ខ្មែរប៉ុស្ដិ៍ Close

កុំឆ្ងល់ ម៉េចបានទុរេនកំពតខូចឈ្មោះ នេះជាល្បិចរបស់អ្នកលក់មួយចំនួន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 55
កុំឆ្ងល់ ម៉េចបានទុរេនកំពតខូចឈ្មោះ នេះជាល្បិចរបស់អ្នកលក់មួយចំនួន កុំឆ្ងល់ ម៉េចបានទុរេនកំពតខូចឈ្មោះ នេះជាល្បិចរបស់អ្នកលក់មួយចំនួន

​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពត​ លើក​ឡើង​ថា ​ទុរេន​បន្លំ​ឈ្មោះ​ខេត្ត​កំពត​ បាន​ធ្វើឲ្យ​ហាង​ឆេង​ទុរេន​ក្នុង​ស្រុក​​​មិនល្អ​ រហូត​ដល់​បាត់​ទំនុក​ចិត្ត​ពី​អ្នក​ទិញ​។ ​ការ​ហូរ​ចូល​ទុរេន​ពី​បរទេស​នេះ​​ ដោយសារ​ការ​ផ្គត់ផ្គង់​មិន​គ្រប់​គ្រាន់​ ណាមួយ​ក៏​មាន​ឈ្មួញ​ខិល​ខូច​ខ្លះ ​ហេតុ​តែ​ចង់​បាន​ប្រាក់​ចំណេញ​សុខ​ចិត្ត​បន្លំឈ្មោះ​ផលិតផល​ក្នុង​ស្រុក ដោយ​នាំ​ចូល​ទុរេន​ដាក់​ថ្នាំ​ ហើយ​ថា​ ដាំ​នៅ​ក្នុង​ខេត្ត​កំពត ​ដែល​ជា​ទឹក​ដី​ល្បីសំបូរ​ផ្លែ​ទុរេនធម្មជាតិច្រើនជាង​គេ​នៅ​កម្ពុជា​។

លោកពូ រឿន អ្នក​លក់​ទុរេន​នៅ​ទឹក​ឈូរ ​ប្រាប់​ថា​ អ្នក​ទិញ​ខ្លះមិន​ទុក​ចិត្ត ​ហើយ​សុំ​អ្នក​លក់​លិឍ​ទង​ទុរេន​ឲ្យ​គេ​មើល​ ព្រោះ​គេថាបើ​មិន​ហ៊ាន​លិឍ​នោះគឺ​ដាក់​ថ្នាំ​ហើយ​ បើ​មិន​ចឹង​ទេ សុំឲ្យ​ទៅ​កាត់​នៅ​ដើម​ផ្ទាល់​តែ​ម្តង​។ ជាង​នេះ​ទៀត​ អ្នក​ទិញ​មួយ​ចំនួន​ចង់ទិញទុរេននោះ ទាល់តែរកញាតិ​មិត្ត​ស្គាល់​ច្បាស់​អ្នក​លក់​​សិន ព្រោះថា​ល្បិច​អ្នក​លក់​ទុរេន​ខ្លះ​ខ្ពស់ៗ ពិត​ជា​មិន​គួរ​ឲ្យ​ទុកចិត្ត។

ជាក់​ស្ដែង​​ លោក រិទ្ធិ អ្នក​ចូល​ចិត្ត​ញ៉ាំ​ទុរេន​ ទើប​ចាញ់​បោក​អ្នកលក់​ក្នុង​ពេល​ដំណើរ​កម្សាន្ត​ទៅ​កំពត​ថ្មីៗ​នេះ​ បាន​ប្រាប់​ Sabay ថា ​អ្នកលក់​មាន​តិចនិក​បោក​ប្រាស់​ច្រើន​ណាស់​ ដូចជា​យក​អង្រ្កង​ទៅ​ព្រលែង​លើ​ទុរេន ​ហើយ​ប្រាប់​ថា​ជា​របស់​ធម្មជាតិ​សុទ្ធសាធ​​ ។ ​ល្បិច​មួយទៀត​បាន​មកពី​អ្នកភូមិ​ប្រាប់​ គេ​ទិញ​ទុរេន​ផ្សេង​មក​ដាក់​ក្រោម​ដើម​ក្នុង​ចំការ​ដែល​គេម៉ៅ​នៅ​ក្បែរ​កន្លែង​លក់​នោះ​ ដើម្បី​បញ្ឆោត​ភ្នែក​អ្នក​ទិញ​ ឬ​ដឹក​ទៅ​ចំការ​រួច​ហើយ ​ទើប​ដឹក​ចេញ​មក​លក់​វិញ។

លោក រិទ្ធិ ដដែល​បន្តថា លោក​បានទិញ​ទុរេន​ចំនួន ២គីឡូ តម្លៃ​ប្រមាណ ៥ម៉ឺនរៀល ដែល​ទុរេន​នោះមាន​សាច់​ក្នុង​ពណ៌​ក្រហម​ ជ្រាយៗ​មិន​ទំនង​ញ៉ាំ​សោះឡើយ​ លោក​បាន​សួរអ្នក​លក់​ទុរេន​ផ្សេង​ទៀត គេ​ថា​ទុរេន​នោះ​នាំចូល​ពីថៃ​ទេ វាបាន​ធ្វើឲ្យ​លោក​ខក​ចិត្ត​ជាខ្លាំង​៕​​​

អត្ថបទ៖ Sabay