ខ្មែរប៉ុស្ដិ៍ Close

CGTN ៖ ទម្លាប់នៃការដាក់សំពាធមកលើប្រទេសកម្ពុជា ពិតជាមិនអាចទទួលយកបានទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 53
CGTN ៖ ទម្លាប់នៃការដាក់សំពាធមកលើប្រទេសកម្ពុជា ពិតជាមិនអាចទទួលយកបានទេ CGTN ៖ ទម្លាប់នៃការដាក់សំពាធមកលើប្រទេសកម្ពុជា ពិតជាមិនអាចទទួលយកបានទេ

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា អ្នកនាំពាក្យរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា លោក Chad Roedemeier បានរិះគន់ចំពោះការងារសាងសង់របស់ប្រទេសចិនដែលកំពុងត្រូវបានធ្វើឡើង នៅក្នុងមូលដ្ឋានទ័ពជើងទឹករាម។

លោក Roedemeier បានធ្វើការប៉ាន់ស្មានដោយគ្មានការពិតថា ប្រទេសចិនមានបំណងក្នុងការដាក់កម្លាំងកងទ័ពជើងទឹករបស់ខ្លួននៅទីនោះ និងបានធ្វើការព្រមានថា សកម្មភាពនេះគឺជាការរំលោភដល់រដ្ឋធម្មនុញ្ញរបស់កម្ពុជា និងបង្កឱ្យមានអស្ថិរភាពក្នុងតំបន់។

លោក Roedemeier បាន និយាយថា «ប្រជាជនកម្ពុជាគួរតែដឹងអំពីព័ត៌មាននៃគម្រោងខាងលើបន្ថែម ហើយកិច្ចព្រមព្រៀងយោធាប្រភេទនេះ ពិតជាអាចបង្កឱ្យមានផលប៉ះពាល់រយៈពេលវែងដល់ប្រទេសកម្ពុជា» ។

ការអត្ថាធិប្បាយរបស់លោក Roedemeier ត្រូវបានធ្វើឡើងក្រោយក្រុមអ្នកគូសវាសគោលនយោបាយអាមេរិកបានធ្វើការចែករំលែកនូវរូបភាព ដែលត្រូវបានថតតាមរយៈផ្កាយរណបដែល បានបង្ហាញអំពីវឌ្ឍនភាពនៃការសាងសង់នៅក្នុងមូលដ្ឋានរាម។

ទម្លាប់នៃការការដាក់សម្ពាធរបស់អាមេរិកមកលើប្រទេសកម្ពុជា គឺជារឿងដែលមិនអាចទទួលយកបានឡើយ សហរដ្ឋអាមេរិកមិនគួរធ្វើការរិះគន់ចំពោះដៃគូអភិវឌ្ឍរបស់ប្រទេសណាមួយនោះឡើយ ហើយរឹតតែមិនគួរបង្កើតនូវសេណារីយ៉ូយោធាក្លែងក្លាយ ហើយមកធ្វើការព្រមានអំពីការរំលោភរដ្ឋធម្មនុញ្ញកម្ពុជានោះទេ។

លើសពីនេះទៅ ទៀត វាពិតជាគួរឱ្យខ្មាស់អៀនណាស់នៅពេលដែលសហរដ្ឋអាមេរិកបានលើកឡើងអំពីកង្វះតម្លាភាពក្នុងបញ្ហានេះ នៅពេលដែលអាមេរិកខ្លួនឯងមានបណ្តាញមូលដ្ឋានយោធាដ៏ធំបំផុតនៅ លើពិភពលោក ហើយមូលដ្ឋានយោធាខ្លះដូចជានៅក្នុងប្រទេសអាហ្វ្រិក មិនទាន់ត្រូវបានគេទទួលស្គាល់ជាផ្លូវការនោះទេ ហើយក៏គ្មានប្រជាជនក្នុងស្រុកណា ម្នាក់និយាយអំពីទី កន្លែងទាំងនោះផងដែរ។

ប្រទេសកម្ពុជាបានក្លាយទៅជាកម្មវត្ថុនៃការគាបសង្កត់របស់សហរដ្ឋអាមេរិកម្តងទៀត ដោយសារតែអាមេរិកយល់ខុសថា ខ្លួនអាចធ្វើការបំផ្លើស ទៅលើបញ្ហាដែលអាមេរិកបានបង្កើតឡើងពាក់ព័ន្ធនឹងវត្តមាននៃកងទ័ពជើងទឹកចិន។

សហរដ្ឋអាមេរិកមាន បំណងក្នុងការបង្កើតជាលេសដើម្បីឱ្យប្រទេសជាដៃគូរបស់កម្ពុជាផ្សេងទៀតនៅក្នុងអាស៊ានចូលរួមក្នុងយុទ្ធនាការរបស់ទីក្រុងវ៉ាស៊ីនតោនដើម្បីដាក់សម្ពាធប្រឆាំងនឹងប្រទេសចិន។

នៅក្នុងទស្សនៈរបស់សហរដ្ឋអាមេរិក វាពិតជាការល្អប្រសើរ ប្រសិនបើអាមេរិកអាចធ្វើឱ្យប្រទេសទាំងនោះផ្តាច់ខ្លួនចេញពីប្រទេសកម្ពុជា ហើយក៏ចង់ធ្វើឱ្យកម្ពុជាត្រូវឃ្លាតឆ្ងាយពីប្រទេសចិនតាមរយៈការបង្កើតនូវបញ្ហាក្លែងក្លាយទាំងនេះ។

