ប្រទេសចិនងាកមកប្រើការទូតផ្លែទុរេន ដើម្បីជំរុញទំនាក់ទំនងជាមួយអាស៊ីអាគ្នេយ៍
ផ្លែទុរេនបានឈានជើងចូលមកក្នុងឆាកនៃការប្រយុទ្ធដ៏ទាក់ទាញបំផុតចុងក្រោយរបស់ចិនចំពោះតំបន់អាស៊ីអាគ្នេយ៍ ខណៈដែលទីក្រុងប៉េកាំងបានសន្យាថា នឹងនាំចូលផ្លែឈើប្រភេទនេះឱ្យបានកាន់តែច្រើនពីប្រទេសជិតខាងខ្លួន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយតំបន់ដ៏មានសារៈសំខាន់ជាយុទ្ធសាស្ត្រមួយនេះ នៅចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិក។ ផ្លែទុរេនត្រូវបានលើកឡើងជាពិសេសដោយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅអំឡុងដំណើរទស្សនកិច្ចរបស់លោកនាពេលថ្មីៗនេះទៅកាន់ទីក្រុងគូឡាឡាំពួ។
លោក Wang បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ជាមួយសមភាគីម៉ាឡេស៊ីលោក Saifuddin Abdullah កាលពីថ្ងៃអង្គារថា «ថ្ងៃនេះ ពួកយើងបានទទួលទានអាហារថ្ងៃត្រង់រួមគ្នា ហើយសម្លាញ់របស់ខ្ញុំបានផ្ដល់នំដែលធ្វើពីផ្លែទុរេនឈ្មោះ Maoshanwang ដ៏ឆ្ងាញ់ពិសារមកដល់ខ្ញុំ ហើយខ្ញុំពិតជាចាប់អារម្មណ៍លើវាខ្លាំងណាស់»។ លោក Wang ក៏បាននិយាយផងដែរថា ប្រទេសចិនបាន «ត្រៀមខ្លួនរួចជាស្រេចក្នុងការនាំចូលប្រេងដូង, ផ្លែឈើត្រូពិច និងផលិតផលកសិកម្មផ្សេងទៀត» ពីប្រទេសម៉ាឡេស៊ី។
មួយថ្ងៃក្រោយមក នៅទីក្រុងណាននីងភាគខាងត្បូងប្រទេសចិន លោក Wang បានទទួលជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh ហើយភាគីទាំងពីរ បានប្រកាសពីកិច្ចព្រមព្រៀងមួយដើម្បីអនុញ្ញាតឱ្យនាំចូលផ្លែទុរេនស្រស់របស់វៀតណាមទៅកាន់ទីផ្សារប្រទេសចិននាពេលខាងមុខ បន្ទាប់ពីបានចរចាអស់ជិត ៤ ឆ្នាំ។
លោក Wang ក៏បាននិយាយផងដែរថា ប្រទេសចិន «បានយកចិត្តទុកដាក់ខ្ពស់ចំពោះផលប្រយោជន៍របស់វៀតណាមក្នុងការបង្កើនការនាំចេញផលិតផលកសិកម្ម និងនេសាទទៅកាន់ប្រទេសចិន» នេះបើយោងតាមក្រសួងការបរទេសវៀតណាម ខណៈពេលដែលលោក Pham បានជំរុញឱ្យទីក្រុងប៉េកាំងអនុញ្ញាតឱ្យមានការនាំចូលផ្លែឈើទៅកាន់ចិនបន្ថែមទៀត។
បើយោងតាមក្រសួងកសិកម្មវៀតណាម ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាមរួចទៅហើយ ពោលគឺប្រមាណ ៧០% នៃផ្លែឈើ និងបន្លែរបស់ខ្លួនត្រូវបានលក់ទៅឱ្យប្រទេសចិន។
ដោយមិនបានលើកឡើងអំពីកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងផ្លែទុរេន ក្រសួងការបរទេសចិនបាននិយាយថា ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការ «ស្វែងយល់ពីការបង្កើតយន្តការមួយដើម្បីលើកកម្ពស់ដល់ផលិតកម្មនិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ព្រមទាំងពង្រឹងការសាងសង់កំពង់ផែជាច្រើន ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មទ្វេភាគី»។
នៅក្នុងខែនេះ ប្រទេសចិនបានចាប់ផ្តើមនាំចូលផ្លែក្រូចវល្លិ៍ (Passion Fruit) ពីប្រទេសវៀតណាម ហើយបើតាមសារព័ត៌មាន VnExpress ស្ថានទូតចិននៅទីក្រុងហាណូយបាននិយាយកាលពីសប្តាហ៍មុនថា ក្រុមហ៊ុននាំចេញអាហារសមុទ្ររបស់វៀតណាម នឹងលែងរងនូវការហាមឃាត់ការនាំចេញជាបណ្តោះអាសន្នទៀតហើយ បើទោះជាទូកុងតឺន័ររបស់ពួកគេត្រូវបានរកឃើញថាមានផ្ទុកមេរោគកូរ៉ូណាក្ដី។
ប្រទេសទាំងពីរមានទំនាក់ទំនងល្អក់កករនឹងគ្នាដោយសារតែប្រវត្តិនៃជម្លោះទឹកដីដ៏យូរលង់មកហើយ ហើយកាលពីសប្តាហ៍មុនលោក Pham បានសម្តែងនូវការខកចិត្តចំពោះ «ការវិវឌ្ឍយឺត» ក្នុងការបើកទីផ្សារចិនដល់កសិផលវៀតណាម។ វៀតណាមក៏បានរិះគន់ផងដែរថា ការបិទព្រំដែនដោយសារការផ្ទុះឡើងនៃកូវីដ-១៩ កាលពីខែធ្នូនិងដែលទើបត្រូវបានដកចេញនៅប៉ុន្មានខែក្រោយមកនេះ គឺជា «ការសម្លាប់សេដ្ឋកិច្ចវៀតណាម»។
លោក Le Hong Hiep អ្នកជំនាញជាន់ខ្ពស់នៃកម្មវិធីសិក្សាអំពីវៀតណាមនៃវិទ្យាស្ថាន ISEAS – Yusof Ishak Institute របស់សិង្ហបុរីបាននិយាយថា ការបិទព្រំដែនដែលបណ្តាលឱ្យរថយន្តដឹកទំនិញរាប់ពាន់គ្រឿងដែលដឹកផលិតផលស្រស់ៗ មិនអាចដឹកជញ្ជូនទំនិញរបស់ពួកគេចេញបាន បានធ្វើឱ្យកក្រើកឡើងវិញនូវទស្សនៈរបស់វៀតណាមចំពោះប្រទេសចិន។
លោក Le បាននិយាយថា «គំនិតសង្ស័យដ៏យូរលង់របស់វៀតណាមចំពោះចិន នៅតែមានមកទល់សព្វថ្ងៃនេះ ដែលថាចិនអាចនឹងប្រើប្រាស់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ជាឧបករណ៍មួយដើម្បីបញ្ចូលឥទ្ធិពលយុទ្ធសាស្ត្ររបស់ខ្លួនមកលើប្រទេសនេះ ដែលជាការបញ្ជូនសញ្ញាមិនសប្បាយចិត្តរបស់ខ្លួនទៅនឹងគោលនយោបាយមួយចំនួនដែលទីក្រុងហាណូយបានអនុម័ត»។ លោកបន្តថា «ដូចនេះ ខណៈពេលដែលវៀតណាមចង់រក្សាស្ថិរភាពពាណិជ្ជកម្មឆ្លងព្រំដែនជាមួយចិន ទីក្រុងហាណូយក៏ចង់ធ្វើឱ្យប្រាកដដែរថា ទីក្រុងប៉េកាំងនឹងមិនប្រើប្រាស់វាជាឧបករណ៍នៃការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចនោះទេ»។
