ខ្មែរប៉ុស្ដិ៍ Close

សហគមន៍តំបន់ការពារធម្មជាតិ មានតួនាទីចូលរួមអភិរក្សធន​ធានធម្ម​ជាតិ និងទទួលផល អនុផលព្រៃឈើ ដើម្បីបង្កើនចំណូលជីវភាពគ្រួសារ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 65
សហគមន៍តំបន់ការពារធម្មជាតិ មានតួនាទីចូលរួមអភិរក្សធន​ធានធម្ម​ជាតិ និងទទួលផល អនុផលព្រៃឈើ ដើម្បីបង្កើនចំណូលជីវភាពគ្រួសារ សហគមន៍តំបន់ការពារធម្មជាតិ មានតួនាទីចូលរួមអភិរក្សធន​ធានធម្ម​ជាតិ និងទទួលផល អនុផលព្រៃឈើ ដើម្បីបង្កើនចំណូលជីវភាពគ្រួសារ

ដោយមានការយកចិត្ដទុកដាក់ខ្ពស់ពីក្រសួងបរិស្ថាន និងអង្គការជាដៃគូ ព្រមទាំង​សហ​គមន៍តំបន់ការពារធម្មជាតិបាន​រួម​សហការគ្នាពង្រឹងទៅលើកិច្ចការការពារ​ និងអភិរក្សធន​ធានធម្មជាតិដោយមិនត្រឹមតែមានទិសដៅការពារធនធានធម្មជាតិព្រៃឈើ និងសត្វព្រៃ នោះទេ ប៉ុន្តែក្រសួងបរិស្ថានបាន​អភិរក្ស​មុខរបរ និងបង្កើតមុខរបរថ្មី ដល់ប្រជាសហគមន៍ ដើម្បីចូលអភិរក្សប្រពៃណី ទំនៀមទម្លាប់របស់បងប្អូនប្រជាពលរដ្ឋ​ដែល​រស់​​នៅ​ក្នុង​សហ​គមន៍របស់គាត់ផងដែរ។

ក្រៅពីសហគមន៍តំបន់ការពារធម្មជាតិនៅតាមបណ្ដាខេត្ដនានានោះ សម្រាប់តំបន់ សហគមន៍ការពារធម្មជាតិក្នុង​ខេត្ត​ព្រះវិហារ គឺមានសហគមន៍តំបន់ការពារធម្ម​ជាតិចំនួន ៤១ សហគមន៍ ហើយក្នុងចំណោម​សហគមន៍ទាំងនេះ​តែងមានប្រជាពលរដ្ឋ​ប្រកប​របរ​ដងជ័រទឹក។ ចំពោះមុខរបរដងជ័រ ទឹកនេះដែរគឺជាមុខរបរមួយដែលផ្តល់ប្រាក់​ចំណូល​បន្ថែមដល់ប្រជាពលរដ្ឋក្នុងសហគមន៍ សម្រាប់ផ្គត់ផ្គង់ជីវភាព។ ការប្រកប​មុខរបរ​ជ័រ​ទឹក ដែលបងប្អូនប្រជាជនជនជាតិដើមភាគតិចកួយហៅថា ជ័រច្បោះនោះ គឺជាមុខរបរ​​ទំនៀម​​ទម្លាប់​​បន្តវេនពីដូនតារបស់ពួកគាត់បានបន្សល់ទុក ឱ្យមកដល់សព្វថ្ងៃនេះ។ បើ​តាម​បង ប្អូនជនជាតិដើមភាគតិចនៅក្នុងតំបន់នោះបានឱ្យដឹងថា ​ជ័រច្បោះ ត្រូវបានយក​ចេញ​​ពី​ដើម ឈើមួយចំនួនដូចជាដើម ឈើទាល ដើម ឈើផ្ចឹកនិងឈើត្រាច ជាដើម។

