ខ្មែរប៉ុស្ដិ៍ Close

លោក នេត្រ ភក្ត្រា ៖ ចម្ការឈើដាំដើរតួនាទីសំខាន់ ខណៈការនាំចេញនិងប្រើប្រាស់ឈើពីព្រៃធម្មជាតិត្រូវបានរឹតបន្តឹង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 36
លោក នេត្រ ភក្ត្រា ៖ ចម្ការឈើដាំដើរតួនាទីសំខាន់ ខណៈការនាំចេញនិងប្រើប្រាស់ឈើពីព្រៃធម្មជាតិត្រូវបានរឹតបន្តឹង លោក នេត្រ ភក្ត្រា ៖ ចម្ការឈើដាំដើរតួនាទីសំខាន់ ខណៈការនាំចេញនិងប្រើប្រាស់ឈើពីព្រៃធម្មជាតិត្រូវបានរឹតបន្តឹង

«ចម្ការឈើដាំមានតួនាទីសំខាន់ទាំងការបម្រើឱ្យផ្នែកបរិស្ថាននិងសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចមូលដ្ឋានហើយការវិនិយោគលើចម្ការឈើដាំត្រូវបានឃើញមានកំណើនឡើងដូចជាការដាំដើមម៉ៃសាក់ អាកាស្សា អង្កាញ់ ប្រេងខ្យល់ជាដើម»។

នេះគឺជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅអំឡុងពេលចុះទស្សនកិច្ចកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅចម្ការម៉ៃសាក់ដែលជាការវិនិយោគរបស់ក្រុមហ៊ុន មកពីប្រទេសអ៊ីស្រាអែលដាំទំហំ ៣៥០ ហិកតានៅក្នុងដីសហគមន៍តំបន់ការពារធម្មជាតិតាសាលក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ចម្ការ ម៉ៃសាក់នេះមានការលូតលាស់ល្អ និងគ្រោងប្រមូលផលក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត។

លោករដ្ឋលេខាធិការបានថ្លែងថា ទន្ទឹមនឹងការរឹតបន្តឹងជាសកលលើការនាំចេញនិងប្រើប្រាស់ ឈើដែលដកហូតពីព្រៃធម្មជាតិកាន់តែខ្លាំង តម្រូវការនៃការប្រើប្រាស់ឈើដែលបានមកពីចម្ការឈើដាំ ដូចជាអាកាស្សា ម៉ៃសាក់ អង្កាញ់ ប្រេងខ្យល់ជាដើមសម្រាប់ផលិតគ្រឿងសង្ហារិមមានការកើនឡើងគួរឱ្យកត់សម្គាល់។ លោកបានថ្លែងថា ការវិនិយោគលើការដាំចម្ការឈើផ្តល់ផលប្រយោជន៍ច្រើន ដូចជា បង្កើតការងារ និងការបង្កើនចំណូលដល់សហគមន៍មូលដ្ឋាន និងផ្តល់ចំណូលដល់សេដ្ឋកិច្ចជាតិ កាត់បន្ថយសម្ពាធលើការប្រើប្រាស់ឈើធម្មជាតិ និងការបង្កើនគម្របព្រៃឈើសម្រាប់កម្ពុជាផងដែរ»។ លោកបានថ្លែងថា ជាទូទៅនៅតាមសហគមន៍មូលដ្ឋានមានដីព្រៃរេចរឹលប្រមាណ ៣០-៥០%នៃផ្ទៃដីសរុប។ ក្រសួងបរិស្ថានបានលើកទឹកចិត្ត និងជំរុញការដាំឈើនៅលើដីរេចរឹលរបស់សហគមន៍មូលដ្ឋាន នៅក្នុងផ្ទៃដីតំបន់ការពារធម្មជាតិ ក៏ដូចជាតំបន់ដទៃទៀត ដើម្បីស្តាគម្របព្រៃផង និងបង្កើនប្រភពចំណូលដល់សហគមន៍មូលដ្ឋាន។

បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថាន ក្រសួងបានអនុញ្ញាតឱ្យប្រជាសហគមន៍អាស្រ័យផលលើផ្ទៃដីរដ្ឋក្នុងទំហំមួយសមស្រប ដែលផ្ទៃដីនេះពួកគាត់អាចសហការជាមួយក្រុមហ៊ុនឯកជនក្នុងការដាំអាកាស្សា ដើមម៉ៃសាក់ ដើមអង្កាញ់ជាដើមដើម្បីរកចំណូលដល់សហគមន៍ និងដើម្បីអភិរក្សជីវ :ចម្រុះ។ តាមកិច្ចផ្តួចផ្តើមនេះ សហគមន៍តាសាលនៅក្នុងខេត្តកំពង់ស្ពឺ បានសហការជាមួយក្រុមហ៊ុន អ៊ីស្រាអែលដាំដើមម៉ៃសាក់ លើផ្ទៃដី ៣៥០ ហិកតា និងក្រុមហ៊ុនមួយទៀតនឹងដាំអាកាស្សាលើផ្ទៃដី ៨៥០ហិកតា។ បន្ថែមលើនេះ ក្រសួងបរិស្ថាន បាននិងកំពុង ផ្តល់កូនអាកាស្សាចំនួន១លានដើម ក្នុងឆ្នាំ២០២១ ដល់ឃុំចំនួន ៨ ក្នុងស្រុកពារាំង ខេត្តព្រៃវែង និងទីកន្លែងផ្សេងទៀត ដែលជាកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីជំរុញការងារនេះ។ តាមបទពិសោធន៍ថ្មីៗរបស់ក្រុមហ៊ុនខាមអាក្រាដើម្បីទទួលបានទិន្នផលខ្ពស់យើងគួរដាំអាកាស្សាចំនួន ១១១០ដើមក្នុងមួយហិកតា ដែលផ្តល់ឈើមូលស្តង់ដារទីផ្សារចំនួន ៧៥ម៉ែត្រគូប និងឈើប្រភេទអុសចំនួន៦៥ ម៉ែត្រគូប ក្នុងរយៈពេល៥ឆ្នាំ។ តាមតម្លៃទីផ្សារនាពេលបច្ចុប្បន្ន ការដាំអាកាស្សាដែលទុកឱ្យមានអាយុ៥ឆ្នាំអាចផ្តល់ប្រាក់ចំណូល៦៧៨០ដុល្លារក្នុងមួយហិកតា។

លោកបានបន្ថែមថា ចម្ការម៉ៃសាក់នៅក្នុងតំបន់សហគមន៍ធម្មជាតិតាសាលខេត្តកំពង់ស្ពឺដែលបានដាំនេះបានបម្រើឱ្យសេដ្ឋកិច្ចគឺមានន័យថាដើមម៉ៃសាក់ដែលដាំនេះគឺនិងចូលរួមនៅក្នុងការផ្គត់នៅក្នុងទីផ្សារប្រើប្រាស់សម្រាប់កែច្នៃជាគ្រឿងសង្ហារិម និងគ្រឿងផ្សេងៗទៀតក៏ដូចជាការកាត់បន្ថយសម្ពាធលើការដកហូតឈើធម្មជាតិមកប្រើប្រាស់ ហើយដើមម៉ៃសាក់នេះ គឺចម្ការឈើដាំនេះនិងដើរតួនាទីជំនួសឱ្យការប្រើប្រាស់ឈើធម្មជាតិហើយប្រសិនបើមានចម្ការឈើដាំច្រើននោះសម្ពាធទៅលើឈើធម្មជាតិក៏កាន់តែធ្លាក់ចុះ ហើយយើងនឹងអាចការពារធនធានធម្មជាតិព្រៃឈើនិងសត្វព្រៃរបស់យើងដោយប្រសិទ្ធភាពខ្ពស់បំផុតនិងបន្សល់ទុកសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត»។

លោក នេត្រ ភក្រ្តា បានគួសបញ្ចាក់ថា រាជរដ្ឋាភិបាលបានជំរុញនិងគាំទ្រលើការវិនិយោគឧស្សាហកម្មចម្ការឈើដាំដើម្បីជំនួសលើការប្រើប្រាស់ឈើធម្មជាតិ។ ការជំរុញការដាំចម្ការឈើដាំនេះមិនមែនត្រឹមតែលើដីព្រៃរិចរិលនៅតាមតំបន់សហគមន៍ទេ ប៉ុន្តែក្រសួងបាននិងកំពុងជំរុញទៅលើការដាំចម្ការឈើដាំនេះ នៅក្រៅពីដែននៃតំបន់ការពារនិងតំបន់សហគមន៍ផងដែរ។ កន្លងមកនេះក្រសួងបរិស្ថានបានសម្របសម្រួល ក៏ដូចជាបានផ្តលនូវប្រភេទពូជឈើមួយចំនួនដែលងាយនិងដាំ ដូចជា ដើមម៉ៃសាក់ ដើមអាកាស្យា ដើមប្រេងខ្យល់ជាដើម ទៅដល់ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ ដែលគាត់មានដីច្រើន ដើម្បីដាំសម្រាប់ការប្រើប្រាស់តទៅមុខទៀត។

តំណាងក្រុមហ៊ុនដាំឈើម៉ៃសាក់ មកពីប្រទេសអ៊ីស្រាអែល លោកយុថាន ហ្គ្រោស បានឱ្យដឹងថា ក្រុមហ៊ុនពិតជាមានកិត្តិយសណាស់ ដែលថ្នាក់ដឹកនាំក្រសួងបរិស្ថាន បានអញ្ជើញមកទស្សនកិច្ចនៅក្នុងចម្ការឈើដាំនេះ។ លោកបន្ថែមថា ក្រុមហ៊ុនពិតជារីករាយនូវការនាំយកគម្រោងនេះ មកទីនេះ ហើយនៅទីនេះ ថ្ងៃណាមួយនិងក្លាយចាតំបន់ដ៏មានសក្ដានុពលបែបពាណិជ្ជកម្មមួយនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានក្តីសង្ឃឹមថា នឹងមានកិច្ចសហការបន្ថែមទៀតជាមួយប្រជាសហគមន៍ ជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា។ គម្រោងនេះ និងជោគជ័យ ហើយនិងផ្តល់ប្រយោជន៍ដល់ប្រទេស និងប្រជាជនកម្ពុជា។ លោកយុថាន ហ្គ្រោស បន្ថែមថា គម្រោងឆ្នាំដំបូងគឺគួរឱ្យចាប់អារម្មណ៍ខ្លាំង ដោយក្រុមហ៊ុនមានការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រជាសហគមន៍ ដោយបានកម្លាំងពលកម្ម ចូលរួមដោយផ្ទាល់នៅក្នុងមូលដ្ឋាននេះ ដែលនិងផ្តល់ការងារជូនពួកគាត់ប្រកបដោយចីរភាព ។

