ខ្មែរប៉ុស្ដិ៍ Close

នយោបាយស្តីពី​កម្ពុជាដ៏បរាជ័យ​របស់​លោក Biden គឺជា​បញ្ហាចាស់ ដែលបន្សល់ទុកកាលពីអតីតកាល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានអន្តរជាតិ 76
នយោបាយស្តីពី​កម្ពុជាដ៏បរាជ័យ​របស់​លោក Biden គឺជា​បញ្ហាចាស់ ដែលបន្សល់ទុកកាលពីអតីតកាល នយោបាយស្តីពី​កម្ពុជាដ៏បរាជ័យ​របស់​លោក Biden គឺជា​បញ្ហាចាស់ ដែលបន្សល់ទុកកាលពីអតីតកាល

ដូចដែលគ្រប់គ្នាបាន ដឹងហើយថា «នៅឆ្នាំ ១៩៧៥ សហរដ្ឋអាមេរិកបានបោះបង់ចោលរដ្ឋាភិបាលរបស់ លន់ នល់ ហើយខ្មែរក្រហមក៏បានឡើងមកកាន់អំណាច»។ ប៉ុន្តែអ្វី​ដែល​គេ​មិន​សូវ​បានដឹង​នោះ​គឺ​ «នៅ​ពេល​នោះ សមាជិក​ព្រឹទ្ធសភា​ទើប​ចូល​កាន់តំណែងថ្មី គឺលោក Joseph Biden បាន​គាំទ្រ​ការ​ជម្លៀស​ជនជាតិ​អាមេរិក​ចេញពី​ប្រទេស​វៀតណាម និង​កម្ពុជា»។

លោក Joe Biden កាលនៅក្មេង
លោក Joe Biden កាលនៅក្មេង

ថ្ងៃទី២៥ ខែមេសា ឆ្នាំ ១៩៧៥ ជនជាតិអាមេរិកបានចាកចេញពីប្រទេសកម្ពុជា ហើយអតីតនាយករដ្ឋមន្ត្រី ស៊ីសុវត្ថិ សិរិមតៈ ដែលបានបដិសេធមិនព្រមចាកចេញពីកម្ពុជានិងដែលត្រូវបានសម្លាប់ដោយពួកខ្មែរក្រហម នៅប៉ុន្មានថ្ងៃក្រោយមក បានលើកឡើងនូវការកត់សម្គាល់ដ៏លេចធ្លោរថា «ខ្ញុំបានប្រព្រឹត្តកំហុស ដោយសារការជឿលើអាមេរិក»។

ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ
ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ

ខណៈពេលដែលអ្នករិះគន់បាននិយាយថា «គោលនយោបាយស្តីពីអាហ្វហ្គានីស្ថាននាពេលថ្មីៗនេះរបស់លោកប្រធានាធិបតី Biden ត្រូវបានធ្វើឡើងដោយមិនបានគិតគូរឱ្យបានល្អិតល្អន់» វាគឺមានលក្ខណៈដូចគ្នាទៅនឹងគោលនយោបាយរបស់លោកស្តីពីកម្ពុជា នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ដែរ។ ការដាក់ទណ្ឌកម្មថ្មីៗរបស់រដ្ឋបាលលោក Biden មកលើប្រទេសកម្ពុជាអាចមានពាក់ព័ន្ធនឹងបរិបទប្រវត្តិសាស្ត្រនេះ ហើយសកម្មភាពនេះ បានឆ្លុះបញ្ចាំងអំពីផ្នត់គំនិតរបស់លោក Biden។

ក្នុងនាមជាប្រទេសឯករាជ្យនិងប្រជាធិបតេយ្យ កម្ពុជាត្រូវបានប្រើប្រាស់ជាកូនអុកនៅក្នុងនយោបាយសង្គ្រាមត្រជាក់ ដោយក្នុងនោះរាប់បញ្ចូលទាំងការទម្លាក់គ្រាប់បែកជាសម្ងាត់របស់អាមេរិកលើមូលដ្ឋានកុម្មុយនីស្ត និងផ្លូវផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជាដែលបានចាប់ ផ្តើមនៅឆ្នាំ ១៩៦៩។

