ខ្មែរប៉ុស្ដិ៍ Close

ហេតុអ្វីបានជាគោលនយោបាយការបរទេសរបស់លោកស្រី Kamala អាចនឹងប្រសើរជាងរបស់លោក Biden?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 50
ហេតុអ្វីបានជាគោលនយោបាយការបរទេសរបស់លោកស្រី Kamala អាចនឹងប្រសើរជាងរបស់លោក Biden? ហេតុអ្វីបានជាគោលនយោបាយការបរទេសរបស់លោកស្រី Kamala អាចនឹងប្រសើរជាងរបស់លោក Biden?

ភាពចលាចល និងការដកបុគ្គលិកចេញ បានក្លាយទៅជារឿងធម្មតានៅក្នុងការិយាល័យរបស់អនុប្រធានាធិបតី ចាប់តាំងពីលោកស្រី Kamala Harris បានស្បថចូលកាន់តំណែងកាលពីថ្ងៃ ទី ២០ ខែមករាឆ្នាំ ២០២១។

នៅក្នុងរយៈពេល ១៧ ខែ ចាប់តាំងពីលោកស្រី Harris បានឡើងកាន់តំណែង លោកស្រីបានប្រឈមមុខនឹងការរិះគន់ជាច្រើន ជាពិសេសលើបុគ្គលិកលក្ខណៈនិងភាពខ្វះជំនាញក្នុងការគ្រប់គ្រងរបស់លោកស្រី។ ការរិះគន់ទាំងនេះបានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងនៅពេលដែលនិយាយដល់អាយុ, ស្ថានភាពសុខភាព និងការភ្លេចភ្លាំងកាន់តែច្រើនរបស់លោក Biden។

នៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក មានតែអនុប្រធានាធិបតីចំនួន ៨ រូបប៉ុណ្ណោះ ដែលធ្លាប់បានឡើងកាន់តំណែង ដោយសារតែប្រធានាធិបតីបានទទួលមរណភាព ក្នុងនោះមានតែអនុប្រធានាធិបតី ៣ រូបប៉ុណ្ណោះ ដែលបានឡើងកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្នក្រោមច្បាប់ «The 25th Amendment» ហើយលោកស្រី Harris គឺជាមនុស្សម្នាក់ក្នុងចំណោមនោះ។

ខណៈដែលការព្រួយបារម្ភអំពីស្ថានភាពសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់ប្រធានាធិបតីមានការកើនឡើងកាន់តែខ្លាំង គេក៏បានចាប់ផ្តើមចោទជាសំណួរពាក់ព័ន្ធនឹងគោលនយោបាយការបរទេសរបស់លោកស្រី Harris ក្នុងករណីដែលលោក Biden មិនអាចឆ្លងផុតអាណត្តិរបស់លោកបាន។ គេនៅមិនទាន់អាចប៉ាន់ស្មានដឹងអំពីវិធីសាស្ត្ររបស់លោកស្រី Harris នៅឡើយនោះទេ ក៏ប៉ុន្តែកំណត់ត្រារបស់លោកស្រីនៅក្នុងព្រឹទ្ធសភាបានបង្ហាញថា «លោកស្រីគឺជាមនុស្សដែលមានលក្ខណៈសេរីនិយម»។

ក្រុមសន្តិសុខជាតិដែលលោកស្រី Harris បានរៀបចំនៅពេលដែលលោកស្រីបានក្លាយជាអនុប្រធានាធិបតី ហាក់ដូចជាទទួលបានប្រជាប្រិយភាពជាងក្រុមរបស់លោក Biden ដែលមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយលោក Clinton និងដែលមានមនោគមវិជ្ជាសេរីនិងអន្តរាគមនិយម ដែលទម្រង់គោលនយោបាយការបរទេសបែបនេះហើយដែលបានធ្វើឱ្យគោលនយោបាយការបរទេសរបស់អាមេរិកត្រូវជួបប្រទះនឹងបញ្ហា និងភាពបរាជ័យជាច្រើននៅក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ចាប់តាំងពីលោក Bill Clinton បានឡើងកាន់តំណែងមក។

