគ្នា នៅទីក្រុងប៉េកាំងនៅក្នុងខែនេះមានការលើកឡើងតិចតួចណាស់ ឬសឹងតែគ្មានសោះអំពីការរំខានយ៉ាងធ្ងន់ធ្ងរនៅ ក្នុងសណ្តាប់ធ្នាប់ពិភពលោក។

ជាមួយនឹងមហិច្ឆតាអំណាចដ៏អស្ចារ្យ ប្រទេសចិនទំនើបអាចនឹងកំពុងស្ថិតនៅក្នុងដំណាក់កាលសម្រេចចិត្តដ៏សំខាន់មួយ។ ឯកសារចំនួន២ ដែលរួមមានកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងចិន-រុស្ស៊ី ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី ៤ ខែកុម្ភៈក្នុងពិធីបើកកីឡាអូឡាំពិក រដូវរងានៅទីក្រុងប៉េកាំង និងរបាយការណ៍ការងារ ដែលត្រូវបានប្រគល់នៅថ្ងៃទី៥ ខែមីនា ដោយនាយករដ្ឋមន្ត្រីចិន Li Keqiang ទៅកាន់សភាប្រជាជន (National People’s Congress-NPC) បានបង្ហាញអំពីបញ្ហាក្នុងការពង្រឹងទំនាក់ទំនងរបស់ប្រទេសចិន។

សេចក្តីថ្លែងការណ៍ ដ៏ទូលំទូលាយស្តីអំពីកិច្ចសហប្រតិបត្តិការចិន-រុស្ស៊ី បានលើក ឡើងអំពី «មិត្តភាពគ្មានដែនកំណត់រវាងរដ្ឋទាំងពីរ»។ វាបានបង្ហាញឱ្យឃើញអំពីផលប្រយោជន៍រួមក៏ដូចជាការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាស្តីអំពីការប្រែប្រួលអាកាសធាតុ, សុខភាពពិភពលោក, កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច, គោលនយោបាយពាណិជ្ជកម្ម ក៏ដូចជាអំពីមហិច្ឆតាក្នុងតំបន់ និងភូមិសាស្ត្រ។

លោកខាងលិចអាចនឹងកត់សម្គាល់ឃើញថា «ខ្លួននឹងត្រូវប្រឈមមុខនឹងការរួមបញ្ចូលគ្នាដ៏មានឥទ្ធិពលនៃគូប្រជែងថ្មីរបស់ខ្លួន»។ ឯកសារមួយទៀតស្តីអំពីការធ្វើកំណែទម្រង់ បានសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តជាបន្តរបស់ប្រទេសចិនក្នុងការកាត់បន្ថយភាពក្រីក្រ, ការបង្កើតការងារ, ការធ្វើឌីជីថលនីយកម្ម, ការការពារបរិស្ថាន, ការដោះស្រាយបញ្ហាប្រឈមផ្នែកប្រជាសាស្រ្ត, ការការពារជំងឺ និងបញ្ហាសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ទាំងនេះបានលើកឡើងតិចតួចណាស់អំពីពិភពលោកដែលកំពុងស្ថិតក្នុងភាពចលាចល។ ប្រទេសចិនត្រូវតែធ្វើការសម្រេចចិត្ត ពីព្រោះវាគ្មានផ្លូវណាដែលចិនអាចបន្តដំណើរការទៅមុខបានដូចធម្មតាឡើយ។

មនុស្សជាច្រើនជឿថា «ប្រទេសរុស្ស៊ី និងចិនបានរួមគ្នាបង្កើតយុទ្ធសាស្ត្រដ៏ធំមួយស្តីពីសង្គ្រាមត្រជាក់ថ្មី»។ វាអាចជាល្បែងត្រីកោណរបស់ចិន (Triangulation Gambit) ដែលនោះគឺ «ការចូលរួមជាមួយរុស្ស៊ីដើម្បីឡោមព័ទ្ធសហរដ្ឋអាមេរិក ដូចអ្វីដែលចិននិងអាមេរិកបានធ្វើដោយជោគជ័យកាលពី ៥០ ឆ្នាំមុន លើអតីតសហភាពសូវៀត»។

ប៉ុន្តែ ក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ សង្រ្គាមដ៏រន្ធត់របស់លោក Putin លើប្រទេសអ៊ុយក្រែន បាននិងកំពុងបង្កើតឱ្យមានហានិភ័យដល់ទស្សនៈខាងលើ។ ប្រសិនបើចិននៅតែ បន្តប្តេជ្ញាចិត្តចំពោះភាពជាដៃគូថ្មីរបស់ខ្លួនជាមួយរុស្ស៊ី នោះចិននឹងត្រូវប្រឈមនឹងកំហុសនិងការទទួល ខុសត្រូវជាមួយប្រទេសរុស្ស៊ី។

ប្រទេសរុស្ស៊ីកំពុងរងនូវភាពឯកោ និងការដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាពីសំណាក់លោកខាងលិចដែលជាហេតុនឹងធ្វើឱ្យសេដ្ឋកិច្ចរបស់រុស្ស៊ីរងនូវការបំផ្លិចបំផ្លាញក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ជោគវាសនាដូចគ្នា នេះ កំពុងរង់ចាំប្រទេសចិន ប្រសិនបើចិននៅតែបន្តពង្រឹងភាពជាដៃគូថ្មីរបស់ខ្លួនជាមួយរុស្ស៊ី។