នៅក្រោយសង្គ្រាម លោកលើកទី២ រដ្ឋាភិបាលកម្ពុជាគឺស្ថិតនៅក្រោមអាណានិគមនិយមបារាំង ហើយបន្ទាប់មកបានក្លាយជាសម័យកាលអាមេរិកនិយម, បន្ទាប់មកគឺជាសម័យកាលចិននិយម និងបន្ទាប់មកគឺសម័យកាលវៀតណាមនិយម ខណៈដែលនៅពេលឥឡូវនេះ កម្ពុជាត្រូវបានគេសន្មតថាកំពុងវិលត្រលប់ទៅរកសម័យកាលចិននិយម វិញហើយ។ ទាំងនេះឆ្លុះបញ្ចាំងអំពីការយល់ខុសផ្នែកនយោបាយរបស់កម្ពុជា។

ក្នុងនាមជាអតីត ប្រទេសក្រោមអាណានិគមបារាំង កម្ពុជានៅក្រោមការដឹកនាំរបស់ព្រះបាទនរោត្តម សីហនុ បានទទួលឯករាជ្យនៅឆ្នាំ ១៩៥៣។ នៅឆ្នាំ ១៩៥៥ ព្រះបាទនរោត្តមសីហនុបានដាក់រាជ្យឱ្យព្រះបិតាទ្រង់ ហើយទ្រង់ក៏បានកាន់តំណែងជាប្រមុខរដ្ឋាភិបាលអស់រយៈពេល ១៥ ឆ្នាំ។

នៅក្រោយសង្គ្រាមលោកលើកទី២ សហរដ្ឋអាមេរិកបានផ្តល់ជំនួយផ្នែកសេដ្ឋកិច្ចដល់កម្ពុជា។ ចាប់ពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៧០ ព្រះបាទនរោត្តម សីហនុ គឺជានាយករដ្ឋមន្ត្រី ហើយទ្រង់​មាន​ទំនាក់​ទំនង​ជាមួយ​ប្រទេសចិន​ជា​យូរ​មក​ហើយ។ នៅខែឧសភា ឆ្នាំ ១៩៦៥ កម្ពុជាបានផ្តាច់ទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិក ដោយហេតុថា «ទ្រង់ចង់រក្សាអព្យាក្រឹតភាពក្នុងអំឡុងសង្គ្រាមវៀតណាម»។

នៅឆ្នាំ ១៩៧០ សហរដ្ឋអាមេរិកបានគាំទ្រការធ្វើរដ្ឋប្រហារប្រឆាំងនឹងព្រះបាទ នរោត្តម សីហនុ ដែលបានភៀសខ្លួនទៅកាន់ទីក្រុងប៉េកាំង។ សហរដ្ឋអាមេរិកបានផ្តល់ប្រាក់កម្ចីចំនួន ២៧៨ លានដុល្លារដល់រដ្ឋាភិបាល លន់ នល់ ដែលជាបំណុលដែលទីក្រុងវ៉ាស៊ីនតោនកំពុងបន្តទារពីកម្ពុជា ខណៈដែលពេលនេះចំនួននេះបានកើនឡើងទ្វេដងដល់ ៥០០ លានដុល្លារ។ កាលពីពេលថ្មីៗនេះ រដ្ឋបាលរបស់លោក Biden ក៏បានទាមទារឱ្យកម្ពុជាសងប្រាក់កម្ចីនេះផងដែរ។

ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ សហរដ្ឋអាមេរិកបានថ្កោលទោសរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត ហើយក្នុង​សង្រ្គាម​កម្ពុជា​-​វៀតណាម ឆ្នាំ​ ១៩៧៩ វៀតណាម​បាន​បណ្តេញ​ខ្មែរក្រហម​ចេញពី​អំណាច និង​បាន​លើកបន្តុប​រដ្ឋាភិបាល​ថ្មី​មួយ ដែល​មានការចូលរួមពីសំណាក់លោក ហ៊ុន សែន។

