ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាល បង្កើតគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៤ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 41

ដោយយោងលើភាពចាំបាច់ការងារ និងអាស្រ័យដោយលទ្ធផល និងសម្មទិផលការងារជាច្រើនកន្លងមករបស់ក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ផងនោះ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខសម្រេចបង្កើតគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ហៅកាត់ថា គ.ជ.អ.អ.។

នៅក្នុងអនុក្រឹត្យលេខ ១២៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ខាងលើនេះ បានបញ្ជាក់អំពីបទប្បញ្ញត្តិទូទៅថា ការបង្កើតគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ គឺដើម្បីដឹកនាំ និងជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅទូទាំងប្រទេសកម្ពុជា។

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នេះ មានលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាប្រធាន, លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាអនុប្រធានអចិន្រ្តៃយ៍ និងលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធាន ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមជាមួយគណៈអភិបាលខេត្ត ជាសមាជិក។

នៅក្នុងអនុក្រឹត្យថ្មីនេះបានបញ្ជាក់ថា គ.ជ.អ.អ. ជាសេនាធិការជូនរាជរដ្ឋាភិបាលដែលមានតួនាទីនិងភារកិច្ចដូចខាងក្រោម៖

  • រៀបចំ និងធ្វើបច្ចុប្បន្នកម្មលើគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិសម្រាប់អភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍
  • រៀបចំលិខិតបទដ្ឋានគតិយុត្តចាំបាច់នានា ដើម្បីគ្រប់គ្រងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍
  • ពិនិត្យ អនុម័ត និងគ្រប់គ្រងផែនការសកម្មភាពរបស់ គ.ជ.អ.អ.
  • ដឹកនាំ សម្របសម្រួល សហការ និងជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា
  • ដឹកនាំ សម្របសម្រួល និងតាមដានការអនុវត្តគោលនយោបាយជាតិអេកូទេសចរណ៍(២០១៩-២០៣០) និងផែនការយុទ្ធសាស្ត្រនានាពាក់ព័ន្ធនឹងការជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍
  • ពិនិត្យ វាយតម្លៃ និងទទួលស្គាល់សំណើសុំទទួលស្គាល់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍
  • ពិនិត្យ វាយតម្លៃ និងអនុម័តគម្រោងនានាដែលអនុវត្តដោយសហគមន៍ អង្គការជាតិ-អន្តរជាតិ ក្នុងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍
  • ពិនិត្យ និងតាមដានរាល់ប្រតិបត្តិការគម្រោងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍
  • ដឹកនាំរៀបចំវេទិកាជាតិអេកូទេសចរណ៍ប្រចាំឆ្នាំ និងព្រឹត្តិការណ៍នានាក្នុងការជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍
  • បញ្ហាបការយល់ដឹង និងផ្សព្វផ្សាយសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍
  • ផ្តល់ជំនួយបច្ចេកទេសចាំបាច់ដល់សហគមន៍ និងប្រតិបត្តិករក្នុងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍
  • ផ្តល់រង្វាន់ស្លាកសញ្ញាលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរណ៍សហគមន៍ និងអ្នកវិនិយោគក្នុងគម្រោងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍
  • ធ្វើការសហការជាមួយក្រសួង ស្ថាប័ន អង្គការជាតិ-អន្តរជាតិ ផ្នែកឯកជន និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្របសម្រួលការងារអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍កម្ពុជាឱ្យមានប្រសិទ្ធភាព
  • អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនដោយរាជរដ្ឋាភិបាល។

សូមជម្រាបថា ក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី ថោង ខុន ក្នុងយន្តការនៃក្រុមការងារអន្តរក្រសួងនេះ ការងារសំខាន់ៗត្រូវបានសម្រេច ខាងក្រោម៖

