ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាចាប់ផ្តើមជួសជុលព្រះពុទ្ធបដិមាចំនួន៣អង្គបន្ថែមទៀត នៅរួតបាកាណ ប្រាសាទអង្គរវត្ត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 37
អាជ្ញាធរជាតិអប្សរាចាប់ផ្តើមជួសជុលព្រះពុទ្ធបដិមាចំនួន៣អង្គបន្ថែមទៀត នៅរួតបាកាណ ប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរាចាប់ផ្តើមជួសជុលព្រះពុទ្ធបដិមាចំនួន៣អង្គបន្ថែមទៀត នៅរួតបាកាណ ប្រាសាទអង្គរវត្ត

សៀមរាប៖ អាជ្ញាធរជាតិអប្សរា សហការជាមួយវិស័យឯកជន បានប្រារព្វពិធីប្រុងពលីបួងសួងទៅតាមប្រពៃណីសាសនា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីធ្វើការជួសជុលព្រះពុទ្ធបដិមាចំនួន៣អង្គនៅរួតបាកាណប្រាសាទអង្គរវត្ត។

លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ព្រះពុទ្ធបដិមាចំនួន៣អង្គនៅរួតបាកាណ នៃប្រាសាទអង្គរវត្តនេះ បានខូចខាតទ្រុឌទ្រោម ដោយកត្តាធម្មជាតិ ទីកន្លែងមានជ្រាបទឹក ទឹកហូរច្រោះ ដោយសារទឹកនោម និងលាមកសត្វប្រចៀវ ធ្វើឱ្យព្រះពុទ្ធបដិមាពុកផុយ ទើបត្រូវធ្វើការជួសជុលឡើងវិញ បន្ទាប់ពីអាជ្ញាធរជាតិអប្សរា បានទទួលការឧបត្ថម្ភថវិកាសម្រាប់ជួសជុល ពីលោកជំទាវឧកញ៉ា នាងវិសាខាអគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ កិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍។

លោកបន្តថា ក្រៅពីព្រះពុទ្ធបដិមានេះ អាជ្ញាធរក៏នឹងជួសជុលស៊ុមទ្រ ស៊ុមបង្អួចវត្ថុសិល្បៈផ្សេងៗ ដែលនៅក្នុងបរិវេណរួតបាកាណនេះមួយចំនួនផងដែរ ដោយដំណើរការជួសជុល គ្រោងចំណាយពេលវេលាប្រមាណ៥ខែ ទើបរួចរាល់។

សូមជម្រាបជូនថា បរិវេណរួតបាកាណ ជាទីសក្ការ:របស់ប្រជាពលរដ្ឋខ្មែរ ដែលតែងតែគោរពបូជា នៅពេលមកដល់ប្រាសាទអង្គរវត្ត ហើយក្នុងដំណើរការជួសជុលនេះ មិនប៉ះពាល់ការទស្សនារបស់ភ្ញៀវទេសចរនោះទេ ដូច្នេះមិនមានការបិទឬផ្អាកការឡើងទៅទស្សនា ឬការធ្វើពិធីបួងសួងរបស់ប្រជាពលរដ្ឋឡើយ។

កាលពីខែវិច្ឆិកា ឆ្នាំ២០២០ អ្នកជំនាញអភិរក្សចម្លាក់ នៃអាជ្ញាធរជាតិអប្សរា បានជួសជុលរួចរាល់ជាស្ថាពរ នូវព្រះពុទ្ធបដិមាមួយអង្គនៅទិសខាងត្បូងនៃរួតបាកាណ ដែលមានការខូចខាតទ្រុឌទ្រោម៕

អត្ថបទទាក់ទង