លទ្ធផលនេះមានភាពផ្ទុយស្រឡះពីគោលដៅអភិវឌ្ឍន៍របស់ប្រទេសចិន ដែលទើបតែបានលើកឡើងដោយលោក Li ហើយវានឹងក្លាយជាហានិភ័យយ៉ាងពិតប្រាកដ ប្រសិនបើចិននៅតែបន្តផ្តល់ការគាំទ្រដោយគ្មានដែនកំណត់ដល់ប្រទេសរុស្ស៊ីដែលរួមមានទាំងការជួយសម្រាលឥទ្ធិពលនៃទណ្ឌកម្មរបស់លោកខាងលិច។

មេដឹកនាំចិនទំនងជាបានដឹងអំពីបញ្ហាប្រឈមទាំងនេះ។ បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយបានរក្សាភាពស្ងៀមស្ងាត់ចំពោះការលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសចិនគឺលោក Wang Yi បានលើកឡើងនៅក្នុងសន្និសីទសន្តិសុខទីក្រុង Munich កាល ពីខែមុន ដោយបានសង្កត់ធ្ងន់លើការគោរពចំពោះអធិបតេយ្យភាពជាតិ រួមជាមួយនឹងគោលការណ៍ស្តីពីការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋដទៃទៀត។

ប៉ុន្តែ នៅក្នុងសមាជរបស់ NPC កាលពីថ្ងៃទី ៧ មីនា លោក Wang បានអះអាងថា «ប្រទេសចិននិងរុស្ស៊ីនឹងបន្តពង្រឹងកិច្ចសហប្រតិប្រត្តិការរវាងគ្នាឱ្យបានកាន់តែរឹងមាំ»។ ឥឡូវនេះ លោក Xi កំពុងប្រឈមមុខនឹងការសម្រេចចិត្តដ៏សំខាន់មួយ។

លោកមានអានុភាពដ៏អស្ចារ្យបំផុតដែលអាចអនុញ្ញាតឱ្យលោកសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែន។ ដើម្បីធ្វើដូច្នេះបាន លោកត្រូវផ្ញើសារខ្លាំងៗទៅកាន់លោក Putin ថា «ការឈ្លានពានដ៏ឃោរឃៅរបស់រុស្ស៊ីបានឆ្លងកាត់ខ្សែបន្ទាត់ក្រហមរបស់ចិនហើយស្តីអំពីអធិបតេយ្យភាពទឹកដី»។

លោក Xi ត្រូវតែធ្វើការជំទាស់យ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក Putin ក្នុងការសរសេរឡើងវិញនូវ ប្រវត្តិសាស្ត្រនៅក្រោយសង្គ្រាមត្រជាក់ និងការធ្វើឱ្យចក្រពត្តិរុស្ស៊ីរស់ឡើងវិញ។

ដើម្បីចរចាបញ្ចប់ជម្លោះដ៏មហន្តរាយដែលលោក Putin បានបង្កឡើង លោក Xi ត្រូវតែទាញយកប្រយោជន៍ពីភាពជាដៃគូដែលបានបង្កើតឡើងនៅថ្ងៃទី ៤ ខែកុម្ភៈ។ អនាគតរបស់រុស្ស៊ីនឹងស្ថិតក្នុងគ្រោះថ្នាក់ ពីព្រោះបើសិនជាគ្មានចិន រុស្ស៊ីនឹងគ្មានអ្វីទាំងអស់ ព្រោះចិនកំពុងកាន់សន្លឹកបៀរដ៏សំខាន់បំផុតរបស់រុស្ស៊ី។

កេរ្តិ៍ឈ្មោះនៅក្នុងប្រវត្តិសាស្ត្ររបស់លោក Xi ផ្ទាល់ ក៏កំពុងប្រឈមមុខនឹងបញ្ហាផងដែរ។ នៅចុងឆ្នាំនេះ សមាជគណបក្សលើកទី២០ នឹងធ្វើឡើងនៅទីក្រុងប៉េកាំង ហើយរបៀបវារៈសំខាន់មិនមែនជារឿងអាថ៌កំបាំងនោះទេ ដែលនោះគឺ «ការតែងតាំងឱ្យលោក Xi កាន់តំណែងបន្ត ៥ឆ្នាំទៀតជាលើកទី៣ ក្នុងនាមជាអគ្គលេខាធិការបក្ស» ដែលនេះគឺជារឿងដែលមិនធ្លាប់មានពីមុនមកទេ។

ជម្រើសសម្រាប់លោក Xi គឺមានភាពច្បាស់លាស់ណាស់ ដោយក្នុងនោះ «លោកអាចបន្តដំណើរការកិច្ចព្រមព្រៀងថ្ងៃទី ៤ ខែកុម្ភៈរបស់លោកជាមួយរុស្ស៊ី ក៏ប៉ុន្តែលោកនឹងត្រូវជាប់គាំង នៅក្នុងទណ្ឌកម្ម, ភាពឯកោ និងសម្ពាធផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ» ឬ «លោកអាចព្យាយាមចរចាស្វែងរកសន្តិភាព ដើម្បីជួយសង្រ្គោះពិភពលោក និងដើម្បីពង្រឹងឋានៈរបស់ប្រទេសចិនក្នុងនាមជា មហាអំណាចដែលដឹកនាំដោយរដ្ឋបុរសដ៏អស្ចារ្យ»។

ក្នុងនាមជាស្ថាបត្យករនៃ «ក្តីសុបិនរបស់ចិន» និងអ្វីដែលលោកជឿថាជាការធ្វើឱ្យប្រទេសដ៏អស្ចារ្យកាន់តែមានភាពរស់រវើកឡើងវិញ លោក Xi គ្មានជម្រើសអ្វីផ្សេងនោះទេ។ លោកXi អាចនឹងចាត់វិធានការដែលគ្រប់គ្នាមិននឹកស្មាន ដល់ដើម្បីកាត់បន្ថយការគំរាមកំហែងរបស់រុស្ស៊ី នៅមុនពេលវាយឺតពេល៕ The Asean Post