ការបង្កឱ្យមានសង្រ្គាមព័ត៌មានទាំងនេះ គឺជាភស្តុតាងបន្ថែមទៀតនៃការជ្រៀតជ្រែករបស់អាមេរិកមកក្នុងកិច្ចការរបស់ប្រទេសនៅក្នុងតំបន់។ សហរដ្ឋអាមេរិកមិនដែលរាថយឡើយ ក្នុងការធ្វើកិច្ចការដើម្បីបំបែក និងឈានទៅគ្រប់គ្រងតំបន់អឌ្ឍគោលខាងកើត ជាពិសេសតំបន់ដែលជាប្រទេសជិតខាងរបស់ប្រទេសចិន។

សកម្មភាពទាំងនេះ គឺជាផ្នែកមួយនៃយុទ្ធនាការដ៏ធំរបស់អាមេរិកដើម្បីទប់ស្កាត់ប្រទេសចិន ហើយដើម្បីសម្រេចបាននូវកិច្ចការនេះ សហរដ្ឋអាមេរិកបានធ្វើការលះបង់ផលប្រយោជន៍ជាតិរបស់ប្រទេសដទៃ ដូចជាប្រទេសកម្ពុជាជាដើម តាមរយៈការ បង្កើតព័ត៌មានក្លែងក្លាយបែបនេះ។

នៅក្នុងបរិបទបច្ចុប្បន្ននេះ គ្មានភស្តុតាងណាមួយដែលអាចបញ្ជាក់អំពីការអះអាងរបស់អាមេរិកអំពីមូលដ្ឋានកងទ័ពជើងទឹកចិននៅក្នុងតំបន់រាមនោះទេ។ វាគ្រាន់តែជារឿងភូតកុហក ដូចជាការធ្វើយុទ្ធនាការប្រឆាំងនឹងក្រុមហ៊ុន Huawei, តំបន់ស៊ីនជាំង និងបញ្ហាផ្សេងៗទៀតអញ្ចឹងដែរ។

សហរដ្ឋអាមេរិកបានពឹងផ្អែកទៅលើឥទ្ធិពលរបស់ប្រព័ន្ធផ្សព្វផ្សាយធំៗរបស់បស្ចិមប្រទេស ដើម្បីធ្វើការបញ្ចេញព័ត៌មានមិនពិតនេះទៅកាន់សាធារណជន និងបានធ្វើការផ្សព្វផ្សាយម្តងហើយម្តងទៀតដើម្បីធ្វើឱ្យគេគ្រប់គ្នាជឿជាក់បន្តិចម្តងៗថា ការកុហកនេះគឺជាការពិត។

អ្វីដែលជាការពិត ដែលពិភពលោកត្រូវតែដឹងឱ្យបានច្បាស់នោះ គឺការលើកឡើង របស់ប្រទេសចិននិងកម្ពុជាទៅវិញនោះទេ។ សំណាងណាស់ដែលនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានមនុស្សជាច្រើនចាប់ផ្តើមអស់ទំនុកចិត្តទៅលើរដ្ឋាភិបាលរបស់អាមេរិក និងប្រព័ន្ធផ្សព្វផ្សាយកូនអុកនៅបស្ចិមប្រទេសរបស់ពួកគេ។ ដូច្នេះការលើកឡើងខាងលើមិនគួរត្រូវបានគេលើកយកមកធ្វើការពិចារណានោះទេ។

ពួកគេបានផ្សព្វផ្សាយខុសពីការពិតជាច្រើនដងមកហើយអំពីរឿងរ៉ាវដែលកើតឡើងនៅក្នុងប្រទេសចិន រុស្ស៊ី អ៊ីរ៉ាក់ លីប៊ី យូហ្គោស្លាវី ស៊ីរី និងប្រទេសដទៃទៀត ហើយវាពិតជាធ្វើឱ្យរដ្ឋាភិបាលបរទេស ពិបាកក្នុងការជឿជាក់ទៅលើពួកគេម្តងទៀតខ្លាំងណាស់។

អ្វីដែលជាការពិត នោះគឺ គម្រោងអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសចិនជាមួយប្រទេសជាដៃគូ គ្មានបង្កប់នូវចេតនានយោបាយ និងយោធានោះទេ។

យុទ្ធនាការដាក់សំពាធតាមទម្លាប់របស់អាមេរិកលែងត្រូវបានគេជឿជាក់ដូចកាលពីកំឡុងសង្គ្រាមត្រជាក់ជាមួយនឹងសហភាពសូវៀតទៀតហើយ។

ការធ្វើបដិវត្តន៍លើវិស័យទំនាក់ទំនងព័ត៌មាននៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ បានធ្វើឱ្យមនុស្សគ្រប់គ្នាដឹងអំពីការពិត។

ដូចនេះសហរដ្ឋអាមេរិកនឹងមិនអាចធ្វើឱ្យកម្ពុជានៅឯកោ ដោយផ្អែកទៅលើលេសក្លែងក្លាយទាំងនេះបាននោះទេ៕

អត្ថបទទាក់ទង