ខ្មែរប៉ុស្ដិ៍ Close

តើលោក បៃឌិន អាចរក្សាសន្តិភាពនៅតំបន់អាស៊ីអាគ្នេយ៍បានដែរឬទេ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២ ខែមិថុនា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 122
តើលោក បៃឌិន អាចរក្សាសន្តិភាពនៅតំបន់អាស៊ីអាគ្នេយ៍បានដែរឬទេ? លោក ចូ បៃឌិន

ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានប្រកាសប្រាប់ពិភពលោកថា «សហរដ្ឋអាមេរិកបានវិលត្រឡប់មកវិញហើយ» ក៏ប៉ុន្តែនៅតំបន់អាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិកបាននិងកំពុងបង្កើនការប្រកួតប្រជែងជាថ្មីម្តងទៀត ខណៈពេលដែលអាមេរិកមាន បញ្ហាជាច្រើនដែលត្រូវដោះស្រាយជាមួយតំបន់នេះ។

រយៈពេល ៤ ឆ្នាំ ចុងក្រោយនេះ គោលនយោបាយការទូតនិងមូលធននយោបាយរបស់អាមេរិកនៅក្នុងតំបន់នេះ បានរងនូវការធ្លាក់ចុះជាខ្លាំង។

សហរដ្ឋអាមេរិកមិនបានបង្កើតឱ្យមានគំនិតផ្តួចផ្តើមសំខាន់ៗ នៅក្នុងតំបន់នេះទេ ហើយសហរដ្ឋអាមេរិកក៏ថែមទាំងបានដកខ្លួនចេញពីកិច្ចព្រមព្រៀងសេដ្ឋកិច្ចចំនួន ២ ផងដែរ ដែលរួមមានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (Regional Comprehensive Economic Partnership – RCEP) និងកិច្ចព្រមព្រៀងទូលំទូលាយនិងភាពរីក ចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (Comprehensive and Progressive Agreement for Trans-Pacific Partnership – CPTPP)។

កាលពីឆ្នាំ ២០១៧ អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចូលរួមនៅក្នុងកិច្ចប្រជុំកំពូល ពិសេសមួយនៅទីក្រុងម៉ានីលរវាងសហរដ្ឋអាមេរិកនិងអាស៊ាន ក៏ប៉ុន្តែលោកបានខកខានការចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (East Asia Summit) ទាំង ៤ លើក។

ស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងប្រទេសជាសមាជិកអាស៊ានចំនួន ៤ (សិង្ហបុរី, ព្រុយណេ, ថៃ និងហ្វីលីពីន) បាននិងកំពុងបន្តដំណើរការដោយគ្មានឯកអគ្គរដ្ឋទូតហើយសហរដ្ឋអាមេរិកគឺជាប្រទេសធំតែមួយគត់ដែលមិនមានតំណាងអចិន្រ្តៃយ៍របស់ខ្លួនប្រចាំនៅលេខាធិការដ្ឋានអាស៊ាន។

នៅប្រទេសហ្វីលីពីននិងឥណ្ឌូណេស៊ី ការមានទំនាក់ទំនងជិតស្និទ្ធពេកជាមួយលោក ត្រាំ ត្រូវបានគេចាត់ទុកជាអន្ទាក់នយោបាយ។ ហេតុដូច្នេះហើយទើបបានជាប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo មិនដែលបានទៅជួបលោក ត្រាំ នៅឯសេតវិមាន។ ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះតំបន់អាស៊ាន ក្នុងអំឡុងពេលកើតមានវិបត្តិ កូវីដ-១៩ ក៏ស្ថិតនៅក្នុងកម្រិតតិចតួចនៅឡើយ។

បច្ចុប្បន្ននេះ រដ្ឋបាលរបស់លោក បៃឌិន កំពុងចាត់វិធានការមួយចំនួនដើម្បីបង្វែរទិសនយោបាយ ប៉ះប៉ូវការខូចខាតនិងដើម្បីស្តារ មុខមាត់របស់អាមេរិកឡើងវិញ។

ជំហានដំបូងរបស់ លោក បៃឌិន នៅក្នុងនយោបាយការបរទេសគឺការទាញយកសម្ព័ន្ធមិត្តនិងដៃគូមកវិញ ទន្ទឹមនឹងការរុញច្រានសត្រូវឱ្យថយក្រោយ ហើយគោលនយោបាយទាំងនេះក៏ត្រូវបានលើកយកមកគុណគូរឡើងវិញផងដែរនៅក្នុងក្រុមប្រឹក្សាទាំងមូល។

