ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងសុខាភិបាល អំពាវនាវឱ្យគ្រប់ម្ចាស់អាជីវកម្មទាំងអស់ អាចប្រើប្រាស់តេស្តរហ័សលើអតិថិជនរបស់ខ្លួន

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៦ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1319
    ក្រសួងសុខាភិបាល អំពាវនាវឱ្យគ្រប់ម្ចាស់អាជីវកម្មទាំងអស់ អាចប្រើប្រាស់តេស្តរហ័សលើអតិថិជនរបស់ខ្លួនក្រសួងសុខាភិបាល អំពាវនាវឱ្យគ្រប់ម្ចាស់អាជីវកម្មទាំងអស់ អាចប្រើប្រាស់តេស្តរហ័សលើអតិថិជនរបស់ខ្លួន

    ក្រសួងសុខាភិបាល អំពាវនាវឱ្យគ្រប់ម្ចាស់អាជីវកម្មទាំងអស់ អាចប្រើប្រាស់តេស្តរហ័សលើអតិថិជនរបស់ខ្លួនក្នុងករណីសង្ស័យថាមានជំងឺកូវីដ-១៩ ដើម្បីស្វែងរកអ្នកវិជ្ជមានកូវីដ-១៩ ឱ្យបានលឿន កាត់បន្ថយការចម្លងទៅអ្នកផ្សេងទៀត ។

    លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា បើតាមស្ថានភាពនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ យើងសង្កេតឃើញថា ចំនួនករណីឆ្លងមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហេតុនេះទើប រាជរដ្ឋាភិបាលបើកឱ្យប្រើប្រាស់តេស្តរហ័ស ដើម្បីងាយស្រួលពិនិត្យរកអ្នកវិជ្ជមានកូវីដដ១៩បានលឿន និងអាចកាត់បន្ថយនូវអត្រានៃការឆ្លងជំងឺដ៏កាចសាហាវនេះ។

    លោកជំទាវបានបន្តថា នៅក្នុងកាលៈទេសៈនេះ គឺប្រជាពលរដ្ឋនៅតែមានឱកាសនៅឡើយ ប្រសិនបើបុគ្គលគ្រប់រូបចាប់ផ្តើមធ្វើសកម្មភាពរួមគ្នា ដោយយកចិត្តទុកដាក់ទៅលើវិធានការការពារ ដើម្បីកុំឱ្យជំងឺកូវីដ-១៩នេះឆ្លងចូលទៅក្នុងសរីរាង្គកាយរបស់ខ្លួន ហើយនាំយកមេរោគនេះទៅចម្លងដល់ក្រុមគ្រួសារបន្តទៀត។

    លោកជំទាវក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ និងការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពអនុវត្តនូវវិធានចាំបាច់នានារបស់រាជរដ្ឋាភិបាល ជាពិសេសត្រូវរួមគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការការពាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី គឺ ៣កុំ និង៣ការពារ ។

    សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៥៦ ១២២នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៨ ០៤០នាក់ និងស្លាប់សរុបចំនួន ៧៧៩នាក់៕

    អត្ថបទទាក់ទង