ចាប់តាំងពីខែមីនាមក ក្រុមសន្តិសុខជាតិរបស់លោកស្រី Harris ត្រូវបានដឹកនាំដោយអ្នកប្រាជ្ញផ្នែកទំនាក់ទំនងអន្តរជាតិចំនួន ២ រូប គឺលោក Philip H Gordon និងលោកស្រី Rebecca Lissner។ លោក Gordon និងលោកស្រី Lissner អាចមានសមត្ថភាពខ្លាំងជាងប្រធានក្រុមសន្តិសុខជាតិរបស់ Biden គឺលោក Jake Sullivan ទៅទៀត។ ពួកគេទាំងពីរមានសមត្ថភាពខ្លាំងមិនចាញ់ក្រុមមនុស្សនៅជុំវិញខ្លួនរបស់លោក Biden ឡើយ។

លោក Gordon បានឡើងធ្វើជាទីប្រឹក្សាសន្តិសុខជាតិទីពីរ របស់លោក ស្រី Harris អស់រយៈពេល ១៨ ខែកន្លងមកហើយ ខណៈដែលលោក ស្រី Lissner ទើបតែបានចូលរួមជាមួយលោកស្រី Harris កាលពីថ្មីៗនេះប៉ុណ្ណោះ ក្រោយពីបានបញ្ចប់ភារកិច្ចរបស់ខ្លួននៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិរបស់លោក Biden ដែលពេលនោះលោកស្រី Lissner គឺជាអ្នកគ្រប់គ្រងក្រុមយុទ្ធសាស្ត្រស្តីអំពីប្រទេសរុស្ស៊ី ហើយក៏ជាអ្នករៀបចំផែនការឆ្លើយតបសម្រាប់រដ្ឋបាលរបស់លោក Biden ផងដែរ ចំពោះការដាក់ពង្រាយយោធារបស់រុស្ស៊ីនៅតាមព្រំដែនអ៊ុយក្រែនកាលពីចុងឆ្នាំ ២០២១។

លោកស្រី Lissner គឺជាកូនសិស្សរបស់ទីប្រឹក្សាសន្តិសុខមាតុភូមិ គឺលោកស្រី Elizabeth Sherwood-Randall ដែលជាអតីតអនុរដ្ឋមន្ត្រីក្រសួងថាមពល ហើយក៏ជាបុគ្គលម្នាក់ក្នុងចំណោមក្រុមអ្នកជំនាញសន្តិសុខជាតិជាច្រើនដែលទទួលបានការគោរពបំផុតនៅសហរដ្ឋអាមេរិកផងដែរ។ ក្រៅពីនេះ លោក ស្រី Lissner ក៏ជាអ្នកនិពន្ធសៀវភៅ «Wars of Revelation: The Transformative Effects of Military Intervention on Grand Strategy» ហើយសៀវភៅនេះក៏ទទួលបានការគាំទ្រយ៉ាងគួរឲ្យកត់សម្គាល់ផងដែរ។

លោក Gordon ធ្លាប់បានបំពេញការងារអស់រយៈពេលជាយូរពាក់ព័ន្ធនឹងការបង្កើតគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។ លោកពិតជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយក្នុងនោះ លោកទទួលបានសញ្ញាបត្របណ្ឌិតនៅសាលា «Johns Hopkins School of Advanced International Relation», ជាសមាជិកនៃស្ថាប័ន «Brookings Institute», ជាសមាជិកនៃ «Council on Foreign Relation», បាននិពន្ធសៀវភៅ «Losing the Long Game» និងបានទទួលការតែងតាំងក្នុងឋានៈដ៏ខ្ពស់នៅក្នុងរជ្ជកាលដឹកនាំរបស់លោក Clinton និងលោក Obama។