បណ្តាប្រទេសជាសមាជិកអាស៊ានពិតជាស្វាគមន៍ចំពោះការចូលរួមដ៏ខ្លាំងក្លារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ «ក៏ប៉ុន្តែ ពួកគេនឹងស្វាគមន៍ចំពោះតែការចូលរួមណាដែលត្រឹមត្រូវប៉ុណ្ណោះ»។

ទី ១ ៖ ពួកគេមិនចង់ឃើញការប្រកួតប្រជែងដ៏ស្រួចស្រាវ រវាងសហរដ្ឋអាមេរិក និងចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឡើយ ខណៈពេលដែលតំបន់នេះធ្លាប់ជាសង្វៀនជម្លោះរវាងមហាអំណាចធំៗកាល ពីអតីតកាល ហើយតំបន់នេះក៏មិនចង់ឱ្យរឿងបែបនេះកើត ឡើងជាថ្មីនោះដែរ។

បណ្តាប្រទេសជាសមាជិកអាស៊ានមិនចង់ឱ្យមានការបែកបាក់ តាមរយៈការអូសទាញទៅក្នុងទិសដៅផ្សេងៗពីសំណាក់ក្រុមប្រទេសមហាអំណាចនោះទេ ហើយក៏មិនចង់ឃើញការធ្លាក់ចុះនៃការរួបរួមគ្នារវាងពួកគេនោះដែរ។

បណ្តាប្រទេសជាសមាជិកអាស៊ានសង្ឃឹមថា «រដ្ឋបាលរបស់លោក Biden នឹងអាចបន្ថយកំដៅ និងវោហាសាស្ត្រ ក៏ដូចជាបន្ថយភាពតានតឹងនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន បូករួមនឹងការរក្សាភាពប្រកួតប្រជែងឱ្យស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន»។

ទី ២ ៖ ការរក្សាទំនាក់ទំនងល្អទាំងជាមួយអាមេរិកនិងចិន នឹងមានសារសំខាន់ណាស់សម្រាប់ផលប្រយោជន៍ជាតិរបស់បណ្តាប្រទេសជាសមាជិកអាស៊ាន ខណៈពេលដែលប្រទេសទាំងអស់នេះមានបំណងចង់ទាញ យកផលប្រយោជន៍ពីមហាអំណាចទាំងពីរ។ ពួកគេជឿជាក់ថា «តំបន់អាស៊ីអាគ្នេយ៍ និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មានវិស័យជាច្រើនដែលអាចឱ្យមហាអំណាចទាំងពីរ ចូលរួមជាមួយបាន»។

ជាក់ស្តែង ទស្សនវិស័យរបស់អាស៊ីអាគ្នេយ៍ចំពោះចិន មានភាពខុសគ្នាពីទស្សនៈវិស័យរបស់សហរដ្ឋអាមេរិក។ ខណៈពេលដែលសមាជិកអាស៊ាននៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ចិន នៅសមុទ្រចិនខាងត្បូង ពួកគេក៏បានទទួលស្គាល់ផងដែរថា «ប្រទេសចិននឹងក្លាយជាចំណែកដ៏ធំមួយនៃ អនាគតរបស់ពួកគេ ទាំងផ្នែកទ្វេភាគី និងទាំងនៅថ្នាក់តំបន់»។

បើទោះបីជាសហរដ្ឋអាមេរិកបានចាត់ទុកប្រទេសចិនជាការគំរាមកំហែងដល់ឧត្តមភាពយូរអង្វែងរបស់ខ្លួនក៏ដោយ ក៏ប្រជាជននៅអាស៊ីអាគ្នេយ៍ជាទូទៅបានចាត់ទុកកប្រទេសចិនជាដៃគូដ៏សំខាន់ សម្រាប់ផែនការអភិវឌ្ឍនានារបស់ពួកគេ។

ប្រជាជនអាស៊ីអាគ្នេយ៍បានលឺពីការព្រមានរបស់រដ្ឋបាលលោក បៃឌិន ពាក់ព័ន្ធនឹងហានិភ័យនៃរបបផ្តាច់ការ ដែលលទ្ធិប្រជាធិបតេយ្យបាននិងកំពុងប្រឈមមុខ ដែលនេះគឺជាការសំដៅទៅលើប្រទេសចិន។ ក៏ប៉ុន្តែ គ្មានប្រទេសអាស៊ីអាគ្នេយ៍ណាមួយខ្វល់ពីប្រព័ន្ធនយោបាយរបស់ប្រទេសចិននោះទេ ជាពិសេសដោយសារតែគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន។

