ខ្មែរប៉ុស្ដិ៍ Close

វេទិកាស្មេរ៖ មេរៀន​កម្ពុជា សម្រាប់​អនាគត​អា​ហ្វ​ហ្គា​នី​ស្ថាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 36
វេទិកាស្មេរ៖ មេរៀន​កម្ពុជា សម្រាប់​អនាគត​អា​ហ្វ​ហ្គា​នី​ស្ថាន វេទិកាស្មេរ៖ មេរៀន​កម្ពុជា សម្រាប់​អនាគត​អា​ហ្វ​ហ្គា​នី​ស្ថាន

ការ​ក្រោកឈរ​ឡើងវិញ​របស់​តា​លី​បង់ និង​ការដួលរលំ​នៃ​សាធារណរដ្ឋ​អ៊ីស្លាម​អា​ហ្វ​ហ្គា​នី​ស្ថាន គឺជា​សោកនាដកម្ម​ដ៏​រន្ធត់​មួយ​ដែល​បាន​កម្រើក​មកវិញ​នូវ​ការចងចាំ​អំពី​សង្គ្រាម​ពី​អតីតកាល និង​ការជជែក​វែកញែក​អំពី​គោលនយោបាយ​ផ្សេងៗ​។ ប៉ុន្តែ​យើង​ត្រូវ​គិត​ឲ្យ​បាន​ហ្មត់ចត់ និង​ប្រើ​គំនិត​ឆ្ពោះទៅមុខ​ក្នុងការ​ដោះស្រាយ​វិបត្តិ​នេះ​។ អនាគត​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន គឺ​មិនទាន់​ត្រូវបាន​កំណត់​ជាក់លាក់​នៅឡើយ​ទេ​។ មានការ​លើកឡើង​ជាច្រើន​ទាក់ទង​នឹង​ការដកខ្លួន​របស់​សហ​រដ្ឋ​អាមេរិក​ចេញពី​ប្រទេស​វៀតណាម និង​បាន​យក​ព្រឹត្តិការណ៍​នេះ​ទៅធ្វើជា​ប្រវត្តិសាស្ត្រ​ប្រៀបធៀប​ដ៏​សំខាន់​ក្នុងការ​វាយតម្លៃ​ពី​ផលប៉ះពាល់​នៃ​ស្ថានការណ៍​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នាពេល​បច្ចុប្បន្ន ប៉ុន្តែ​ប្រវត្តិសាស្ត្រ​ប្រៀបធៀប​ដែល​ល្អ​ជាង​នេះ​គឺ​មេរៀន​ប្រទេស​កម្ពុជា​។ ប្រ​វ​តិ្ត​សាស្ត្រ​ប្រទេស​កម្ពុជា​មិន​ត្រឹមតែ​អាច​ផ្តល់នូវ​ការយល់ដឹង​ដ៏​សំខាន់​ចំពោះ​ផលប៉ះពាល់​នៃ​ស្ថានភាព​បច្ចុប្បន្ន​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជាការ​រំឭក​ដ៏​សំខាន់​ថា​ក្តីសង្ឃឹម​ចំពោះ​គោលនយោបាយ​ការបរទេស​របស់​សហ​រដ្ឋ​អាមេរិក​នាពេល​អនាគត និង​វិធីសាស្ត្រ​របស់​សហគមន៍​អន្តរជាតិ​ចំពោះ​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​គឺ​នៅតែមាន​។​

