ខ្មែរប៉ុស្ដិ៍ Close

ហេតុអ្វីបានជាគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន ប្រឈមមុខនឹងការគំរាមកំហែងពីអំពើភេរវកម្មជីហាដ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 85
ហេតុអ្វីបានជាគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន ប្រឈមមុខនឹងការគំរាមកំហែងពីអំពើភេរវកម្មជីហាដ? សណ្ឋាគារ​មួយ​ត្រូវ​ភ្លើង​ឆេះ​ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន​ កាលពី​ថ្ងៃ​ទី ១៣ ខែ​ធ្នូ។ ជនជាតិ​ចិន​ជាច្រើននាក់បាន​រង​របួស​ក្នុង​ការ​វាយ​ប្រហារ​លើ​សណ្ឋាគារនេះ ​កាល​ពី​ថ្ងៃ​ទី ១២ ខែ​ធ្នូ ដែល​ក្រុម ISIS បាន​អះអាង​ទទួល​ខុស​ត្រូវ។ រូបថត៖ Reuters

កាលពីថ្ងៃទី ១៣ ខែធ្នូ គឺនៅមួយថ្ងៃបន្ទាប់ពីឯកអគ្គរដ្ឋទូតចិន Wang Yu បានជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសអាហ្វហ្គានីស្ថាន Sher Mohammad Abbas Stanikzai និងបានស្នើឱ្យលោកជួយពង្រឹងសន្តិសុខរបស់ស្ថានទូតចិន ក្រុមភេរវករបានកំណត់គោលដៅលើសណ្ឋាគារដែលត្រូវបានគ្រប់គ្រងដោយជនជាតិចិននៅទីក្រុងកាប៊ុល ដែលជាទីពេញនិយមរបស់ជនជាតិចិន និងជនបរទេសផ្សេងៗទៀត។ ក្រុមរដ្ឋឥស្លាមបាននិយាយថា «អ្នកវាយប្រហារគឺមានប្រភពមកពីសាខារបស់ខ្លួន ដែលមានឈ្មោះ Islamic State Khorasan (Isis-K)»។

នៅពេលដែលភូមិសាស្ត្រនយោបាយពិភពលោកវិវឌ្ឍចេញពីយុគសម័យសង្គ្រាមប្រឆាំងភេរវកម្មឆ្ពោះទៅរកការប្រកួតប្រជែងរវាងអាមេរិកនិងចិន ការគំរាមកំហែងរបស់ពួកជីហាដចំពោះប្រទេសចិន ក៏បានបន្តវិវឌ្ឍទៅមុខផងដែរ។ នៅក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ សហរដ្ឋអាមេរិកគឺជាគោលដៅចម្បងរបស់ក្រុមជីហាដអន្តរជាតិ ដោយសារតែការឈ្លានពានរបស់អាមេរិកនៅអាហ្វហ្គានីស្ថាន, អ៊ីរ៉ាក់ និងស៊ីរី។

ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះប្រទេសចិនហាក់ដូចជាកំពុងក្លាយជាជនរងគ្រោះនៅក្នុងវោហាសាស្ត្ររបស់ពួកជីហាដ ជាពិសេសពីក្រុម Isis និង al-Shabab ។ រហូតមកដល់ពេលថ្មីៗនេះ ក្រុមជីហាដ ក៏ដូចជា al-Quaeda និង Isis បានកំណត់គោលដៅលើប្រទេសចិន ដោយសារការគាបសង្កត់លើសហគមន៍មូស្លីម Uygur នៅក្នុងតំបន់ Xinjiang ខាងលិច។

ទោះជាយ៉ាងណាក៏ដោយ រឿងរ៉ាវដែលត្រូវបានលើកឡើងនៅពេលឥឡូវនេះ បានផ្តោតលើ «ចក្រពត្តិនិយម» របស់ប្រទេសចិន ដូចដែលត្រូវបានបង្ហាញដោយគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ នៅពេលដែលក្រុមជីហាដបានផ្តោតគោលដៅទៅលើការពង្រីកសេដ្ឋកិច្ចរបស់ប្រទេសចិន ជាជាងការធ្វើទុក្ខបុកម្នេញលើសហគមន៍ Uygur ការផ្លាស់ប្តូរនេះបាននាំមកនូវការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការវិវឌ្ឍនៃលទ្ធិជីហាដអន្តរជាតិនៅក្នុងយុគសម័យនៃការប្រកួតប្រជែងរវាងអាមេរិក និងចិន។

នៅក្នុងបរិបទនៃការប្រកួតប្រជែងអំណាចដ៏អស្ចារ្យ ក្រុម Isis កំពុងបង្កើតជំហរប្រកបដោយភាពឆ្លាតវៃ ដើម្បីកេងចំណេញពីការប្រជែងតាមរយៈការបង្វែរកាណុងកាំភ្លើងទៅរកប្រទេសចិន។ ទស្សនៈរបស់ពួកគេគឺថា «ភាពតានតឹងរវាងអាមេរិកនិងចិនជុំវិញកោះតៃវ៉ាន់ ក៏ដូចជាសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែននឹងត្រួសត្រាយផ្លូវសម្រាប់ការកើនឡើងនៃរដ្ឋ Caliphate អន្តរជាតិតាមរបៀប Isis»។

នៅដើមឆ្នាំ ២០១៤ អ្នកមនោគមវិជ្ជាជីហាដ Abu Zar al-Burmi បានកំណត់គោលដៅលើគោលនយោបាយការបរទេសរបស់ចិន។ បន្ទាប់ពីការប្រកាសរបស់សហរដ្ឋអាមេរិកអំពីការដកទ័ពចេញពីអាហ្វហ្គានីស្ថាន លោកបានចេញវីដេអូមួយដែលមានចំណងជើងថា «ចូរយើងនាំគ្នារំខានប្រទេសចិន» «Let’s disrupt China» ដោយបាននិយាយថា «ទីក្រុងវ៉ាស៊ីនតោនបានចាញ់សង្រ្គាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយវាគឺជាពេលដែលត្រូវផ្តោតលើទីក្រុងប៉េកាំងដែលជាតួអង្គអន្តរជាតិដែលកំពុងលេចត្រដែតឡើង»។

នៅឆ្នាំនេះ ទស្សនាវដ្តី «Isis-K Voice of Khurasan» ដែលត្រូវបានចេញផ្សាយក្នុងខែកញ្ញា បានលើកយកអត្ថបទមួយដែលមានចំណងជើងថា «ការស្រមើរស្រមៃរបស់ចិនអំពីចក្រពត្តិនិយម» ដោយបានប្រៀបធៀបមហិច្ឆិតារបស់ចិន និងផែនការខ្សែក្រវ៉ាត់និងផ្លូវទៅនឹងអាណានិគមអង់គ្លេស និងក្រុមហ៊ុនឥណ្ឌាខាងកើតដ៏ល្បីឈ្មោះ។

អត្ថបទនេះបានលើកឡើងថា «ជនជាតិចិនមានភាពងាយរងគ្រោះជាងសមភាគីលោកខាងលិចរបស់ពួកគេ ដោយសារតែកង្វះខាតនៅក្នុងវិស័យយោធា»។ ខុសពីអាមេរិកដែលបានទទួលឥទ្ធិពលជាអន្តរជាតិតាមរយៈអំណាចយោធា ប្រទេសចិនបានបន្តប្រកាន់ខ្ជាប់នូវមាគ៌ាសេដ្ឋកិច្ច ដើម្បីសម្រេចឱ្យបាននូវមហិច្ឆតាពិភពលោករបស់ខ្លួន។

