ខ្មែរប៉ុស្ដិ៍ Close

ក្រុមជម្រើសជាតិប្រដាល់សកល គ្រោងចេញទៅហ្វឹកហាត់នៅបារំាង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ កីឡា - សុខភាព 299
ក្រុមជម្រើសជាតិប្រដាល់សកល គ្រោងចេញទៅហ្វឹកហាត់នៅបារំាង ក្រុមជម្រើសជាតិប្រដាល់សកល គ្រោងចេញទៅហ្វឹកហាត់នៅបារំាង

ក្រុមជម្រើសជាតិកីឡាប្រដាល់សកលចំនួន ៣នាក់ គ្រោងនឹងចេញទៅហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេស នៅប្រទេសបារំាងរយៈពេល៣ខែ ដើម្បីត្រៀមចូលរួមប្រកួតអន្តរជាតិ នាពេលខាងមុខ។ នេះបើតាមការបញ្ជាក់ពីលោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធប្រដាល់សកលកម្ពុជា ក្រោយបញ្ចប់កិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២១។

លោកអគ្គលេខាធិការអះអាងថា នៅក្នុងកិច្ចប្រជុំនេះផ្តោតសំខាន់លើការត្រួតពិនិត្យវឌ្ឍនភាពការងារឆមាសទី១ និងលើកទិសដៅបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២១ និងត្រួតពិនិត្យមើលការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ក៏ដូចជាត្រៀមលក្ខណៈបញ្ជូនកីឡាករ ៣នាក់ចេញទៅហ្វឹកហាត់នៅប្រទេសបារំាង រយៈពេល៣ខែ។ លទ្ធផលនៃកិច្ចប្រជុំនេះ គឺសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានពង្រឹងទៅលើការហ្វឹកហាត់របស់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិលក្ខណៈបិទខ្ទប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីពង្រឹងបច្ចេកទេសរបស់ពួកគេ ត្រៀមឆ្ពោះចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលបានពន្យារពេលជាផ្លូវការ ពីចុងឆ្នាំ២០២១ ទៅអំឡុងពាក់កណ្តាលឆ្នាំ២០២២ ខាងមុខ។

ក្នុងនោះសមាជិកប្រតិបត្តិសហព័ន្ធក៏បានលើកឡើង នូវការរៀបចំស្នើសុំទិដ្ឋាការសម្រាប់កីឡាករជម្រើសជាតិប្រដាល់សកល៣នាក់ ចេញទៅហ្វឹកហាត់នៅប្រទេសបារំាង រយៈពេល៣ខែ ដែលគ្រោងនឹងចេញដំណើរនាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។ នៅក្នុងអំឡុងពេលហ្វឹកហាត់នោះ កីឡាករទាំងនោះក៏មានឱកាសបានចូលរួមប្រកួតប្រដាល់សកលលក្ខណៈអាជីពរបស់ប្រទេសបារំាងទៀតផង ដើម្បីគោលដៅបង្កើនបច្ចេកទេសកាន់តែរឹងមាំ ក្នុងដំណើរឆ្ពោះទៅប្រជែងមេដាយ ក្នុងស៊ីហ្គេម នាពេលខាងមុខ។

លោក ប៊ុយ សុភ័ណ្ឌ បានសង្កត់ធ្ងន់ថា ចំពោះការងារទិសដៅដ៏សំខាន់មួយទៀត គឺការប្រកួតកីឡាប្រដាល់សកល ប្រចាំសប្តាហ៍ ឬអាចប្រចាំខែ អាស្រ័យដោយថវិការៀបចំរបស់ខ្លួន ដែលបច្ចុប្បន្នសហព័ន្ធកំពុងស្វែងរកដៃគូសប្បុរសជន ក្នុងការឧបត្ថម្ភគាំទ្រដល់ការប្រកួតនេះឱ្យផលិតបាននូវធនធានកីឡាករ កីឡាការិនីប្រដាល់សកលឱ្យកាន់តែសម្បូរបែប និងប្រកបដោយគុណភាពល្អប្រសើរផងដែរ។ លោកអគ្គលេខាធិការរូបនេះ បានចាត់ទុកថា ការប្រកួតប្រចាំសប្តាហ៍ ក្រោមការរៀបចំដោយសហព័ន្ធប្រដាល់សកលដោយផ្ទាល់ នឹងក្លាយជាព្រឹត្តិការណ៍ថ្មីមួយ ក្នុងការពង្រឹងគុណភាពកីឡាករ កីឡាការិនី ក៏ដូចជាបង្កើតបាននូវភាពកាន់តែល្អប្រសើរបន្ថែមទៀតនូវកិច្ចការងារ ការវិនិច្ឆ័យរបស់គណៈកម្មការបច្ចេកទេស អាជ្ញា កណ្តាល-ចៅក្រមផងដែរ។

ជាមួយនឹងការខិតខំប្រឹងប្រែងរបស់សហព័ន្ធប្រដាល់សកលកម្ពុជា ជាបន្តបន្ទាប់ ក៏ដូចជាទិសដ៏ធំចម្បងៗរបស់ខ្លួន ដែលបានដាក់ចេញ និងកំពុងប្រតិបត្តិតាមផែនការយុទ្ធសាស្ត្រនោះ គឺដើម្បីត្រៀមឆ្ពោះទៅចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងការប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ២០២២ ក៏ដូចជាត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។

បច្ចុប្បន្នសហព័ន្ធកីឡាជាតិនានា កំពុងតែបន្តនូវការខិតខំបណ្តុះបណ្តាលកីឡាករ កីឡាការិនី មន្ត្រីបច្ចេកទេស ស្របតាមផែនការមេ នៃស៊ីហ្គេម ឆ្នាំ២០២៣ ក្រោមការចង្អុលបង្ហាញតម្រង់ទិស សម្រួចគោលដៅឱ្យបានគត់មត់ ពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ ហៅកាត់ គ.ជ.ប.អ (CAMSOC) ដើម្បីសម្រេចឱ្យបាននូវភាពជោគជ័យជាប្រវត្តិសាស្ត្រនៃការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្រ និងជាលើកដំបូងរបស់កម្ពុជាផងដែរ៕

អត្ថបទទាក់ទង