អាស៊ានរុញច្រានប្រឆាំងនឹងប្រាក់ដុល្លារ
បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ក៏ដូចជាប្រទេសជាច្រើនផ្សេងទៀតនៅក្នុងពិភពលោក កំពុងអស់ភាពអត់ធ្មត់ចំពោះប្រាក់ដុល្លារ។ ការប្រើប្រាស់រូបិយបណ្ណបម្រុងរបស់ពិភពលោកជាអាវុធ ដូចជាតាមរយៈការដាក់ទណ្ឌកម្មលើអ្នកដែលត្រូវបានចាត់ទុកជាតួអង្គអាក្រក់ (ដូចជារុស្ស៊ីជុំវិញសង្គ្រាមនៅអ៊ុយក្រែន) បានជំរុញឱ្យតំបន់អាស៊ីអាគ្នេយ៍ធ្វើការព្រមានសហរដ្ឋអាមេរិកអំពីផលវិបាក។
នៅក្នុងសន្និសិទមួយនៅក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃអង្គារ អតីតរដ្ធមន្ត្រីបាននិយាយអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើបដិ-ដុល្លារនីយកម្ម De-dolarization និងអ្វីដែលសេដ្ឋកិច្ចក្នុងតំបន់គួរតែធ្វើ ដើម្បីកាត់បន្ថយហានិភ័យនៃប្រាក់ដុល្លារដ៏រឹងមាំដែលបានធ្វើឱ្យរូបិយបណ្ណក្នុងស្រុករងនូវការធ្លាក់ចុះ។
លោក George Yeo ដែលជាអតីតរដ្ឋមន្ត្រីការបរទេស សិង្ហបុរីបាននិយាយនៅក្នុងសន្និសីទមួយ ដែលរៀបចំដោយវិទ្យាស្ថាន «ISEAS-Yusof Ishak»ថា «ប្រាក់ដុល្លារអាមេរិក គឺជាការដាក់បណ្តាសារសម្រាប់យើងទាំងអស់គ្នា។ ប្រសិនបើអ្នកប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិជាអាវុធ នោះជម្រើសជំនួសនឹងកាន់តែកើនឡើង ហើយប្រាក់ដុល្លារអាមេរិកអាចនឹងបាត់បង់នូវអត្ថប្រយោជន៍»។
បើទោះបីជាមនុស្សមួយចំនួនតូចបានរំពឹងថា «ស្ថានភាពអធិបតេយ្យភាពសកលរបស់ប្រាក់ដុល្លារ អាចនឹងឈានដល់ទីបញ្ចប់នៅក្នុងពេលឆាប់ៗនេះ» ក៏ដោយ ក៏លោក Yeo បាននិយាយថា «គ្រប់គ្នាចាំបាច់ត្រូវតែបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើហានិភ័យនៃប្រាក់ដុល្លារ»។ លោក Yeo ដែលជាបញ្ញាវន្តជាន់ខ្ពស់ម្នាក់នៅសាលាគោលនយោបាយ សាធារណៈ Lee Kuan Yew នៅសាកលវិទ្យាល័យជាតិសិង្ហបុរីបាន និយាយថា «តើរឿងនេះនឹងកើតឡើងនៅពេលណា គឺគ្មាននរណាម្នាក់ដឹងទេ ក៏ប៉ុន្តែទីផ្សារហិរញ្ញវត្ថុត្រូវតែបន្តឃ្លាំមើលរឿងនេះឱ្យបានដិតដល់»។
បន្ទាប់ពីបានកើនឡើង ៦,២% ធៀបនឹងរូបិយបណ្ណសំខាន់ៗផ្សេងទៀតនៅក្នុងឆ្នាំ ២០២២ ប្រាក់ដុល្លារបានធ្លាក់ចុះ ០,៦៧% នៅក្នុងថ្ងៃជួញដូរដំបូងនៃឆ្នាំនេះ រហូតដល់ចុងថ្ងៃអង្គារ (យោងតាមសន្ទស្សន៍ Bloomberg Dollar Spot Index)។ លោក Yeo បានកត់សម្គាល់ថា «នៅក្នុងគ្រាមានវិបត្តិតម្លៃនៃប្រាក់ដុល្លារតែងកើនឡើង តួយ៉ាងដូចជាការយកពន្ធលើប្រទេសរុស្ស៊ីដែលបានធ្វើឱ្យធនាគាររុស្ស៊ីត្រូវផាត់ចេញពីបណ្តាញអន្តរជាតិ ដែលធ្លាប់ទទួលបានប្រតិបត្តិការរាប់សិបលានជារៀងរាល់ថ្ងៃ និងបានបង្ខំឱ្យពួកគេងាកមកពឹងផ្អែកលើបណ្តាញផ្ទាល់ខ្លួនជំនួសវិញ»។
បញ្ហានេះក៏បានដាក់សម្ពាធកាន់តែខ្លាំងទៅលើប្រទេសដែលជាភាគីទី ៣ ផងដែរ ដែលបានពឹងផ្អែកយ៉ាងខ្លាំងលើការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក។ លោក Thomas Lembong ដែលជាអតីតរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ីបានសាទរចំពោះបណ្តាធនាគារកណ្តាលអាស៊ីអាគ្នេយ៍ដែលបានបង្កើតប្រព័ន្ធទូទាត់ឌីជីថលដោយផ្ទាល់ជាមួយនឹងការប្រើប្រាស់រូបិយបណ្ណក្នុងស្រុក និងបានលើកទឹកចិត្តមន្ត្រីនានាឱ្យបន្តស្វែងរកវិធីសាស្ត្របន្ថែមទៀតដើម្បីចៀសវាងការពឹងផ្អែកខ្លាំងជ្រុលពេកលើប្រាក់ដុល្លារ។
លោក Lembong ដែលជាសហស្ថាបនិក និងជាដៃគូគ្រប់គ្រងនៅក្រុមហ៊ុន «Quvat Management Pte Ltd» បាននិយាយថា«ការធ្វើពិពិធកម្មរូបិយបណ្ណបម្រុងគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ការបន្ថែមការប្រើប្រាស់ប្រាក់ដុល្លារទៅក្នុងប្រតិបត្តិការជាមួយប្រាក់អឺរ៉ូ, ប្រាក់យ័ន និងប្រាក់យ៉េន ក៏ដូចជារូបិយបណ្ណផ្សេងទៀត នឹងធ្វើឱ្យសាច់ប្រាក់ងាយស្រួល (Liquidity) មានស្ថិរភាពជាងមុន ហើយនៅទីបំផុត អាចធ្វើឱ្យកំណើនសេដ្ឋកិច្ចមានស្ថិរភាពជាងមុន»។
សមាជិកអាស៊ានទាំង ១០ ពិតជាមានបំណងចង់បង្កើតឱ្យមានរូបិយបណ្ណរួមដូចគ្នានឹងប្លុកអឺរ៉ូដែរ ក៏ប៉ុន្តែលោក Lembong បាននិយាយថា «លោកនៅតែចាប់អារម្មណ៍ខ្លាំងលើការរក្សាប្រាក់ដុល្លារជារូបិយបណ្ណបម្រុងសកល។ ប្រព័ន្ធទូទាត់ប្រាក់ឌីជីថល ដែលបានជំរុញការទូទាត់រូបិយបណ្ណក្នុងស្រុករវាងប្រទេសម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, សិង្ហបុរី និងថៃ អាចផ្តល់នូវមធ្យោបាយដ៏អស្ចារ្យសម្រាប់ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ»៕
Bangkok Post