កាន់តែគួរឱ្យចាប់អារម្មណ៍ អត្ថបទនេះក៏បានប្រៀបធៀបផងដែររវាងគោលនយោបាយការបរទេសរបស់ចិននិងការលុកលុយរបស់ម៉ុងហ្គោលនៅក្នុងសតវត្សទី ១៣ ដើម្បីបញ្ជាក់ថា «ការគ្រប់គ្រងរបស់សង្គម និយមចិននឹងមានរយៈពេលខ្លីដូចចក្រភពម៉ុងហ្គោលដែរ»។ អត្ថបទនេះក៏បានលើកឡើងទៀតថា «ក្រុមហ៊ុនចិននៅតំបន់អាស៊ីនិងអាហ្រ្វិក នៅថ្ងៃណាមួយនឹងត្រូវបិទទ្វារដោយសារការភ័យខ្លាចអំពីការគំរាមកំហែង របស់ពួកជីហាដ ដូចអ្វីដែលក្រុមហ៊ុនលោកខាងលិចនៅប្រទេស Mozambique បានធ្វើកាលពីពេលថ្មីៗនេះ»។

គួរកត់សម្គាល់ផងដែរថា «ការគំរាមកំហែងទាំងនេះមិនមែនគ្រាន់តែជាការនិយាយឱ្យរួចពីមាត់នោះទេ»។ នៅក្នុងឆ្នាំ ២០១៧ ក្រុម Isis ត្រូវបានគេរាយការណ៍ថាបានសម្លាប់ប្តីប្រពន្ធជនជាតិចិនមួយគូនៅក្នុងខេត្ត Balochistan ភាគនិរតីនៃប្រទេសប៉ាគីស្ថាន ដែលជាទីតាំងរបស់កំពង់ផែ Gwador ដែលជាគម្រោងដ៏សំខាន់នៃច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន។

ក្រុម Isis-K បានក្លាយជាក្រុមជីហាដអន្តរជាតិដ៏ធំមួយប្រឆាំងនឹងចិន ចាប់តាំងពីពេលដែលក្រុមតាលីបង់បានឡើងកាន់កាប់អាហ្វហ្គានីស្ថានកាលពីឆ្នាំមុន។ ភាពស្ងៀមស្ងាត់របស់ពួកតាលីបង់ចំពោះបញ្ហា Uygur និងការបង្កើនទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ក៏ដូចជាការបដិសេធរបស់ក្រុម al-Quaeda អំពីទំនាក់ទំនងតាលីបង់-ប៉េកាំង បានបង្កើតជាឱកាសសម្រាប់ក្រុម Isis-K។

ក្រុម Isis-K បានព្យាយាមដកហូតភាពស្របច្បាប់ពីរបបដឹកនាំបច្ចុប្បន្ននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ គួររំឮកផងដែរថា «រដ្ឋាភិបាលចិនបាននិងកំពុងបង្កើតទំនាក់ទំនងជាមួយក្រុមតាលីបង់ តាមរយៈបណ្តាញក្រោយឆាក ចាប់តាំងពីឆ្នាំ ២០១៤ នៅចំពេលកើតមានការដកកងកម្លាំង NATO ភាគច្រើនចេញពីប្រទេសអាហ្វហ្គានីស្ថាន»។

ប្រទេសចិនបានផ្តល់ការគាំទ្រផ្នែកសេដ្ឋកិច្ចដល់របបតាលីបង់ជាថ្នូរនឹងការបង្កើនការយកចិត្តទុកដាក់ចំពោះបញ្ហាសន្តិសុខរបស់ខ្លួន ជាពិសេសទាក់ទងនឹងគណបក្សអ៊ីស្លាមទួគីស្ថាន (TIP) ដែលជាក្រុមផ្តាច់ខ្លួន Uyghur ដែលមានគោលបំណងបំបែកតំបន់ Xinjiang ចេញពីប្រទេសចិនដើម្បីបង្កើតរដ្ឋឯករាជ្យមួយ។ ក្រុម Isis-K ក៏កំពុងព្យាយាមបង្កការប្រេះឆារវាងក្រុមតាលីបង់ និងគណបក្សឥស្លាម Turkistan ផងដែរ។