ពាក់ព័ន្ធក្នុងមុខរបរចៀរជ័រច្បោះនេះដែរ លោក នង ដេង ប្រធានសហគមន៍​ស្រែ ទ័ព ស្ថិតនៅក្នុងតំបន់អភិរក្សសត្វព្រៃព្រះរកា ខេត្តព្រះវិហារបានឱ្យដឹងថា សព្វថ្ងៃ លោក មានដើមច្បោះចំនួន ១ ០០៨ ដើម ហើយក្នុងមួយដើមអាចផ្តល់ជាជ័រ ក្នុងមួយខែចំនួន ១ ០២៥ កាន និងអាចលក់បាន៨ម៉ឺនរៀល។ លោកបានឱ្យដឹងបន្ថែមថា នៅតំបន់នេះ មាន ទំហំដីចំនួន ៣ ៤៩០ ហិកតា ហើយក្នុងចំណោមនេះ ពលរដ្ឋរស់នៅ ៣០០គ្រួសារ បាន ប្រកបរបរចៀរជ័រច្បោះនេះជាងពាក់កណ្តាលទៅហើយ។

លោកបានពន្យល់ថា “ដើមច្បោះមួយដើមគេអាចយកជ័រក្នុងមួយខែ៣ដង ហើយ គេអាចដងគ្រប់ខួបពោលគឺអាចទាញយកជ័របានពេញមួយឆ្នាំតែម្តង។ ចំពោះដើមច្បោះ មួយដើម សម្រាប់ក្នុង១ថ្ងៃអាចផ្តល់ជ័រ២ ទៅ៣លីត្រ និងដើមខ្លះក៏បានតិចជាងនេះ”។ លោកប្រធានសហគមន៍បានបញ្ជាក់បន្ថែមថា ចំពោះដើមច្បោះដែលផ្តល់ជ័របានតិច​បំផុត​គឺស្ថិតខែ៣ និងខែ៤ ដែលជាខែក្តៅ បំផុត នោះ ជ័រមិនសូវចេញទេ។ បន្ទាប់ពីឈាន​ចូល​ដល់​ខែ៥ទៅ ជ័រច្បោះវានឹងផ្តល់ជ័រច្រើន ដូចធម្មតាវិញ។

លោក នង ដេង បានឱ្យដឹងផងដែរថា សព្វថ្ងៃប្រជាជនជនជាតិដើមភាគតិច អាច​ប្រមូលអនុផលពីជ័រច្បោះម្តងៗបានចាប់ពី ៣ ទៅ ៤កាន ដែលក្នុងមួយកាន​មានចំណុះ​៣០ លីត្រ ឬក៏លើសពីនេះទៅតាមដើមច្បោះដែលពួកគាត់មាន។ ដោយពួកគាត់ត្រូវ​ចំណាយពេលប្រហែលជា២យប់ ៣ថ្ងៃក្នុងការចូលព្រៃដើម្បីប្រមូលផល ហើយពួកគាត់​អាច​លក់ជ័រទឹក ទៅឱ្យ​ឈ្នួញកណ្តាលបានមួយកានចាប់ពីតម្លៃ ៧ម៉ឺនរៀល ទៅដល់ ៨ម៉ឺន​រៀល ដើម្បី​ផ្គត់ផ្គង់ជីវភាពគ្រួសារដែរ។

លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបាន​គូស​បញ្ជាក់ថា​ បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន អង្គការ​ដៃគូនិងស្ថាប័នពាក់ព័ន្ធមួយចំនួនបាន​រួម​គ្នា​​ក្នុងការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ក៏ដូចជា​ចូលរួម​បង្កើតមុខរបរជូនប្រជា​ពល​រដ្ឋ សហគមន៍អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ប្រពៃ​ណី​ទាំង​រូបី និង​អរូបិយ​ឱ្យបាន​គង់វង្ស និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​បង្កើតតំបន់​ទេសចរណ៍ធម្មជាតិ ដើម្បី​បង្កើន​សេដ្ឋ​កិច្ច​មូលដ្ឋាន​។ លោករដ្ឋលេខាធិការបានលើកឡើងថា ក្នុងក្របខ័ណ្ឌគោលនយោ​បាយរបស់ក្រសួងបរិស្ថានគឺកំពុងតែរៀបចំការកំណត់តំបន់ និងជំរុញលើការបោះ​បង្គោល កំណត់តំបន់ឱ្យបានច្បាស់លាស់ ដើម្បីធ្វើការបែងចែកតំបន់ការពារធម្មជាតិ។ លោក​បាន​ថ្លែងថា សម្រាប់ដែនជម្រកសត្វព្រៃព្រះរកា ខេត្តព្រះវិហារនេះដែរ គឺបានផ្ទេរមកការ​គ្រប់​គ្រង​របស់ក្រសួងបរិស្ថាន នៅឆ្នាំ២០១៦ ដែលមន្រ្តីឧទ្យានុរក្សបានចាប់ផ្តើមមានវត្ត​មាន​នៅ​ទីនេះ ហើយក៏បានចូលរួមពីសហគមន៍ការពារតំបន់ធម្មជាតិ អង្គការសមាគម​អភិរក្ស​សត្វ​ព្រៃកម្ពុជា(WCS) ដែលជាដៃគូបានធ្វើការរួមគ្នា ដើម្បីពង្រឹង​ទៅលើការ​ការពារ និងអភិរក្សធនធានធម្មជាតិ និងអភិរក្សនូវមុខរបរប្រជាសហគមន៍ដែលមាន​ជាលក្ខណៈ​ប្រពៃណីដូចជារបរដងជ័រទឹក ​និងផ្តល់ជម្រើស និងមុខរបរថ្មី។ លោកបានថ្លែងបញ្ជាក់ថា “ជាទិសដៅក្រសួង​មិនត្រឹមតែការពារធនធានធម្មជាតិ ដែលមានព្រៃឈើ សត្វព្រៃទេ តែ​យើង​បានចូលរួម​អភិរក្ស​នូវប្រពៃណី ទំនៀមទម្លាប់ របស់ប្រជាពលរដ្ឋដែលរស់នៅ​ក្នុង​សហគមន៍របស់គាត់​ផងដែរ”។

លោករដ្ឋលេខាធិការបានបន្ដថា ដោយឡែកនៅសហគមន៍ផ្សេងៗទៀត ក្រសួង​ក៏កំពុងស្រង់ស្ថិតិនៃមុខរបរ​របស់ប្រជាពលរដ្ឋក្នុងការធ្វើជ័រច្បោះនេះដើម្បីកំណត់​ទីតាំងឱ្យ​ បានច្បាស់លាស់ពិសេសដើមជ័រច្បោះនេះ ស្ថិតនៅក្នុងព្រៃជ្រៅៗដែលអាចធ្វើឱ្យ​គេមាន​ទិន្ន​ន័យច្បាស់លាស់​និងសិក្សាតំបន់ទាំងអស់នេះ។ ទន្ទឹមនេះ សម្រាប់តំបន់សហគមន៍​ក្រសួង​បរិស្ថានបានប្រគល់តួនាទីដល់សហគមន៍ដើម្បីចូលរួមការពារថែរក្សា ហើយវាជា​ផល​ប្រយោជន៍របស់គាត់ ដែលពួកគាត់អាចអាស្រ័យ​ផលពីព្រៃសហគមន៍នេះបាន។

ក្នុងការដឹក​នាំគណៈប្រតិភូក្រសួងបរិស្ថាន រដ្ឋបាលខេត្តព្រះវិហារ និងក្រុមអ្នកសារ​ព័ត៌មាន​ទស្សនកិច្ច​ឈ្វេងយល់នៅតំបន់ដែនជម្រកសត្វព្រៃព្រះរកា ភូមិក្រឡាពាស ឃុំ ព្រីង​ធំ​ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ លោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និងជាមន្រ្ដីអ្នកនាំពាក្យក្រសួងបរិស្ថានក៏​បានអះអាង​ថា បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍​តំបន់ការពារធម្មជាតិព្រៃទ័ពបានចូលរួម​ជា​មួយមន្រ្តីអាជ្ញាធរមូលដ្ឋាន មន្រ្តីឧទ្យានុរក្សក្នុងការពារដើមច្បោះនិងធនធានធម្មជាតិ​ទាំង នេះ ដើម្បីផលប្រយោជន៍រួមទាំងអស់គ្នា។ “ពួកគាត់មិនត្រឹមតែ​ទទួលបានផលពីជ័រ​ច្បោះ​នេះទេ ប៉ុន្តែពួកគាត់ក៏អាចដកផលប្រយោជន៍ពីអនុផលព្រៃឈើ​ផ្សេងៗទៀត​ដូចជា​បន្លែ បង្ការ ផ្លែឈើ និងទឹកឃ្មុំជាដើម”។ នេះគឺជាការបញ្ជាក់បន្ថែមរបស់ឯកឧត្ដម នេត្រ ភក្រ្ដា។

