ខ្មែរប៉ុស្ដិ៍ Close

អភិបាលស្រុកបន្ទាយស្រី អួតពី «ទុរេនបន្ទាយស្រី»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 52

ជាការពិតទឹកដីកម្ពុជា ជាទឹកដីដែលសម្បូរទៅដោយជីជាតិ ដាំអ្វីក៏បាន ដាំអ្វីក៏ដុះ ជាពិសេសដំណាំស្រូវ កៅស៊ូ និងឈើហូបផ្លែ។ យ៉ាងណាមិញ ទុរេនក៏ជាដំណាំឈើហូបផ្លែដែលរើសដី និងត្រូវការជីណាស់ដែរ។

បើនិយាយពីទុរេនដែលមានរស់ជាតិឆ្ងាញ់ គេមិនភ្លេចទេនូវ ទុរេនកំពត ទុរេនស្រែអំបិល ទុរេនសំឡូត ទុរេនមេមត់ និងទុរេនបែកអន្លូងជាដើម។ តែពេលនេះ លោកអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាបបានទម្លាយអោយដឹងថា ស្រុកដែលខ្លួនគ្រប់គ្រងក៏មានដំណាំទុរេន ហើយរសជាតិវិញ ក៏មិនចាញ់ទុរេនទាំងឡាយខាងលើនោះដែរ។

នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន លោក ឃឹម ហ្វ៊ីណង់ បានសរសេរយ៉ាងដូច្នេះថា៖

«ទុរេនបន្ទាយស្រី»៖ តោះអ្នកសៀមរាប! សាកមកភ្លក់រសជាតិនិងគាំទ្រផ្លែទុរេនក្នុងខេត្តយើងម្តងមើស៎!

តិចអ្នកសៀមរាបខ្លួនឯងអត់ដឹងថាបន្ទាយស្រីមានដាំផ្លែទុរេន។ ឆ្នាំនេះជាឆ្នាំដំបូង ដែលចម្ការ១៧០ដើមនេះទើបប្រមូលផលបាន តែធានាថារសជាតិផ្អែមមុត ក្រអូបឈ្ងុយឆ្ងាញ់ មិនចាញ់ទុរេនមកពីតំបន់ដទៃឡើយ ដោយហេតុតែតំបន់ជើងភ្នំគូលែននេះជាតំបន់ខ្ពង់រាបដីក្រហម សម្បូរទៅដោយជីវជាតិ។

ខ្ញុំពិតជាចង់ឃើញបងប្អូនប្រជាកសិករនៅក្នុងស្រុកបន្ទាយស្រីដាំដំណាំហូបផ្លែអោយបានច្រើន ជាពិសេស ដំណាំថ្មីៗដែលមានតម្លៃខ្ពស់និងទីផ្សារទូលំទូលាយ ដូចជាទុរេន និងសាវម៉ាវជាដើម ព្រោះដីក្រហមតំបន់ភ្នំនៅបន្ទាយស្រី មានសក្តានុពលកសិកម្មសម្បូរបែបខ្លាំងណាស់។ រដ្ឋបាលស្រុកត្រៀមខ្លួនរួចជាស្រេចក្នុងការជម្រុញទីផ្សារ និងកំពុងសហការជាមួយអង្គការដៃគូ សហគមន៍កសិកម្មមួយចំនួនទៀត ចែកជូនពូជកូនដើមឈើដំណាំហូបផ្លែយុទ្ធសាស្ត្រដោយឥតគិតថ្លៃ ជូនដល់កសិករដែលចង់ដាំ ព្រមទាំងផ្តល់ការគាំទ្របច្ចេកទេស ដើម្បីជំរុញអោយបន្ទាយស្រី ក្លាយជា”ដែនដីកសិទេសចរណ៍”ដ៏គួរអោយទាក់ទាញមួយនៅក្នុងពេលអនាគត។

សង្ឃឹមថាចាប់ពីឆ្នាំនេះទៅ ស្រុកបន្ទាយស្រីនឹងមានផ្លែឈើថ្មីៗ ដើម្បីទទួលបងប្អូនភ្ញៀវទេសចរមកពីគ្រប់ទិសទីដែលចង់មកកំសាន្តនៅក្នុងស្រុកទេសចរណ៍នៃខេត្តសៀមរាបមួយនេះ។

ទីតាំង៖ ជើងភ្នំគូលែន ជិតវត្តចំបក់៣ដើម ក្នុងភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ទូរស័ព្ទទំនាក់ទំនង៖ 012268484 (ម្ចាស់ចំការ)