នៅឆ្នាំ ១៩៨៥ លោក ហ៊ុន សែន បានក្លាយជានាយករដ្ឋមន្ត្រី ខណៈដែលពេលនោះ លោកមាន​អាយុ​ត្រឹម​តែ ៣៣ ឆ្នាំ​ប៉ុណ្ណោះ ហើយលោកគឺជា​នាយក​រដ្ឋមន្ត្រី​ក្មេង​បំផុត​ក្នុង​ពិភពលោក និង​ពេល​នេះ​ លោកបានក្លាយជា​អ្នក​ដែលបានកាន់​តំណែង​យូរ​បំផុត (រយៈពេល ៣៦ ឆ្នាំ)។ ក្នុងវ័យ ២៦ ឆ្នាំ លោក ហ៊ុន សែន ក៏​បានធ្វើជារដ្ឋមន្ត្រី​ការ​បរទេស​ដែលក្មេង​ជាងគេបំផុត​ក្នុងពិភពលោក​ផងដែរ។

នៅឆ្នាំ ១៩៨៩ វៀតណាមបានដកខ្លួនចេញពីកម្ពុជា ហើយនៅ​ឆ្នាំ ១៩៩១ ភាគី​ជម្លោះ​នៅ​កម្ពុជា​បាន​ព្រមព្រៀងគ្នាស្តីពី​បទ​ឈប់​បាញ់។ ចាប់ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ១៩៩៣ ប្រទេសកម្ពុជាបានស្ថិតនៅក្រោមអាជ្ញាធរអន្តរកាលនៃអង្គការសហប្រជាជាតិ (UNTAC) ហើយអ៊ុនតាក់គឺជាអ្នកដឹកនាំដំណើរការដ៏ជោគជ័យ ក្នុងការផ្លាស់​ប្តូរប្រទេសឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ និង​​សន្តិភាព។

នៅឆ្នាំ ១៩៩២ សហរដ្ឋអាមេរិកបានបញ្ចប់ការហ៊ុមព័ទ្ធផ្នែកសេដ្ឋកិច្ចលើកម្ពុជា ហើយនៅឆ្នាំ ១៩៩៤ សហរដ្ឋអាមេរិកបានចាប់ផ្តើមបេសកកម្មការទូតនៅទីក្រុងភ្នំពេញ។ ចាប់តាំងពីឆ្នាំ១៩៩៧ នៅពេលដែលការ
ដឹកនាំរួមគ្នាជាមួយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានបញ្ចប់ លោក ហ៊ុន សែន បានក្លាយជានាយករដ្ឋមន្ត្រីតែមួយគត់របស់កម្ពុជា។

ការពិតនោះគឺថា «លោក ហ៊ុន សែន គឺជាសម្ព័ន្ធមិត្តដ៏ល្អឥតខ្ចោះមួយសម្រាប់សហរដ្ឋអាមេរិក»។ កូនប្រុសច្បង​របស់​លោក គឺលោក ហ៊ុន ម៉ាណែត ដែល​​នឹង​ក្លាយជាអ្នក​ស្នង​តំណែង​កំពូលបន្តបាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​ពី «United States Military Academy» នៅ West Point ទីក្រុង​ញូវយ៉ក។

លោកហ៊ុន សែន គឺជាផ្នែកមួយនៃភាពរីកចម្រើនផ្នែកលទ្ធិប្រជាធិបតេយ្យដែលមាន លក្ខណៈមូលធននិយម ទីផ្សារសេរី (Free-Market Capitalist)។ «កម្ពុជាគឺជារដ្ឋមួយក្នុងចំណោមរដ្ឋអាស៊ានទាំង១០ ដែលធ្លាប់មានប្រវត្តិសាស្ត្រគាំទ្រលោកខាងលិច និងជាប្លុកនយោបាយមួយ ដែលមិនមានជាប់ពាក់ព័ន្ធនឹងប្រទេសចិន»។