  • រាជរដ្ឋាភិបាលបានអនុម័តដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិអេកូទេសចរណ៍ (២០១៩-២០៣០) កាលពីឆ្នាំ២០១៨។
  • រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី១៩ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំប្រារព្ធវេទិកាជាតិអេកូទេសចរណ៍ ក្នុងនោះវេទិកាជាតិអេកូទេសចរណ៍លើកទី១ កាលពីឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងលើកទី២ កាលពីខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោករដ្ឋមន្រ្តី ថោង ខុន ក្នុងនាមតំណាងសម្តេចតេជោនាយករដ្ឋមន្រ្តី។
  • កិច្ចប្រជុំសំខាន់ៗរបស់ក្រុមការងារអន្តរក្រសួងចំនួន ៥ ដង ត្រូវបានរៀបចំឡើងដើម្បីជំរុញដោះស្រាយបញ្ហាប្រឈមជាក់ស្តែងរបស់សហគមន៍នានាទូទាំងប្រទេស។
  • បញ្ហាប្រឈមជាច្រើនរបស់សហគមន៍ត្រូវបានលើកមកពិភាក្សា និងជំរុញដោះស្រាយក្នុងក្របខណ្ឌនៃក្រុមការងារអន្តរក្រសួងនេះ ដូចជា សហគមន៍អេកូទេសចរណ៍អារ៉ែង ក្នុងខេត្តកោះកុង សហគមន៍តំបន់ការពារធម្មជាតិតាំងបំពង់ (ភ្នំខ្នងផ្សារ) និងសហគមន៍ទេសចរណ៍ទឹកធ្លាក់ជ្រាវ ក្នុងខេត្តកំពង់ស្ពឺ សហគមន៍អេកូទេសចរណ៍ផាត់សណ្តាយ ក្នុងខេត្តកំពង់ធំ សហគមន៍អេកូទេសចរណ៍ព្រៃតំបន់ទឹកជប់ខ្នារពោធិ៍ និងសហគមន៍ទេសចរណ៍កំពង់ភ្លុក ក្នុងខេត្តសៀមរាប សហគមន៍ទេសចរណ៍ទួលព័ន្ធតាឡី (បឹងស្នេហ៍) ក្នុងខេត្តព្រៃវែង សហគមន៍ទេសចរណ៍អន្លង់ស្វាយ ក្នុងខេត្តកំពង់ឆ្នាំង សហគមន៍ទេសចរណ៍ត្រពាំងសង្កែ ក្នុងខេត្តកំពត សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ក្នុងខេត្តបាត់ដំបង និងសហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីយ៍ ក្នុងខេត្តក្រចេះជាដើម។

ទន្ទឹមនឹងនេះ ទោះបីស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩ ក្រុមការងារបានខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសការជំរុញការអភិវឌ្ឍសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍នៅតាមសហគមន៍ដែលមានសក្ដានុពល ក៏ដូចជាខិតខំសហការដោះស្រាយបញ្ហាប្រឈមនានារបស់សហគមន៍ក្នុងក្របខណ្ឌក្រុមការងារអន្តរក្រសួងនេះ ខណៈដែលអនុវិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ បានបង្ហាញនូវភាពធន់នឹងវិបត្តិ (Resilient) និងបានអូសទាញអនុវិស័យផ្សេងៗឲ្យមានសកម្មភាព ដូចជា ទេសចរណ៍ផ្សងព្រេង ទេសចរណ៍ធម្មជាតិ ទេសចរណ៍ជនបទ កសិទេសចរណ៍ និងទេសចរណ៍យុវជន ដែលទ្រទ្រង់ជាសំខាន់ដល់ការអភិវឌ្ឍនៅមូលដ្ឋាន។

ជាការពិតណាស់ ការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបង្កើតគណៈកម្មាធិការជាតិនេះ គឺពិតជាមានចរិតនយោបាយ និងយុទ្ធសាស្រ្ត ដោយការងារជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ មានលក្ខណៈប្រទាក់ក្រឡាអន្តរវិស័យ និងអន្តរស្ថាប័ន ដែលមានភាពចាំបាច់ក្នុងការពង្រីកកិច្ចសហការកាន់តែស្អិតល្មួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕ Fresh News