ខ្មែរប៉ុស្ដិ៍ Close

អាមេរិកនឹងបញ្ចូលក្រុមហ៊ុនចិនចំនួន ៣៣ទៀតទៅក្នុងបញ្ជីខ្មៅ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០ បច្ចេកវិទ្យា 51
អាមេរិកនឹងបញ្ចូលក្រុមហ៊ុនចិនចំនួន ៣៣ទៀតទៅក្នុងបញ្ជីខ្មៅ អាមេរិកនឹងបញ្ចូលក្រុមហ៊ុនចិនចំនួន ៣៣ទៀតទៅក្នុងបញ្ជីខ្មៅ

បើតាមការអោយដឹងពីក្រសួងពាណិជ្ជកម្មអាមេរិកនៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២០នេះ សហរដ្ឋអាមេរិកកំពុងរៀបចំបញ្ចូលឈ្មោះក្រុមហ៊ុន និងស្ថាប័នផ្សេងៗរបស់ចិនចំនួន ៣៣ទៀតទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន។ ការដាក់ចូលបន្ថែមនេះគឺជាប់ពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខជាតិអាមេរិកតាមរយៈបច្ចេកវិទ្យា និងការធ្វើទុក្ខបុកម្នេញជនជាតិភាគតិចអ៊ុយហ្គួ។

ក្នុងនោះ ក្រុមហ៊ុនចំនួន ៧ និងស្ថាប័នចំនួន ២ របស់ចិនត្រូវបានចោទប្រកាន់ថា «បានរំលោភសិទ្ធិមនុស្ស និងការរំលោភបំពាននានាដែលបានប្រព្រឹត្តនៅក្នុងយុទ្ធនាការបង្ក្រាបរបស់ប្រទេសចិន ការឃុំឃាំងតាមអំពើចិត្ត ការបង្ខំអោយធ្វើការធ្ងន់ និងការប្រើប្រាស់បច្ចេកវិទ្យាជាន់ខ្ពស់ក្នុងការឃ្លាំមើលឯកជនភាពប្រឆាំងទៅនឹងជនជាតិអ៊ុយហ្គួ»

ក្រុមហ៊ុនឯកជនជាង ២០ក្រុមហ៊ុន ស្ថាប័នរដ្ឋាភិបាល និងអង្គការផ្នែកពាណិជ្ជកម្មមួយចំនួនទៀត ត្រូវបានចោទប្រកាន់ថាបានទិញសម្ភារៈដែលក្រោយមកយកទៅប្រើប្រាស់នៅក្នុងស្ថាប័នយោធាចិន។

ក្រុមហ៊ុនដែលបានដាក់ចូលក្នុងបញ្ជីខ្មៅទាំងនោះគឺផ្ដោតលើផ្នែកបញ្ញានិមិ្មត (artificial intelligence) និងបច្ចេកវិទ្យាចំណាំមុខ (facial recognition) ជាទីផ្សារដែលក្រុមហ៊ុនផលិត Chip ធំៗរបស់អាមេរិកដូចជា Nvidia Corp និង Intel Corp បានចំណាយដើមទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីបានមកដូចសព្វថ្ងៃ។ ក្រុមហ៊ុន NetPosa របស់ចិន គឺល្បីឈ្មោះខាងបច្ចេកវិទ្យាបញ្ញានិមិ្មត ហើយក្រុមហ៊ុននេះបានប្រើប្រាស់បច្ចេកវិទ្យាចំណាំមុខរបស់ខ្លួនដើម្បីឃ្លាំមើលជនជាតិភាគតិចអ៊ុយហ្គួ ៕

 

អត្ថបទទាក់ទង