ក្រោម​របបរបស់ លោក ហ៊ុន សែន កម្ពុជា​បាន​បង្កើត​ទីផ្សារ​ហ៊ុន។ ធនាគារពិភពលោក បាននិយាយថា«ការ វិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសកម្ពុជាមានលក្ខណៈបើកចំហបំផុតនៅក្នុងអាស៊ាន ខណៈដែលប្រទេសថៃគឺជាប្រទេសដែលមានការរឹតត្បិតបំផុត»។ ប្រាក់​ដុល្លារ​អាមេរិក​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា បូក​រួម​ជាមួយ​រូបិយប័ណ្ណផ្លូវការ​គឺ​ប្រាក់​រៀល។

ប៉ុន្តែក្រោយមក ប្រវត្តិសាស្ត្របាននាំយើងមកដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅពេលដែលរដ្ឋបាលរបស់លោក Biden បានប្រកាស អំពីទណ្ឌកម្មសព្វាវុធប្រឆាំងនឹងកម្ពុជា ជុំវិញការចោទប្រកាន់ពីការកើនឡើងនូវឥទ្ធិពលយោធារបស់ចិន និងការកែលម្អឡើងវិញនៅមូលដ្ឋានទ័ពជើងទឹករាមដោយទទួលបានការឧបត្ថម្ភពីទីក្រុងប៉េកាំង។

«ដោយសារសហរដ្ឋអាមេរិកមិនមែនជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់របស់កម្ពុជា វាគឺជាគោលនយោបាយដ៏គ្មានន័យ ដែលបានកើតឡើងនៅក្នុងពេលដំណាលគ្នានឹងការធ្វើពហិការរបស់អាមេរិកចំពោះកីឡាអូឡាំពិកដែលនឹងប្រារព្ធទៅនៅក្នុងប្រទេសចិន» ហើយប្រការបែបនេះ វាគឺជា «ខ្លាក្រដាសមួយទៀតដែលឆ្លុះបញ្ចាំងអោយឃើញនូវភាពទន់ខ្សោយច្រើនជាងការបង្ហាញកម្លាំងរបស់សហរដ្ធអាមេរិក»។

ប្រតិកម្ម​របស់​លោកហ៊ុន សែន ចំពោះ​ទណ្ឌកម្ម​គឺ​មានលក្ខណៈ​ស្រដៀង​គ្នា​នឹងប្រទេស​អាហ្វហ្កានីស្ថាន។ នៅ​មុន​ការ​ដាក់​ទណ្ឌកម្ម​គឺនៅ​ថ្ងៃ​ទី ១២ ខែ​កញ្ញា លោក ហ៊ុន សែនបាន​និយាយ​ថា «ស្ថានភាព​នៅ​អាហ្វហ្កានីស្ថាន​បាន​ធ្វើ​ឱ្យគ្រប់គ្នាចងចាំអំពី​ពេល​ដែល​ខ្មែរក្រហមបាន​ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ ១៩៧៥»។

កម្ពុជាអាច និងគួរតែជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក ក៏ប៉ុន្តែជា​ដំបូង​អាមេរិក​ត្រូវ​យល់​ថា «លោក ហ៊ុន សែន មាន​ទស្សនៈ​បែប​ណា​ចំពោះ​ពិភពលោក»។ នៅក្រោមការ​ត្រួតត្រា​របស់​វៀតណាម ទឹកដីរបស់កម្ពុជា​​ជាច្រើន​បានធ្លាក់ទៅក្នុងដៃរបស់វៀតណាម។

«ប្រទេសចិនបានផ្តល់កម្លាំងប្រឆាំងតបតទៅនឹងការគំរាម កំហែងនិងការលុកលុយរបស់វៀតណាម មកលើអធិបតេយ្យភាព និងផ្ទៃដីរបស់កម្ពុជា ខណៈដែលអាមេរិក​មិន​បានផ្តល់​ការ​ការពារ​ដល់ប្រទេស​កម្ពុជា​ប្រឆាំងនឹងវៀតណាម​នោះទេ។ ដូច្នេះ អាមេរិក​មិន​បានផ្តល់​ជម្រើស​ដល់​កម្ពុជា​ទេ»។

