ខ្មែរប៉ុស្ដិ៍ Close

ចំនួនអ្នកទេសចរដែលចូលចិត្តធ្វើដំណើរកម្សាន្តតាមព្រៃភ្នំ មានកាន់តែច្រើនឡើងៗ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០ កំសាន្ដ & ប្លែកៗ 68
ចំនួនអ្នកទេសចរដែលចូលចិត្តធ្វើដំណើរកម្សាន្តតាមព្រៃភ្នំ មានកាន់តែច្រើនឡើងៗ ចំនួនអ្នកទេសចរដែលចូលចិត្តធ្វើដំណើរកម្សាន្តតាមព្រៃភ្នំ មានកាន់តែច្រើនឡើងៗ

អាជ្ញាធរខេត្តកំពង់ស្ពឺបញ្ជាក់ថា ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិធ្វើដំណើរកម្សាន្តផ្សង​​ព្រេងតាមព្រៃ​ភ្នំកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារពួកគេចង់ស្គាល់បទពិសោធន៍ថ្មីៗពីធម្មជាតិ។

លោក សៅ សារ៉ន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ទោះបីជាដំណើរ​កម្សាន្តផ្សងព្រេងតាមព្រៃភ្នំមានការលំបាកក៏ដោយ ក៏ភ្ញៀវទេសចរនៅតែចង់ទៅកម្សាន្តច្រើន ដោយសារពួកគាត់ចង់ស្វែងយល់នូវបទពិសោធន៍ថ្មីសម្រាប់ជីវិត ហើយចេះសម្របខ្លួននឹងការរស់នៅក្នុងជីវ​​ភាពថ្មីមួយ ផ្លាស់ប្តូរបរិយាកាសថ្មីៗ ជាពិសេសអាចបំបាត់ការធុញថប់ ក្រោយពីធ្វើការឬសិក្សានឿយហត់ តាមរយៈការដើរកម្សាន្តនិងលំហែកាយតាមព្រៃភ្នំនេះ ។

លោកបានបន្តថា ភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានទទួលអត្ថប្រយោជន៍ជាច្រើន ដូចជា ចេះសហការគ្នា , ការចម្អិនអាហារផ្ទាល់ដី , បានស្គាល់និងបានទទួលទានប្រភេទបន្លែព្រៃ , ការបោះតង់ស្នាក់នៅពេលរាត្រីក្នុងព្រៃភ្នំ ស្តាប់ឮសំឡេងសត្វព្រៃយំ, ទឹកជ្រោះធ្លាក់ ស្រូបយកខ្យល់ធម្មជាតិ ដែលទិដ្ឋភាពទាំងនេះ បានធ្វើឲ្យអារម្មណ៍របស់ភ្ញៀវដិតដាមនឹងធម្មជាតិ និងធ្វើឲ្យគាត់កាន់តែយល់ និងកាន់តែស្រឡាញ់ធម្មជាតិបន្ថែមទៀត ។

សំឡេង (១) ៖ «ទេសចរណ៍បែបផ្សងព្រេងនេះ ទើបតែមានថ្មីៗនេះដែរទេ បើនិយាយអំពីអត្ថប្រយោជន៍ទេសចរណ៍ផ្សងព្រេងនេះ គឺមានការផ្លាស់ប្ដូរកន្លែងស្នាក់នៅ ពីមុនយើងនៅក្នុងផ្ទះក្នុងភូមិអី ចឹងវាមានភាពខុសប្លែកពីគ្នាដោយយើងយកតង់ទៅបោះនៅលើភ្នំ ។ យើងនៅក្នុងភូមិយើងមានម៉ាស៊ីនត្រជាក់មានអីទៅគឺធម្មតា ប៉ុន្តែដល់ពេលទៅបោះតង់នៅលើភ្នំនោះ គេទទួលបានខ្យល់ធម្មជាតិ គេបានអាកាសធាតុខ្យល់បរិសុទ្ធនៅលើភ្នំហ្នឹង ហើយកាលណាបើយើងឡើងកាន់តែខ្ពស់កាន់តែត្រជាក់ អញ្ចឹងនិយាយទៅម៉ាស៊ីនត្រជាក់ធម្មជាតិតែម្ដង គាត់មានការផ្លាស់ប្ដូរអាហ្នឹង ហើយអញ្ចឹងទាំងយុវវ័យ ទាំងភ្ញៀវបរទេស ភាគច្រើនគាត់ចូលចិត្តបោះតង់លើភ្នំឱរ៉ាល់នេះ ហើយកន្លងមកនេះរដ្ឋបាលខេត្ត ក៏បានដឹកនាំគណៈប្រតិភូក្រសួងមួយចំនួន ឡើងទៅបោះតង់ដែរ ។ ដោយសារតែនៅលើភ្នំនោះ មានសក្ដានុពលជាច្រើន មានសត្វព្រៃ មានព្រៃឈើ មានអាកាសធាតុត្រជាក់ ហើយក៏មានទឹកហូរផងដែរ »។

ដោយឡែកលោក ផា សុជាតិ ជាភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តផ្សងព្រេងឡើងភ្នំឱរ៉ាល់ បានសម្តែងអារម្មណ៍សប្បាយរីករាយ នៅពេលបានឡើងទៅដល់កំពូលភ្នំ ដែលធម្មជាតិដ៏ល្អ បានធ្វើឲ្យគាត់ភ្លេចអស់រាល់ទុកកង្វល់ទាំងឡាយ ជាពិសេសទទួលបានបទពិសោធន៍ថ្មីជាច្រើនមិនអាចបំភ្លេចបាន ដែលខ្លួនមិនធ្លាប់ជួបពីមុនមក ។

សំឡេង(២) ៖ «ពេលទៅដល់នោះ គឺមានអារម្មណ៍មួយប្លែកខុសពីធម្មតាហើយ មានអារម្មណ៍ថាសប្បាយ ព្រោះខ្ញុំទៅចំថ្ងៃឆ្លងឆ្នាំ ហើយមានដុតកាំជ្រួច និងបង្ហោះគោមទៀត អញ្ចឹងលក្ខណៈថាអារម្មណ៍ស្រស់ស្រាយមែនទែន ហើយអាចបំភ្លេចបានទេ បើមានឱកាសពីចង់ទៅម្ដងទៀត ព្រោះអីទៅដល់ហ្នឹងនោះយើងភ្លេចអស់រាល់ទុកកង្វល់ទាំងអស់ ហើយលក្ខណៈថាយើងខ្លាំងជាងមុន ដូចពីមុនខ្ញុំទៅហាត់ប្រាណដើរលើម៉ាស៊ីនបានត្រឹម១០ នាទី ១៥នាទីអីគឺឈប់ហើយ តែឥឡូវរាល់ថ្ងៃនេះ គឺអាចមកដើរលើម៉ាស៊ីនដល់រយៈពេល៣០ ទៅ៤០នាទី អត់ឈប់បានហើយ»។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានបញ្ជាក់បន្ថែមថា រាល់សកម្មភាពឡើងភ្នំជាពិសេសភ្នំឱរ៉ាល់របស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ គឺទាមទារត្រូវតែមានអ្នកមគ្គុទេសក៏ក្នុងសហគមន៏ជាអ្នកបង្ហាញផ្លូវ ដោយសារអាជ្ញាធរខេត្តមានកាតព្វកិច្ចក្នុងការរក្សាសុខសុវត្ថិភាពជូនភ្ញៀវទេសចរគ្រប់រូប៕

អត្ថបទទាក់ទង