ខ្មែរប៉ុស្ដិ៍ Close

ទុរេនស្រុកសំឡូតចាប់ផ្តើមប្រមូលផលដោយអតិថិជនមកទិញដល់ចម្ការ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 33
ទុរេនស្រុកសំឡូតចាប់ផ្តើមប្រមូលផលដោយអតិថិជនមកទិញដល់ចម្ការ ទុរេនស្រុកសំឡូតចាប់ផ្តើមប្រមូលផលដោយអតិថិជនមកទិញដល់ចម្ការ

បាត់ដំបង៖ទុរេនសំឡូត ខេត្ត បាត់ដំបង មានឈ្មោះបោះ សំឡេងយូរឆ្នាំមកហើយ ឱ្យតែដល់រដូវទុរេនទុំ គឺមានអតិថិជន ទាំងក្នុងខេត្ត និងក្រៅខេត្តមកទិញអស់គ្មានសល់។ ឆ្នាំនេះមិនខុសពីឆ្នាំ មុនទេ បើទោះបីខេត្តបាត់ ដំបង និងខេត្តនានាកំពុងប្រឈមមុខនឹងជំងឺកូវីដ-១៩ ក្តី ក៏មានអតិថិជនទាំងក្នុងខេត្តនិងក្រៅខេត្ត បានមកទិញដល់ចម្ការផ្ទាល់តែម្តង និងដើម្បីកម្សាន្តអារម្មណ៍នឹងទេសភាពផងដែរ។

លោក សើ សាម៉េត អភិបាលស្រុកសំឡូត ខេត្ត បាត់ដំបងបានឱ្យដឹងថា ម្ចាស់ចម្ការទុរេនបានប្រមូលផលប្រហែលមួយសប្តាហ៍មកហើយ គឺមានអតិថិជនក្នុងខេត្តនិងតាមបណ្តាខេត្តនានាមកទិញច្រើន ពិសេសថ្ងៃ សៅរ៍ និងថ្ងៃអាទិត្យ ។ លោកបញ្ជាក់ថា ដោយសារប្រជា ពលរដ្ឋចេញចូលមកពីខេត្តនានាច្រើន អាជ្ញាធរនិងមន្រ្តី សុខាភិបាល បានពង្រឹងលើការត្រួតពិនិត្យសុខភាពតាមដងផ្លូវ ដើម្បីបង្ការកុំឱ្យឆ្លងជំងឺកូវីដ-១៩ កាន់តែច្រើនថែម ទៀត។ចំណែកម្ចាស់ចម្ការ ក៏ត្រូវបានណែនាំឱ្យមានការអនុវត្តនៅវិធានការសុខាភិ បាលតឹងរ៉ឹងផងដែរ ។ ចំពោះភ្ញៀវដែលចូលមកលេង និង ទិញទុរេន ត្រូវមានអាកុល ឧបករណ៍វាស់កម្តៅ និង ពាក់ម៉ាស់ជាដើម ។

លោក ធី ណារ័ត្ន អ្នកគ្រប់ គ្រងចម្ការទុរេនមួយកន្លែង នៅចំណុចជើងភ្នំព្រះ ស្ថិតក្នុងឃុំស៊ុង ស្រុកសំឡូត បានឱ្យដឹងថា ចម្ការនេះមានផ្ទៃដីចំនួន៤ហិកតា ស្មើនឹងទុរេនចំនួន៧០០ដើម ខណៈផ្លែបានជាង៤០០ដើម ដែលឱ្យផលបានរយៈពេល៣ឆ្នាំហើយ ។ លោកថា ក្នុងមួយដើមអាចផ្តល់ផលប្រមាណជាង ១០០គីឡូក្រាម ហើយឆ្នាំនេះ ផ្កានិងក្ដិបទុរេនមិនសូវជ្រុះដោយសារខ្យល់ភ្លៀងខ្លាំងនោះទេ បើធៀបនឹងឆ្នាំកន្លង ទៅ ។

លោកបានបន្តថា សម្រាប់ទុរេនក្នុងចម្ការមានច្រើនប្រភេទ គឺទុរេនម៉ាន់ថង ភូមិលី កាដុំ និងអាវខាក់ជាដើម ដោយទុរេនទាំងអស់នេះ បានលក់ឱ្យភ្ញៀវក្នុងតម្លៃចាប់ពី ២ ២០០០រៀល ក្នុងមួយគីឡូ ។លោកថា ទោះបីតម្លៃប៉ុណ្ណេះក៏ដោយ សឹងតែគ្មានទុរេនលក់ឱ្យអតិថិជន ព្រោះមានអ្នកគាំទ្រច្រើន ។

ជាមួយគ្នានេះ លោក ធី ណារ័ត្ន បានបញ្ជាក់ថា ដោយសារមានការគាំទ្រ និងសម្បូរអ្នកពេញនិយមបរិភោគផ្លែទុរេនសំឡូតនោះ ចម្ការតាស្នា គ្រោងពង្រីកការដាំទុរេនឱ្យបានជាង ១០ ០០០ដើមទៀត នៅចំណុចភ្នំចម្បាំង ស្ថិតក្នុងស្រុកសំឡូតនេះដែរ ។

បើតាមអាជ្ញាធរស្រុកបានឱ្យដឹងថា បច្ចុប្បន្ននៅស្រុកសំឡូតមានដំណាំទុរេន ចំនួនជាង ៥ ពាន់ហិកតា និង កំពុងបន្តពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារ និង ដើម្បីបង្កើនទិសដៅទេសចរណ៍ផងដែរ ៕