មិនមានប្រទេសអាស៊ានណាមួយបានបន្ទរការអះអាងរបស់ក្រសួងការបរទេសអាមេរិកដែលថា «ប្រទេសចិនកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិមូស្ល៊ីម Uyghurs នៅតំបន់ Xinjiang នោះទេ» ហើយក៏មិនមានប្រទេសអាស៊ីអាគ្នេយ៍ណាមួយដែរដែលបានចាត់ទុកប្រទេសចិនជាសត្រូវផ្នែកមនោគមវិជ្ជានោះដែរ សូម្បីតែប្រទេសឥណ្ឌូណេស៊ីដែលជាប្រទេសមានប្រជាជន ម៉ូស្ល៊ីមច្រើនជាងគេបំផុតនៅលើពិភពលោក។

មេដឹកនាំអាស៊ានបានយល់ស្របនឹងសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីចិន ស៊ី ជីនពីង ដែលថា «ប្រទេសនីមួយៗមានសិទ្ធិជ្រើសរើសផ្លូវសម្រាប់ការអភិវឌ្ឍ ដែលនេះក៏ដោយសារតែវាមានលក្ខណៈស្របគ្នាទៅនឹងគំនិត និងការអនុវត្តរបស់អាស៊ាន»។

ទី ៣ ៖ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍មិនចង់ឱ្យមជ្ឈការអាស៊ានរងនូវផលប៉ះពាល់នោះទេ ខណៈដែលវាគឺជាគោលការណ៍មួយ ដែលអាស៊ានបានប្រើដើម្បីពង្រឹងសាមគ្គីភាពនិងដើម្បីបង្កើនការទទួលខុសត្រូវលើកិច្ចការនៅក្នុងតំបន់។ មជ្ឈការអាស៊ានបានសន្និដ្ឋានថា «ប្រទេសមហាអំណាចមាន ទំនុកចិត្តលើអាស៊ាន និងមានឆន្ទៈចង់ឱ្យស្ថាប័ននេះដឹកនាំផ្នែកខ្លះនៃកិច្ចការនៅក្នុងតំបន់»។

ភាពជឿជាក់របស់អាស៊ាន អាស្រ័យលើសមត្ថភាពរបស់អង្គការនេះក្នុងការរក្សាទំនាក់ទំនងល្អជាមួយបណ្តាប្រទេសមហាអំណាច ដែលរួមមាន ដូចជាអាមេរិក, ចិន, រុស្ស៊ី, ជប៉ុន, សហភាពអឺរ៉ុប និងឥណ្ឌា ជាដើមហើយនេះក៏ជាមូលហេតុដែលអាស៊ានមិនចង់ជ្រើសរើសយកភាគីណាមួយ ហើយក៏មិនចង់ទទួលរងសម្ពាធឱ្យធ្វើការជ្រើសរើស នោះដែរ។

បណ្តាប្រទេសជាសមាជិកអាស៊ានបានកត់សម្គាល់ថា «វិធានការគោលនយោបាយការបរទេសដំបូងរបស់លោក បៃឌិន នៅទ្វីបអាស៊ីគឺការកោះប្រជុំក្រុម Quad ដែលរួមមានសហរដ្ឋអាមេរិក, អូស្រ្តាលី, ជប៉ុន និងឥណ្ឌា ហើយបន្ទាប់មកនឹងប្រែក្លាយកិច្ចប្រជុំនេះមកជាកិច្ចប្រជុំកំពូលថ្នាក់មេដឹកនាំវិញ»។

ខណៈពេលដែលមេដឹកនាំក្រុម Quad បានគាំទ្រមជ្ឈការអាស៊ានយ៉ាងពេញទំហឹង អាស៊ានបានលើកឡើងនូវសំណួរ មួយចំនួន ជាពិសេស ទាក់ទងនឹងកម្មវត្ថុជាយុទ្ធសាស្រ្តរបស់ក្រុម Quad និងបញ្ហាថា «តើកម្មវត្ថុជាយុទ្ធសាស្រ្តរបស់ក្រុមនេះអាចនឹងមានលក្ខណៈមិនស៊ីគ្នានឹងគោលដៅរបស់អាស៊ានដែរឬទេ»។ រហូតមកទល់ពេលនេះ ទំនាក់ទំនងរវាងអាស៊ាននិងក្រុម Quad នៅតែមានលក្ខណៈផុយស្រួយ និងមិនច្បាស់លាស់នៅឡើយ។

ក្រុម Quad ក៏កំពុងប្រឈមមុខនឹងសំណួរមួយផងដែរ ដែលនោះគឺ «តើយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់លោក បៃឌិន នឹងមានភាពខុសគ្នាពីយុទ្ធសាស្ត្ររបស់លោក ត្រាំ ដែរឬទេ»។

រដ្ឋបាលរបស់ បៃឌិន គួរធ្វើការបញ្ជាក់ឱ្យបានច្បាស់ថា «តាមពិតទៅចក្ខុវិស័យឥណ្ឌូ-ប៉ាស៊ីហ្វិក ឬយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកសម្រាប់តំបន់អាស៊ីមិនមានបំណងលុបបំបាត់អំណាចរបស់ ប្រទេសណាមួយនៅក្នុងតំបន់នោះឡើយ»។

