ខ្មែរប៉ុស្ដិ៍ Close

លោកកជំទាវ ភឿង សកុណា ប្រគេនបណ្ណថ្លែងអំណរគុណដល់ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម ចំពោះការចូលរួមរបស់ព្រះអង្គក្នុងកិច្ចការអភិរក្សបេតិកភណ្ឌជាតិ ពិសេសប្រាសាទលលៃ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 2477

នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរជាតិអប្សរា ព្រមទាំងក្រុមការងារ បានយកទេយ្យទាន និងជាពិសេសបាននាំយកនូវបណ្ណថ្លែងអំណរគុណប្រគេនដល់ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម ជាព្រះរាជាគណៈថ្នាក់ទោ ជាសមាជិកថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ និងជាព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សាវត្តអារាមក្នុងតំបន់ឧទ្យានអង្គរ ដែលព្រះអង្គបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិរក្សបេតិកភណ្ឌជាតិ ជាពិសេសប្រាសាទលលៃ ដោយបានសម្របសម្រួលដល់ព្រះសង្ឃវត្តប្រាសាទលលៃ អាចារ្យគណៈកម្មការនិងពុទ្ធបរិស័ទ ចំណុះជើងវត្ត បានសម្រេចព្រមព្រៀងក្នុងការរំកិលសំណង់ពុទ្ធសាសនាទំនើបទាំងអស់ពីលើខឿនប្រាសាទលលៃ មកគង់នៅផ្នែកខាងក្រោមវិញ។

ការរំកិលនូវសំណង់ពុទ្ធសាសនាទំនើបពីលើខឿនប្រាសាទនេះ គឺជាកិច្ចការដ៏អស្ចារ្យនិងមានតម្លៃជាទីបំផុត និងជាប្រវត្តិសាស្ត្រ ហើយទទួលបាននូវការកោតសរសើរយ៉ាងខ្លាំងពីអង្គការយូណេស្កូ។ ជាពិសេសក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន គណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរនាពេលកន្លងមក បាន ចាត់ទុកថាសកម្មភាពនេះគឺជាសកម្មភាពគំរូមួយដែលរមណីយដ្ឋានបេតិកភណ្ឌពិភពលោកផ្សេងៗទៀតគួរយកតម្រាប់តាម។

មានព្រះបន្ទូលនៅពេលនោះ ព្រះមហាវិមលធម្ម បានសម្តែងនូវព្រះទ័យរីករាយដោយព្រះអង្គផ្ទាល់បាននិមន្តទៅប្រាសាទលលៃ និងបានឃើញលទ្ធលដែលអាជ្ញាធរជាតិអប្សរាកំពុងតែធ្វើការ សិក្សាស្រាវជ្រាវ ដោយបានបើកបង្ហាញនូវតឹកតាងជាប្រវត្តិសាស្ត្រជាច្រើនដូចជាគ្រឹះកំពែងប្រាសាទលលៃ ខ្លោងទ្វារ កំរាលឥដ្ឋ ព្រមទាំងបុរាណវត្ថុជាច្រើនទៀត ដែលនេះជាភាពដ៏អស្ចារ្យនៃប្រាសាទលលៃ ដែលកន្លងមកពុំមាននណាដឹង ព្រោះដោយហេតុរបស់ទាំងនេះត្រូវបានកប់បាត់នៅក្នុងដីក្រោមទីតាំងអតីតសំណង់ទំនើបដែលទើបបានរំកិលចុះក្រោម។ បើមិនមានការសម្រេចព្រះទ័យរបស់ព្រះសង្ឃក្នុងការរំកិលនូវសំណង់ទាំងនោះមកក្រោមទេ អាថ៌កំបាំងដ៏មានតម្លៃទាំងនេះនឹងមិនមានថ្ងៃបង្ហាញរូបរាងបានឡើយ។

ព្រះមហាវិមលធម្មក៏បានជម្រាបលោកជំទាវរដ្ឋមន្រ្តី ដែរថា ក្នុងនាមពុទ្ធចក្រ ព្រះអង្គពុំដែលមានព្រះទ័យរារែកក្នុងបុព្វហេតុចូលរួមក្នុងកិច្ចការអភិរក្សសំណង់បេតិកភណ្ឌនោះទេ ដោយកន្លងមកព្រះអង្គបានធ្វើការយ៉ាងសកម្មជាមួយក្រុមប្រឹក្សាកិច្ចការវត្តអារាមរបស់អាជ្ញាធរជាតិអប្សរា ពិសេសជាមួយ លោក ស៊ឹម ប៊ុនធឿន ដើម្បីដោះស្រាយបញ្ហានានា ដោយជាក់ស្តែង និងទាន់ពេលវេលា និងទទួលបាននូវលទ្ធផលទុកជាប្រវត្តិសាស្រ្តនេះ។

លោកជំទាវបានអរព្រះគុណម្តងទៀតចំពោះការចូលរួមរបស់គណៈសង្ឃខេត្តសៀមរាប ក្រុមប្រឹក្សាវត្តអារាមក្នុងតំបន់ឧទ្យានអង្គរ និងព្រះមហាវិមលធម្ម ចំពោះការចូលរួមអភិរក្ស បេតិកភណ្ឌជាតិ។ លោកជំទាវបានក្រាបថ្វាយបង្គំលាព្រះមហាវិមលធម្មដើម្បីទៅមើលកាងារនៅប្រាសាទលលៃជាមួយអ្នកជំនាញជាបន្ត ដោយបានទទួលពរសព្ទសាធុការអំពីព្រះមហាវិមលធម្មឲ្យបានសម្រេចគ្រប់ភារកិច្ច៕

អត្ថបទទាក់ទង