ខ្មែរប៉ុស្ដិ៍ Close

ប្រធាន CIA បានជួបជាសម្ងាត់ជាមួយមេដឹកនាំ តាលីបង់ ខណៈពេលដែលលោក Biden កំពុងប្រឈមមុខនឹងសម្ពាធជុំវិញថ្ងៃផុតកំណត់ក្នុងការ ជម្លៀសប្រជាជនចេញពីអាហ្វហ្កានីស្ថាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 43
ប្រធាន CIA បានជួបជាសម្ងាត់ជាមួយមេដឹកនាំ តាលីបង់ ខណៈពេលដែលលោក Biden កំពុងប្រឈមមុខនឹងសម្ពាធជុំវិញថ្ងៃផុតកំណត់ក្នុងការ ជម្លៀសប្រជាជនចេញពីអាហ្វហ្កានីស្ថាន លោក William Burns ប្រធានទីភ្នាក់ងារចារកិច្ចអាមេរិក CIA

ប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងៗ ជុំវិញថ្ងៃផុតកំណត់ក្នុងការចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ប្រធានាធិបតី Joe Biden បានបញ្ជូនប្រធានចារកម្មរបស់លោកឱ្យទៅជួបជាមួយមេដឹកនាំតាលីបង់ នេះបើយោងតាមអ្នកការទូតជាន់ខ្ពស់ក្នុងតំបន់ បូករួមនឹងប្រភពផ្សេងទៀតដែលបានដឹងអំពីបញ្ហានេះ។

ប្រភពមួយបានឱ្យដឹងថា «នាយក CIA គឺលោក William Burns បានរៀបចំកិច្ចប្រជុំសម្ងាត់មួយជាមួយសហស្ថាបនិក និងមេដឹកនាំនយោបាយរបស់តាលីបង់ គឺលោក Abdul Ghani Baradar កាលពីថ្ងៃចន្ទ» ហើយកិច្ចប្រជុំនេះត្រូវបានរាយការណ៍ជាលើកដំបូងដោយកាសែត «The Washington Post»។

ទីភ្នាក់ងារ CIA បានបដិសេធសុំមិនធ្វើការអត្ថាធិប្បាយអំពីកិច្ចប្រជុំនេះដោយបានលើកឡើងពីគោលនយោបាយរបស់ទីភ្នាក់ងារដែល មិនអាចនិយាយអំពីការធ្វើដំណើរ និងកិច្ចប្រជុំរបស់នាយករបស់ខ្លួន។

រឿងនេះបានកើតឡើងនៅពេលដែល លោក Biden បានសម្រេចចិត្តប្រកាន់ខ្ជាប់នូវកាលបរិច្ឆេទកំណត់ថ្ងៃទី ៣១ សីហា ដើម្បីឱ្យកងទ័ពអាមេរិកដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន។ ក៏ប៉ុន្តែអាចនឹងបន្តស្នាក់នៅបាន យូរជាងនេះ ប្រសិនបើមានការចាំបាច់។

ក្រុមតាលីបង់បាន ព្រមានថា «ការពន្យារពេលណាមួយក្នុងការដកទ័ពនឹងក្លាយជាការដើរហួសខ្សែបន្ទាត់ក្រហម ហើយផលវិបាកអាចនឹងកើតមាន»។ នៅក្នុងសន្និសីទកាសែតមួយនៅថ្ងៃអង្គារ អ្នកនាំពាក្យរបស់តាលីបង់ លោក Zabihullah Mujahid បានចោទប្រកាន់សហរដ្ឋអាមេរិកពីបទញុះញង់ឱ្យជនជាតិអាហ្វហ្កានីស្ថានចាកចេញពីប្រទេស ជាពិសេសមនុស្សដែលមានជំនាញ ហើយលោក បាននិយាយថា «ក្រុមរបស់លោកនឹងរារាំងជនជាតិអាហ្វហ្កានីស្ថានមិនឱ្យធ្វើដំណើរទៅកាន់អាកាសយានដ្ឋានក្នុងទីក្រុងកាប៊ុល ដោយនឹងផ្តល់ការអនុញ្ញាតដល់តែជនបរទេសប៉ុណ្ណោះ»។

យោងតាមការបក ប្រែរបស់ BBC លោកបាននិយាយថា «យើងនឹងមិនអនុញ្ញាតឱ្យជនជាតិអាហ្វហ្កានីស្ថានចាកចេញពីប្រទេសទេ ហើយយើងក៏នឹងមិនពន្យារពេលកាលបរិច្ឆេទកំណត់នោះដែរ» ។