ករណីនេះ​គឺខុស​គ្នាពី​ប្រទេសថៃ​ដែល​មិន​ធ្លាប់បាន​ប្រឈម​មុខ​នឹង​ការ​ឈ្លានពាន​ពី​ចិន ឬ​វៀតណាម​ទេ ដោយសារប្រទេសថៃបានស្ថិតនៅក្រោម​ឆ័ត្រ​សន្តិសុខ​របស់​អាមេរិក។ ក្នុងឆ្នាំ ២០០៣ ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក George W Bush ប្រទេសថៃត្រូវបានគេដាក់ឈ្មោះថាជា «សម្ព័ន្ធមិត្តសំខាន់ក្រៅអង្គការណាតូ»«Key Non-NATO Ally) រួមជាមួយប្រទេសអាហ្សង់ទីន, អូស្ត្រាលី, បារ៉ែន, អេហ្ស៊ីប, អ៊ីស្រាអែល, ជប៉ុនហ្ស៊កដានី, គុយវ៉ែត, ម៉ារ៉ុក, នូវែលសេឡង់, ប៉ាគីស្ថាន, ហ្វីលីពីន, កូរ៉េភាគខាងត្បូង និងទុយនេស៊ី។

លោក ហ៊ុន សែន គឺជាមេដឹកនាំដ៏ល្អ ដែលមានទំនាក់ទំនងក្នុងន័យស្ថាបនាជាមួយប្រទេសចិន, វៀតណាម និងសហរដ្ឋអាមេរិកដែលជាប្រទេសដែលបានជះឥទ្ធិពលដល់នយោបាយរបស់កម្ពុជានៅក្រោយសង្គ្រាម។

លោក Bidenបានបន្តជាប់ផុងនៅក្នុងគំនិតស្តីពីប្រទេសអាហ្វហ្គានីស្ថានដែល មានជាប់ពាក់ព័ន្ធនឹងតួនាទីឈានមុខគេរបស់លោកក្នុងការជម្លៀសជនជាតិអាមេរិកចេញពីប្រទេសកម្ពុជានៅក្នុងឆ្នាំ ១៩៧៥។ «ជាក់ស្តែង លោកគឺជាអ្នកជាប់ជំពាក់បំណុលកម្ពុជា»។

លោក Biden ចាំបាច់ត្រូវទទួលស្គាល់ថា «កម្ពុជានៅក្រោមការដឹកនាំរបស់លោកហ៊ុន សែន នៅឆ្នាំ ២០២២ នឹងកាន់តំណែងជាប្រធានអាស៊ាន ដែលជាដៃគូប្រកួតប្រជែងផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសចិន ហើយភាគច្រើនគឺជាប្រទេសប្រជាធិបតេយ្យ»។

«លោក ហ៊ុន សែនគឺជាអ្នកនយោបាយដ៏ប៉ិនប្រសព្វម្នាក់ ដែលចង់ធ្វើជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក ដែលជាប្រទេសមួយ ដែលបានបើកស្ថានទូតទំនើបថ្មីដ៏ធំមួយនៅកម្ពុជានៅឆ្នាំ ២០០៦» ។

«លោក Biden ត្រូវភ្ជាប់មិត្តភាពជាមួយប្រទេសកម្ពុជា ហើយត្រូវចំណាយពេលវេលាជាមួយលោក ហ៊ុន សែន»។ «លោក ហ៊ុន សែន គឺជាមនុស្សម្នាក់ដែលអាចបង្កើតជោគជ័យបានដោយខ្លួនឯង (Self-made Man)» «ដែលជាទាហានក្រីក្រម្នាក់ ដែលបានឡើងមកធ្វើជានាយករដ្ឋមន្ត្រី»។ «លោក ហ៊ុន សែន គឺជាអ្នកជាតិនិយម ដែលចង់ការពារប្រទេសរបស់លោកពីការគំរាមកំហែងជាច្រើនពីខាងក្រៅ»។

