ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលសម្រេចកាយស្តារឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៣ ពីកំពត-វាលរេញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៧ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 54
រាជរដ្ឋាភិបាលសម្រេចកាយស្តារឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៣ ពីកំពត-វាលរេញ រាជរដ្ឋាភិបាលសម្រេចកាយស្តារឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៣ ពីកំពត-វាលរេញ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យក្រុមហ៊ុនជំនាញធ្វើការសិក្សាឡើងវិញទៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចចាប់ពីកំពត-វាលរេញប្រវែង២០គីឡូម៉ែត្រ ដើម្បីកាយស្តារគ្រឹះជួសជុលឡើងវិញ ខណៈកំណាត់ផ្លូវ មួយនេះ ធ្វើក្រោយខូចមុខធ្វើមុខខូចក្រោយជាប្រចាំ។

លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ប្រវែង២០គីឡូម៉ែត្រ ក្នុងចំណោមប្រវែងផ្លូវពីកំពតទៅវាលរេញសរុបជាង៥៤គីឡូ ម៉ែត្រ ត្រូវតែធ្វើការជួសជុលពង្រឹងឡើងវិញ ដោយធ្វើការលើកតួថ្នល់កម្ពស់៤៥សង់ទីម៉ែត្រ ដើម្បីពង្រឹងតួថ្នល់ និងការពារជំនន់ទឹកភ្លៀងហូរកាត់ នៅរដូវវស្សា។

ថ្លែងប្រាប់អ្នកសារព័តមាន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ កាលពីចុងសប្តាហ៍នេះ លោក ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងបានអនុញ្ញាតឱ្យក្រុមហ៊ុនជំនាញធ្វើការសិក្សាឡើងវិញទៅលើកំណាត់ផ្លូវ២០គីឡូម៉ែត្រ ហើយគ្រោងនឹងបញ្ចប់ការសិក្សានៅចុងឆ្នាំ២០២១ និងស្វែងរកកញ្ចប់ថវិកាប្រមាណ ៦០លានដុល្លារ ដើម្បីសាងសង់តាមស្តង់ដារ និងរឹងមាំបានយូរ។

លោកបន្តថា តាមរយៈការ សិក្សា គម្រោងនេះអាចធ្វើការបែងចែកកំណាត់ផ្លូវ២០គីឡូម៉ែត្រជាពីរ ដោយផ្នែកទី១ ប្រវែង១៥គីឡូម៉ែត្រ នឹងត្រូវកាយគ្រឹះឡើងវិញរួចចាក់ដី និងក្រាលបេតុងកម្រាស់២៦សង់ទីម៉ែត្រ និងទទឹង១២ម៉ែត្រ ក្នុងចំណាយ៣០លានដុល្លារ និងផ្នែកទី២ ប្រវែង៥គីឡូម៉ែត្រ ដែលមានស្ថានភាពដីស្អុយផ្នែកខាងក្រោមជម្រៅពី១១ម៉ែត្រទៅ ១៧ម៉ែត្រ ហើយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសកំពុងសិក្សាវិធីសាស្រ្ដវាយសសរគ្រឹះ ដើម្បីពង្រឹងគ្រឹះផ្នែកខាងក្រោម និងផ្ទៃថ្នល់ដោយក្រាលបេតុងកម្រាស់២៦សង់ទីម៉ែត្រ និងទទឹង១៦ម៉ែត្រ ក្នុងគម្រោងចំណាយ៣០លានដុល្លារ។

សូមបញ្ជាក់ថា គម្រោងថែទាំ និងពង្រឹកគុណភាពកំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុ មានប្រវែងសរុប៥៤,៣គីឡូម៉ែត្រ ត្រូវបានអនុវត្តគម្រោងដោយក្រុមហ៊ុន Sichuan Road and Bridge (Group) Corporation Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Korea Consultants International Co., Ltd៕

អត្ថបទទាក់ទង