នៅក្នុងសុន្ទរកថា នៅរសៀលថ្ងៃអង្គារកន្លងទៅនេះ លោក Biden បាននិយាយថា «មន្រ្តីជឿជាក់ថា សហរដ្ឋអាមេរិកអាចនឹងសម្រេចបាននូវការជម្លៀសប្រជាជននៅត្រឹមថ្ងៃទី ៣១» ក៏ប៉ុន្តែលោកបានស្នើឱ្យមន្ទីរបញ្ចកោណបង្កើតនូវផែនការបន្ទាន់មួយចំនួនក្នុងករណីចាំបាច់ដែលអាចត្រូវការពេលវេលាបន្ថែម ទៀត។

ប្រធានាធិបតីបានប្រឈមមុខនឹងការរិះគន់ទាំងក្នុងនិងក្រៅប្រទេសបូករួមទាំងការអំពាវនាវឱ្យពន្យារ ពេលការដកទ័ពចេញរហូតដល់ជនជាតិអាមេរិក, ជនជាតិអាហ្វហ្គានីស្ថាននិងអ្នកផ្សេងទៀតដែលចង់រត់គេចពីក្រុមតាលីបង់អាចត្រូវបានជម្លៀសចេញតាមយន្តហោះរួចរាល់ចប់សព្វគ្រប់ ខណៈដែលនៅពេលនេះ នៅមានមនុស្សរាប់ពាន់នាក់ ដែលកំពុងរង់ចាំការជម្លៀសចេញបន្ទាប់ពីការវាយលុកយ៉ាងឆាប់រហ័សរបស់ក្រុមសកម្ម ប្រយុទ្ធតាលីបង់។

មន្រ្តីសេតវិមានបានឱ្យដឹងថា «ល្បឿននៃការជម្លៀសប្រជាជនបានកើនឡើងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយក្នុងនោះមនុស្សជាមធ្យមប្រហែល ២១,៦០០ នាក់ត្រូវបានជម្លៀសចេញពីទីក្រុងកាប៊ុលក្នុងរង្វង់ពេល ២៤ ម៉ោងហើយចាប់តាំងពីការហោះហើរបាន ចាប់ផ្តើមនៅថ្ងៃទី ១៤ ខែសីហា សហរដ្ឋអាមេរិកបានជម្លៀសប្រជាជនសរុបប្រមាណ ៥៨,៧០០ នាក់»។

នៅព្រឹកថ្ងៃអង្គារកន្លងទៅនេះ លោក Biden បានរៀបចំកិច្ចប្រជុំបន្ទាន់មួយ តាមប្រព័ន្ធអ៊ីនធើណេតជាមួយសមភាគី នៃក្រុម G7 របស់លោក ហើយលោកក៏បានប្រឈមមុខនឹងសម្ពាធបន្ថែមទៀត ដើម្បីឱ្យលោកបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការជម្លៀសប្រជាជន។

អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានលើក ឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «លោក Biden បាន ប្រាប់មេដឹកនាំផ្សេងទៀតថា បេសកកម្មនៅទីក្រុងកាប៊ុលកំពុងឈានទៅរកការអាចបញ្ចប់បាននៅត្រឹមចុងខែនេះ ក៏ប៉ុន្តែពេលវេលាកំណត់ជាក់លាក់ នឹងអាស្រ័យលើការសម្របសម្រួលជាមួយក្រុមតាលីបង់»។

លោក Biden បាននិយាយនៅក្នុងសុន្ទរកថារបស់លោកថា «លោកនិងមេដឹកនាំពិភពលោក ទាំងអស់បានយល់ ស្របថា យើងនឹងរួបរួមគ្នានៅក្នុងការអនុវត្តវិធីសាស្រ្តរបស់យើងចំពោះក្រុមតាលីបង់»។

បន្ទាប់ពីកិច្ចប្រជុំកំពូល នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានលើកឡើងនូវការប្តេជ្ញាថា «បណ្តាសម្ព័ន្ធមិត្តនឹងព្យាយាមប្រើកម្លាំងសេដ្ឋកិច្ច, ការទូតនិងនយោបាយរបស់ពួកគេដើម្បីជះឥទ្ធិពលដល់ក្រុមតាលីបង់ ខណៈពេលដែលលក្ខខណ្ឌទី១ ដែលគ្រប់គ្នាកំពុងទទូចចង់បាន គឺការធ្វើដំណើរប្រកប ដោយសុវត្ថិភាពនៅបន្ទាប់ពីថ្ងៃទី31 សម្រាប់អ្នកទាំងឡាយណាដែលចង់ចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន»។

