ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសផ្លូវការ ស្តីពីករណីស្លាប់អ្នកជំងឺកូវីដ-១៩ ចំនួន២នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 73

ក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ អំពីករណីស្លាប់អ្នកជំងឺកូវីដ-១៩ ចំនួនពីរនាក់ទៀត ដោយបញ្ជាក់ថា ម្នាក់ស្លាប់ដោយសារជំងឺកូវីដ-១៩ និងម្នាក់ទៀតស្លាប់ដោយសារការស្ទះសរសៃឈាម។

ក្នុងសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងបានបញ្ជាក់ថា អ្នកជំងឺម្នាក់ ជាស្ត្រីជនជាតិខ្មែរ អាយុ ៦១ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ ដែលបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២២៖៣០នាទី។

ជាការសន្និដ្ឋានរបស់គ្រូពេទ្យជំនាញ អ្នកជំងឺរូបនេះ បានស្លាប់ដោយសារវិបត្តិផ្លូវដង្ហើធ្ងន់ធ្ងរ និងរលាកសួតសងខាងធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ-១៩។

ដោយឡែកអ្នកជំងឺកូវីដ-១៩ ម្នាក់ទៀត ជាស្ត្រីជនជាតិខ្មែរអាយុ ៥៦ឆ្នាំ មានលំនៅឋានក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលបានស្លាប់នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១២៖០០នាទីថ្ងៃត្រង់ នៅគេហដ្ឋាន។

សេចក្តីប្រកាសបានបញ្ជាក់ថា ស្ត្រីរូបនេះ ជាអ្នកធ្វើចត្តាឡីស័កនៅផ្ទះផ្ទាល់ខ្លួន តាំងពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។ អ្នកជំងឺមានជំងឺលើសសម្ពាធឈាប្រចាំប្រចាំកាយ កំពុងប្រើប្រាស់ថ្នាំជាប្រចាំ។ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១៖៣០នាទីថ្ងៃ ពេលកំពុងពិសារបាយ ស្រាប់តែសន្លប់បាត់បង់ស្មារតីភ្លាមៗ។ ក្រុមគ្រួសារ បានជួយសង្គ្រោះ ដោយធ្វើចលនាបេះដូងមួយសន្ទុះគាត់បានស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង ១២៖០០នាទីថ្ងៃត្រង់នៅគេហដ្ឋាន។

ក្រោយមរណភាព ក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់បានចុះទៅយកសំណាករបស់សពភ្លាមៗ ហើយលទ្ធផលសំណាកបង្ហាញថា សពមានវិជ្ជមានជំងឺកូវីដ-១៩។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបានគូសបញ្ជាក់ថា ស្ត្រីរូបនេះ បានស្លាប់ដោយសារស្ទះសរសៃឈាមបេះដូង មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩នោះទេ។

អត្ថបទទាក់ទង