យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានគ្របដណ្តប់ពេញផ្ទៃប្រទេស ដោយសម្រេចចបានប្រមាណ ៩១.៥២% នៃប្រជាជនសរុប
យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានបន្តគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ដោយមានប្រជាពលរដ្ឋចំនួន ១៤,៦៤៣,៨៤៨ នាក់ ក្នុងចំណោមប្រជាពលរដ្ឋសរុបប្រមាណ ១៦លាននាក់ (ស្មើនឹង ៩១.៥២%) បានទទួលវ៉ាក់សាំងរួច ក្នុងនោះ ១៣,៨៥៧,២៣៥ នាក់ បានចាក់គ្រប់ដូសមូលដ្ឋាន។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។
សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនេះផងដែរ ក្រុមដែលមានអាយុ១៨ឆ្នាំឡើង សម្រេចបាន ១០២.៤៤% ធៀបនឹងគោលដៅដែលត្រូវចាក់ចំនួន ១០លាននាក់។
សម្រាប់ក្រុមកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ សម្រេចបាន ៩៩.៩៤% ធៀបនឹងគោលដៅដែលត្រូវចាក់ចំនួនជាង ១លាន៨សែននាក់។
ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ សម្រេចបាន ១០៧.០៣% ធៀបនឹងគោលដៅដែលត្រូវចាក់ប្រមាណជិត ១លាន ៩សែននាក់។
សម្រាប់កុមារអាយុ ០៥ឆ្នាំ សម្រេចបាន ១០៧.០១% ធៀបនឹងគោលដៅដែលត្រូវចាក់ប្រមាណជាង ៣០ម៉ឺននាក់ ។
ជាមួយគ្នានេះ ក្រុមកុមារដែលមានអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ សម្រេចបាន ៣០.៥១% ធៀបនឹងគោលដៅដែលត្រូវចាក់ប្រមាណជាង ៦០ម៉ឺននាក់។
ចំពោះចាក់វ៉ាក់សាំងដូសជំរុញទី៣ ដែលសម្រេចបាន ៧,២៤៦,៩២០ នាក់ ខណៈដូសជំរុញទី៤ សម្រេចបានចំនួន ៩៧៥,៨៤០ នាក់។
បើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជាយើងកំពុងតែបង្ហាញនូវភាពជោគជ័យក្តី ការបន្តចូលរួមអនុវត្តនូវវិធានការ ០៣ការពារ និង០៣កុំ គឺជាកត្តាដ៏ចាំបាច់បំផុត រួមជាមួយនឹងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី របស់បុគ្គលគ្រប់រូប ដើម្បីកាត់ផ្តាច់ខ្សែចម្លងវីរុសដ៏កាចសាហាវនេះ គឺជាកត្តារួមផ្សំគ្នាដែលមិនអាចខ្វះបាន ក្នុងបរិបទដែលវីរុសបំប្លែងថ្មីអូមីក្រុង បាននិងកំពុងឆ្លងរាលដាលនៅក្នុងសហគមន៍រស់នៅរបស់ប្រជាពលរដ្ឋក្នុងល្បឿនដ៏រហ័ស ដែលគួរឱ្យព្រួយបារម្ភបំផុត៕