វាជាសញ្ញាល្អមួយ ដែលរដ្ឋមន្រ្តីការ បរទេសអាមេរិក Antony Blinken បានប្រើឃ្លា «តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសេរី, បើកចំហ និងប្រកបដោយបរិយាប័ន្ន»។ ពាក្យ «បរិយាប័ន្ន» គឺជាពាក្យគន្លឹះមួយនៅក្នុងចក្ខុវិស័យអាស៊ានស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងការរក្សាទ្វារឱ្យបើកចំហសម្រាប់ប្រទេសចិន។

នៅទីបញ្ចប់ ប្រជាជនអាស៊ីអាគ្នេយ៍ ចង់ឃើញសហរដ្ឋអាមេរិកនិងចិន សហការគ្នានៅក្នុងតំបន់របស់ពួកគេ។ កាលពីប៉ុន្មានឆ្នាំមុន លោក Xi បានអំពាវនាវឱ្យមានទំនាក់ទំនងក្នុងទម្រង់ថ្មីមួយរវាងប្រទេសមហាអំណាចជាមួយនឹងសហរដ្ឋអាមេរិក ដោយផ្អែកលើ «ដំណោះស្រាយឈ្នះ-ឈ្នះ» ។

លោក បៃឌិន បានបញ្ជាក់ថា «រដ្ឋបាលរបស់លោក ចង់ឱ្យមានការប្រកួតប្រជែង ជាជាងការមានជម្លោះជាមួយចិន ហើយអាមេរិកក៏បានត្រៀមខ្លួនធ្វើការជាមួយទីក្រុងប៉េកាំងផងដែរ»។ លោក Blinken ក៏បាននិយាយដែរថា «ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិននឹងរួមបញ្ចូលនូវការប្រកួតប្រជែងនៅពេលដែលសមស្រប ហើយក៏នឹងមានការសហការគ្នាផងដែរ នៅពេលដែលកាលៈទេសៈអំណោយផល»។

តំបន់អាស៊ីអាគ្នេយ៍ដែលធ្លាប់បានរងនូវជម្លោះដ៏រ៉ាំរ៉ៃជាច្រើនកាលពីអតីតកាល បានប្រែក្លាយមកជាតំបន់ដែលពោរពេញទៅដោយកិច្ចសហប្រតិបត្តិការយូរអង្វែង ដូចជារវាងឥណ្ឌូណេស៊ី និងម៉ាឡេស៊ី, ឥណ្ឌូណេស៊ី និងសិង្ហបុរី, ម៉ាឡេស៊ី និងសិង្ហបុរី, ឥណ្ឌូណេស៊ី និងទីម័រឡេស្ត, ម៉ាឡេស៊ី និងហ្វីលីពីន ក៏ដូចជារវាងវៀតណាម និងកម្ពុជា។ បណ្តាប្រទេសនៅ ក្នុងតំបន់នេះបានបង្ហាញឱ្យគ្រប់គ្នាឃើញថា «សត្រូវក៏អាចប្រែក្លាយទៅជាមិត្តបានដែរ»។

សហរដ្ឋអាមេរិក និងចិន អាចសហការគ្នានៅក្នុងវិស័យជាច្រើន ដែលមានដូចជាវិស័យឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធ, សន្តិសុខដែនសមុទ្រ, បញ្ហាឆក់ប្លន់នៅតាមសមុទ្រ, បញ្ហាអាកាសធាតុ, បរិស្ថាន, ថាមពលបៃតង, គ្រោះមហន្តរាយធម្មជាតិ, វិបត្តិកូវីដ-១៩, និងការផ្លាស់ប្តូររវាងយុវជនជាដើម។

បើទោះបីជាកិច្ចសហប្រតិបត្តិការរួមគ្នានេះមិនអាចផ្លាស់ប្តូរភាពជាដៃគូប្រកួតប្រជែងរបស់ពួកគេនៅកម្រិតពិភពលោកបានក៏ដោយ ក៏យ៉ាងហោចណាស់វាអាចនឹងផ្លាស់ប្តូរទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលអាចនឹងផ្តល់ជាប្រយោជន៍ដល់អាស៊ាន។ ដើម្បីសម្រេចឱ្យបាននូវកិច្ចសហប្រតិបត្តិការនេះ ឆន្ទៈនយោបាយនិងមគ្គុទ្ទេសការទូតគឺជារឿងដ៏ចាំបាច់និងមិនអាចខ្វះបានឡើយ៕ Foreign Policy

អត្ថបទទាក់ទង