នៅក្នុងអំឡុងពេលរដ្ឋបាលរបស់លោក Obama លោក Gordon បានបម្រើការជាជំនួយការរបស់រដ្ឋមន្ត្រីការបរទេសទទួលបន្ទុកលើកិច្ចការអឺរ៉ុបនិងអឺរ៉ាស៊ី នៅក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីលោកស្រី Hillary Clinton ហើយពេលនោះលោក Gordon គឺជាអ្នកមើលការខុសត្រូវទៅលើការងាររដ្ឋបាល ក៏ប៉ុន្តែលោកបានទទួលបរាជ័យក្នុងការរៀបចំឡើងវិញនូវគោលនយោបាយរបស់អាមេរិកស្តីពីប្រទេសរុស្ស៊ី។

ក្រោយមក លោក Gordon ត្រូវបានគេតែងតាំងធ្វើជាអ្នកសម្របសម្រួលគោលនយោបាយស្តីពីតំបន់មជ្ឈិមបូព៌ានៅក្នុងសេតវិមាន ហើយការតែងតាំងលោក Gordon នៅពេលនោះបាននាំមកនូវការខកចិត្ត ក្នុងចំណោមមនុស្សមួយចំនួនដែលធ្លាប់បានសង្ឃឹមថា «ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីអាចនឹងងាកទៅរកភាពល្អប្រសើរជាងមុន ជាជាងការងាកទៅរកជម្លោះ»។

ការតែងតាំងលោកស្រី Victoria Nuland ដែលជាអតីតទីប្រឹក្សាសន្តិសុខជាតិរបស់លោក Dick Cheney ឱ្យមកធ្វើជាជំនួយការរដ្ឋមន្ត្រីការបរទេសបន្តពីលោក Gordon គឺជាការតែងតាំងដ៏អាក្រក់បំផុតនៅក្នុងពេលវេលាដ៏អាក្រក់បំផុត។ ក្នុងពេលដែលលោក Gordon កាន់តំណែងជាអ្នកសម្របសម្រួលគោលនយោបាយស្តីពីតំបន់មជ្ឈិមបូព៌ានៅក្នុងក្រុមប្រឹក្សា សន្តិសុខជាតិរបស់លោក Obama ព្រឹត្តិការណ៍សង្រ្គាមនៅក្នុងប្រទេសស៊ីរីក៏បានកើតឡើង។

ក្រោយការតែងតាំងលោក Gordon លោក Ghaith Al-Omari ដែលជានាយកប្រតិបត្តិនៃក្រុមការងារអាមេរិក ទទួលបន្ទុកលើប្រទេសប៉ាឡេស្ទីន បាននិយាយថា «លោក Gordon ពិតជាបានយល់យ៉ាងច្បាស់អំពីការិយាធិបតេយ្យ ហើយលោកគឺជាអ្នកជំនាញដែលត្រូវបានជ្រើសរើសដើម្បីឱ្យមកបំពេញការងារជំនាញមួយនេះ»។

ក្រៅពីមានបទពិសោធន៍ជាច្រើនឆ្នាំចំពោះការងារនេះ លោក Gordon ក៏បានបង្ហាញអំពីឆន្ទៈក្នុងការប្រឆាំងនឹងទស្សនៈដែលក្រុមអ្នកជំនាញគោលនយោបាយការបរទេសរបស់រដ្ឋបាលលោក Biden តែងតែអនុវត្តនៅពេលកន្លងមកផងដែរ។ ការតែងតាំងលោក Gordon ជាបុគ្គលគោលរបស់រដ្ឋបាលរបស់លោក Obama ទទួលបន្ទុកលើបញ្ហានៅមជ្ឈិមបូព៌ា ត្រូវបានធ្វើឡើងស្របពេលជាមួយនឹងការធ្វើអន្តរាគមន៍កាន់តែស៊ីជម្រៅរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរី។