«ការ​ដាក់​ទណ្ឌកម្ម​របស់​លោក Biden ដោយសារកម្ពុជា​កំពុងស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ដោយ​យោធា​របស់​ចិន គឺ​ជារឿងមិន​ពិត»។ កម្ពុជាមិនមែនជារដ្ឋអាយ៉ងរបស់ចិន ឬប្រទេសណាមួយឡើយ។

បុព្វកថានៃរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ ១៩៩៣ (កែសម្រួលនៅឆ្នាំ ២០០៨) បានចាប់ផ្តើមថា «យើងជាប្រជាជនកម្ពុជា, ជាអ្នកស្នងមរតកអរិយធម៌ដ៏អស្ចារ្យ, ជាជាតិដ៏រុងរឿង,ជាអំណាចធំដែលមានកិត្យានុភាពភ្លឺដូចពេជ្រ» ហើយមាត្រា ១ បានចែងថា «ព្រះរាជាណាចក្រកម្ពុជាគឺជាប្រទេសឯករាជ្យ, អធិបតេយ្យ, សន្តិភាព, អព្យាក្រឹតអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ»។

អ្នកដែលបានស្គាល់លោក ហ៊ុន សែន ច្បាស់ជាបាន ដឹង​ថា «​លោក​មិន​មែន​ជា​អាយ៉ង​របស់​អ្នក​ណា​ទេ»។ លោក​ ហ៊ុន សែន គឺជា​អ្នក​ជាតិនិយម​ ដែល​នឹង​បង្កើត​សម្ព័ន្ធភាព​ទាំងឡាយណា ដែល​មានភាពចាំបាច់​ដើម្បី​ការពារ​ឯករាជ្យ​របស់​កម្ពុជា។

លោក​ ហ៊ុននសែនបានដឹង​យ៉ាងច្បាស់ថា «កម្ពុជា​ត្រូវ​តែមាន​ទំនាក់​ទំនង​ល្អ​ទាំងជាមួយ​ប្រទេស​ចិន, វៀតណាម និង​សហរដ្ឋ​អាមេរិក»។

នៅឆ្នាំ ១៩៩២ វិធានការដំបូងរបស់សហរដ្ឋអាមេរិកគឺ «ការបញ្ចប់ការហ៊ុមព័ទ្ធប្រឆាំងនឹងកម្ពុជា» ហើយការដាក់ទណ្ឌកម្មជាថ្មីលើប្រទេសជាមិត្តនៅពេលនេះគឺជា «ការបោះជំហានថយក្រោយ»។

តាមពិតទៅ សហរដ្ឋអាមេរិក​ត្រូវ​បានប្រជាជន​កម្ពុជា​ចាត់ទុកជា​គំរូ​ដ៏​សក្តិសម​សម្រាប់កម្ពុជា និង​សម្រាប់​រដ្ឋាភិបាល​របស់លោក ហ៊ុន សែន។

«ជំនួសឱ្យការហ៊ុមព័ទ្ធដ៏ឆោតល្ងង់នេះ លោក Biden គួរតែលុបបំណុល ៥០០ លានដុល្លារអាមេរិកដែលកំពុងតែបង្កការឈ្លោះប្រកែកគ្នា ហើយទី២ គឺអាមេរិកគួរដាក់ឈ្មោះប្រទេសកម្ពុជាជា «សម្ព័ន្ធមិត្តដ៏សំខាន់ក្រៅអង្គការណាតូ»។

បន្ទាប់មក កម្ពុជាអាចនឹងធានាបានថា «ខ្លួននឹងអាចពឹងផ្អែកលើការការពាររបស់សហរដ្ឋអាមេរិក ហើយនឹងមិនក្លាយជារដ្ឋាភិបាល លន់ នល់ ឬអាហ្វហ្គានីស្ថានផ្សេងមួយទៀតទេ ដែលទាំងនេះគឺសុទ្ធតែជាកំហុស
កាលពីអតីតកាលតាមលងលោក Biden»៕

Asia Times

អត្ថបទទាក់ទង