កសិករដាំដុះទុរេននៅវៀតណាមហាក់ដូចជាកំពុងត្រៀមខ្លួនសម្រាប់ការបើកទីផ្សាររបស់ចិន ដែលបើយោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) មានចម្ការទុរេនសរុបចំនួន ១២៣ និងរោងចក្រវេចខ្ចប់ចំនួន ៥៧ បានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល ៣ ថ្ងៃ ដែលរៀបចំឡើងដោយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមនៅសប្តាហ៍នេះ ដើម្បីសិក្សាពីស្តង់ដារអាហាររបស់ប្រទេសចិន។
សារព័ត៌មាននោះបានលើកឡើងថា វៀតណាមនឹងក្លាយជាប្រទេសទី២ បន្ទាប់ពីប្រទេសថៃ ក្នុងការនាំចេញផ្លែទុរេនស្រស់ទៅកាន់ប្រទេសចិន ដោយបានបន្ថែមថា វានឹងផ្តល់ដល់វិស័យដាំដុះទុរេននៅក្នុងប្រទេសនេះនូវ «ឱកាសដ៏ល្អក្នុងការពង្រីកអាជីវកម្ម»។
លោក Le បាននិយាយថា «ដរាបណាវៀតណាមអាចលក់ទំនិញទៅឲ្យចិនកាន់តែច្រើន ដរាបនោះទីក្រុងហាណូយនឹងកាន់តែលែងមានឆន្ទៈក្នុងការធ្វើឲ្យទំនាក់ទំនងរបស់ខ្លួនជាមួយក្រុងប៉េកាំងល្អក់កករ។ ប្រទេសចិនប្រហែលជាបានយល់យ៉ាងច្បាស់ពីរឿងនេះ ព្រោះថា សហរដ្ឋអាមេរិកបច្ចុប្បន្នកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការរុញច្រានប្រទេសវៀតណាម និងប្រទេសផ្សេងទៀតក្នុងតំបន់ ឱ្យទៅឆ្ងាយពីទីក្រុងប៉េកាំង»។
វៀតណាមគឺជាសមាជិកមួយនៃក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិកសម្រាប់វិបុលភាព (IPEF) ដែលដឹកនាំដោយសហរដ្ឋអាមេរិក និងដែលបានចាប់ផ្តើមឡើងកាលពីខែឧសភា ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការជំរុញការចូលរួមផ្នែកសេដ្ឋកិច្ចជាមួយតំបន់នេះ ដើម្បីទប់ទល់នឹងឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសចិន។
វៀតណាមក៏ជាអ្នករិះគន់ខ្លាំងបំផុតចំពោះការទាមទាររបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងដែរ ប៉ុន្តែលោក Le បាននិយាយថា ទំនាក់ទំនងពាណិជ្ជកម្មដែលកាន់តែរឹងមាំជាមួយចិនក៏អាចពង្រឹងជំហរ របស់ទីក្រុងប៉េកាំងផងដែរ។
បើយោងតាមទិន្នន័យគយរបស់ចិនកាលពីឆ្នាំមុន ប្រទេសចិនបាននាំចូលផ្លែទុរេនស្រស់ចំនួន ៨២១ ៦០០ តោន ដែលស្មើនឹងប្រមាណ ៤,២ ពាន់លានដុល្លារអាមេរិក។
ចិនក៏បានពិភាក្សាជាមួយកម្ពុជានិងហ្វីលីពីនផងដែរ អំពីការនាំចូលផ្លែទុរេនស្រស់នេះ។ បើយោងតាមគេហទំព័រព៌តមាន Thmey Thmey កាលពីដើមខែនេះ គម្រោងសាកល្បងនាំចូលទុរេនក្លាសេពីកម្ពុជា បានចាប់ផ្តើមរួចហើយក្នុងទំហំ ៥០ តោន៕
South China Morning Post