ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរខួប២២ឆ្នាំ កម្ពុជាចូលជាសជិកអាស៊ាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 74
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរខួប២២ឆ្នាំ កម្ពុជាចូលជាសជិកអាស៊ាន សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរខួប២២ឆ្នាំ កម្ពុជាចូលជាសជិកអាស៊ាន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើសារអបអរសាទរខួប២២ឆ្នាំ (៣០ មេសា ១៩៩៩-៣០ មេសា ២០២១) ដែលកម្ពុជាក្លាយជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅថាអាស៊ាន (ASEAN)។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ថា ចាប់តាំងពីបានក្លាយជាសមាជិកអាស៊ានមក កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម។

សម្តេចបន្តថា បន្ទាប់ពីការស្វះស្វែង តាមនយោបាយការទូតយ៉ាងស្វិតស្វាញ និងទន់ភ្លន់ កម្ពុជាត្រូវបានអាស៊ាន សម្រេចឱ្យចូលជាសមាជិកទី១០ ក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួន នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។

សម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា «អាស៊ានបានក្លាយជាស្នូលមួយ នៃនយោបាយការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំង បានតាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍ ផ្នែកនយោបាយ សង្គម សេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ការក្លាយទៅជាសមាជិកអាស៊ាននេះ គឺជាជោគជ័យនៃការទូតមួយរបស់ប្រទេសកម្ពុជា ក្នុងកាពង្រីកអនុភាព និងបង្កើនតួនាទីរបស់ខ្លួនកាន់តែសកម្ម នៅក្នុងតំបន់ផងដែរ»។

សូមបញ្ជាក់ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន គឺជាអង្គការថ្នាក់តំបន់មួយ រួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងដប់ជាសមាជិក រួមមានថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឥណ្ឌូណេស៊ី ព្រុយណេ វៀតណាម មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា។ កម្ពុជាបានចូលជាសមាជិកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ក្នុងពេលកិច្ចប្រជុំនៅក្នុងប្រទេសវៀតណាម។

អាស៊ាន ជាអង្គការតំបន់ ដែលបានជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល និងជួយសម្រួលការធ្វើសមាហរណកម្ម ក្នុងចំណោមសមាជិកទាំងអស់ ចាប់តាំងពីការបង្កើតឡើងដំបូងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ គោលបំណងសំខាន់នៃអង្គការនេះ គឺការជំរុញនូវកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការវិវត្តសង្គមសម្រាប់សមាជិកទាំងអស់ រួមជាមួយការការពារស្ថិរភាពនៅក្នុងតំបន់ និងការផ្ដល់យន្តការមួយ សម្រាប់ប្រទេសជាសមាជិក ដើម្បីដោះស្រាយទំនាស់ដោយសន្តិវិធី។ អាស៊ានគ្របដណ្ដប់លើផ្ទៃដី ៤.៤លានគីឡូម៉ែត្រការ៉េ ស្មើនឹង៣% នៃផ្ទៃដីផែនដីសរុប។ ប្រទេសជាសមាជិកទាំងអស់មានប្រជាជនសរុបជាង ៦០០លាននាក់ ស្មើនឹង ៨%នៃប្រជាជនពិភពលោក។ បច្ចុប្បន្នចំណូលផលិតផលជាតិសរុបជាមធ្យម នៃអាស៊ាន បានកើនឡើងជាង ២.៨លានលានដុល្លារអាមេរិក។ អាស៊ាន ត្រូវបានគេប្រៀប្រដូចទៅនឹងប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៥ នៅក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ចិន ជប៉ុន អាល្លឺម៉ង់ និង អង់គ្លេស៕

អត្ថបទទាក់ទង