បើតាមលោករដ្ឋលេខាធិ​ការ ក្រៅពីមុខរបរទាំងនេះ ​ក្រសួង​បរិស្ថានបាន​សហ​​ការជាមួយអង្គការ WCS ដើម្បីបង្កើតមុខរបរថ្មីមួយបន្ថែម​ទៀតគឺ​ការ​ធ្វើស្រូវត្រយង​ដែល ជាស្រូវមួយអាចលក់ក្នុងតម្លៃខ្ពស់ ហើយពលរដ្ឋអាចបង្កើតមុខរបរធ្វើស្រូវថ្មី​ដែល​មានតម្លៃ ខ្ពស់ពីស្រូវពួកគាត់ប្រកបរបរធ្វើស្រែរៀងរាល់ឆ្នាំអស់កាលជាយូរមកហើយនេះ។

គួរបញ្ជាក់ផងដែរថា ជនជនដើមភាគតិចកួយ បានចែកកេរ្ដិ៍មរតដើមជ័រច្បោះ​ដែលមាននៅក្នុងព្រៃព្រះរកាឱ្យទៅកូនចៅរបស់ពួកគាត់ ពីមួយជំនាន់ទៅមួយជំនាន់ ដើម្បី ប្រកបរបរចិញ្ជឹមជិវិតជាប្រចាំថ្ងៃ។ ចំពោះវិធីដែលបងប្អូនជនជាតិដើមភាគតិច កួយ ដងជ័រ ច្បោះពីដើមឈើទាល ដើមផ្ចឹកនិងដើមឈើត្រាច គឺពួកគាត់ត្រូវចោះដើមឈើយក មុខ ប្រហែលជា៦០សង់ទីម៉ែត្រ និងធ្វើការដុតភ្លើងត្រង់កន្លែងចោះនោះ ដើម្បីឱ្យវាចេញជ័រ បានល្អ និងដងយកជ័រច្បោះដាក់កាន បន្ទាប់មកទៀតពួកគាត់មានធ្វើជាឧបរកណ៍ ដាក់ បាំងទឹកភ្លៀង កុំឱ្យហូរចន្លោះនាំឱ្យខួចខាតជ័រច្បោះរបស់ពួកគាត់។ អត្ថប្រយោជន៍របស់ ជ័រច្បោះ គេអាចយកវាមកលាយជាមួយជ័រចុង ទុកសម្រាប់បិត ឬក៏លាបទូក កុំឱ្យជ្រាប ទឹក និងប្រើសម្រាប់ធ្វើគប់ភ្លើង ឬចន្លុះក៏បាន។ ដោយសារតែជ័រច្បោះ មានភាពស្អិត​ខ្លាំង អាចធ្វើឱ្យគេលាបនៅលើផ្ទៃខាងក្រៅឥដ្ឋ ដើម្បីបន្សារពីដុំឥដ្ឋទៅដុំឥដ្ឋមួយទៀត ពេល សាង​​សង់ប្រាសាទផងដែរ កាលពីសម័យដើម។

លោក នេត្រ ភក្រ្ដា បានគូសបញ្ជាក់ឱ្យដឹងថា “ប្រជាពលរដ្ឋអាចផ្លាស់ប្តូរមុខ​របរ​ថ្មីដើម្បីផ្តាច់ខ្លួនចេញពីការពឹងផ្អែកទៅលើធនធានធម្មជាតិ ដោយពួកគាត់​មិនត្រូវកាប់​ព្រៃឈើ បរបាញ់សត្វ ការទន្ទ្រានដីខុសច្បាប់ ហើយមកប្រកបរបរថ្មីដែល​ជារបរមួយរឹង​មាំអាចរកចំណូលចិញ្ចឹមគ្រួសារ។ នេះជាផែនការរបស់ក្រសួងបរិស្ថានដើម្បីបង្កើនជីវភាព គ្រួសាររបស់ប្រជាសហគមន៍ឱ្យកាន់តែធូរធារ និងរឹងមាំយូរអង្វែង”៕

អត្ថបទទាក់ទង