គ.ជ.ប ស្នើសុំឱ្យក្រសួងមហាផ្ទៃ ចាត់វិធានការលើអ្នកដែលអំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត
លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានស្នើសុំឲ្យក្រសួងមហាផ្ទៃ ចាត់វិធានការផ្លូវច្បាប់ទៅលើអ្នកដែលអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើពហិការក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។ នេះបើយោងតាមលិខិតរបស់ប្រធាន គ.ជ.ប ដាក់ជូន សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែល ខ្លីៗ ទទួលបាននៅមុននេះបន្តិច។
លោក ស៊ិក ប៊ុនហុក បានជម្រាបជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា នាពេលថ្មីៗនេះ មានការអំពាវនាវ ក៏ដូចជាជំរុញឲ្យមានការចែកខិតបណ្ណដើម្បីឲ្យប្រជាពលរដ្ឋធ្វើពហិការក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដោយចាត់ទុកថា ការបោះឆ្នោតនេះ ជាការបោះឆ្នោតក្លែងក្លាយ។
លោក ស៊ិក ហ៊ុនហុក
លោកបន្តថា គ.ជ.ប ចាត់ទុកថា ការអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើពហិការក្នុងការបោះឆ្នោត គឺជាសកម្មភាពរារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត និងធ្វើឲ្យមានការភ័ន្តច្រឡំនាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិ ដូចមានចែងក្នុងមាត្រា៤១ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
យ៉ាងណាមិញ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់នៅព្រឹកនេះថា ក្រសួងនៅមិនទាន់បានទទួលលិខិតនោះនៅឡើយទេ។
សូមជម្រាបថា ការស្នើឲ្យមានវិធានការច្បាប់នេះ គឺបន្ទាប់ពីលោក សម រង្ស៊ី មេដឹកនាំចលនាសង្គ្រោះជាតិ និងជាអតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋកុំទៅបោះឆ្នោត និងគ្រោងបោះខិតបណ្ណចែកប្រជាពលរដ្ឋ កុំឲ្យទៅចូលរួមបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះថែមទៀតផង៕