​យើង​មិនអាច​មិន​ប្រៀបធៀប​រូបភាព​នៃ​ការជម្លៀសចេញ​ដ៏​វឹកវរ​តាម​យន្តហោះ​របស់​សហរដ្ឋអាមេរិក និង​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន ជាមួយនឹង​រូបភាព​នៃ​ការចាកចេញ​របស់​សហ​រដ្ឋ​អាមេរិក​ពី​អាស៊ីអាគ្នេយ៍​ឡើយ​។ មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ល្បីៗ​ជាច្រើន​បានធ្វើការ​ប្រៀបធៀប​នេះ ដោយ​ប្រើប្រាស់​រូបភាព​នៃ​ការជម្លៀសចេញ​របស់​ស​ហ​រដ្ឋ​អាមេរិក​ដោយ​ឧទ្ធម្ភាគចក្រ​នៅ​ទីក្រុង​សៃ​ហ្គ​ន ឬ ទីក្រុង​ព្រៃនគរ (​ទីក្រុង​ហូជីមិញ​) ប្រទេស​វៀតណាម​។ យើង​មិនអាច​បដិសេធ​ទេ​ថា ការចាកចេញ​របស់​ស​ហ​រដ្ឋ​អាមេរិក​ពីលើ​ដំបូល​សណ្ឋាគារ​នៅ​ទីក្រុង​កា​ប៊ុល​គឺ​ស្រដៀង​គ្នា​នឹង​រូបភាព​នៃ​ការជម្លៀស​ដ៏​វឹកវរ​របស់​ស្ថានទូត​អាមេរិក​នៅ​ប្រទេស​វៀតណាម ប្រមាណ​ជា​ហាសិប​ឆ្នាំមុន ប៉ុន្តែ​ភាព​ប្រហាក់ប្រហែលគ្នា​នៃ​ព្រឹត្តិការណ៍​ទាំងពីរ​គឺ​បញ្ចប់​នៅត្រឹម​ទីនោះ ហើយ​ព្រឹត្តិការណ៍​នៅ​ប្រទេស​កម្ពុជា​គឺ​សាក​សម​បំផុត​ក្នុង​ការលើក​មក​ប្រៀបធៀប​ដោយសារ​ហេតុផល​មួយចំនួន​។​

​នៅពេលដែល​កងទ័ព​ខ្មែរក្រហម​ដណ្តើម​អំណាច​នៅ​ខែមេសា ឆ្នាំ​១៩៧៥ កងកម្លាំង​ទាហាន​អាមេរិក បានធ្វើការ​ចាកចេញ​យ៉ាង​ប្រញាប់ប្រញាល់​ពី​ប្រទេស​កម្ពុជា និង​រៀបចំ​ការជម្លៀស​ជនជាតិ​អាមេរិក មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​អ្នក​ដែល​អាច​ទទួលបាន​សិទ្ធិ​ជនភៀសខ្លួន ឬ​ឋានៈ​ផ្សេងៗ​ទៀត​។ ការជម្លៀស​នេះ​ត្រូវបាន​ចងចាំ​មិន​ត្រឹមតែ​ពី​ភាពច្របូកច្របល់​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ភាព​ក្ដុកក្ដួល​យ៉ាងខ្លាំង​របស់​ប្រជាជន​កម្ពុជា​ដែលមាន​អារម្មណ៍​ថា ខ្លួន​ត្រូវបាន​បោះបង់ចោល ជាពិសេស​មន្ត្រី​រដ្ឋការ​ដែល​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​អាមេរិក​។ អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ក្នុងអំឡុង​របប​សាធារណរដ្ឋ​ខ្មែរ​លោក ច​ន កាន់​ធឺ​ដី​ន (១៩៧៤-១៩៧៥) បាន​ចែករំលែក​សំបុត្រ​មួយច្បាប់​ដែល​ផ្ញើជូន​លោក​ប្រហែលជា​ពីរ​បី​ម៉ោង​មុន​ពេលដែល​សហរដ្ឋអាមេរិក​ជម្លៀស​ចេញពី​ទីក្រុង​ភ្នំពេញ​។

​សំបុត្រ​នេះ​សរសេរ​ដោយ​មេដឹកនាំ​នយោបាយ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ និង​ជា​សមាជិក​ម្នាក់​នៃ​គ្រួសារ​រាជវង្ស​កម្ពុជា​គឺ ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ សិរិមតៈ មាន​ខ្លឹមសារ​ដូចខាងក្រោម៖

