តើលោក បៃឌិន អាចនឹងទាញបានការគាំទ្រពីតំបន់អាស៊ីដែរឬទេ ខណៈពេលដែលតំបន់នេះនៅតែមានមន្ទិលសង្ស័យចំពោះអាមេរិក?
សហរដ្ឋអាមេរិកបានបោះចោលភាពជាដឹកនាំសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីកាលពី ៤ ឆ្នាំមុន។ ជាជាងការលើកកម្ពស់និងពង្រឹងស្ថាប័ន និងក្របខ័ណ្ឌពហុភាគី សហរដ្ឋអាមេរិកដែលស្ថិតក្រោមការដឹកនាំរបស់ លោកត្រាំ បានបង្កការបំផ្លាញជាប្រព័ន្ធដែលរាប់ចាប់ពីអង្គការ WTO, អង្គការ WHO, កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស, សម្ព័ន្ធមិត្តយោធាជាមួយជប៉ុន និងកូរ៉េខាងត្បូង,ទំនាក់ទំនងពាណិជ្ជកម្មទេ្វភាគីនិងកិច្ចសហប្រតិបត្តិការនៅវេទិការតំបន់។
អ្នកធ្វើគោលនយោបាយអាស៊ីបានទទួលសារដ៏ច្បាស់លាស់មួយដែលនោះគឺ «តំបន់អាស៊ីបានពឹងផ្អែកខ្លាំងពេកទៅលើសហរដ្ឋអាមេរិកដែលកាន់តែមិនអាចទុកចិត្តបាន»។
ការខូចខាតដែលបានកើតឡើងនៅក្នុងអាណត្តិរបស់ប្រធានាធិបតីត្រាំ ទំនងជានឹងនៅបន្តមានជារៀងរហូត។ បើទោះបីជាលោក Biden អាចជាតំណាងនៃការផ្លាស់ប្តូរថ្មីក៏ដោយ ក៏មានបញ្ហា ៣ យ៉ាងនឹងនៅតែស្ថិតក្នុងចិត្តរបស់អ្នកធ្វើគោលនយោបាយអាស៊ី។
- ទី ១ ៖ អ្នកធ្វើគោលនយោបាយនៅក្នុងតំបន់អាស៊ីបានទទួលស្គាល់ថា «លោក ត្រាំ មិនមែនជាគ្រោះថ្នាក់នោះទេ ក៏ប៉ុន្តែ បញ្ហាបានកើតចេញពីកត្តាប្រឈមជាប្រព័ន្ធដែលបានកើតមានអស់ពេលជាយូរមកហើយនៅក្នុងសេដ្ឋកិច្ចនិងសង្គមអាមេរិក។ ការដោះស្រាយកត្តាប្រឈមទាំងនេះគឺជា រឿងដ៏លំបាកនិងត្រូវចំណាយរយៈពេលយូរ»។ ការដែលគណបក្សប្រជាធិបតេយ្យបានចូលកាន់កាប់សេតវិមាន, សភាតំណាង និងព្រឹទ្ធសភា នឹងធ្វើឱ្យលោក បៃឌិន មានឱកាសច្រើនក្នុងការរិះរកដំណោះស្រាយចំពោះកត្តាប្រឈមទាំងនេះ។ ប៉ុន្តែ កិច្ចសហប្រតិបត្តិការជាមួយគណបក្សសាធារណរដ្ឋក៏នៅតែមានសារៈសំខាន់ផងដែរ។
- ទី ២ ៖ លោក បៃឌិន បាននិងកំពុងប្រឈមមុខនឹងបញ្ហានៅក្នុងស្រុក។ ប្រធានាធិបតីមុនៗរបស់សហរដ្ឋអាមេរិកធ្លាប់ប្រឈមមុខដោះស្រាយនឹងបញ្ហាកុប្បកម្មប្រឆាំងពូជសាសន៍, វីរុសរាតត្បាត, ការដើរថយក្រោយនៃសេដ្ឋកិច្ច, ការបែកបាក់ផ្នែកនយោបាយនិងអំពើឧក្រិដ្ឋរបស់អ្នកកាន់តំណែងមុនៗ។ ប៉ុន្តែមិនដែលមានប្រធានាធិបតីអាមេរិករូបណាដែលធ្លាប់ត្រូវប្រឈមមុខដោះស្រាយនឹងបញ្ហាទាំងអស់នេះនៅក្នុងពេលតែមួយនោះទេ។ ជាមួយនឹងបញ្ហាប្រឈមជាច្រើននៅក្នុងស្រុក អ្នកធ្វើគោលនយោបាយនៅក្នុងតំបន់អាស៊ីមានការព្រួយបារម្ភថា «លោក Biden នឹងរវល់ខ្លាំងនៅក្នុងស្រុកនិងមិនអាចមានពេលមកអនុវត្តគោល នយោបាយការបរទេសនៅក្នុងតំបន់បាននោះទេ»។