អ្នកស្រី ភុន សំណាង តំណាងប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិតាសាល ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានលើកឡើងថា ការដាំឈើម៉ៃសាក់របស់អ្នកជំនាញមកពីប្រទេសអ៊ីស្រាអែលនេះគឺធំលឿន ហើយបានឱ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះមានការងារធ្វើ។ អ្នកស្រី បន្ថែមថា ប្រសិនបើព្រៃឈើនៅគង់វង់ប្រជាពលរដ្ឋអាចដើររកបន្លែនៅក្នុងព្រៃនេះ បេះយកទៅលក់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារបន្ថែមពីលើចំណូលដែលមាន។ តំណាងសហគមន៍រូបនេះបានបន្ថែមថា កិច្ចការពារព្រៃឈើដែលក្រសួងបរិស្ថាន បានដាក់មកគឺល្អសម្រាប់ប្រជាសហគមន៍ ព្រោះថា ប្រសិន បើព្រៃឈើបាត់បង់ នោះប្រជាពលរដ្ឋមិនជាទៅរកអ្វីនោះទេ ប្រសិនបើមានក្រុមហ៊ុនវិនិយោគនៅទីនេះគឺពួកគាត់បានប្រាក់កម្រៃពីការធ្វើការជូនក្រុមហ៊ុន និងអាចបេះបន្លែបង្ការយកទៅលក់ផងដែរ។ លោកស្រី ភុន សំណាង បានបន្តថា ប្រសិនបើបានលុយពីការជួលដីនៅក្នុងសហគមន៍ដើម្បីឱ្យក្រុមហ៊ុនេះពង្រីកការដាំចម្ការម៉ៃសាក់នេះ គឺប្រជាពលរដ្ឋចង់ឱ្យយកទៅធ្វើទឹកស្អាត និងបង្កើតការចងការប្រាក់សម្រាប់បងប្អូន ដែលមានអត្រាការប្រាក់ទាប ជាជាងទៅខ្ចីពីខាងក្រៅ។

គួរបញ្ជាក់ថា ក្រសួងបរិស្ថានបានសហការជាមួយក្រសួងពាក់ព័ន្ធ បាននិងកំពុងតែអនុវត្តន៍នូវគោលនយោបាយ ជំរុញចម្ការឈើដាំនេះផងដែរ។ សម្រាប់ចំការឈើដាំនៅក្នុងប្រទេសកម្ពុជា មើលឃើញថា ជាការចាប់ផ្តើម ហើយចម្ការឈើដាំទាំងអស់នេះគឹបានបង្ហាញពីភាពវិជ្ជមានជាមួយនិងបច្ចេកទេសនៃការដាំ ហើយប្រភេទឈើដែលទទួលបានផលលឿន ជាក់ស្តែងការដាំរបស់ក្រុមហ៊ុន ស៊ីងបាយអូថេក Think Biotech នៅក្នុងខេត្តក្រចេះ គ្រោងនឹងដាំកូនដើមឈើនៅលើផ្ទៃដីទំហំ ៨៥០០ហិកតាស្មើនឹងកូនឈើប្រមាណ ១០លានដើម ក្នុងរយៈពេល ៤ ខែពីខែឧសភា ដល់ខែសីហា ឆ្នាំ២០២១នេះ។ តាមផែនការគ្រោងទុកការដាំដុះជំហានទី១ នឹងគ្រោងបញ្ចប់ក្នុងឆ្នាំ២០២៥ ខាងមុខលើផ្ទៃដីប្រមាណ ១០០,០០០ ហិកតា ដែលស្មើនឹងកូនឈើប្រមាណ ១០០លានដើម ទៅ ១២០លានដើម។ ចម្ការឈើដាំនេះបាននិងកំពុងលូតលាស់ល្អក៏ប្រកបទៅដោយគុណភាពនិងការដាំប្រកបដោយបច្ចេកទេសខ្ពស់ ដែលនិងផ្តល់ផលល្អរហ័ស សម្រាប់ការផ្គត់ផ្គង់ទៅលើទីផ្សារហើយទៅថ្ងៃខាងមុខនិងផ្លាស់ប្តូរឥរិយាបទរបស់ប្រជាពលរដ្ឋទៅលើធនធានធម្មជាតិផងដែរ៕

អត្ថបទទាក់ទង