​ជូន​ឯកឧត្តម និង​ប្រិយមិត្ត​,

​ខ្ញុំ​សូម​អរគុណ​ដោយស្មោះ​ចំពោះ​ការផ្តល់ជូន​របស់លោក​ដើម្បី​នាំ​ខ្ញុំ​ឆ្ពោះទៅរក​សេរីភាព​។ ខ្ញុំ​មិនអាច​ចាកចេញ​ដោយ​ភាព​កំសាក​បែបនេះ​បានទេ​។ ចំពោះ​រូបលោក និង​ប្រទេស​ដ៏​អស្ចារ្យ​របស់លោក​ខ្ញុំ​ស្ទើរតែ​មិនអាច​ជឿ​ទាល់តែសោះ​ថា លោក​នឹង​បោះបង់ចោល​ប្រជាជន​ដែល​ជ្រើសរើស​សេរីភាព​។ លោក​បាន​បដិសេធ​មិន​ការពារ​ប្រជាជន​កម្ពុជា ហើយ​យើងទាំងអស់គ្នា​មិនអាច​ធ្វើ​អ្វី​បានទេ​។ លោក​ចាក​ចេញទៅ ខ្ញុំ​សូម​ប្រសិទ្ធពរ​ជូន​លោក និង​ប្រទេស​របស់លោក​ឲ្យ​ជួបតែ​សុភមង្គល​នៅក្រោម​មេឃ​។ ប៉ុន្តែ​សូម​លោក​ចងចាំ​ឲ្យ​បានល្អ​ថា ប្រសិនបើ​ខ្ញុំ​ស្លាប់​នៅក្នុង​ប្រទេស​ដែល​ខ្ញុំ​ស្រឡាញ់​គឺ​សូម​ឲ្យ​បែប​ហ្នឹង​ទៅ​ចុះ​។ ខ្ញុំ​បាន​ប្រព្រឹត្ត​កំហុស​តែមួយគត់​គឺ​ជឿជាក់​ទៅលើ​លោក និង​ជនជាតិ​អាមេរិក​។ សូម​ឯកឧត្តម និង​មិត្ត​ទទួលយក​នូវ​ការ​រាប់អាន​និង​សេចក្តី​ស្មោះត្រង់​ពី​ខ្ញុំ​។​

​ហត្ថលេខា​,

​សិរិមតៈ​

​មួយ​សប្តាហ៍​ក្រោយមក​ព្រះអង្គម្ចាស់ សិរិមតៈ ត្រូវបាន​ខ្មែរក្រហម​សម្លាប់​។ ដូចជា​ព្រះអង្គម្ចាស់ សិរិមតៈ​ដែរ ប្រជាជន​កម្ពុជា​ជាច្រើន​ត្រូវបាន​សហរដ្ឋអាមេរិក​បោះបង់ចោល​នៅពេលដែល​ខ្លួន​ចាក​ចេញទៅ និង​ទុក​ឲ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ក្នុង​របប​ខ្មែរក្រហម​ដែលជា​ចលនា​កុម្មុយនីស្ត និង​បានសម្លាប់​ប្រជាជន​កម្ពុ​ជាជាង​២​លាន​នាក់​។ អារម្មណ៍​ដែល​ត្រូវបាន​បោះបង់ចោល ភាពអសន្ដិសុខ និង​ភេរវកម្ម​ដ៏​ឃោរឃៅ​ដែល​បាន​កើតឡើង​ទៅលើ​ប្រជាជន​កម្ពុជា​នៅ​ឆ្នាំ​១៩៧៥ គឺ​ពិតជា​ដូចគ្នា​ទៅនឹង​អ្វីដែល​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាច្រើន​ជួបប្រទះ​នៅពេល​បច្ចុប្បន្ន ជាពិសេស​អ្នក​ដែល​បាន​លះបង់​ជីវិត​របស់ខ្លួន​ដើម្បី​ស្វែងរក​សេរីភាព​ឲ្យ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​ទោះបីជា​យ៉ាងណាក៏ដោយ អារម្មណ៍​នៃ​ការបោះបង់ចោល​នេះ មិន​សំដៅ​ចំពោះតែ​សហរដ្ឋអាមេរិក​នោះទេ​។ សហរដ្ឋអាមេរិក​បាន​ដឹកនាំ​យុទ្ធនា​ការដែល​បាន​ផ្តួលរំលំ​របប​តា​លី​បង់ និង​ប៉ុនប៉ង​កសាងឡើង​វិញ​នូវ​របប​សាធារណរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន ប៉ុន្តែ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​មិន​ត្រូវបាន​បោះបង់ចោល​ដោយ​សហរដ្ឋអាមេរិក​តែមួយ​នោះទេ​។ អង្គការសហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ គឺមាន​ចំណែក​ទទួលខុសត្រូវ​ស្មើគ្នា​ចំពោះ​ស្ថានការណ៍​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដូចដែល​ពួកគេ​មាន​ទំនួល​ខុសត្រូវ​ចំពោះ​អ្វីដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា នា​ចុង​សតវត្សរ៍​ទី​២០​។ ការយល់ដឹង​មួយ​ចេញពី​ការប្រៀបធៀប​រវាង​ស្ថានភាព​ប្រទេស​កម្ពុជា និង​អា​ហ្វ​ហ្គា​នី​ស្ថាន​គឺ​គ្មាន​អ្វីដែល​អាច​ជំនួស​ការដឹកនាំ​របស់​សហរដ្ឋអាមេរិក​បាន​ឡើយ​។ ភាពជា​អ្នកដឹកនាំ​របស់​សហរ​ដ្ឋ​អាមេរិក​គឺ​នៅតែ​ជា​កត្តា​ដ៏​សំខាន់​ហើយ​អាច​និយាយបានថា ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​ក្នុងការ​ការពារ​ក៏ដូចជា​ការដោះស្រាយ​បញ្ហា​សន្តិសុខ​អន្តរជាតិ​។​

