ខ្មែរប៉ុស្ដិ៍ Close

ក្រសួងមហាផ្ទៃតម្រូវឱ្យគណបក្សកែទម្រង់កម្ពុជាបញ្ឈប់នូវរាល់សកម្មភាពនយោបាយនៅតាមមូលដ្ឋាន ព្រោះមិនទាន់ចុះឈ្មោះនៅឡើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែកក្កដា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 1589
ក្រសួងមហាផ្ទៃតម្រូវឱ្យគណបក្សកែទម្រង់កម្ពុជាបញ្ឈប់នូវរាល់សកម្មភាពនយោបាយនៅតាមមូលដ្ឋាន ព្រោះមិនទាន់ចុះឈ្មោះនៅឡើយក្រសួងមហាផ្ទៃតម្រូវឱ្យគណបក្សកែទម្រង់កម្ពុជាបញ្ឈប់នូវរាល់សកម្មភាពនយោបាយនៅតាមមូលដ្ឋាន ព្រោះមិនទាន់ចុះឈ្មោះនៅឡើយ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការរំលឹកដល់លោក ទិន សៃ តំណាងស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ឱ្យបញ្ឈប់នូវរាល់សកម្មភាពនយោបាយនៅតាមមូលដ្ឋាន ពីព្រោះគណបក្សនេះពុំទាន់បានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃជាផ្លូវការនៅឡើយ។

ការឱ្យបញ្ឈប់សកម្មភាពនយោបាយនៅតាមមូលដ្ឋាននេះ បានធ្វើឡើងខណៈពេលដែលលោកអ៊ូ ច័ន្ទរ័ត្ន លោកប៉ុល ហំម និង មន្ត្រីមួយចំនួនបានចុះធ្វើសកម្មភាពនៅតាមមូលដ្ឋានដោយមានការជួបជុំប្រជាពលរដ្ឋ។

យោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង បានជម្រាបទៅលោក ទិន សៃ តំណាងស្ថាបនិកគណបក្សកែទម្រង់កម្ពុជា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា គណបក្សកែទម្រង់កម្ពុជាពុំទាន់បានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃជាផ្លូវការនៅឡើយ។ ក្នុងរយៈពេលកន្លងមកនេះ ក្រសួងមហាផ្ទៃពិនិត្យឃើញថា គណបក្សកំពុងធ្វើសកម្មភាពនយោបាយនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួនដែលសកម្មភាពទាំងនេះ គឺជាការអនុវត្តបំពានទៅនឹងបញ្ញត្តិមាត្រា៩ និងបញ្ញត្តិមាត្រា១៩ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ។ ដូច្នេះគណបក្សកែទម្រង់កម្ពុជាត្រូវបញ្ឈប់នូវរាល់សកម្មភាពនយោបាយនៅតាមមូលដ្ឋានរហូតដល់គណបក្សនេះ បានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ស្របតាមស្មារតី នៃលិខិតរបស់ក្រសួងមហាផ្ទៃ។

ជាការកត់សម្គាល់ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គេសង្កេតឃើញលោក ប៉ុល ហំម លោកអ៊ូ ច័ន្ទរ័ត្ន រួមទាំងមន្ត្រីមួយចំនួននៃគណបក្សកែទម្រង់កម្ពុជា បានចុះធ្វើសកម្មភាពជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីកៀរគរ និងស្វែករកកាគាំទ្រពីប្រជាពលរដ្ឋ។ សកម្មភាពទាំងនេះ គឺបំពានទៅនឹងច្បាប់ស្ដីពីគណបក្សនយោបាយ ខណៈដែលគណបក្សកែទម្រង់កម្ពុជានៅមិនទាន់ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃនៅឡើយ។

ប្រជាពលរដ្ឋនៅមូលដ្ឋានបានឱ្យដឹងថា ក្រុមលោក អ៊ូ ច័ន្ទរ័ត្ន រួមទាំងមន្ត្រីមួយចំនួននៃគណបក្សកែទម្រង់កម្ពុជាបានប្រើឈ្មោះលោក កឹម សុខា ទៅអូសទាញពួកគាត់ឲ្យចូលរួមជាមួយណបក្សកែទម្រង់កម្ពុជា។

ចំណែកមន្ត្រីចុះខ្ពស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា ករណីនេះអាចចុះស្វែងរកស្មាមមេដៃប្រជាពលរដ្ឋខ្មែរដើម្បីរៀបចំសំណុំលិខិតសុំចុះបញ្ជីគណបក្ស។ ប៉ុន្តែករណីធ្វើសកម្មភាពផ្សេងពីនេះ គឺជាការអនុវត្តបំពានមាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ។