ចុងក្រោយ បើទោះបីជាលោក បៃឌិន បានចាប់ផ្តើមរៀបចំឡើងវិញនូវគោលនយោបាយការបរទេសរបស់អាមេរិកក៏ដោយ ក៏នៅតែមានសញ្ញាជាច្រើនចេញពីវ៉ាស៊ីនតោន ដែលបង្កជាក្តីកង្វល់ដល់អ្នកធ្វើគោលនយោបាយនៅក្នុងតំបន់អាស៊ី ដែលរួមមានដូចជាវោហាសាស្ត្រ «ទិញទំនិញរបស់អាមេរិក-Buy American» និងការបន្តវិធីសាស្ត្ររឹតបន្តឹងខ្លាំងលើប្រទេសចិនដែលអាចបង្កផលប៉ះពាល់ដល់តួនាទីសេដ្ឋកិច្ចរបស់ចិននៅក្នុងតំបន់និងវិបុលភាពសេដ្ឋកិច្ចនៅក្នុងសន្តិសុខជាតិរបស់តំបន់អាស៊ី។
លោក បៃឌិន បានខិតខំព្យាយាមទាញយកការគាំទ្រពីតំបន់អាស៊ី។ ប៉ុន្តែតាមពិត ពួកគេទាំង២ ត្រូវការគ្នាទៅវិញទៅមក ដោយក្នុងនោះ តំបន់អាស៊ីត្រូវការកម្លាំងរបស់អាមេរិក ហើយលោក បៃឌិន ក៏ត្រូវការតំបន់អាស៊ីផងដែរ ប្រសិនបើលោកចង់សម្រេចបាននូវគោលដៅនយោបាយការបរទេសរបស់លោក។
តើលោក បៃឌិន គួរធ្វើយ៉ាងណាដើម្បីអាចទទួលបានទំនុកចិត្តនៅក្នុងតំបន់មួយ ដែលធ្លាប់ទទួលរងនូវផលប៉ះពាល់យ៉ាងគ្រាំគ្រាអស់រយៈពេល ៤ ឆ្នាំ នៅក្រោមរដ្ឋបាលរបស់លោកត្រាំ?
លោក Adam Triggs បានលើកឡើងនូវចម្លើយមួយ ដែលនោះគឺ
«ការប្រើឱកាសនៅក្នុងកិច្ចប្រជុំ G20 នៅក្នុងប្រទេសឥណ្ឌូណេស៊ីនៅឆ្នាំ ២០២២ ដើម្បីពង្រឹងស្ថាប័នពហុភាគីដែលអាស៊ីពឹងផ្អែកលើ និងដែលអាចផ្តល់នូវឥទ្ធិពលរយៈពេលវែងនៅក្នុងតំបន់ដល់សហរដ្ឋអាមេរិក»។
ជាមួយនឹងការបែរខ្នងដាក់ស្ថាប័នពហុភាគី អាមេរិកបានបោះចោលនូវកម្លាំងដ៏ធំបំផុតមួយរបស់ខ្លួន ដែលនោះគឺ «សមត្ថភាពក្នុងការដឹកនាំសណ្តាប់ធ្នាប់ពិភពលោកនិងស្ថាប័នពិភពលោក»។
បញ្ហាស្ថិតនៅត្រង់ថា ស្ថាប័នពហុភាគីជាច្រើនកំពុងត្រូវការការកែទម្រង់។ ដោយសារស្ថាប័នទាំងនេះកាន់តែចុះខ្សោយ ឥទ្ធិពលអាមេរិកក៏នឹងកាន់តែចុះខ្សោយទៅតាមនោះដែរ ជាពិសេស នៅពេលដែលគូប្រកួតប្រជែងផ្សេងៗទៀតបាននិងកំពុងលេចមុខឡើង។
ស្ថាប័នពិភព លោកធំៗជាច្រើនត្រូវការធ្វើការកែទម្រង់។ ហើយសណ្តាប់ធ្នាប់ពាណិជ្ជកម្មពិភពលោកក៏ត្រូវការការធ្វើបច្ចុប្បន្នភាពផងដែរ ខណៈពេលដែលរចនាសម្ព័ន្ធអភិបាលកិច្ចហួសសម័យរបស់ IMF និងធនាគារពិភពលោកបានបង្កផលប៉ះពាល់ដល់ភាពស្របច្បាប់, ការផ្តល់មូលនិធិនិងប្រសិទ្ធភាពរបស់សណ្តាប់ធ្នាប់ពាណិជ្ជកម្មពិភពលោក។
ថវិការបស់អង្គការសុខភាពពិភពលោក មានទំហំតូចជាងថវិការបស់មន្ទីពេទ្យធំៗមួយចំនួនទៅទៀត ហើយការផ្តល់មូលនិធិភាគច្រើនរបស់អង្គការសុខភាពពិភពលោកត្រូវបានធ្វើឡើងដោយភ្ជាប់មកជាមួយនូវគោលដៅ ខណៈពេលដែលសមាជិកភាពរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (International Energy Agency) នៅតែមិនបញ្ចូលប្រទេសមួយចំនួនដែលជាអ្នកប្រើប្រាស់ថាមពលភាគច្រើនរបស់ពិភពលោក។
លោក Triggs បាននិយាយថា៖
«ផលវិបាកដែលបង្ក ឡើងដោយស្ថាប័នហួសសម័យទាំងនេះគឺមានលក្ខណៈដូចគ្នា ដែលនោះគឺការប្រេះស្រាំកាន់តែខ្លាំងហើយនិងឥទ្ធិពលរបស់អាមេរិកកាន់តែតិច»។