​ការយល់ដឹង​មួយទៀត​ដែល​ទទួលបាន​ពី​ការប្រៀបធៀប​រវាង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន និង​កម្ពុជា​គឺ​អំពី​ការបើក​បង្ហាញ ឬ​ការបញ្ជាក់​ឲ្យ​ឃើញថា ការស្វែងរក​គោលដៅ​អភិវឌ្ឍន៍​មនុស្ស ដូចជា ការការពារ​សិទ្ធិមនុស្ស ការប្តេជ្ញាចិត្ត​ចំពោះ​ប្រជាជន​ងាយ​រងគ្រោះ និង​ការគាំទ្រ​ដល់​សង្គម​ស៊ីវិល គឺ​ត្រូវតែ​ត្រឹមត្រូវ មាន​លក្ខខណ្ឌ និង​អន្តរកាល​។ អ្នកវិភាគ​ទុទ្ទិដ្ឋិនិយម និង​ប្រវត្តិវិទូ​ជាច្រើន​នឹងធ្វើ​ការជជែក​វែកញែក​ថា កាលៈទេសៈ​នេះ​គឺ​មិនមែនជា​ការបើក​បង្ហាញ ប៉ុន្តែ​យើង​ជឿជាក់ថា ការប្តេជ្ញាចិត្ត​របស់​ស​ហគ​មន៍​អន្តរជាតិ​ចំពោះ​គោលដៅ​អភិវឌ្ឍន៍​មនុស្ស​គឺ​បាន​បាត់បង់​ទំនុកចិត្ត​ដែលជា​កត្តា​ដ៏​សំខាន់​ចំពោះ កិច្ចខិតខំ​ប្រឹងប្រែង​នាពេល​អនាគត ហើយ​ផលប៉ះពាល់​នៃ​កាលៈទេសៈ​នេះ​នឹង​បន្ត​វិវឌ្ឍន៍​ទៅមុខ​។​

​ទោះបី​ជាមាន​សេចក្តីថ្លែងការណ៍​ជា​សាធារណៈ​ដោយ​ថ្នាក់ដឹកនាំ​តា​លី​បង់​ក៏ដោយ ប៉ុន្តែ​ជាក់ស្ដែង​គឺ​ការស្វែងរក​គោលដៅ​អភិវឌ្ឍន៍​មនុស្ស​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​អង្គការ​ភេរវកម្ម​បាត់ទៅហើយ​។ របប​នេះ​បានបង្ហាញ​ពី​ទំនោរ​រួចទៅហើយ​ចំពោះ​អំពើ​ឃោរឃៅ និង​អរិភាព​ចំពោះ​សង្គម​ស៊ីវិល ហើយ​គណៈរដ្ឋមន្ត្រី​ដែល​ទើប​បង្កើត​ថ្មី​របស់​តា​លី​បង់​មិនមាន​លក្ខណ​:​រាប់បញ្ចូល ឬ​មិន​តំណាង​ឲ្យ​ការសន្យា​នៃ​ការកែទម្រង់​របស់ខ្លួន​ឡើយ​។ ការលើកឡើង​ថ្មីៗ​ថា​តា​លី​បង់​បច្ចុប្បន្ន​អាចមាន​ភាពខុសប្លែក​ពី​តា​លី​បង់​ពី​អតីតកាល​អាច​បញ្ជាក់ថា គឺ​មិន​ត្រឹមត្រូវ​ដោយ​មូលហេតុ​រៀបរាប់​ខាងលើ​។ ការវាយដំ​ជា​សាធារណៈ​ទៅលើ​ជន​ស៊ីវិល​ស្លូតត្រង់ ការវាយប្រហារ​សងសឹក​អតីត​អ្នកគាំទ្រ​សាធារណរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​ការផ្លាស់ប្តូរ​សមត្ថភាព​ស្ត្រី​ក្នុង​ការរស់នៅ និង​ធ្វើការ​ដោយ​គ្មាន​ការគាបសង្កត់ ទាំងនេះ គឺ​បង្ហាញថា​ហេតុការណ៍​ដែល​អាក្រក់​បំផុត​គឺ​នឹង​នៅមាន​បន្តទៀត​។​

