ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរអប្សរា បានឱ្យដឹងថា តំបន់អង្គរអាចនឹងប្រឈមបញ្ហាកង្វះទឹក នារដូវប្រាំងឆ្នាំនេះ !

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 52
អាជ្ញាធរអប្សរា បានឱ្យដឹងថា តំបន់អង្គរអាចនឹងប្រឈមបញ្ហាកង្វះទឹក នារដូវប្រាំងឆ្នាំនេះ ! អាជ្ញាធរអប្សរា បានឱ្យដឹងថា តំបន់អង្គរអាចនឹងប្រឈមបញ្ហាកង្វះទឹក នារដូវប្រាំងឆ្នាំនេះ !

យោងលើស្ថានភាពជាក់ស្តែងដែលក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាធ្វើការអង្កេតជាប្រចាំឃើញថា បរិមាណទឹកក្នុងកសិន្ធុ ប្រាសាទអង្គរវត្ត ក្រុងអង្គរធំ បារាយណ៍ខាងជើង កំពុងប្រឈមនឹងការ ខ្វះខាតខ្លាំងនារដូវប្រាំងខាងមុខ។

លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក បានឱ្យដឹងពី មូលហេតុនៃការខ្វះខាតទឹកដើម្បីបញ្ជូលក្នុងកសិន្ធុប្រាសាទអង្គរវត្ត ក្រុងអង្គរធំ និងបារាយណ៍ខាងជើងនេះ គឺដោយសារនាយដ្ឋានទឹក បានបើកទ្វារទឹកដើម្បីបញ្ជូលទឹកទៅស្ទឹងព្រះស្រុកសម្រាប់ស្រោចស្រពស្រែប្រជាពលរដ្ឋចំនួន៣០០ហិចតាចំនួនពីរលើក គឺលើកទី១រយៈពេលពីរ សប្តាហ៍ និងលើកទី២រយៈពេលមួយ សប្តាហ៍ចេញពីប្រឡាយស្តុកទឹក បម្រុងសម្រាប់បញ្ជូលទៅក្នុងបារាយណ៍ខាងជើង កសិន្ធុក្រុងអង្គរធំ កសិន្ធុប្រាសាទអង្គរវត្ត។ ម្យ៉ាងវិញទៀត បច្ចុប្បន្នប្រឡាយស្តុកទឹកបម្រុង ក៏ពុំមានទឹកទេ ដោយសារបរិមាណទឹកស្ទឹងសៀមរាប ដែលហូរពីភ្នំគូលែន តិចតួចពេក ហើយ ក្រុមការងារក៏បានចែកទឹកមួយផ្នែកមកក្រុងសៀមរាប ផងដែរ។

លោកបញ្ជាក់ថា បើធៀបនឹងឆ្នាំមុន កម្ពស់ទឹកបច្ចុប្បន្ននៅបារាយណ៍ ខាងជើងមានកម្រិតទាបជាង០,៨ម៉ែត្រ (ប្រហែលជា២,៦លានម៉ែត្រគូប) កសិន្ធុក្រុងអង្គរធំទាបជាង០,៩៣ម៉ែត្រ (៦៥ម៉ឺនម៉ែត្រគូប) និងកសិន្ធុ ប្រាសាទអង្គរវត្តទាបជាង០,៤ម៉ែត្រ (៣៨ម៉ឺនម៉ែត្រគូប)។ ជាសរុបយើងបានបាត់បង់ទឹកប្រហែលជា៣,៦៣លានម៉ែត្រគូប ដែលនេះជាចំណុចក្រុមការងារកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាទឹកក្នុងអាងស្តុកទឹកទាំងនេះ។ ទោះជាយ៉ាងណា ការគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរនឹងពុំមានបញ្ហាឡើយ។

ពេលនេះក្រុមការងារកំពុងមមាញឹកក្នុងការស្តារប្រឡាយនិងបិទទ្វារទឹកពីស្ទឹងសៀមរាបដើម្បីបញ្ជូលទឹកទៅក្នុងកសិន្ធុក្រុងអង្គរធំ ប្រាសាទអង្គរវត្ត ជៀសវាងរីងស្ងួតនាពេលខាងមុខនេ។ ក្នុងនោះដែរ អាជ្ញាធរជាតិអប្សរា ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលបានបិទទំនប់កាត់ប្រឡាយស្ទាក់ទឹកសម្រាប់ទុកប្រើប្រាស់ សូមបើកឡើងវិញ ដើម្បីកុំឱ្យមានការលំបាកដល់ការ បញ្ជូលទឹកទៅក្នុងកសិន្ធុប្រាសាទនៅក្នុងតំបន់អង្គរ៕

អត្ថបទទាក់ទង