រីឯលោក ចាន់ ចេន សហមេធាវីលោក កឹម សុខា បានប្រកាសច្រានចោលអ្នកបង្កើតបក្សថ្មី ដែលតែងយកឈ្មោះលោកប្រធាន កឹម សុខា ទៅប្រើ។ លោកថា អស់ពីក្រុមមួយចូលដល់ក្រុមមួយទៀតហើយ។ ប៉ុន្មានថ្ងៃថ្មីៗនេះ អស់លោកដែលរៀបនឹងបង្កើតបក្សថ្មី បានទៅដល់ខេត្តត្បូងឃ្មុំ បន្ទាយមានជ័យ និងខេត្តមួយចំនួនទៀត។ ដើម្បីសម្រេចបានមហិច្ឆតារបស់ក្រុមខ្លួន អស់លោកទាំងនោះបានបញ្ចុះបញ្ចូលអ្នកគាំទ្រអតីតសង្គ្រោះជាតិថា បក្សរបស់ក្រុមខ្លួននេះ គឺលោក កឹម សុខា ឱ្យបង្កើត លោកប្រធាន កឹម សុខា នៅពីក្រោយខ្នង ។ល។ លោកបន្តថា ដើម្បីកុំឱ្យអ្នកគាំទ្រ និងប្រជាពលរដ្ឋខ្មែរមានការភាន់ច្រឡំ ចាញ់បោកការអូសទាញរបស់អស់លោកទាំងអស់នោះ លោកសូមបញ្ជាក់សាជាថ្មីថា លោកប្រធាន កឹម សុខា តាមរយៈមេធាវីនាពេលកន្លងមកបានចេញសេចក្តីថ្លែងការណ៍ ហើយបានផ្សាយជាសាធារណៈជាច្រើនលើក ច្រើនសាមកហើយថា លោក កឹម សុខា មិនគាំទ្រក្រុមណាមួយឲ្យបង្កើតបក្សថ្មី ហើយក៏មិនដែលនៅពីក្រោយខ្នងក្រុមណាមួយដែរ ហើយពេលនេះក៏ដូចគ្នាដែរ។ សូមអស់លោកអ្នកនយោបាយដែលតាំងខ្លួនឯងជាព្រះបាទធម្មិក ជាអ្នកខ្លាំង ប្រជាពលរដ្ឋគាំទ្រច្រើនភ្លូកទឹក ភ្លូកដី ទៅហើយ សូមឈប់យកឈ្មោះឯកឧត្តម កឹម សុខា ទៅប្រើប្រាស់ដើម្បីបំភ្លៃ បោកប្រាស់អ្នកគាំទ្រ និងប្រជាពលរដ្ឋខ្មែរតទៅទៀតទៅ អាណិតអ្នកគាំទ្រ និងប្រជាពលរដ្ឋខ្មែរខ្លះផង។

ជាការឆ្លើយតបលោក អ៊ូ ច័ន្ទរ័ត្ន មន្ត្រីជាន់ខ្ពស់គណបក្សកែទម្រង់កម្ពុជាបានអះអាងថា ក្រសួងមហាផ្ទៃបានអនុញ្ញាតឱ្យយើងដើរផ្តិតមេដៃ។ ដូច្នេះរបៀបនៃការដើរផ្តិតមេដៃ ត្រូវតែជួបជាមួយប្រជាពលរដ្ឋដើម្បីសុំការអនុញ្ញាតដើម្បីផ្តិតមេដៃ និងពន្យល់ប្រជាពលរដ្ឋឱ្យបានយល់អំពីការបង្កើតគណបក្សនេះ។ ហើយលោកយល់ថា មិនមានអ្វីខុសទេ ព្រោះមានការអនុញ្ញាតពីក្រសួងមហាផ្ទៃដោយច្បាប់ហើយសម្រាប់ធ្វើសកម្មភាពប្រមូលស្នាមមេដៃ។ លោកបានបញ្ជាក់ថា “យើងចុះទៅតាមមូលដ្ឋានដើម្បីផ្តិតមេដៃនេះ វាជារឿងមួយដែលច្បាប់អនុញ្ញាត ហើយគ្រាន់តែការជួបជុំយកស្នាមមេដៃនេះមិនមានអីខុសទេ ហើយសិទ្ធិនៃការជួបជុំគ្នាជជែកគ្នាវាជាសិទ្ធិពលរដ្ឋផង សិទ្ធិនយោបាយផងវាអត់មានអីខុសនឹងច្បាប់”។

សូមជម្រាបថា លោក អ៊ូ ច័ន្ទ រ័ត្ន អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ បានយកពាក្យស្នើសុំបង្កើតគណបក្ស កែទម្រង់កម្ពុជា ទៅដាក់នៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ ២០២១។ ហើយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃបានអនុញ្ញាតឱ្យលោក អ៊ូ ច័ន្ទរ័ត្ន បង្កើតគណបក្សកែទម្រង់កម្ពុជា។ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រសួងមហាផ្ទៃនៅមិនទាន់ចុះបញ្ជីគណបក្សកែទម្រង់កម្ពុជានៅឡើយទេ ដោយសារមិនទាន់បំពេញឯកសារបានគ្រប់គ្រាន់៕

អត្ថបទទាក់ទង