​ការពិចារណា​របស់​ស​ហគ​មន៍​អន្តរជាតិ​ក្នុងការ​សហការ​ជាមួយ​តា​លី​បង់ ធ្វើ​ឲ្យ​ខ្ញុំ​នឹកឃើញ​អំពី​ស្ថាន​ភាពស្រដៀងគ្នា​ទៅនឹង​ប្រទេស​កម្ពុជា នៅពេលដែល​សហគមន៍​អន្តរជាតិ​បានអនុញ្ញាត​ឲ្យ​ខ្មែរក្រហម​ធ្វើជា​តំណាង​ប្រជាជន​កម្ពុជា​បណ្តោះអាសន្ន​នៅក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​។ សេចក្ដី​ព្យាយាម​ក្នុងការ​បកស្រាយ​ពី​ភាពចាំបាច់​ក្នុងការ​សហការ​ជាមួយ​របប​ភេរវកម្ម​ដើម្បី​គោលបំណង​ឈានទៅ​មុខ គួរតែ​ត្រូវបាន​វាយតម្លៃ​ដោយ​ប្រិតប្រៀង​ថា តើ​គោលដៅ​អភិវឌ្ឍន៍​មនុស្ស​នឹងត្រូវ​លះបង់​ក្នុង​កម្រិត​ណាខ្លះ​សម្រាប់​បំពេញតម្រូវការ​នយោបាយ​ឬ​សន្តិសុខ​? តើ​យើង​អាច​ទទួលយក​ភាព​សាហាវឃោរឃៅ​ប៉ុន្មាន​ដង​ទៀត​ដើម្បី​ភាពចាំបាច់​នៃ​ស្ថានភាព​នយោបាយ​? ហើយ​ថា​តើ​ការទទួលស្គាល់​នៃ​របប​ភេរវកម្ម ឬ​របប​ដែល​បង្កើតឡើង​ដោយ​ភេ​វរ​កម្ម​អាច​កាត់បន្ថយ​ភាពជឿជាក់ និង​សុចរិត​ភាព​របស់​សហ​គម​ន៍​ពិភពលោក​ដែល​ផ្ដល់​សារសំខាន់​ដល់​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​យ៉ាងដូចម្ដេចខ្លះ​?

​ប៉ុន្តែ​នៅមាន​ក្តីសង្ឃឹម​មួយ​បានកើត​ឡើង បន្ទាប់ពី​គ្រោះមហន្ដរាយ​ដែល​គ្របដណ្តប់​លើ​ប្រទេស​កម្ពុជា​នៅក្រោម​របប​ខ្មែរក្រហម គឺជា​ក្តីសង្ឃឹម​នេះហើយ​ដែល​កើតឡើង​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ និង​ឆ្នាំ​១៩៧៩ ខ្មែរក្រហម​បាន​ប្រព្រឹត្ត​អំពើ​សាហាវឃោរឃៅ​ដែល​មិនអាច​បរិយាយ​បាន​។ មេដឹកនាំ​ខ្មែរក្រហម​បាន​ប្រព្រឹត្ត​របប​ភេរវកម្ម​ដែលជា​អំពើ​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​ក្រោម​ហេតុផល​ដើម្បី​ពង្រឹង​មនោគមវិជ្ជា​កុម្មុយនីស្ត​ទទេ​មួយ ដែល​ត្រូវបាន​បង្កើតឡើង​នៅលើ​ទស្សនៈ​ខុសឆ្គង​នៃ​សង្គមនិយម​មហាលោតផ្លោះ មហាអស្ចារ្យ​។ ថ្វីត្បិតតែ​ខ្ញុំ​បានឃើញ​ភាព​ភ័យរន្ធត់​ដោយផ្ទាល់ និង​ជួបប្រទះ​ការបាត់បង់​យ៉ាងណាក្ដី ក៏​ខ្ញុំ​មិន​មានការ​អាក់អន់​ស្រពោន​ចិត្ត ឬ​មាន​អារម្មណ៍​ថា ត្រូវបាន​បោះបង់ចោល​ដែរ​។ ត្រឹមតែ​ជា​ក្មេង​វ័យ​ជំទង់​មួយរូប ខ្ញុំ​គ្រាន់តែ​យល់ថា សហរដ្ឋអាមេរិក​គឺជា​ទឹកដី​ដែល​បំណងប្រាថ្នា​អាច​កើតឡើង ហើយ​ក្តីសង្ឃឹម​នេះហើយ​ដែល​ជួយ​ខ្ញុំ និង​អ្នក​រស់រានមានជីវិត​ជាច្រើន​នាក់​ទៀត​មានជីវិត​បន្ត​រស់នៅ​។​

