ខ្មែរប៉ុស្ដិ៍ Close

មិនអាចយកអធិបតេយ្យកម្ពុជា ទៅដូរនឹងទំនាក់ទំនងយោធាជាមួយអាមេរិកបានទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 38
មិនអាចយកអធិបតេយ្យកម្ពុជា ទៅដូរនឹងទំនាក់ទំនងយោធាជាមួយអាមេរិកបានទេ មិនអាចយកអធិបតេយ្យកម្ពុជា ទៅដូរនឹងទំនាក់ទំនងយោធាជាមួយអាមេរិកបានទេ

ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃមកកាន់កម្ពុជា នៅថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០១៩នេះ លោក Joseph H. Felter ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ បានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលការចោទប្រកាន់ប្រឆាំងនឹងលោក កឹម សុខា ដើម្បីជាថ្នូរនិងទំនាក់ទំនងយោធាល្អឡើងវិញរវាងអាមេរិក-កម្ពុជា។ តើកម្ពុជាគួរយកអធិបតេយ្យរបស់ខ្លួនទៅដោះដូរជាមួយសហរដ្ឋអាមេរិក ដើម្បីទទួលបានទំនាក់ទំនងយោធាឬ? តើអ្នកណាមានសិទ្ធិទម្លាក់ចោលការចោទប្រឆាំងនឹងលោក កឹម សុខា? ហើយតើកម្ពុជា គួអនុគ្រោះចំពោះវប្បធម៌និទណ្ឌភាពឬ?

ប្រទេសកម្ពុជា ជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាគោលការណ៍ដឹកនាំរដ្ឋ ដោយឈលើនីតិរដ្ឋជាសំខាន់បំផុត។ ការពង្រឹងនិងអនុវត្តនីតិរដ្ឋ ជាសិទ្ធិអំណាចក្នុងដែនអធិបតេយ្យរបស់កម្ពុជា។ ករណីរបស់លោក កឹម សុខា មិនឋិតនៅក្នុងដែនអំណាចរបស់រាជរដ្ឋាភិបាលកម្ពុជានោះទេ តែវាជាករណីដែលកំពុងឋិតនៅក្នុងនីតិវិធីរបស់តុលាការកម្ពុជា ដែលមានសិទ្ធិអំណាចសម្រេចថាមានទោស ឬ គ្មានទោស ក្នុងអំណាចសាលក្រមមួយ ក្នុងដែនយុត្តាធិការរបស់ខ្លួនយ៉ាងប្រាកដ។ ហើយការលើកលែងទោសណាមួយ នឹងអាចកើតឡើងទៅបាន គឺអាស្រ័យទៅតាមនីតិវិធីច្បាប់ជាធរមាន។ នេះវាជាក្រិត្យក្រមតាមអំណាចផ្លូវច្បាប់របស់ប្រទេសកម្ពុជា ដែលមានរដ្ឋធម្មនុញ្ញជាច្បាប់កំពូល។
ក្នុងករណីនេះ រាជរដ្ឋាភិបាលកម្ពុជាមិនអាចលូកដៃជ្រៀតជ្រែកចូលកិច្ចការរបស់តុលាការកម្ពុជាបាននោះទេ បើពុំនោះ វានឹងទៅជាទង្វើផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងជាការរំលោភទាំងស្រុងទៅនឹងអំណាចរបស់តុលាការដែលជាស្ថាប័នឯករាជ្យ។

ជាការពិតប្រទេសកម្ពុជាតែងប្រកាន់ខ្ជាប់ជានិច្ចនូវគោលនយោបាយកសាងនិងរក្សាឱ្យមានទំនាក់ទំនងការទូតល្អជាមួយបណ្តាប្រទេសទាំងអស់ក្នុងសកលលោក ក្នុងទិដ្ឋភាពគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ ពិសេស វិស័យយោធាក្នុងស្មារតីរក្សាសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ ការដែលឧបការីរងរដ្ឋមន្រ្តីការពារជាតិអាមេរិកបានស្នើក្នុងពេលថ្មីៗនេះ ឱ្យរាជរដ្ឋាភិបាលទម្លាក់ចោលការចោទប្រកាន់ប្រឆាំងលោក កឹម សុខានោះ គឺជាការបង្ខំឱ្យរដ្ឋាភិបាលកម្ពុជារំលោភអំណាចរបស់តុលាការ ពិសេស សំណើបែបនេះ ពិតជាការរំលោភទាំងស្រុងទៅលើអធិបតេយ្យជាតិរបស់កម្ពុជា។ ជាការពិតប្រទេសកម្ពុជាចង់បានទំនាក់ទំនងល្អជាមួយនឹងអាមេរិក ប៉ុន្តែទំនាក់ទំនងខាងយោធារវាងប្រទេសទាំងពីរអាចនឹងកើតឡើងដោយឈរលើគោលការណ៍គោរពអធិបតេយ្យគ្នាទៅវិញទៅមក មិនត្រូវជ្រៀតជ្រែកលូកលាន់ចូលកិច្ចការដែនអធិបតេយ្យកម្ពុជានោះទេ ព្រោះក្នុងនោះ តុលាការកម្ពុជាជាស្ថាប័នឯករាជ្យ។ វាមិនសមទំនងទាល់តែសោះនូវការដាក់សម្ពាធ និងការភ្ជាប់លក្ខខណ្ឌណាមួយដើម្បីទទួលមកវិញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរនោះ គឺជាការរំលោភទាំងស្រុងទៅនឹងអធិបបតេយ្យរបស់កម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជាមិនអាចទទួលយកបានឡើយ ព្រោះទំនាក់ទំនងរដ្ឋនិងរដ្ឋ ឬ រដ្ឋាភិបាលនិងរដ្ឋាភិបាលត្រូវឈរលើការគោរពដែនអធិបតេយ្យស្មើសិទ្ធិរបស់រដ្ឋនិងរដ្ឋ។

ជារួម ប្រទេសកម្ពុជាជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដោយឈរលើគោលការណ៍នីតិរដ្ឋ ប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍គោរពអំណាចរដ្ឋ តាមគោលការណ៍នៃការបែងចែកអំណាច និងការលើកស្ទួយអធិបតេយ្យជាតិ មិនអាចយកអំណាចនេះ និងកិត្តិសជាតិ ធ្វើជាថ្នូរប្តូរយកទំនាក់ទំនងយោធាណាមួយ ក្រោមសម្ពាធ និងលក្ខខណ្ឌរបស់បរទេសណាមួយឡើយ។ ប្រសិនបើរដ្ឋាភិបាលកម្ពុជារំលោភអំណាចតុលាការដែលជាស្ថាប័នឯករាជ្យ នោះកម្ពុជានឹងបង្កើតឱ្យមានវប្បធម៌និទណ្ឌភាព ដែលនឹងជំរុញឱ្យប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងប្រទេសគ្មាននីតិរដ្ឋ ហើយប្រជាធិបតេយ្យនឹងក្លាយទៅជាប្រជាធិបតេយ្យបែបអាណាធិបតេយ្យដែលមិនអាចគ្រប់គ្រងបាន៕

ដោយ ឡុង បូរិតា

អត្ថបទទាក់ទង