អាហ្វហ្គានីស្ថាននិងចិនមានព្រំប្រទល់រួមគ្នាប្រវែង ៧៤ គីឡូម៉ែត្រតាមបណ្តោយភ្នំ Wakhan Corridor ។ តាមការទទូចរបស់ទីក្រុងប៉េកាំង ក្រុមតាលីបង់បានផ្លាស់ប្តូរទីតាំងក្រុមសកម្មប្រយុទ្ធ TIP ពីខេត្ត Badakhshan នៅជិតព្រំដែនទៅកាន់តំបន់ផ្សេងទៀតកាលពីឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយផ្នែកខ្លះនៃក្រុម TIP ទំនងជាបានសាងសង់មូលដ្ឋានរបស់ពួកគេឡើងវិញនៅខេត្ត Badakhshan។

វោហាសាស្ត្រប្រឆាំងនឹងចិនរបស់ក្រុម Isis-K ក៏អាចមានបំណងទាក់ទាញជនសកម្មប្រយុទ្ធ Uygur ឱ្យចូលរួមជាមួយខ្លួនផងដែរ។ កាលណារបបតាលីបង់កាន់តែរឹតបន្តឹងលើសកម្មភាពរបស់ក្រុម TIP វានឹងមានឱកាសកាន់តែខ្ពស់ដែលក្រុមសកម្មប្រយុទ្ធ Uygur នឹងកាន់តែ ងាកទៅរកក្រុម Isis-K។ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ «ក្រុម Isis-K បានបង្កើតទំនាក់ទំនងជាមួយក្រុមយុទ្ធជនមកពីក្រុមភេរវករផ្សេងៗទៀត ដោយក្នុងនោះក្រុមសកម្មប្រយុទ្ធ Uygur មានចំនួនរហូតដល់ទៅ ៥០ នាក់»។

នៅក្នុងខែតុលា ឆ្នាំ ២០២១ ក្រុម Isis-K បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារអត្តឃាត ដែលបានផ្តោតទៅលើវិហារអ៊ីស្លាម Shia នៅក្នុងទីក្រុង Kunduz នៃប្រទេសអាហ្វហ្គានីស្ថាន និងបាននិយាយថា «ការបំផ្ទុះគ្រាប់បែកនេះត្រូវបានធ្វើឡើងដោយពួកសកម្មប្រយុទ្ធ Uygur»។ នៅពេលដែលភូមិសាស្ត្រនយោបាយពិភពលោកត្រូវបានបន្តជំរុញដោយការប្រកួតប្រជែងរវាងមហាអំណាច, ប្រទេសចិននឹងបន្តស្ថិតនៅក្នុងវោហាសាស្ត្ររបស់ក្រុមជីហាដឆ្លងដែន។

ក្រុមជីហាដនិយមដូចជា Isis-K នឹងត្រូវការសត្រូវកាន់ធំជាងមុនដើម្បីបញ្ជាក់អំពីភាពត្រឹមត្រូវនៃអំពើហិង្សាជ្រុលនិយមរបស់ពួកគេ និងដើម្បីទាក់ទាញមូលនិធិនិងការប្រមូលកម្លាំងអ្នកចូលរួម។ អស់រយៈពេល ២ ទស្សវត្សរ៍កន្លងមកនេះ មូលហេតុដែលនាំមកនូវសកម្មភាពរបស់ក្រុមជីហាដឆ្លងដែនគឺ «ការធ្វើអន្តរាគមន៍របស់អាមេរិកនៅអ៊ីរ៉ាក់, ស៊ីរី និងអាហ្វហ្គានីស្ថាន»។ ប៉ុន្តែឥឡូវនេះ វាគឺជា «ការពង្រីកឥទ្ធិពលរបស់ចិន តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ» ដែលបានក្លាយជាការរំខានរបស់ក្រុមជីហាដ៕

South China Morning Post

អត្ថបទទាក់ទង