​ការ​ក្រោកឈរ​ឡើងវិញ​របស់​តា​លី​បង់ និង​ការដួលរលំ​នៃ​រដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​ចាំបាច់​បង្ខំ​ឲ្យ​មានការ​សិក្សា​ឡើងវិញ​ទៅលើ​គោលនយោបាយ​ការបរទេស​សហរដ្ឋអាមេរិក និង​ការប្តេជ្ញាចិត្ត​របស់​សហ​គម​ន៍​អន្តរជាតិ​ចំពោះ​គោលដៅ​អភិវឌ្ឍន៍​មនុស្ស ប៉ុន្តែ​គឺជា​រឿង​ខុសឆ្គង​ក្នុង​ការមើល​កាលៈទេសៈ​ទាំងនេះ​ថា​ជាការ​រាំងស្ទះ​ដល់​ឱកាស​របស់​សហរដ្ឋអាមេរិក និង​សហគមន៍​អន្តរជាតិ​ដើម្បី​ជះឥទ្ធិពល​ទៅលើ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​គ្រប់គ្រង​ដោយ​តា​លី​បង់​។ ស្របគ្នា​ជាមួយនឹង​រូបភាព ឧទ្ធម្ភាគចក្រ​នៅលើ​ដំបូល​អគារ ភាពវឹកវរ​នៅតាម​ដងផ្លូវ និង​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ដែល​សម្លាប់​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ស្លូតត្រង់ និង​ទាហាន​អាមេរិក​ក៏មាន​រូបភាព​វិជ្ជមាន​ជាច្រើន​នៃ​វីរភាព ការតស៊ូ និង​ក្តីសង្ឃឹម​។​

​អនាគត​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នឹងមិន​ត្រូវបាន​កំណត់ដោយ​ការបោះបង់ចោល និង​ការ​អាក់អន់​ស្រពោន​ចិត្ត​នោះទេ ប៉ុន្តែ​គឺ​វីរភាព ការតស៊ូ និង​ក្តីសង្ឃឹម​។ ដូចជា​ប្រទេស​កម្ពុជា​ដែរ អនាគត​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​គឺ​ស្ថិតនៅក្នុង​ក្តីសង្ឃឹម និង​ក្តី​សុ​បិ​ន្ត​បំណងប្រាថ្នា​របស់​យុវជន ហើយ​គោលនយោបាយ​ការបរទេស​របស់​សហ​រដ្ឋ​អាមេរិក និង​យុទ្ធសាស្ត្រ​របស់​សហគម​ន៍​អន្តរជាតិ​ក្នុងការ​ដោះស្រាយ​ជាមួយ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​គួរតែ​រួមបញ្ចូល​យុវជន​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅក្នុង​ផែនការ​រយៈពេល​វែងរ​បស់​ខ្លួន​។​