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បាននិយាយថា «សហភាពអឺរ៉ុបក៏កំពុងអំពាវនាវដល់ក្រុមតាលីបង់ផងដែរ ឱ្យផ្តល់ការអនុញ្ញាតដល់ការឆ្លងកាត់អាកាសយានដ្ឋាននៅទីក្រុងកាប៊ុលដោយសេរី និងបានជំរុញឱ្យសហរដ្ឋអាមេរិកនិងបណ្តាសម្ព័ន្ធមិត្តបន្តធានាសុវត្ថិភាពនៅអាកាស យានដ្ឋានឱ្យបានកាន់តែយូរតាមដែលអាចធ្វើទៅបាន»។

យោធាអាមេរិកបានជូនដំណឹងដល់សេតវិមានថា «ខ្លួននឹងត្រូវការពេលប្រហែល ៣ ទៅ ៤ ថ្ងៃ ដើម្បីអាចដកកងទ័ពប្រហែល ៦,០០០ នាក់ បូករួមទាំងបុគ្គលិកស្ថានទូត និងបុគ្គលិកកុងស៊ុលមួយចំនួនទៀតចេញពីប្រទេសអាហ្វហ្គានីស្ថាន» ដែលនេះមានន័យថា «ពួកគេនឹងត្រូវចាប់ផ្តើមជម្លៀសកងកម្លាំងយោធានៅចុងសប្តាហ៍នេះដើម្បីអាចសម្រេចបានតាមកាលបរិច្ឆេទកំណត់របស់លោក Biden។ នៅពេលដែលកងទ័ពអាមេរិកកាន់តែច្រើនត្រូវបានជម្លៀសចេញ នោះដំណើរការជម្លៀសប្រជាជនអាចនឹងមាន ការថយចុះ»។

ក្រុមតាលីបង់បានគ្រប់គ្រងនៅខាងក្រៅអាកាសយានដ្ឋានកាប៊ុលនិងបានប្រើកម្លាំងដើម្បីគ្រប់គ្រងស្ថានភាពដ៏ច្របូកច្របល់នៅពេលមនុស្សរាប់ពាន់នាក់បាននាំគ្នាប្រញាប់ប្រញាល់រត់គេចពីការគ្រប់គ្រងរបស់ក្រុមតាលីបង់។ មន្ត្រីអាមេរិកបានលើកឡើងនូវការព្រួយបារម្ភថា «ប្រសិនបើសហរដ្ឋអាមេរិកព្យាយាមផ្លាស់ប្តូរកាលបរិច្ឆេទកំណត់ នោះក្រុមតាលីបង់អាចនឹងបើកការវាយប្រហារលើជនជាតិអាមេរិក និងជនជាតិបរទេសដទៃទៀតដែលកំពុងស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន»។

មនុស្សរាប់ពាន់នាក់បានព្យាយាមដណ្តើមគ្នាឡើងជិះលើយន្តហោះដើម្បីចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលក្រុមតាលីបង់បាននិងកំពុងបន្តពង្រឹងអំណាចរបស់ពួកគេ ដោយក្នុងនោះ សេចក្តីរាយការណ៍បឋមមួយចំនួនបានលើកឡើងអំពីករណីអំពើហិង្សា និងការបង្ក្រាបដែល បានបង្កឱ្យមានការភ័យខ្លាចកាន់តែខ្លាំងចំពោះអ្នកដែលកំពុងស្ថិតនៅក្នុងប្រទេសនេះ។

ជនជាតិអាហ្វហ្គានីស្ថានជាច្រើនមានការព្រួយបារម្ភអំពីការសងសឹកនិងការវិលត្រឡប់ទៅរក ច្បាប់អ៊ីស្លាមដ៏អាក្រក់ ដែលក្រុមតាលីបង់បានអនុវត្តនៅពេលដែលក្រុមនេះបានឡើងកាន់អំណាចពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០០១ ជាពិសេសការគាបសង្កត់លើស្ត្រី និងសេរីភាពក្នុងការនិយាយស្តី។

នៅពេលខាងមុខ សហរដ្ឋអាមេរិកនឹងត្រូវប្រឈមមុខជាមួយនឹងលោក Abdul Ghani Baradar និងបណ្តាមេដឹកនាំតាលីបង់ជាន់ខ្ពស់ដទៃទៀតដែលកំពុងដំណើរការជ្រើសរើស រដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោក Baradar។