ខណៈការផ្តល់ហិរញ្ញប្បទាន, ភាពស្របច្បាប់ និងប្រសិទ្ធភាពរបស់ស្ថាប័នទាំងនេះកាន់តែស្រុតចុះ គូប្រជែងក្នុងតំបន់ក៏បានលេចមុខឡើងកាន់តែខ្លាំង។
គូប្រជែងរបស់អង្គកាពាណិជ្ជកម្មពិភពលោកគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីនិងទ្វេភាគី។ គូប្រជែងរបស់ IMF គឺជាយន្តការស្ថិរភាពអឺរ៉ុប (European Stability Mechanism), ការផ្តួចផ្តើមគំនិតឈៀងម៉ៃ (Chiang Mai Initiative) និងដៃគូដោះដូររូបិយវត្ថុទ្វេភាគីជាច្រើនទៀត។ គូប្រជែងរបស់ធនាគារពិភពលោក គឺមានធនាគារអភិវឌ្ឍអាស៊ី (ADB), ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank) និងស្ថាប័នជាច្រើនផ្សេងទៀត។
ជាលើកដំបូងក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ ប្រធានាធិបតី បៃឌិន មានឱកាសក្នុងការកែតម្រូវបញ្ហាទាំងអស់នេះ។ ដោយសេតវិមាននិងសភាទាំង ២ មានភាពចុះសម្រុងនឹងគ្នា នោះសហរដ្ឋអាមេរិកអាចដឹកនាំកំណែទម្រង់នៅក្នុងស្ថាប័នទាំងនេះ និងបង្កើតបទប្បញ្ញត្តិថ្មីៗដែលស្ថាប័នទាំងនេះកំពុងខ្វះខាតនាពេលបច្ចុប្បន្ននេះ។
លោក Triggs បាននិយាយថា៖
«ផ្អែកលើប្រវត្តិសាស្ត្រ កំណែទម្រង់ដោយជោគជ័យនៅក្នុងអភិបាលកិច្ចពិភពលោកតម្រូវឱ្យមានធាតុផ្សំយ៉ាងតិច៣ ដែលរួមមាន «ភាពជាអ្នកដឹកនាំរបស់ប្រធានាធិបតីអាមេរិក, ការអនុម័តពីសភាអាមេរិកនិងក្រុមប្រទេសធំៗដែលគាំទ្រដល់ការផ្លាស់ប្តូរទាំងនេះ»។ ជាលើកដំបូងក្នុងរយៈពេលជាង ១ ទសវត្សរ៍កន្លងមកនេះ ចំណុចទាំង៣នេះ នៅទីបំផុតអាចមានកើតមានឡើងបាន»។
លោក Triggs បានបន្តថា៖
«ប្រទេសជាច្រើនលើសលប់បានគាំទ្រចំពោះការធ្វើកំណែទម្រង់ស្ថាប័នពិភពលោក ជាពិសេសនៅក្នុងតំបន់អាស៊ី។ ឥណ្ឌូណេស៊ីនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ G20 នៅឆ្នាំក្រោយ ហើយឥណ្ឌូណេស៊ីក៏ជាមេដឹកនាំដ៏ចេញមុខមួយផងដែរពាក់ព័ន្ធនឹងការធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក»។
លោកបានបន្ថែមថា ៖
«តំបន់មួយដែលត្រូវការការវិនិយោគនឹងទទួលប្រយោជន៍ច្រើនពីការធ្វើកំណែទម្រង់និងការសហការកាន់តែប្រសើរពីបណ្តាធនាគារអភិវឌ្ឍ ខណៈពេលដែលបញ្ហានៃការប្រែប្រួលអាកាសធាតុគឺជាឱកាសក្នុងការបង្កើនការចូលរួមប្រកបដោយការស្ថាបនាលើចំណុចអាទិភាពរួមរវាងអាមេរិក, ចិន និងតំបន់អាស៊ី»។
សម្ពាធមកលើ លោក បៃឌិន មានលក្ខណៈខ្លាំងក្លាណាស់។ ហើយកត្តាប្រឈមដែលលោកកំពុងជួបប្រទះ ក៏មានភាពធំធេងនិងប្រទាក់ក្រឡាគ្នាខ្លាំងផងដែរ។
នៅក្នុងគោលនយោបាយការបរទេស ការចង់បានរបស់លោក បៃឌិន គឺការទទួលបានការគាំទ្រពីតំបន់អាស៊ី ដែលនៅតែមានមន្ទិលសង្ស័យចំពោះអាមេរិកដើម្បីពង្រឹងតួនាទីរបស់អាមេរិកនៅក្នុងតំបន់។ ដូច្នេះ ការធ្វើកំណែទម្រង់ស្ថាប័នពិភពលោកគួរតែជាចំណុចអាទិភាពបំផុតនៅក្នុងផែនការរបស់លោក បៃឌិន៕ East Asia Forum