គួរ​កត់សម្គាល់ថា សំឡេង​យុវជន​អា​ហ្វ​ហ្គា​នី​ស្ថាន​មិនមាន​ភាពលេច​ធ្លោ​នៅក្នុង​ការផ្សាយ​ព័ត៌មាន​ថ្មីៗ​នេះ​ទេ ប្រសិនបើ​ប្រៀបធៀប​ទៅនឹង​ចំនួន​សមាមាត្រ​របស់​យុវជន​នៅក្នុង​ប្រទេស​នេះ​។ សំឡេង​របស់​យុវជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ត្រូវបាន​គេ​កត់សម្គាល់ថា មិនមាន​ច្រើន​នៅក្នុង​ការវិភាគ​ស្តីពី​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ផ្ទុយ​ពី​ភាគរយ​ដ៏​លើសលប់​របស់​យុវជន​នៃ​ចំនួន​ប្រជាជន​សរុប​។ ស្ទើរតែ ៧០ ភាគរយ​នៃ​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​មាន​អាយុ​ក្រោម​២៥​ឆ្នាំ ប៉ុន្តែ​សំឡេង​ភាគច្រើន​ដែល​ឮ​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​គឺ​មកពី​អតីតមន្ត្រី​រដ្ឋាភិបាល និង​ជនភៀសខ្លួន​មាន​វ័យ​ចំណាស់​។ ជាការ​ពិតណាស់​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែលមាន​វ័យ​ចំណាស់​គឺ​ចាំបាច់​ជា​ប្រជាជន​ដែលមាន​សារសំខាន់​ក្នុងការ​សិក្សា​អំពី​អ្វីដែល​បានកើត​ឡើង និង​ភាព​ខុសឆ្គង​នៃ​ការចាកចេញ​របស់​សហ​រដ្ឋ​អាមេរិក និង​សហគមន៍​អន្តរជាតិ​ពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ក៏ប៉ុន្តែ​គឺជា​យុវជន​អា​ហ្វ​ហ្គា​នី​ស្ថាន​នោះទេ​ដែលមាន​សារសំខាន់​បំផុត​ចំពោះ​ចម្លើយ​នាពេល​អនាគត​លើ​សំណួរ​ថា​តើ​នឹងមាន​អ្វី​កើតឡើង​បន្ទាប់​ពីនេះ​។ ប្រហែលជា​គ្មាន​ក្រុម​ប្រជាជន​ណា​ដែល​សំខាន់​ចំពោះ​អនាគត​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាង​ក្រុមយុវជន​នោះទេ ហើយ​គ្មាន​ពេលណា​ដែល​ប្រសើរ​ជាង​នៅពេលនេះ​ដើម្បី​ចាប់ផ្តើម​គិត​អំពី​វិធី​ធ្វើយ៉ាងណា​ដើម្បី​រាប់បញ្ចូល​ក្រុមយុវជន​នោះឡើយ​។​

​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក និង​សហគមន៍​អន្តរជាតិ​នៅ​ប្រទេស​កម្ពុជា​មិនមែនជា​ផែនទី​បង្ហាញផ្លូវ ឬ​មគ្គទេសក៍​ណែនាំ​សម្រាប់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នោះទេ ប៉ុន្តែ​គឺជា​ចំណុច​យោង​មួយ​ដែល​ផ្តល់នូវ​ការយល់ដឹង និង​ការ​រំឭក​សំខាន់ៗ​ដែល​អាច​បង្ហាញ​អំពី​វិធីសាស្ត្រ និង​គោលនយោបាយ​នាពេល​អនាគត​។ ថ្វីត្បិតតែ​មាន​សោកនាដកម្ម​កើតឡើង​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ក៏ប៉ុន្តែ​នៅតែមាន​ក្តីសង្ឃឹម ហើយ​យើង​ត្រូវ​ចាប់ផ្តើម​គិត​អំពី​វិធីសាស្ត្រ​ដើម្បី​បង្កើន​ក្តីសង្ឃឹម​នេះ និង​កសាង​អនាគត​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​មិន​ត្រឹមតែ​សម្រាប់​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ការប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​មនុស្សជាតិ និង​សន្តិសុខ​ពិភពលោក​នាពេល​អនាគត​។​

​អត្ថបទ​នេះ​ចុះផ្សាយ​ជា​ភាសា​អង់គ្លេស​នៅ​ទស្សនា​វ​ដ្តី​ការទូត (The Diplomat) និង​បកប្រែ​មកជា​ភាសា​ខ្មែរ ដោយ សូ​វិចិត្រ មេត្តា ដែលជា​និស្សិត​អនុបណ្ឌិត​ផ្នែក​រដ្ឋបាល​សង្គម​ស៊ីវិល នៅ​ប្រទេស​កូរ៉េខាងត្បូង​៕

ដោយ ៖ ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​​

ប្រភព៖​ Swift News

អត្ថបទទាក់ទង