លោក Baradar ត្រូវបានចាប់ខ្លួនកាល ពីជាង1 ទសវត្សរ៍មុន នៅក្នុងប្រតិបត្តិការរួមគ្នារវាងសហរដ្ឋ អាមេរិកនិងប៉ាគីស្ថាន ហើយលោកត្រូវបានឃុំខ្លួនអស់រយៈពេល 8 ឆ្នាំនៅប៉ាគីស្ថាន។ លោក Baradar ត្រូវបានដោះលែងពីពន្ធនាគារនៅក្នុងឆ្នាំ ២០១៨ ហើយលោកក៏បានបម្រើការជាប្រធានក្រុមចរចារបស់តាលីបង់នៅក្នុងកិច្ចចរចាសន្តិភាព នៅទីក្រុង Qatar និងបានបង្កើតកិច្ចព្រមព្រៀងជាមួយរដ្ឋបាលរបស់អតីត
ប្រធានាធិបតី Donald Trump ស្តីពីការដកបុគ្គលិក យោធាអាមេរិកចេញឱ្យបាននៅត្រឹមថ្ងៃទី ១ ខែឧសភាឆ្នាំនេះ។

បន្ទាប់ពីបានស្បថចូលកាន់តំណែង លោក Biden បាន និយាយថា «ដំណើរការដកទ័ពចេញនេះនឹងត្រូវបញ្ចប់នៅថ្ងៃ ខួបទី ២០ ឆ្នាំនៃការវាយប្រហារភេរវកម្ម ៩/១១»។ ក៏ប៉ុន្តែក្រោយមក លោកបានបន្តពន្យារហូតដល់ថ្ងៃទី ៣១ សីហា ហើយឥឡូវនេះលោកបាននិងកំពុងប្រឈមមុខ នឹងសម្ពាធជាថ្មីម្តងទៀតពីសំណាក់សម្ព័ន្ធមិត្តអន្តរជាតិ ដែលចង់ឱ្យលោកបន្តពន្យាពេលទៀត ដើម្បីអនុញ្ញាតឱ្យមាន ការជម្លៀសប្រជាជន ចេញពីប្រទេសអាហ្វហ្គានីស្ថានបន្ថែមទៀត។

រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian បាននិយាយកាលពីថ្ងៃច័ន្ទថា «ប្រទេសបារាំងមានការព្រួយបារម្ភអំពីកាលបរិច្ឆេទកំណត់ថ្ងៃទី ៣១ សីហា ខណៈដែលពេលនេះគេពិតជាត្រូវការពេលវេលាបន្ថែមទៀត ដើម្បីអាចបញ្ចប់ប្រតិបត្តិការដែលកំពុងដំណើរការនេះ»។

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas ក៏បាននិយាយនៅថ្ងៃច័ន្ទនេះដែរថា «មេដឹកនាំ G-7 ចាំបាច់ត្រូវធ្វើការសម្រេចចិត្តថា តើប្រតិបត្តិការត្រូវបន្តពន្យារពេលឱ្យហួសថ្ងៃទី ៣១ សីហាឬយ៉ាងណា»។ លោកបានបន្ថែមថា «យើងកំពុងធ្វើការស្វែងរកមធ្យោបាយ ដើម្បីអាចឱ្យប្រជាជន បន្តចាកចេញពីប្រទេស បន្ទាប់ពីប្រតិបត្តិការជម្លៀសកងកម្លាំងយោធាត្រូវបានបញ្ចប់។ អ្វីដែលកាន់តែលំបាកនោះគឺ យើងត្រូវនិយាយជា មួយក្រុមតាលីបង់។ ជម្រើសមួយទៀតដែលយើងមានគឺការបោះបង់មនុស្សទាំងនេះចោល ក៏ប៉ុន្តែយើងនឹងមិនធ្វើដូច្នេះទេ»។

លោក Biden ក៏កំពុងប្រឈមមុខនឹងសម្ពាធនៅខាងក្នុងប្រទេសផងដែរ។ ប្រធានគណៈកម្មាធិការកិច្ចការសម្ងាត់ សភាតំណាងរាស្ត្រ (House Intelligence Committee) លោក Adam Schiff បាន ប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីសន្និសីទខ្លីមួយកាលពីថ្ងៃចន្ទថា «លោកមិនជឿថា ការជម្លៀសអាចត្រូវ បានបញ្ចប់នៅក្នុងរយៈពេល ៨ ថ្ងៃទៀតនោះទេ ដោយសារចំនួនជនជាតិអាមេរិកាំង ដែលត្រូវធ្វើការជម្លៀសចេញ គឺនៅមានចំនួនច្រើន» ។

ការស្ទង់មតិរបស់បណ្តាញ NBC ដែល បានចេញផ្សាយកាល ពីថ្ងៃអាទិត្យ បានរកឃើញថា «មានតែ ២៥% នៃអ្នកឆ្លើយសំណួរប៉ុណ្ណោះដែល ពេញចិត្តចំពោះការដោះស្រាយរបស់ប្រធានាធិបតីអាមេរិកចំពោះបញ្ហាអាហ្វហ្គានីស្ថាន ខណៈដែល ៦០% បានសម្តែងនូវការមិនពេញចិត្ត»៕ NBC News

អត្ថបទទាក់ទង