នៅក្នុងបទសម្ភាសន៍មួយកាល ពីឆ្នាំ ២០១៦ ជាមួយអ្នកជំនាញខាងអភិរក្សនិយមគឺលោក Jeffery Goldberg លោក Gordon បាននិយាយថា «លោកចង់ឱ្យលោក Obama ទម្លាក់គ្រាប់បែកលើរបបលោក Assad ចំពោះការប្រើប្រាស់អាវុធគីមីតាំងពីឆ្នាំ ២០១៣»។ ប៉ុន្តែ នៅក្នុងសៀវភៅរបស់លោកដែលមានចំណងជើងថា «Losing the Long Game» ដែលបានចេញផ្សាយកាលពីឆ្នាំ ២០២០ លោក Gordon ហាក់ដូចជាបានផ្លាស់ប្ដូរគំនិតចំពោះការផ្លាស់ប្តូររបបនៅក្នុងតំបន់នោះ។

លោក Joshua Landis ដែលជានាយកមជ្ឈមណ្ឌលសិក្សាមជ្ឈិមបូព៌ានៅសាកលវិទ្យាល័យ Oklahoma ហើយក៏ជាអ្នកឃ្លាំមើលមួយរូបក្នុងចំណោមអ្នកឃ្លាំមើលដ៏ឆ្លាតវៃបំផុតរបស់អាមេរិក បាននិយាយពាក់ព័ន្ធនឹងរឿងនេះថា «វាច្បាស់ណាស់ថា ប្រសិនបើសហរដ្ឋអាមេរិកមិនបានផ្តល់អាវុធ និងជំនួយរាប់ពាន់លានដុល្លារទៅឱ្យក្រុមប្រឆាំង ហើយប្រសិនបើអាមេរិកមិនបានលើកទឹកចិត្តឱ្យប្រទេសទួរគី, អារ៉ាប៊ីសាអូឌីត, កាតា និងបណ្តាប្រទេសនៅ EU ឱ្យធ្វើសកម្មភាពដូចគ្នានេះទេ សង្រ្គាមនៅប្រទេស៊ីរីនឹងមិនមានរយៈពេលវែង ហើយនឹងមិនបង្កការបំផ្លិចបំផ្លាញដល់ថ្នាក់នេះទេ ហើយចំនួនប្រជាជនស៊ីរីដែលត្រូវបានគេសម្លាប់ និងបង្ខំឲ្យភៀសខ្លួនក៏នឹងមានចំនួនតិចជាងនេះដូចគ្នា»។

នៅក្នុងសៀវភៅ «Losing the Long Game» លោក Gordon បានលើកនូវអំណះអំណាងនេះយ៉ាងល្អ ហើយលោកក៏បានចង្អុលបង្ហាញផងដែរថា «ស្ថានភាពក៏នឹងមានលក្ខណៈដូចគ្នាដែរពាក់ព័ន្ធនឹងសង្គ្រាមនៅអាហ្វហ្គានីស្ថាន, អ៊ីរ៉ាក់ និងលីប៊ី។ សហរដ្ឋអាមេរិកបានព្យាករណ៍ខុសទាំងស្រុងអំពីប្រទេសទាំងនេះ»។ មិនមែនមនុស្សគ្រប់គ្នានៅក្នុងក្រុមបង្កើតគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក សុទ្ធតែបានចាត់វិធានការត្រឹមត្រូវគ្រប់ពេលវេលានោះទេ ក៏ប៉ុន្តែលោក Gordon អាចបានធ្វើត្រឹមត្រូវច្រើនជាងអ្នកផ្សេងទៀត។

ប្រសិនបើលោកស្រី Kamala Harris អាចធ្វើការស្បថចូលកាន់តំណែងធ្វើជាប្រធានាធិបតីទី ៤៧ របស់សហរដ្ឋអាមេរិកនៅមុនថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ នោះលោកស្រីពិតជានឹងតែងតាំងលោក Gordon និងលោកស្រី Lissner សម្រាប់តួនាទីដឹកនាំក្រុមសន្តិសុខជាតិរបស់ប្រធានាធិបតីជំនួសឱ្យអ្នកដឹកនាំនៅពេលបច្ចុប្បន្ន៕

Asia Times